Home / ព័ត៌មាន / ប្រវត្តិនៃការជួសជុលតារាជ (ស្តេចទេព ថែរក្សាអង្គរវត្ត)

ប្រវត្តិនៃការជួសជុលតារាជ (ស្តេចទេព ថែរក្សាអង្គរវត្ត)

«តារាជ» ជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុនៃព្រហ្មមញ្ញសាសនា ដែលមានព្រះហស្ថ៨ រចនាបថបាយ័ន្ត កម្ពស់ជិត៤ម៉ែត្រ ឆ្លាក់ពី​ថ្មមួយដុំ តម្កល់ទុកនៅច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត។ ភាពល្បីល្បាញនៃឫទ្ធានុភាពដ៏អស្ចារ្យនៃអាទិទេពនេះ ត្រូវបានព្រះមហាក្សត្រខ្មែរនិងប្រជាជនខ្មែរតាំងពីបុរាណ រហូតដល់បច្ចុប្បន្នគោរពបូជា មានជំនឿជាក់មុតមាំនឹងភាពស័ក្តិសិទ្ធិរបស់ព្រះអង្គ ហើយចាត់ទុកជាស្តេចទេពដ៏ខ្ពង់ខ្ពស់បំផុត ដែលថែរក្សាប្រាសាទអង្គរវត្តរហូតដល់សព្វថ្ងៃ។

បើទោះបីជាមានអាយុរាប់រយឆ្នាំ ឆ្លងកាត់ច្រើនសម័យកាលនៃប្រទេសជាតិ ក៏បដិមា «តារាជ» នៅតែបង្ហាញរាងមាំទាំនិងពេញដោយតេជៈបារមី។ ទេពអង្គនេះ ក៏ធ្លាប់បានទទួលការជួសជុលជាច្រើនដងពីអ្នកជំនាញជាតិ-អន្តរជាតិ ដែលរងគ្រោះដោយកត្តាធម្មជាតិនៃអាយុកាលរបស់ខ្លួន សង្គ្រាមស៊ីវិល និងការយារយីពីពួកឈ្មួញទុច្ចរិតប៉ងកាត់ព្រះកេសយកទៅជួញដូរដ៏គួរឱ្យខ្លោចផ្សារ។


ទាក់ទងនឹងការអភិរក្សឡើងវិញ លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាអ្នកធ្លាប់រួមចំណែកជួសជុលតារាជកន្លងមក បានឱ្យដឹងថា មកដល់ពេលនេះ លោកតារាជ បានឆ្លងកាត់ប្រវត្តិជួសជុលច្រើនជំនាន់មកហើយ យោងទៅលើភស្តុតាងបច្ចេកទេសអភិរក្សនិងសម្ភារៈនៅក្នុងរាងកាយដែលធ្លាប់ជួស​ជុលពីសម័យមុនៗ។

លោក ណារី បញ្ជាក់ថា ការជួសជុលតារាជ គឺមានតាំងពីចុងស.វ.ទី១៦ នៅលើជើងដែលបាក់ជាពីរកំណាត់ទាំងពីរ ព្រោះតាមការពិសោធរបស់អ្នកជំនាញឃើញថា សាច់ថ្មនៅជើងនិងដងខ្លួនមានគុណភាពផ្សេងគ្នា។ បញ្ហាបែកបាក់នេះកើតឡើងប្រហែលដោយសារអន្តរកាលផ្លាស់ប្តូរសាសនាពីព្រហ្មមញ្ញមកព្រះពុទ្ធ។


បន្តមកទៀត នៅសម័យបារាំងដោយមើលឃើញហានិភ័យនៃបដិមាទ្រេតផ្ងារទៅក្រោយរកដួលរលំ អ្នកជំនាញសាលាបារាំងចុងបូព៌ា ក៏បានជួសជុលឡើងវិញ ដោយការជីកបង្ហាប់ដី ពង្រឹងគ្រឹះដើម្បីតម្កល់ព្រះវិស្ណុឬតារាជឱ្យមានលំនឹងកាន់តែ រឹងមាំ ឡើងវិញ នាឆ្នាំ១៩៤៦។

ក្រោយមក នៅឆ្នាំ១៩៨៧-១៩៩៣ ដោយមានកិច្ចសហប្រតិបត្តិការរវាងអភិរក្សដ្ឋានអង្គរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជា​មួយឥណ្ឌា ក៏បានធ្វើការជួសជុលផ្នែកខ្លះនៃព្រះហស្ថទាំងសងខាងដែលបែកបាក់ បាត់បង់ ដោយប្រើស៊ីម៉ង់តិ៍ជំនួស។ បើរំឭកកាលពីឆ្នាំ១៩៨៥ ព្រះកេសរបស់លោកតារាជ ត្រូវបានជនទុច្ចរិតមួយក្រុមប៉ុនប៉ងអារផ្តាច់ក្នុងបំណងជួញដូរ តែមិនបានសម្រេច ទើបសមត្ថកិច្ចយកព្រះកេសទៅរក្សាទុកនៅអភិរក្សអង្គរ មុននឹងបញ្ជូនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញដើម្បីរក្សាសុវត្ថិភាព។ ក្នុងភាពវឹកវរ ប្រទេសជាតិមិនទាន់មានសន្តិសុខពេញលេញ ក្រុមអភិរក្សអង្គរបានចម្លងព្រះកេសថ្មីពីស៊ីម៉ង់តិ៍ជំនួសព្រះកេសដើមវិញ ដើម្បីបំពេញលក្ខណៈរាងកាយនៃបដិមានិងជំនឿរបស់ប្រជាជនខ្មែរ។


លុះមកដល់ឆ្នាំ២០០២-២០០៣ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នអាល្លឺម៉ង់ (GACP) ក៏បានធ្វើការជួសជុលលើព្រះហស្ថឆ្វេង២ ស្តាំមួយ និងស្មាស្តាំដែលប្រេះបម្រុងធ្លាក់ អាចបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រូបចម្លាក់ផ្ទាល់ និងទេសចរដែលឆ្លងកាត់ទីនេះមកគោរពបូជាផង ទើបក្រុមការងារក៏បានប្តូរព្រះហស្ថទាំងបីនិងស្មាដែលធ្វើពីស៊ីម៉ង់តិ៍ជំនួសដោយថ្មភក់វិញ។ បន្ថែមពីនោះ ដោយមើលឃើញថាលោកតារាជ ជាទេពស័ក្តិសិទ្ធិក្នុងជំនឿខ្មែរ ហើយប្រទេសជាតិក៏មានសុខសន្តិភាពហើយ ក្រុមការងារអាជ្ញាធរជាតិអប្សរានិងអាល្លឺម៉ង់ ក៏បានស្នើទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិភ្នំពេញ ដើម្បីសុំព្រះកេសដើម ដើម្បីមកតភ្ជាប់នឹងព្រះកាយវិញ ទើបសមនឹងតម្លៃនៃការគោរពជំនឿដ៏មុតមាំនិងសមត្ថ​ភាពនៃក្រុមការងាររបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរាក្នុងកិច្ចការអភិរក្សផង។

លោក ឡុង ណារី ក៏បានសំណូមពរដល់អ្នកមកគោរពបូជា សូមកុំស្រោចទឹកលើព្រះបាទបដិមា ដែលបណ្តាលឱ្យទឹកហូរជ្រាបចូលតាមស្នាមប្រេះដល់បាយអរ នាំឱ្យសាច់ថ្មឆាប់សឹករិចរិល និងពុកផុយ។ រីឯផ្សែងធូបច្រើន នឹងធ្វើឱ្យម្រ័ក្សណ៍និងទឹកមាសលើរូបបដិមា ប្រែទៅជាពណ៌ខ្មៅស្រអាប់។ ក្នុងនោះដែរ ការបំពាក់ស្បង់ចីពរច្រើនជាន់លើគ្នា នឹងធ្វើឱ្យធ្ងន់ នាំឱ្យរបេះដល់ជាតិម្រ័ក្សណ៍លើដងខ្លួនបដិមា ព្រោះម្រ័ក្សណ៍ខ្លះដែលទើបលាបជំនាន់ក្រោយមិនមានគុណភាពល្អដូចដើមទេ ងាយនឹងធ្វើឱ្យខូច​ខាតណាស់៕

ប្រភពអត្ថបទនិងរូប គេហទំព័រអាជ្ញាធរជាតិអប្សរា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។