Home / ព័ត៌មាន / ស្ពានឈើប្រវែង២១៥ម៉ែត្រនៅប្រាសាទបេងមាលា បានស្ថាបនារួចជាស្ថាពរ

ស្ពានឈើប្រវែង២១៥ម៉ែត្រនៅប្រាសាទបេងមាលា បានស្ថាបនារួចជាស្ថាពរ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សំណង់ស្ពានឈើខ្វាត់ខ្វែងនៅក្នុងប្រាសាទបេងមាលាប្រវែង២១៥ម៉ែត្រ (រាប់ទាំងជណ្តើរ) ដែលសង់ថ្មីជំនួសស្ពានឈេីចាស់ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុន ខាំ សុម៉េត បានបញ្ចប់គម្រោងជាស្ថាពរហើយ កាលពីខែឧសភា ឆ្នាំ២០១៩កន្លងមកនេះ។ ស្ពាននេះបានបង្កើតនូវភាពទាក់ទាញជាខ្លាំងដល់ទេសចរគ្រប់ជាតិសាសន៍ក្នុងការផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រាសាទនិងផ្តល់ភាពងាយស្រួលក្នុងការទស្សនាសំណង់ស្ថាបត្យកម្មខ្មែរដ៏ធំមួយនេះ។


លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឱ្យដឹងថា ភាពទាក់ទាញនៃប្រាសាទ​បេងមាលា គឺសំណង់ស្ថាបត្យកម្មដ៏មហិមារំលេចទៅដោយក្បូរក្បាច់រចនាសម្បូរបែបរួមផ្សំនឹងភាពសុខដុមរមនារវាងប្រាសាទនិងធម្មជាតិដែលរក្សានូវភាពដើមរបស់ប្រាសាទរួមនឹងវត្តមានស្ពានឈើដ៏វែងជួយសម្រួលដល់ការទស្សនារបស់ភ្ញៀវ។ កត្តាទាំងនេះហេីយដែលប្រាសាទបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិក្នុងរដូវភ្ញៀវតិចពី១៥.០០០នាក់ទៅ៣០.០០០នាក់ និងរដូវភ្ញៀវច្រើនពី៣០.០០០នាក់ដល់ជាង៤០.០០០នាក់។ ចំណែកប្រវត្តិនៃស្ពានឈើនេះវិញ គឺបានសង់ឡើងនៅឆ្នាំ២០០២ដោយក្រុមហ៊ុនភាពយន្តអន្តរជាតិមួយដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាក្នុងការថតរឿងនៅក្នុងប្រាសាទបេងមាលា ដើម្បីងាយស្រួលជញ្ជូនឧបករណ៍ថតកុនដែលមានទម្ងន់ធ្ងន់ៗ។ ក្រោយបញ្ចប់ការថត អាជ្ញាធរជាតិអប្សរាបានថែរក្សា និងជួសជុលស្ពាននេះបន្តបន្ទាប់រហូតដល់សព្វថ្ងៃ ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលក្នុងការទស្សនាប្រាសាទ។


លោកបណ្ឌិត រដ្ឋា បន្តថា ស្ពានឈើក្នុងប្រាសាទបេងមាលាមានប្រវែងសរុប២៩៥ម៉ែត្រ ធ្លាប់ធ្វើការជួសជុលបីលើករួចមកហើយ គឺនៅឆ្នាំ២០០៥ ២០០៨ និង២០១៥។ ថ្មីៗនេះ ដោយសារស្ពានចាស់មានសភាពទ្រុឌទ្រោម ដោយកត្តាអាយុកាល គុណភាពឈើ អាកាសធាតុ ធ្វើឱ្យស្ពានពុកផុយអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវ ពិសេសស្ពានមានទំហំតូច ចង្អៀតមិនសមនឹងកំណើនទេសចរ ទើបអាជ្ញាធរជាតិអប្សរាដោយសហការជាមួយក្រុមហ៊ុន ខាំសុម៉េត បានសម្រេចធ្វេីការរុះរើនិងសាងសង់ថ្មីប្រវែង២១៥ម៉ែត្រលើប្រវែងសរុប និងគ្រោងចំណាយពេលបីខែក្នុងការសាងសង់តែដោយសារការផ្គត់ផ្គង់ឈើមានការយឺតយ៉ាវ ទើបពន្យារពេលរហូតដល់ដល់៧ខែ (តុលា ២០១៨ ដល់ ឧសភា ២០១៩) ទើបបញ្ចប់។ ស្ពាននេះចំណាយឈើអស់៨៣ម៉ែត្រគូប ដែលធ្វើពីឈើគគីរ ផ្ចឹក និងរាំង មានការរចនាស្អាតរឹងមាំអាចធន់បានរហូតដល់ជាង១០ឆ្នាំ ថែមទាំងបានពង្រីកទំហំពី៨០សង់ទីម៉ែត្រទៅ១.៥០​ម៉ែត្រ ដើម្បីទេសចរងាយស្រួលដើរទស្សនាទៅវិញទៅមក។


គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងទៀតថា ចំពោះបច្ចេកទេសនៃការធ្វើស្ពានឈើថ្មីជំនួសស្ពានចាស់វិញ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរឱ្យដឹងថា ក្រុមការងារបានគណនាយ៉ាងល្អិតល្អន់ពីកម្រាស់និងទំហំឈើដើម្បីធានាដល់សុវត្ថិភាពភ្ញៀវ ពង្រឹងរចនាសម្ពន្ធស្ពានដោយរៀបចំគ្រឿងបង្គំសំណង់ទៅតាមបទដ្ឋានបច្ចេក​ទេស​។ ចំណែកការភ្ជាប់ឈើ គឺប្រើប៉ូឡុងសម្រាប់មួលភ្ជាប់ដែលធានាគុណភាពជាប់ជាងដែកគោល ពិសេសងាយស្រួលក្នុងការជួស​ជុលពេលក្រោយ។ ក្នុងនោះដែរ ដើម្បីការពារសំណង់ស្ពានឱ្យនៅបានយូរ ក្រុមការងារក៏បានប្រើថ្នាំការពារសត្វល្អិតចង្រៃលាបសាច់ឈើផងដែរ។

លោកមន្ត្រីបច្ចេកទេសរូបនេះបន្តទៀតថា ក្រៅពីសោភ័ណភាពប្រាសាទ និងសុវត្ថិភាពនៃភ្ញៀវទេសចរ អ្នកជំនាញក៏បានគិត​គូរខ្ពស់ដល់ការអភិរក្សប្រាសាទផងដែរ គឺធ្វើទៅតាមគំរូប្លង់និងបទដ្ឋានបច្ចេកទេសដែលសិក្សារួចមកហើយ។ បើកន្លែងណា​ប៉ះថ្ម គឺត្រូវរំកិលថ្មចេញដោយមានការសម្រង់ប្លង់មុននឺងប្តូរទីតាំង តែបើមិនអាចកំរិលថ្មចេញបាន គឺប្រើសំបកកង់ឡាន កង់ម៉ូតូទ្រាប់កុំឱ្យឈើសង្កត់លើថ្មផ្ទាល់ ហើយជំនួសឱ្យការជីកដីទៅក្រោមដើម្បីរក្សាលំនឹងស្ពាន អ្នកជំនាញបានប្រើជើងតាងបេតុងដើម្បីបណ្តុះសរសរនិងទ្រលំនឹងស្ពាន។ កិច្ចការទាំងនេះ គឺរក្សាបានទាំងសោភ័ណភាព គុណភាពសំណង់ និងការអភិរក្សបុរាណដ្ឋានប្រកបដោយចីរភាព៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។