Home / កសិកម្ម / ដំណាំបន្លែ / បទពិសោធន៍ដាំផ្កាចន្ធូ (កសិករ កើត ប៊ិន)

បទពិសោធន៍ដាំផ្កាចន្ធូ (កសិករ កើត ប៊ិន)

អ៊ំស្រី កើត ប៊ិន អាយុ៥៧ឆ្នាំ កសិកររស់នៅ ភូមិតាខែក​ ឃុំទឹកជោ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។​ គាត់មានបទពិសោធន៍ល្អក្នុងការដាំ​ផ្កាចន្ធូជាច្រើនឆ្នាំ និងទទួលបានជោគជ័យដោយបានយកមុខរបរនេះសំរាប់ផ្គត់ផ្គង់គ្រួសាររបស់គាត់បានយ៉ាងល្អប្រសើរ។ នៅពេលចាប់ផ្តើមដំបូងគាត់បានទិញពូជពីអ្នកជិតខាង បន្ទាប់មកទុកពូជដោយខ្លួនឯង​ដោយធ្វើការបំបែកដាំបន្ត គឺប្រភេទផ្កាចន្ធូដែលនាំចូលមកពីប្រទេសថៃ។ ចំពោះបទពិសោធន៍នៃការដាំដុះមានបង្ហាញជូនដូចខាងក្រោម៖

១. ​បច្ចេកទេសដាំដុះ

របៀបរៀបចំរងដាំ.  អ៊ំស្រីបានជ្រើសរើសកន្លែងដាំនៅលើដីទួល​  ដោយកាប់ដីហាលរយៈពេល​១សប្តាហ៍។ បន្ទាប់មកជ្រុំកាប់លើករងដែលមានទទឹង​១ម៉ែត្រ បណ្តោយ១០ម៉ែត្រ កំពស់រង០,២៥ម៉ែត្រ(២,៥តឹក) ចន្លោះពីរងមួយទៅរងមួយ៤តឹក។ ក្រោយពីលើករងហើយគាត់បានហាលដីរយៈពេល១ថ្ងៃ ទើបដាក់ជីលាមកសត្វពុកផុយប្រមាណ១០គីឡូក្រាមក្នុង១រងជ្រុំបញ្ចូលទៅក្នុងដី។

របៀបដាំនិងការថែទាំ.  ក្នុងការដាំនេះ អ៊ំស្រីបានដកបំបែកកូនដាំដោយក្នុង១រង ដាំ៥ជួរ ចន្លោះពីដើមមួយទៅដើមមួយ២ទៅ៣តឹក ក្នុងមួយរណ្តៅដាំ២ដើម។ បន្ទាប់ពីដាំរួច ធ្វើការស្រោចទឹក១ថ្ងៃពីរដង ព្រឹកនិងល្ងាច (រដូវ ប្រាំង)។ ដាំបានរយៈពេល១សប្តាហ៍ចាប់ផ្តើមធ្វើស្មៅនិងដាក់ជីបំប៉ន (លាមកគោ) តាមចន្លោះរងនិងគុម្ព។​​

ចំពោះជីទឹក គាត់បានយក​លាមកគោស្រស់មកដាក់ត្រាំក្នុងទឹក លាយជាមួយស្លឹកឈើស្រស់ យកមកត្រាំ    រយៈពេល៥ថ្ងៃទើបយកទៅស្រោចនៅតាមគល់ផ្កា គឺមិនឲ្យប៉ះដល់ស្លឹកនិងដើមទេ។ ការស្រោចធ្វើឡើងនៅពេលល្ងាច ពេលព្រឹកធ្វើការស្រោចទឹកធម្មតាវិញ។

២. ​ការថែទាំ ការថែទាំផ្កាចន្ធូមានដូចខាងក្រោម៖

  • ដំណាក់កាលដាំដុះ ក្រោយពីការដាំត្រូវស្រោចទឹកព្រឹកល្ងាចនៅរដូវប្រាំង។
  • ដំណាក់កាលលូតលាស់ ធ្វើការជ្រុំជ្រោយគល់ក្រោយពីការដាំបាន១ខែ និងបន្តការជ្រុំជ្រោយគល់រៀងរាល់ ១ខែម្តងដើម្បីកុំឲ្យផ្កាឡើងគល់។ ក្រោយពីការជ្រុំជ្រោយគល់គាត់បានដាក់ជីធម្មជាតិ(លាមកគោពុកផុយ) នៅ​គល់ផ្កាដើម្បីឲ្យផ្កាមានកំលាំងគ្រប់គ្រាន់លូតលាស់ល្អ។
  • ការប្រមូលផល​ គាត់កាច់ផ្កាលក់២ដងក្នុងមួយសប្តាហ៍ ក្រោយការប្រមូលផលគាត់ស្រោចទឹកធម្មតា និងស្រោចជីលាមកគោស្រស់បន្ថែម ​(លាមកគោស្រស់លាយទឹក) ដើម្បីជំនួយឲ្យដើមចន្ធូផ្សេងៗឆាប់លូតលាស់បន្ត។
  • ការថែទាំ ក្រោយពីដាំបាន១សប្តាហ៍ គាត់ជ្រុំគល់ បន្ថែមជីធម្មជាតិ(លាមកគោពុកផុយ) និងនៅរាល់១០ទៅ១២ថ្ងៃម្តង។

៣. ការប្រមូលផល ដើម្បីប្រមូលផលផ្កាចន្ធូឲ្យបានល្អគឺ ត្រូវអនុវត្តន៍ដូចខាងក្រោម៖

  • សង្កេតមើលផ្កាចេញកញ្ចុំអស់ ហើយមានពកសៗច្រើន និងអាចចាប់ផ្តើមរីកបាន ២០ទៅ៣០ភាគរយ
  • ប្រមូលផលធ្វើឡើងនៅពេលព្រឹកចាប់ពីម៉ោង ៨ ដល់ ១១ ឬប្រមូលផលនៅពេលល្ងាច ពីម៉ោង ៣ដល់​៥ល្ងាច
  • ពេលប្រមូលផលត្រូវប្រើកាំបិតមុតដោយកាត់ជាចំណិតត្រសក់ និងប្រយ័ត្នកុំឲ្យប៉ះដល់កូនទើបលូតលាស់។

៤. ការវេចខ្ចប់ និងការដឹកជញ្ជូន

គាត់ដាំផ្កាសំរាប់លក់ទៅកាន់ទីផ្សារ ដូចនេះតម្រូវឲ្យគាត់មានការវេចខ្ចប់មួយដ៏ល្អដែលមានដូចខាងក្រោម៖

  • ជ្រើសរើសផ្កាដែលមានដើមថ្លោសល្អ (ជ្រើសរើសដាក់តាមចំណាត់ថ្នាក់លេខ១​ លេខ​​២)
  • ត្រូវចងជាបាច់ៗ ( មួយបាច់មាន៥ដុំ ក្នុងមួយដុំមាន១០ដើម)
  • គាត់ចងរុំដោយខ្សែច្រវាចេក​ ឬខ្សែកំប្លោក
  • តំរៀបផ្កាទៅក្នុងកញ្រែ្ជង ឬ កញ្ឆេរ ដើម្បីដឹកទៅកាន់ទីផ្សារ។

៥. ​ចំណូល

ក្រោយពីដាំបាន៣ខែ គាត់ប្រមូលផលលក់បានក្នុងមួយដងលក់ ២០.០០០ ទៅ ៣០.០០០រៀល។ ក្នុងមួយសប្តាហ៍គាត់លក់បាន២ដង ដូច្នេះគាត់អាចរកប្រាក់ចំណូលបាន ៦០.០០០រៀល។

៦. ចំណាប់អារម្មណ៍

អ៊ំស្រីមាមានចំណាប់អារម្មណ៍ថា ការដាំផ្កាចន្ធូជាមុខរបរមួយដែលមានលក្ខណៈងាយស្រួលដោយមិនចាំ​បាច់ចំណាយពេលវេលាច្រើនក្នុងការថែទាំទេ សំខាន់មានទឹក ជីធម្មជាតិគ្រប់គ្រាន់ គឺផ្កាអាចដុះបានល្អហើយ។ ចំណុចពិសេសមួយទៀត គឺនៅពេលចាប់ផ្តើមចេញផ្កា គ្រាន់តែយកថង់ច្រកឬក្រដាសរុំក៏អាចជៀសផុតពីការ បំផ្លាញ​របស់សត្វល្អិតបាន មិនចាំបាច់ប្រើថ្នាំពុលគីមីទេ។ បន្ទាប់ពីការប្រមូលផលហើយត្រូវស្រោចទឹកជីធម្មជាតិបំប៉នដើម្បីឲ្យផ្កាចេញកូនបន្តទៀត៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បាឋកថាអំពី សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet (មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត)

លោកសាស្ត្រាចារ្យ Pierre BAPTISTE អ្នកជំនាញអភិរក្សវត្ថុសិល្បៈនៃសារមន្ទីរសិល្បៈអាស៊ី Guimet ប្រទេសបារាំង បានធ្វើបាឋ​កថាចែករំលែកចំណេះដឹងដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាស្តីអំពី «សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet ៖ មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត» នៅមជ្ឃមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ថ្ងៃពេញ នាថ្ងៃទី១៤ ខែមិថុនា …