Home / ព័ត៌មាន / ដំណើរលើដងវិថី ដើម្បីសហគមន៍សម្បូរសប្បាយ

ដំណើរលើដងវិថី ដើម្បីសហគមន៍សម្បូរសប្បាយ

ដំណើរលើដងវិថីរយៈពេល៣យប់៤ថ្ងៃរបស់ក្រុមការងារសម្បូរសប្បាយចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានទៅ ដល់កន្លែងកម្សាន្តជាច្រើនក្នុងដែនដីភូមិភាគឦសាននៃប្រទេសកម្ពុជា។ ផ្តើមចេញពីវត្តដំរីស ដែលមានប្រវត្តិកកើតតាំងពីឆ្នាំ១៨២១ ដោយព្រះបាទស៊ីវត្ថា ស្ថិតក្នុងភូមិក្រោម ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសឡាវ ដែលស្ថិតនៅក្បែរប្រជុំកោះខ្មែរនៅតាមបណ្តោយដងទន្លេមេគង្គលើ។ ប្រជុំកោះទាំងនោះរួមមាន កោះបន្ទាយ កោះសំបួរ កោះល្ង កោះលន កោះឈើទាលធំ កោះឈើទាលតូច កោះភ្នៅ កោះពាង កោះកក និងកោះឫស្សី ដែលកោះទាំងនោះសុទ្ធសឹងតែជាតំបន់អេកូទេសចរណ៍ដ៏ជាទីទាក់ទាញ។ ប៉ុន្តែយ៉ាងណាក៏ដោយវត្តនេះមិនមានបន្សល់ស្លាកស្នាមដានប្រវត្តិសាស្ត្រអ្វីឡើយ ក្រៅពីដើមពោធិ៍ធំមួយដើមឈរបង្អួតរាងនៅមុខវត្ត និងចោលម្លប់ដ៏ត្រឈឹងត្រឈៃដល់ជនានុជនសម្រាប់អាស្រ័យតាមកាលគួរ។

បន្ទាប់មកក្រុមការងារបានបន្តដំណើរទៅដល់ទឹកធ្លាក់ព្រះនិម្មិត ឬល្បាក់ខោនតាមសូរសៀងសំនៀងជាភាសាឡាវ។ ទឹកធ្លាក់ព្រះនិម្មិត ពិតជាទីកន្លែងដ៏រមនាសម្រាប់ជនានុជនគ្រប់គ្នាទៅលេងកម្សាន្តអារម្មណ៍ឱ្យល្ហើយស្បើយពីទុក្ខា។ សូរទឹកធ្លាក់ហូរប៉ប្រះប៉ះនឹងថ្មបង្កបានជាសំឡេងប្រៀបបាននឹងតូយ៌តន្រ្តីយ៉ាងរណ្តំ ដែលប្រគំឡើងដោយក្រុមតន្ត្រីករឯក ដើម្បីរង់ចាំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើទស្សនាចរណ៍ទៅទីនោះ។ ទឹកធ្លាក់ព្រះនិម្មិត ឬល្បាក់ខោន ស្ថិតនៅតាមបណ្តោយទន្លេមេគង្គលើនៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានព្រំប្រទល់ជាប់ខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា និងមួយផ្នែកជាប់ព្រំដែនប្រទេសឡាវ។

ទេសភាពទឹកធ្លាក់ព្រះនិម្មិត

ក្រោយពីទស្សនា និងស្វែងយល់ពីតំបន់នោះរួចមកក្រុមការងារសម្បូរសប្បាយបានបន្តដំណើរទៅកាន់ទីកន្លែងផ្សេងទៀតគឺវត្តភ្នំព្រះមេរុ៍ ហៅវត្តភ្នំកូនហែរ ឬភុផាក់កូនហែរ ជាភាសាឡាវ ដែលជាវត្តតូច ស្ថិតក្នុងភូមិសាស្ត្រខាងលើ ហើយនៅមិនឆ្ងាយគ្នាប៉ុន្មានពីទឹកធ្លាក់ព្រះនិម្មិតឡើយ។ វត្តភ្នំព្រះមេរុ៍ ព័ន្ធទៅដោយព្រៃភ្នំជុំវិញ ជាវត្តតូច ហើយមានព្រះសង្ឃគង់នៅក្នុងវត្តតែ៣អង្គប៉ុណ្ណោះ ប៉ុន្តែបរិយាកាសនៅទីនោះពោរពេញទៅដោយខ្យល់បរិសុទ្ធ ស្ងប់ស្ងាត់ល្អ ជាទីកន្លែងសាកសមសម្រាប់សម្រាកអារម្មណ៍ពីពិភពនៃភាពអាប់អួ។

ទេសភាពនៅក្នុងវត្តព្រះមេរុ៍

ចប់ពីនោះទៅក្រុមការងារក៏បានបន្តដំណើរទៅកាន់ខេត្តរតនគិរី ដែលជាខេត្តលេចធ្លោជាងគេនៅក្នុងដែនដីភូមិភាគឦសានសម្រាកសម្រានបានមួយរាត្រី រួចក៏បានបន្តដំណើរទៅកាន់ខេត្តមណ្ឌលគិរីជាទីជម្រក តែ កាហ្វេ ដ៏ល្បីល្បាញជាងគេនៅក្នុងប្រទេសកម្ពុជា ងារផាសិនផ្អែមឆ្ងាញ់មិនចាញ់ទីណាៗទាំងអស់។

លុះធ្វើដំណើរចេញមិនទាន់បានប៉ុន្មានផងឮល្បីថាបឹងលំកុដ ដែលស្ថិតនៅក្នុងដែនដីអតីតទីរួមខេត្តរតនគិរី គឺស្រុកលំផាត់ ដែលទើបត្រូវបានគេប្រទះឃើញមានសម្រស់ស្រស់ត្រកាលមិនចាញ់បឹងយក្ខឡោមដែលល្បីខ្ទរខ្ទ័ររាប់សិបឆ្នាំមកហើយនោះទេ។ នៅពេលក្រុមការងារធ្វើដំណើរទៅដល់ទើបសង្កេតឃើញថា បឹងលំកុដនេះ ពិតជាមានសម្រស់ស្រស់ឆើតឆាយដូចអ្វីដែលគេល្បីពិតមែន។ ទឹកបឹងមានពណ៌ខៀវស្រងាត់ ត្រជាក់ ហើយតុបតែងសម្អដោយព្រៃព្រឹក្សាលតាវល្លិធម្មជាតជុំវិញមាត់បឹងដែលធ្វើ​ឱ្យបឹងទាំងមូលមើលទៅមានសម្រស់យ៉ាងត្រចេះត្រចង់ ជាធ្នាក់អន្ទងទាក់ចិត្តភ្ញៀវទេសចរឱ្យដកចិត្តមិនរួចបើបានគយគន់ហើយ។

ទេសភាពដ៏ស្រស់ស្អាតនៃបឹងលំកុដ

បឹងនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពី ការបង្កើតតំបន់ការពារទេសភាព «បឹងលំកុដ» ដែលមានផ្ទៃដីទំហំ ១១០,៩១ (មួយរយដប់ហិកតា និងកៅសិបមួយអា) ស្ថិតក្នុងភូមិសាស្ត្រ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ បឹងលំកុដ មានចម្ងាយប្រមាណ២៧គីឡូម៉ែត្រពីផ្លូវបំបែកទីរួមស្រុកលំផាត់។ បឹងនេះមានទម្រង់ស្រដៀងគ្នាទៅនឹងបឹងយក្ខឡោម ផ្ទៃទឹកបឹង និងសម្រស់ទេសភាពជុំវិញបឹង ខុសគ្នាត្រង់បឹងនេះមានរាងទ្រវែង និងតូចជាងបឹងយក្ខឡោមបន្តិច។ អ្វីដែលគួរឱ្យទាក់ទាញអារម្មណ៍ទៀតនោះ គឺបឹងនេះនៅពេលល្ងាចភ្ញៀវទេសចរអាចឈរគយគន់ថ្ងៃលិចបាំងបិតនឹងដុំពពកខ្មៅបង្កើតទៅជាស្បែរាត្រីនៃភពផែនដីដោយក្តីរីករាយ។

ទេសភាពបឹងលំកុដ

ជាមួយគ្នានេះដែរក្រុមការងារក៏បានឆៀងចូលរមណីយដ្ឋានតាតតៃ ដែលនៅមិនឆ្ងាយពីគល់ស្ពានស្រែពក ស្ថិតក្នុងភូមិដីឡូ ឃុំលំផាត់ ស្រុកលំផាត់ ខេត្តរតនគិរី ជាទីដែលភ្ញៀវទេសចរអាចគយគន់ទឹកហូរប៉ប្រះលើថ្មនារដូវប្រាំង និងអាចងូតទឹកលេងទៀតផង។ ប៉ុន្តែភ្ញៀវទេសចរទាំងឡាយដែលទៅកម្សាន្តនៅទីនោះ មិនអាចងូតទឹកលេងបានទេនារដូវវស្សា ក៏ព្រោះតែទឹកហូរឡើងខ្លាំងលិចបាត់ផ្ទៃថ្មដា និងអាចបង្កជាគ្រោះថ្នាក់ប្រហារជីវិតដោយយថាហេតុ៕

ទេសភាពរមណីយដ្ឋានតាតតៃ
ទេសភាពរមណីយដ្ឋានតាតតៃ

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។