Home / កសិកម្ម / បទពិសោធន៍ដាំខាត់ណាឈើតាមគោលការណ៍ធម្មជាតិ (កសិករ កែវ ណាន)

បទពិសោធន៍ដាំខាត់ណាឈើតាមគោលការណ៍ធម្មជាតិ (កសិករ កែវ ណាន)

កសិករ កែវ ណាន រស់នៅភូមិសំរោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គាត់មានបទពិសោធន៍ល្អ ក្នុងការដាំខាត់ណា​តែ​រយៈពេល៣០-៤៥ថ្ងៃ អាចប្រមូលផលបានចំនួន៦៥ម៉ឺនរៀល ដោយមិនបានចំណាយទៅលើថ្នាំពុល និងជីគីមី។ ដែលបទពិសោធ៍​នៃការដាំដុះដំណាំ​សូមបង្ហាញដូចខាងក្រោម។

១. ជ្រើសរើសទីកន្លែងដាំដុះ និងជ្រើសរើសពូជ

អ្នកមីងចាប់ផ្ដើមដាំខាត់ណានៅខែធ្នូ។ គាត់ដាំនៅលើដីវាល មិនលិចទឹក មិននៅក្រាមម្លប់ ព្រោះដាំណាំខាត់ណាត្រូវការពន្លឺនិងនៅជិតប្រភពទឹក។ ពូជដែលគាត់បានដាំគឺទិញមកពីផ្សារ ជាពូជដែលមានផ្លាកសញ្ញាយន្តហោះនៅជាប់កំប៉ុង។

២. ការសាបគ្រាប់ពូជ

ដើម្បីឲ្យគ្រាប់ខាត់ណាដុះបានល្អ គាត់បានត្រាំគ្រាប់ពូជរយៈពេល៣០នាទី និងស្រង់ខ្ចប់ក្រណាត់ផ្អាប់ទុករយៈពេល២៤ម៉ោង។​ ក្នុងកំឡុងពេលផ្អាប់ គាត់ឧស្សាហ៍ជ្រលក់ឲ្យសើមៗ ធ្វើដូចនេះគឺអាចជួយឲ្យពន្លកគ្រាប់ដុះបានល្អ។ ក្រោយពេលសាបបាន ១០ ថ្ងៃ ដកកូនខាត់ណាយកមកដាំក្នុងកន្ទោង​។ ដីដែលយកមកលាយសំរាប់ដាក់ក្នុងកន្ទោង គឺជាប្រភេទដីស្រទាប់លើ។ គាត់រក្សាកូនដំណាំរយៈពេល១០ថ្ងៃ ដើម្បីឲ្យកូនដំណាំមានលក្ខណៈរឹងមាំ ទើបយើងអាចយកវាទៅដាំបាន។

៣. ការរៀបចំដីសំរាប់ដាំ និងការដាំ

ត្រូវភ្ជួរដីហាលទុករយៈពេល៧ថ្ងៃ លើករងមានកំពស់២តឹក ទទឹង៨តឹក និងបណ្ដោយ១០ម៉ែត្រ ឬអាស្រ័យទៅតាមទំហំដី។ នៅក្នុងមួយរង គាត់ដាក់ជីកំប៉ុស្តចំនួន៨បង្គី រោយជីពីលើ និងកាប់ជ្រុំជាមួយដីឲ្យសព្វបន្ទាប់មកយកកូនដំណាំទៅដាក់ដាំនៅ​លើរង រួចស្រោចទឹកឲ្យជោគល្មម។

ដាំកូនខាត់ណានៅក្នុងកូនរណ្ដៅដែលមានទំហំ២តឹក X ២តឹក និងជំរៅរណ្ដៅ២-៣សង្ទីម៉ែត្រ ដាំក្នុងមួយរណ្តៅមួយដើម គឺការដាំធ្វើឡើងនៅពេលរសៀល និងត្រូវស្រោចទឹកឲ្យសើមដីមុននឹងយកកូនដំណាំទៅដាំ។

៤. ការថែទាំដំណាំ

ក្នុងការដាំដុះ គាត់បានធ្វើការថែទាំដោយមានការប្រើប្រាស់ជីធម្មជាតិដូចជា ជីកំប៉ុស្តគោក ជីកំប៉ុស្តទឹក ថ្នាំធម្មជាតិ។

  • ចំពោះជីកំប៉ុស្តដែលគាត់ធ្វើ មានលាយលាមកមាន់១ភាគ លាមកគោ​៤ភាគ ដើមទន្ទ្រានខែត្រ​៥ភាគ។
  • ក្នុងការផ្សំជីកំប៉ុស្តទឹក គាត់បានយកស្លឹកអង្កាញ់៥គីឡូក្រាម​ កាកអំពៅ៣គីឡូក្រាម កាកសំណល់ត្រី០,៥គីឡូក្រាម និងលាមកគោ៣០គីឡូក្រាម។ ដាក់ត្រាំនៅក្នុងពាងដែលមានចំណុះទឹក១០០លីត្រ។ រួចរក្សាទុករយៈពេល៧-១០ថ្ងៃ ទើបអាច​យកទៅប្រើបាន។
  • ការផ្សំថ្នាំពីធម្មជាតិកំចាត់សត្វល្អិតមានធាតុផ្សំ៖ គ្រាប់ស្លែង​៥០គ្រាប់ មើមក្តួច៥គីឡូក្រាម ស្លឹកទៀបបាយ២គីឡូក្រាម សំបកស្តៅ៥គីឡូក្រាម វល្លិ៍បណ្តូលពេជ្រ២គីឡូក្រាម ថ្នាំជក់​០,៣គីឡូក្រាម រំដេង២គីឡូក្រាម គល់ស្លឹកគ្រៃ២គីឡូក្រាម។ យក​ធាតុផ្សំទាំងអស់ទៅបំបែកអោយតូចៗ រួចយកទៅត្រាំជាមួយទឹកចំនួន៥០លីត្រ​ គ្របឲ្យជិត និងរក្សាទុករយៈពេល  ៧-១០ថ្ងៃ ទើបអាចយកទៅប្រើការបាន។

របៀបប្រើថ្នាំផ្សំពីធម្មជាតិ

យកទឹកថ្នាំចំនួន២លីត្រ លាយជាមួយទឹកចំនួន១៨លីត្រ ប្រើបាញ់ទៅលើដំណាំ។ ការលាយថ្នាំធ្វើទៅតាមបរិមាណដំណាំដែលយើង​ដាំ។ ក្នុងរយៈពេល២-៣ថ្ងៃ បាញ់ទៅលើដំណាំម្តង។​ ក្រោយពីដាំបាន១០ថ្ងៃ ជ្រុំគល់ម្តង ស្រោចជីកំប៉ុស្តទឹកបំប៉នដំណាំ១ធុង ចំណុះ២៥លីត្រ លាយថ្នាំ១លីត្រ។​

៥. ការប្រមូលផល

ក្រោយពីការដាំដុះបានរយៈពេល១០ថ្ងៃ យើងអាចប្រមូលផលបាន។ ក្រៅពីការហូបក្នុងគ្រួសារ គាត់លក់បាន​ ១៣០គីឡូក្រាមដែលគិតជាទឹកប្រាក់ចំនួន ៦៥០.០០០រៀល៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។