Home / កសិកម្ម / បទពិសោធន៍ដាំម្រះ (កសិករ វន់ ចេម)

បទពិសោធន៍ដាំម្រះ (កសិករ វន់ ចេម)

កសិករ វន់ ចេម  រស់នៅភូមិសំរិតជ័យ ឃុំតាំងក្រូច ស្រុកសំរោង ខេត្តកំពង់ស្ពឺ។ គាត់ជាកសិករសហការជាមួយអង្គការសេដាក ក្នុងការដាំបន្លែសំរាប់មកកាន់ទីផ្សារកសិផលធម្មជាតិ នៅក្រុងភ្នំពេញ និងនៅផ្សារណាត់សហគមន៍​ខេត្តកំពង់ស្ពឺ។ នៅពេលនេះ យើងសូមលើកយកនូវបទពិសោធន៍ ដាំដំណាំម្រះទទួលបានជោគជ័យ យកមកបង្ហាញដូចខាងក្រោម។

១. ការរៀបចំថ្នាលបណ្ដុះកូន

មុនដាំគាត់បានភ្ជួរដី ៣សា  ( ភ្ជួរសាទី១ លុបកាកសំណល់រុក្ខជាតិ រយ:ពេលមួយអាទិត្យ ) លើកទី២ ភ្ជួរហាលដីរយៈពេល១អាទិត្យទៀតដើម្បីឲ្យស្ងួតល្អ ព្រោះគាត់ដាំនៅរដូវវស្សា ប៉ុន្តែដាំនៅលើដីទួល។ លើក  ទី៣ ភ្ជួរលើកជារង និងដាក់ជីធម្មជាតិទ្រាប់បាត។ នៅលើរងគាត់​បានដាក់ជីលាមកមាន់គោ១ភាគ ផេះកន្លះភាគ និងដីដំបូកកន្លះភាគ ជ្រំឲ្យសព្វបាចលើរង រួចយករនាស់រាស់ពីលើឲ្យជីលាយបញ្ចូលដីឲ្យបានសព្វទៅក្នុងដីទើបគាត់យកគ្រាប់ទៅសាប។ ថ្នាលបណ្ដុះកូនគាត់លើកកំពស់ ១,២តឹក នៅរដូវប្រាំង និងនៅរដូវវស្សា ១តឹក បណ្ដោយរង៥ម៉ែត្រ ទទឹង៨តឹក។

២. ការសាបកូនម្រះ

លោកពូបានយកគ្រាប់ពូជទៅរែង​ឲ្យស្អាត ហាលថ្ងៃស្រទន់​១​ ទៅ ​​២ម៉ោង​ បន្ទាប់មកយកត្រាំទឹក១ យប់ឲ្យគ្រាប់រីកឆាប់ដុះពន្លកទើបយកគ្រាប់ទៅកប់ដាក់លើថ្នាលបណ្តុះដោយមានជំរៅកន្លះថ្នាំងដៃនិងគំលាត​ពីគ្រាប់មួយទៅមួយ១តឹក៤ជ្រុង រូចយកជញ្រ្ជាំង ឬធាងដូងគ្របពីលើ៣ ទៅ ៤ថ្ងៃ នៅពេលគ្រាប់ដុះ ទើបគាត់​បើកគំរបវិញ។ ការស្រោចទឹកប្រព្រឹត្តទៅរៀងរាល់ថ្ងៃព្រឹកល្ងាច ទៅតាមស្ថានភាពជាក់ស្តែងមានភ្លៀងធ្លាក់ឬអត់។ ក្រោយពីបណ្តុះកូនបាន ៨ ទៅ ១០ថ្ងៃ គាត់ដកកូនម្រះយកទៅដាំនៅលើរងបាន។

៣. ការរៀបចំរងដាំ

រងនីមួយៗមានប្រវែង២៦ម៉ែត្រ ទទឹង១,២ម៉ែត្រ នឹងកំពស់១,៥តឹក។ លោពូបានលើករងនិងហាល​ដីរយៈពេល៣ថ្ងៃទើបយកជីទៅរោយចំកណ្តាលរងមានដូចជា ជីកំប៉ុស្ត និងលាមកសត្វ។ ក្រោយពីដាក់ជី​ហើយ​ គាត់បានយករនាស់រាស់វាឲ្យរាបស្មើរួចស្រោចទឹកល្មម( សើមតិចៗ) រួចយកប្លាស្ទិចខ្មៅគ្របពីលើរង ហើយចោះរន្ធប្លាស្ទិក យកកំប៉ុងដាក់ធ្យូងនៅក្នុងឲ្យក្តៅរួចដាក់ពីលើប្លាស្ទិក។ ការចោះរន្ធនេះ គឺពីគុម្ពមួយទៅគុម្ពមួយ១,៧តឹក បន្ទាប់មកទើបយកកូនទៅដាក់ដាំតាមកន្លែងចោះរន្ធនោះ។

៤.​ ការថែទាំ

ក្រោយពីដាំរួចហើយ គាត់បានរៀបចំធ្វើទ្រើងដោយចងបង្គោលធ្វើមេសសរចន្លោះ៣គុម្ព ដោតសសរមួយ​ រួចចងខ្សែប្រទាក់គ្នាចន្លោះពីចន្ទាល់មួយទៅចន្ទាល់មួយ១,២តឹក។ ក្រោយពីដាំនិងរៀបចំទ្រើងហើយ គាត់បានធ្វើការថែទាំដោយស្រោចទឹកព្រឹកល្ងាច (ស្រោចនៅចំគល់)។ នៅពេលម្រះចាប់ផ្តើមផ្លែ គាត់បូមទឹកដាក់នៅចន្លោះរង។ ការបូមទឹកដាក់មើលទៅតាមគុណភាពស្លឹកបើស្លឹកស្រពោនបូមទឹកដាក់ ១ទៅ២ថ្ងៃម្តង។ ចំពោះជីបំប៉នដាក់ក្រោយពីដាំហើយ២០ថ្ងៃ (ដាក់ដូចលើកទី១ ដោយដាក់ជី​លាមកសត្វ១គីឡូ​ក្រាម កំបោរ ​០,៥​កីឡូក្រាម)។ បើការលូតលាស់នៅមិនទាន់ល្អ គាត់បន្ថែមជី ( លាមកសត្វ ដីដំបូក និងសំរាម​ដុត) ប្រមាណជា ៥បង្គីទៀតក្នុង១រង ក្រោយពីដាក់ជីលើកទី២​បាន១០ថ្ងៃ។

ការដាក់ជីគាត់ធ្វើឡើងដោយបើកគម្របប្លាស្ទិកម្តងម្ខាង ដាក់នៅចំកណ្តាលរង រូចស្រោចទឹកឲ្យជោគល្មម ទើបបិទគម្របប្លាស្ទិកវិញ។ ក្រៅពីនេះគាត់បានដកស្មៅចន្លោះរង និងកាត់ស្លឹកត្រួយម្រះដែលលូតវែងៗចោលខ្លះ។

៥.​ ការប្រមូលផល

ក្រោយពីដាំបានរយៈពេល៤៥ថ្ងៃ (ចាប់ពីថ្ងៃបណ្ដុះគ្រាប់រហូតដល់ចេញផ្លែ) គាត់ចាប់ផ្តើមប្រមូលផលរហូតដល់អស់ផ្លែ មានរយៈពេល៥០ថ្ងៃទៀត។ ក្នុងមួយដើម គាត់អាចបេះផ្លែបានពី៨ទៅ១០គីឡូក្រាម រហូតដល់ងាប់ដើម។ នៅលើរងដែលមានទទឹង ១,២ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រ គាត់ដាំម្រះបាន៣៦ដើម។ លោក​ពូដាំម្រះបានប្រមាណ៣រង ចំពោះផលគាត់លក់បាន ១គីឡូ ក្រាមតម្លៃ ៤.០០០ ទៅ ៥.០០០រៀល។ ចំណូលសរុបគាត់ទទួលបាន ៧០ម៉ឺន ទៅ ១លានរៀលក្នុងមួយរដូវ។

សរុបបទពិសោធន៍សំខាន់ៗក្នុងការដាំដំណាំម្រះបានផលខ្ពស់មានដូចជា៖

  • ភ្ជួររាស់ដីហាលឲ្យស្ងួត ទើបលើករងដាំ និបណ្ដុះកូន
  • ប្រើជីលាមកសត្វ ផេះ និងដីដំបូក នៅលើថ្នាលបណ្ដុះកូន
  • ត្រៀមគ្រាប់សាបដោយហាលថ្ងៃ និងត្រាំទឹកឲ្យដុះពន្លកមុនយកទៅសាប
  • ថែទាំកូនម្រះនៅលើថ្នាលដោយស្រោចទឹក ដកស្មៅជាប្រចាំ
  • រៀបចំចងទ្រើងឲ្យម្រះវារឡើង ក្រោយពីដាំហើយ
  • ប្រើជីធម្មជាតិបំប៉ន និងស្រោចទឹកនៅតាមចន្លោះរង
  • ថែទាំធ្វើស្មៅនៅតាមចន្លោះរង និងកាត់ស្លឹកត្រួយចេញខ្លះ ដើម្បីឲ្យម្រះមានផ្លែច្រើន៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់? សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។