Home / កសិកម្ម / បទពិសោធន៍ដាំល្ពៅ (កសិករ ព្លាន រាជ)

បទពិសោធន៍ដាំល្ពៅ (កសិករ ព្លាន រាជ)

លោកពូ ព្លាន រាជ​ ជាកសិកររស់នៅភូមិកំបោរ ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប គាត់បានរកចំនូលពីការដាំល្ពៅ ក្រោយពីប្រមូលផលស្រូវហើយ។ នៅលើផ្ទៃដី១អារគាត់អាចប្រមូលផលល្ពៅបាន ៣០ទៅ៤០ ម៉ីនរៀល។ ចំពោះបទពិសោធន៍​នៃការដាំមានបង្ហាញជូនដូចខាងក្រោម។

១. ការរៀបចំដី

ក្រោយពីប្រមូលផលស្រូវហើយ​ លោកពូបានធ្វើការភ្ជួររាស់ដីយកស្មៅចង្រៃចេញ ហើយហាលដីរយៈពេល ៥ថ្ងៃ ទើបភ្ជួរត្រឡប់និងកៀរដីឲ្យស្មើរល្អ។​ បន្ទាប់មកគាត់កាប់រណ្តៅទំហំ២ទឹក៤ជ្រុង ជំរៅ​១,៥តឹក និងទុកពីចន្លោះ រណ្តៅមួយទៅមួយ១ម៉ែត្រ និងពីជួរមួយទៅមួយ​១,៥ម៉ែត្រ។ នៅក្នុងរណ្តៅនីមួយៗគាត់បានដាក់ជីកំប៉ុស្ត​​ និងលាមក​មាន់ពុកផុយនៅក្នុងបាតរណ្តៅ។

២. ការដាំ

លោកពូដាំពូជល្ពៅស្អិត ដែលជាពូជពីដូនតារហូតមក និងមានសាច់ពណ៌លឿងស្អិត។ មុនដាំគាត់បាន យកគ្រាប់ទៅសំដិលហាលថ្ងៃស្រទន់​ ប្រហែលជា១ម៉ោងទៅ ២ម៉ោង។ បន្ទាប់មកគាត់យកទៅត្រាំទឹក​១យប់ ទើបយកទៅដាំដាក់កប់ក្នុងមួយរណ្តៅចំនួន២ទៅ៣គ្រាប់​ កប់ជម្រៅ៥សង់ទីម៉ែត្រ។

៣. ការថែទាំ

ក្រោយពីកប់គ្រាប់ដាំហើយ គាត់ស្រោចទឹកឲ្យជោគ១ថ្ងៃ២ដង (ព្រឹក­­­-ល្ងាច) ដាំបានរយៈពេល១០ថ្ងៃ គាត់បានយកជីកំប៉ុស្តទៅជ្រុំដាក់ក្បែរគល់ ពូនគល់តែម្តង ហើយក្នុងរយៈពេលនេះដែរគាត់ដករំលោះកូនចេញខ្លះ ដោយទុកតែកូនណាដែលថ្លោស។ ដល់ពេលល្ពៅដុះបាន៣០ថ្ងៃ គាត់យកជីកំប៉ុស្ត៍គោកទៅដាក់នៅក្បែរគល់ និងជ្រុំដីជុំវិញឲ្យសព្វរួចស្រោចទឹកពីលើ។ នៅពេលល្ពៅបោះទង គាត់កាត់ត្រួយល្ពៅចេញដើម្បីឲ្យបែកទង និងផ្លែកាន់បាន ។ នៅពេលខ្លះគាត់កាច់ផ្កាឈ្មោលទៅគោះដាក់លើផ្កាញី ដើម្បីជួយដល់ការបង្កកំណើតឲ្យល្ពៅមានផ្លែច្រើន។ នៅពេលល្ពៅចេញផ្លែក្តឹបអស់ គាត់បានចាប់ផ្ដើមបេះយកផ្កាល្ពៅឈ្មោលទៅហូប។

៤. ការប្រមូលផល

ក្រោយពីដាំបានរយៈពេល​២ទៅ៣ខែ ល្ពៅមានផ្លែដែលអាចប្រមូលផលបាន។ ផ្លែល្ពៅទាំងនោះគាត់បេះ ហូបនិងលក់បណ្ដើៗ។

សរុបបច្ចកទេសសំខាន់ៗក្នុងការដាំល្ពៅមានដូចខាងក្រោម៖

  • ភ្ជួរដីហាល និងកៀរដីឲ្យស្មើ
  • កាប់រណ្ដៅទំហំ២តឹកបួនជ្រុង ចន្លោះពីរណ្ដៅទៅរណ្ដៅមួយមានចម្ងាយ១ម៉ែត្រ និងចន្លោះពីជួរមួយទៅមួយ១,៥ ម៉ែត្រ
  • ដាក់ជីកំប៉ុស្តនិងលាមកមាន់បាតរណ្ដៅ
  • កប់គ្រាប់ដាំ ៣ទៅ៤គ្រាប់ ក្នុងមួយរណ្ដៅ
  • ថែទាំពូនគល់ស្រោចទឹក ដករំលោះកូនចេញខ្លះ ក្ដិចត្រួយខ្លះ នៅពេលបោះទង
  • បំប៉នជីកំប៉ុស្តនៅពេលល្ពៅមានអាយុ ១០ថ្ងៃ និង ​៣០ថ្ងៃ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំប៉េងប៉ោះបានផលច្រើន

លោកពូ គឹម ប្រិល រស់នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត គាត់មានបទពិសោធន៍ដាំប៉េងប៉ោះបានផលល្អនៅរដូវវស្សាដែលបទពិសោធន៍នេះជាគំនិតច្នៃប្រឌិតដោយខ្លួនឯង។ ចំពោះបទពិសោធន៍របស់គាត់មានបង្ហាញជូនដូចខាងក្រោម។​