Home / ព័ត៌មាន / ការដាំដើមឈើនៅរាជធានី ក្រុង និងទីប្រជុំជន នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន

ការដាំដើមឈើនៅរាជធានី ក្រុង និងទីប្រជុំជន នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន

សេចក្តីផ្តើម

នៅពេលនេះ យើងសូមនិយាយផ្តោតតែទៅលើរាជធានីភ្នំពេញប៉ុណ្ណោះ ចំណែកក្រុង និងទីប្រជុំជននានា​ក៏មិនខុសគ្នាពីរាជធានីភ្នំពេញដែរពាក់ព័ន្ធនឹងការដាំដើមឈើ និងអត្ថប្រយោជន៍របស់ដើមឈើ។

គិតមកដល់ឆ្នាំ២០១៩នេះ រាជធានីភ្នំពេញមានអាយុ៥៨៥ឆ្នាំហើយ។ ភ្នំពេញ គឺជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា ហើយជាទីក្រុងដែលធំជាងគេនៅក្នុងប្រទេស​ដែលមានចំនួនប្រជាជនជិត២លាននាក់ (ឆ្នាំ២០១៧)។ ភ្នំពេញជាមជ្ឈមណ្ឌលនយោ​បាយ ធ្វើជំនួញ ពាណិជ្ជកម្ម ឧស្សាហកម្ម និងជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេស​កម្ពុជា។ ភ្នំពេញមានបណ្តុំសំណង់អគារធំៗ មានផ្សារទំនើបៗ សកលវិទ្យាលយ័ច្រើន ព្រលានយន្តហោះអន្តរជាតិ កំពង់ផែផ្លូវទឹក កំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូននិងផ្ទុកទំនិញផ្សេងៗ និងជាកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិបានច្រើនលំដាប់​ទី២បន្ទាប់ពីក្រុងសៀមរាប។

១. ការបញ្ចេញជាតិពុលទៅក្នុងបរិយាកាស

យានយន្តនៅរាជធានីភ្នំពេញបានចុះបញ្ជីគិតត្រឹម ខែកក្កដា ឆ្នាំ២០១៨ មានជាង២.១៩០.០០០​គ្រឿង ក្នុងនោះរថយន្តមាន​៤៨០.០០០គ្រឿង ម៉ូតូ១.៧០០.០០០គ្រឿង  រឺម៉កកង់បី១១.០០០គ្រឿង ម៉ាស៊ីន​ភ្លើង ហិប្បកម្ម ម៉ាស៊ីន​ត្រជាក់ ទូទឹកកក…បា​ន​បញ្ចេញផ្សែង និងជាតិពុល​ទៅក្នុង​បរិយាកាស ដែលនាំឲ្យប៉ះ​ពាល់​ដល់សុខ​ភាពមនុស្ស និងសត្វ។

២. ការដាំដើមឈើដូចគ្នា និងមិនដូចគ្នានៅតាមដងផ្លូវតែមួយ

ចំពោះដើមឈើដែលគេបាន​ដាំដូច​គ្នា​នៅតាមកំណាត់ផ្លូវ ឬដងផ្លូវតែមួយក្នុងរាជធានីភ្នំពេញមាន គគីរ អំពិលជូរ ក្ងោក ត្របែកព្រៃ ចំប៉ី លឿងរាជ ចន្ទគិរី (អំពិលបារាំង) និងដើមគ្រាប់បែកជាដើម។

ក្រៅពីនេះ នៅតាមដងផ្លូវជាច្រើនគឺគេបានដាំដើមឈើ​ចម្រុះស្រេច​តែ​ចិត្ត​ដូចជា ដើមមៀន ផ្កាក្រដាស ស្វាយ ទឹកដោះ ត្របែកព្រៃ អសោក ដូង ជ្រៃក្រឹម ខ្នុរ ជម្ពូ ដើមឆត្រ…ហើយក៏មានផ្លូវមួយចំនួន​មិនបានដាំដើមឈើដែរ ដូច​ជាកំណត់ផ្លូវជាតិ​លេខ១ ពីស្ពានព្រះមុនីវង្ស (ស្ពានក្បាលថ្នល់) ដល់តំបន់វាលស្បូវជាដើម។

៣. សំណូមពររបស់មហាជន

នៅតាមបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក) គឺមានម្ចាស់គណនីមួយ បានថតដើម​ក្ងោកចេញ​ផ្កា​ក្រហម​ច្រាលនៅតាមដងផ្លូវមួយក្នុងខេត្តកែប ហើយម្ចាស់គណនីនេះក៏ចង់ឲ្យទីក្រុងឬក្រុងនានាដាំដើមឈើ​ផ្កា ដូចគ្នានៅតាមកំណាត់ផ្លូវ ឬដងផ្លូវតែមួយ។ ការដាំរបៀបនេះគឺធ្វើឲ្យផ្លូវមានសម្រស់ដ៏ត្រកាល ចំណែកអ្នកផ្តល់ យោបល់វិញក៏មានគំនិតដូចម្ចាស់គណនីដែរ។

៤. អត្ថប្រយោជន៍ពីដើមឈើ​

៤.១ ដើមឈើ​ និងអារម្មណ៍ល្អ

ទីក្រុង ឬក្រុងដែលដាំដើមឈើច្រើនដោយឯកភាពគ្នា (ដាំដើមក្ងោក ឬផ្កាត្របែកព្រៃ ឬចំប៉ី…ដូចគ្នា ឬ​ឆ្លាស់​​គ្នា)​ នៅតាមដងផ្លូវតែមួយ គឺយើងទទួលបាន៖ ពណ៌បៃតង ម្លប់ ទេសភាពដ៏ស្រស់ត្រកាល ខ្យល់អាកាស​ល្អ កម្ដៅសមស្រប​ ធ្វើឲ្យអារម្មណ៍ជ្រះថ្លា និងអាចទាក់ទាញភ្លៀវទេសចរណ៍​ទៀតផង។

ពាក់ព័ន្ធនឹងការដាំដើមឈើនេះនៅប្រទេសថៃ គឺអាជ្ញាធរ​ក្រុង​បាងកក មាន​ផែនការដាំដើមឈើ​១០​ម៉ឺន​ដើម​នៅ​ឆ្នាំ​២០១៩​នេះ ដើម្បី​បង្កើន​សោភ័ណភាព​បៃតង​នៅ​រាជធានី​បាងកក​ ដោយចំណាយថវិកាអស់ជិត​១លាន​ដុល្លារអាមេរិក។ ការដាំនេះ គឺធ្វើ​នៅ​ឧទ្យាន​សាធារណៈ ស្ថាប័ន​រដ្ឋ​ អង្គការ​ឯកជន វិហារ និង​សាលារៀន​ជាដើម​។ អាជ្ញាធរបានលើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន ជួយ​បង្កើត​សោភ័ណភាព​បៃតង​នៅស្ថាប័ន​ខ្លួន និង​ជារួមគឺសូមឲ្យគាំទ្រ​គម្រោង​របស់​សាលាក្រុង​បាងកក ​ក្នុង​គោលដៅ​បង្កើន​ទីតាំង​បៃតង​ឲ្យកាន់តែ​បាន​ច្រើនថែម​ទៀត។

៤.២ ដើមឈើ​ និង​បរិយាកាស

ដើមឈើ​មាន​ចំណែក​ធំធេង​ណាស់​ក្នុងការ​ជួយឱ្យ​បរិយាកាស​មាន​សភាព​ល្អប្រសើរ។ ដើមឈើ​ស្រូបយក​ឧស្ម័ន​កាបូនិច​ដែលជា​ជាតិពុល​ក្នុង​ស្រទាប់​ខ្យល់ ហើយ​បញ្ចេញ​មកវិញ​នូវ​ឧស្ម័នអុកស៊ីសែន ​(ពេលថ្ងៃ) ដែលមនុស្ស​សត្វទាំងពួង​ត្រូវការ​ស្រូបដកដង្ហើម​ដើម្បីរស់។ ដើមឈើ​បាន​ស្រូបយក​ពន្លឺ​ព្រះអាទិត្យ​ (កម្ដៅ) ​ធ្វើឱ្យកម្ដៅមាន​លំនឹង និងមិន​ក្ដៅខ្លាំង។ ដើមឈើ​​ជួយ​កាត់បន្ថយ​ការ​រំខាន​ដោយសូរ​សម្លេង ខ្យល់កខ្វក់ ឬពុល។

សរុបមក ភាពស្រស់​បំព្រង​នៃរុក្ខជាតិ​ទាំងឡាយ គឺជា​ភាពស្រស់​បំព្រង​នៃជីវិត​មនុស្ស។ មនុស្ស​ចូលរួម​ការពារ​និង​ដាំដើមឈើ​ ឬព្រៃឈើ គឺ​មាន​ន័យថា ​មនុស្ស​ចូលរួម​ការពារ​បរិស្ថាន ហើយ​មាន​ន័យថា ​ចូលរួម​ការពារ​​ជីវិត​សត្វ និង​មនុស្ស​ខ្លួនឯង​តែម្តង៕

អត្ថបទ រក្សា ខែ្មរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

កាតូដាក់ទឹកឲ្យមាន់ផឹកស្វ័យប្រវត្តិ (អូតូ)

កន្លងមកក៏ដូចសព្វថ្ងៃមានប្រជាពលរដ្ឋ និងប្រជាកសិករខ្មែរជាច្រើនចូលចិត្តចិញ្ចឹមមាន់ ដើម្បីទុកធ្វើម្ហូប និងលក់រកចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែការចិញ្ចឹមមាន់នេះក៏មានបញ្ហាដែរ ក្នុងនោះគឺមានការចំណាយពេលដាក់ទឹកឲ្យមាន់ ផឹក និងការលាងសំអាតស្នូកទឹកជាដើម។