Home / ព័ត៌មាន / រមណីយដ្ឋានវប្បធម៌ភ្នំក្រោលដ៏ស្រស់ស្អាត ត្រូវបានគេបោះបង់ចោល

រមណីយដ្ឋានវប្បធម៌ភ្នំក្រោលដ៏ស្រស់ស្អាត ត្រូវបានគេបោះបង់ចោល

ភ្នំក្រោល គឺជាតំបន់ទេសចរណ៍វប្បធម៌ ដែលមានសម្រស់ដ៏ស្រស់ត្រកាលនៃធម្មជាតិ ប៉ុន្តែមិនត្រូវបានគេយកចិត្តទុកដាក់ និងថែរក្សានោះឡើយ។ តំបន់ទេសចរន៍វប្បធម៌ភ្នំក្រោល ស្ថិតក្នុងភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលមាន​ចម្ងាយប្រមាណ ៣០០០ម៉ែត្រ (៣គីឡូម៉ែត្រ) ពីទីរួមស្រុកកោះញែក។

បើតាមចំណារអក្សរនៅលើផ្ទាំងក្តារដាក់តាំងនៅលើភ្នំក្រោលបានបង្ហាញថា តំបន់ទេសចរណ៍វប្បធម៌មួយនេះមានប្រវត្តិដ៏យូរ​លុងរាប់រយឆ្នាំមកហើយ។ ប៉ុន្តែបច្ចុប្បន្នភ្នំក្រោលត្រូវបានគេបោះបង់ចោល និងមិនយកចិត្តទុកដាក់ថែរក្សា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍នោះឡើយ។

បើតាមសម្រស់ធម្មជាតិដែលព័ទ្ធនៅជុំវិញពីចង្កេះភ្នំរហូលដល់កំពូលភ្នំ បូកផ្សំជាមួយបឹងធម្មជាតិមួយដ៏ធំដែលនៅជាប់ជើងភ្នំ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្រស់បំព្រង ដែលគួរជាទីពេចពិលរមិលមើល និងមានសក្កានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវ​ទេសចរឱ្យទៅទស្សនា និងលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធនៅទីនោះផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះគឺផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលនៃតំបន់ទេសចរណ៍វប្បធម៌មួយនេះ មិនត្រូវបានគេយកចិត្តទុកដាក់ និងថែទាំពីសំណាក់អាជ្ញាធរ ឬសហគមន៍ឡើយ ក្រៅតែពីលោកយាយវ័យចំណាស់ម្នាក់ និងចៅស្រីកំព្រាតូចៗ២នាក់ ដែលតែងតែឡើងទៅទីនោះជាប្រចាំដោយស្ម័គ្រចិត្តប៉ុណ្ណោះ។

លោកយាយ វ៉ា លីម បច្ចុប្បន្នមានអាយុ៧៤ឆ្នាំ បានឡើងមកថែទាំនៅលើខ្នងភ្នំក្រោលនេះអស់រយៈពេល៨ឆ្នាំមកហើយ។ លោក​យាយបានឱ្យដឹងថា ដំបូងឡើយទីខ្នងភ្នំក្រោលនេះមានសុទ្ធតែព្រៃស៊ុបទ្រុប និងមានតែផ្លូវតូចមួយដើរឡើងសំដៅទៅរកខ្ទមអ្នកតា។ ប៉ុន្តែក្រោយមកលោកយាយបានកាប់ឆ្កាសម្អាតបន្តិចម្តងៗរហូតបានស្រឡះស្អាតនៅលើបរិវេណខ្នងភ្នំ។ ស្រ្តីវ័យចំណាស់រូបនេះបានបន្តថា រាល់ថ្ងៃគាត់តែងតែឡើងទៅកាន់ខ្នងភ្នំនោះនៅពេលព្រឹកដើម្បីបោសសម្អាតមើលថែរក្សាខ្ទមអ្នកតា រង់ចាំមនុស្សម្នាទៅធ្វើការបន់ស្រន់ផ្សេងៗ និងចុះទៅវិញនៅពេលល្ងាច។ បើតាមលោកយាយ វ៉ា លីម បានឱ្យដឹងថា បច្ចុប្បន្នតំបន់ទេសចរណ៍វប្បមធ៌មួយនេះ មិនសូវមានអ្នកមកលេងនោះទេ គឺមាន​តែក្រុមគ្រួសារដែលមកពីទីផ្សេងៗឡើងទៅធ្វើការបន់ស្រន់​ប៉ុណ្ណោះ ក៏ព្រោះតែតំបន់នោះត្រូវបានគេចាត់ទុកថាជាទីសក្ការៈដ៏ស័ក្តិសិទ្ធិ។

ភ្នំក្រោលមានកម្ពស់ប្រមាណជិត១០០ម៉ែត្រ ផ្លូវឡើងមានជម្រាលល្អ បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរទាំងឡាយដែលធ្វើដំណើរទៅទីនោះដែលអាចជ្រើសរើសយកថ្មើរជើរ ឬម៉ូតូ ឡានក៏បាន ក្នុងការឡើងទៅលើកំពូលភ្នំ ប៉ុន្តែបច្ចុប្បន្នផ្លូវត្រូវបានរងការខូចខាតស្ទើរទាំងស្រុងដោយសារទឹកភ្លៀងហូរច្រោះដាច់ព្រោះគ្មានអ្នកថែទាំ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។