Home / កសិកម្ម / ដំណាំបន្លែ / បច្ចេកទេសដាំប៉េងប៉ោះឈើរី (កសិករ ឯម រីម)

បច្ចេកទេសដាំប៉េងប៉ោះឈើរី (កសិករ ឯម រីម)

អ្នកមីង ​ឯម​ រីមជាកសិកររស់នៅភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។ គាត់ជាកសិករសហការជាមួយអង្គការសេដាក ក្នុងការដាំបន្លែសំរាប់ផ្គត់ផ្គង់មកកាន់ទីផ្សារកសិផលធម្មជាតិនៅក្រុងភ្នំពេញ និងនៅផ្សារណាត់សហគមន៍ខេត្តកំពង់ស្ពឺ។ នៅពេលនេះ យើងសូមបង្ហាញជូននូវបទពិសោធន៍របស់អ្នកមីង ឯម រីម ក្នុងការដាំដំណាំប៉េងប៉ោះ​ឈើរី ដូចខាងក្រោម៖

១. បច្ចេកទេសដាំដុះ

  • ប្រភពពូជ ​ អ្នកមីងបានទិញពូជពីទីផ្សារ ឈ្មោះប៉េងប៉ោះឈើរី។
  • ពេលវេលា កាលដែលសមស្របសំរាប់បណ្តុះកូន និងដាំ គឺចន្លោះពីខែវិច្ឆិកា ដល់ ខែកុម្ភៈ
  • របៀបបណ្តុះកូន ​​ មុនពេលសាបគ្រាប់ប៉េងប៉ោះ គាត់បានភ្ជួរដីហាលចោល​​១ទៅ២អាទិត្យ ដើម្បីឲ្យស្មៅងាប់និងធ្វើឲ្យ​ដី​ផុស។ បន្ទាប់មក គាត់យកជីលាមកគោ និងជីកំប៉ុស្តប្រមាណ ២០ទៅ៣០គីឡូក្រាម ​ទៅរាយឲ្យសព្វរួចសាបគ្រាប់ពីលើ។ ក្រោយពីកូនប៉េងប៉ោះអាយុបាន១៥ទៅ២០ថ្ងៃ គាត់ចាប់ផ្តើម​ដកយកទៅដាំនៅទីវាល(ស្រែ)។
  • ការរៀបចំដីដាំ អ្នកមីងបានដាំនៅលើដីចម្ការ​ និងដីស្រែ។ គាត់បានរៀបចំដីឲ្យបានរាបស្មើដោយភ្ជួរដី ៣សា រួចបំបែកដីឲ្យម៉ត់ល្មម​និងលើកជារងសម្រាប់ដាំ។​មុនដាំត្រូវដាក់ជីកំប៉ុស្ត​និងលាមកគោចូលក្នុងរណ្តៅ​ ដែលត្រូវដាំនោះ។​ ចំណែករងវិញ​ត្រូវទុកចន្លោះពីរងមួយទៅរងមួយទៀតកន្លះមែត្រ។ ​រងនៅរដូវប្រាំងត្រូវលើកកំពស់២តឹក កាយឲ្យមានកំពែងដើម្បីទប់ទឹកកុំឲ្យហូរចេញ។ បើនៅរដូវវស្សាវិញ កម្ពស់រងត្រូវលើក ៣តឹក កាយជារាងខ្នងអណ្តើកទុកឲ្យមានចង្អូរបង្ហូរទឹកចេញ។ គាត់ដាំកូននៅលើរងដែលបានលើករួច ក្នុង​មួយរណ្តៅដាំមួយដើមប៉ុណ្ណោះ។

២. ការថែទាំ ក្រោយពីដាំរួចគាត់បានធ្វើការថែទាំប៉េងប៉ោះដូចខាងក្រោម៖

  • ជួសកូនប៉េងប៉ោះដែលបានដាំរួចហើយ (ងាប់)
  • ក្រោយដាំគាត់បានស្រោចទឹកជីកំប៉ុស្ត និងចុះមើលតាមរណ្តៅជៀសវាងការស៊ីបំផ្លាញដើមពីដង្កូវយោល ទោង។
  • បន្ទាប់ពីដាំកូនប៉េងប៉ោះរួច គឺត្រូវស្រោចទឹក២ដងក្នុង​១ថ្ងៃ ពិសេសត្រូវឧស្សាហ៍ជ្រោយដីនិងបោចស្មៅ ដើម្បីឲ្យដីធូរប៉េងប៉ោះលូតលាស់ល្អ និងឆាប់បានផ្កាផ្លែ។

៣. ការប្រមូលផល

ក្រោយពីដាំបាន​៤៥ថ្ងៃ ហើយបន្តប្រមូលផលរហូត​ដល់រយៈពេល៣០ថ្ងៃទៀតទើបអស់ផ្លែ។ គាត់អាចប្រមូលផលប៉ែងប៉ោះបានចាប់ពី៣០០ទៅ៥០០គីឡូក្រាម។ ក្នុងមួយគីឡូក្រាមអាចលក់បាន ៥.០០០ ទៅ ៨.០០០ រៀល (តំលៃគាត់គិតពីការលក់រាយខ្លះ និងលក់បោះដុំទៅផ្សារកសិផលធម្មជាតិ នៅក្រុងភ្នំពេញ) គាត់អាចរកចំណូលបានប្រមាណ២លានរៀល លើដីទំហំ​១អារ។

៤. ចំណាប់អារម្មណ៍

ក្រោយពីដាំដំណាំប៉េងប៉ោះឈើរីទទួលផលបានច្រើន អ៊ំស្រីមានចំណាប់អារម្មណ៍ថា ដំណាំនេះងាយស្រួល​ដាំ និងមានតម្លៃទីផ្សារខ្ពស់ មិនសូវមានការប្រកួតប្រជែងពីអ្នកដាំផ្សេងទៀត ប៉ុន្តែដំណាំប្រភេទនេះក៏សម្បូរសត្វចង្រៃបំផ្លាញ និងជំងឺផងដែរដូចជា រួញស្លឹក ដង្កូវចោះផ្លែ និងក្រាលើស្លឹកជាដើម ​ប៉ុន្តែមិនប៉ះពាល់ដល់ទិន្នផលទេ ហើយអ្នកមីងនៅតែសប្បាយចិត្តក្នុងការដាំដែល។

សរុបបច្ចេកទេសសំខាន់ៗមានដូចខាងក្រោម៖

  • កាប់ដីហាល និងលើកជារងដាំ ដោយប្រើជីធម្មជាតិទ្រាប់បាត
  • សាបកូនប៉េងប៉ោះនៅលើថ្នាលដោយប្រើជីធម្មជាតិទ្រាប់បាតដើម្បីឲ្យដីធូរងាយស្រួលក្នុងការដកកូនដាំ
  • ដកកូនថ្លោសៗយកទៅដាំក្នុងមួយរណ្តៅមួយដើម
  • ក្រោយពីដាំ គឺត្រូវថែទាំស្រោចទឹក ដកស្មៅក្បែគល់ ចន្លោះរង និងជួសកូនដែលងាប់៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបសង់បង្គន់ចាក់ទឹក

សព្វថ្ងៃមានគ្រួសារខ្មែរមួយចំនួនមិនទាន់មានបង្គន់បន្ទោបង់នៅឡើយ ហើយមានគ្រួសារខ្លះទៀតបំរុងនឹងធ្វើ។ ដើម្បីចូលរួមចំណែកជួយបងប្អូនមួយផ្នែកក្នុងការសាងសង់បង្គន់នេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអត្ថបទនិយាយអំពីរបៀបធ្វើបង្គន់ចាក់ទឹក ដូចខាងក្រោម។