Home / កសិកម្ម / បទពិសោធន៍ធ្វើស្រូវ ប.វ.ស. (កសិករ ហ៊ឹម ណន)

បទពិសោធន៍ធ្វើស្រូវ ប.វ.ស. (កសិករ ហ៊ឹម ណន)

កសិករ ហ៊ឹម ណន មានតួនាទីជាគណៈកម្មាធិការសមាគម នៅភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ គាត់បានសហការជាមួយអង្គការសេដាក នៅឆ្នាំ២០០៨ តាមរយៈការសាកល្បងអនុវត្តបច្ចេកទេស ប.វ.ស. លើផ្ទៃដី១០អារ នៃផ្ទៃដីសរុប៤០០អារ ដោយ​ទទួលបាន​ទិន្នផលប្រមាណជា៣០០គីឡូក្រាម ឬ ៣ តោនក្នុងមួយហិចតា ខណៈពេល​ដែលផ្ទៃដីស្រែ៣៩០ អារ​ផ្សេងទៀតទទួលបានផលស្រូវត្រឹមតែ៧.៨០០គីឡូក្រាម ឬ ២តោនក្នុងមួយ​ហិចតា​ប៉ុណ្ណោះ។ ហេតុនេះនៅឆ្នាំ២០១០ គាត់បានអនុវត្តបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដីស្រែទាំង​៤០០អារ នៅឆ្នាំ២០១៤ គាត់បានធ្វើស្រែ​ខ្លឹមលើផ្ទៃដីទំហំ៣៥អារប៉ុណ្ណោះ ប៉ុន្តែទទួលបាន​ទិន្នផល​រហូតដល់ ២.៥៥៥គីឡូក្រាម សំរាប់ការសាកល្បងលើកដំបូង។ មកដល់ឆ្នាំ២០១៥ គាត់​បានពង្រីកផ្ទៃដីធ្វើស្រែ​ខ្លឹមរហូត​ដល់ទំហំ៦០អា ដោយទទួល​បានផលរហូតដល់ ៥.៥៥៣គីឡូក្រាម (ស្រូវស្ងួតល្អអាចកិនបាន) ឬ  ៩.២៥៥ គីឡូ​ក្រាម ក្នុងមួយហិចតា​ ដែលជាទិន្នផលមួយ​ដ៏ខ្ពស់​សំរាប់​កសិករធ្វើស្រូវផ្ការំដួល (ស្រូវកណ្តាល​ប្រកាន់រដូវ) សំរាប់ធ្វើការយកមកប្រកួតប្រជែង។ និងផ្ទៃដី​នៅសល់គាត់ក៏បានអនុវត្តដូចគ្នាដែរ តែមិន​​គ្រប់តាមគោលការទេដោយ​សារ​ដីស្រែឆ្ងាយ និងមិនមានជីធម្មជាតិ​គ្រប់​គ្រាន់។ ក្នុង​ពេល​នេះ ខ្ញុំសូមធ្វើការលើក​យក បទពិសោធន៍ ​និង​បច្ចេកទេសសំខាន់ៗ​ដែលអ៊ំប្រុសបាន​អនុវត្ត​កន្លង​មកមក ​បង្ហាញជូ​នដូចខាង​ក្រោម។

. ប្រវត្តិ និងការជ្រើសរើសពូជ

.១. ប្រវត្តិពូជ     

នៅឆ្នាំ២០១៤ អ៊ំប្រុសទទួលបាន​ពូជ​ស្រូវផ្ការំដួលនេះប្រហែលជា១០គីឡូ​ក្រាម ដើម្បីទុកធ្វើពូជនៅឆ្នាំ២០១៥។ នៅក្នុងឆ្នាំនោះគាត់​បានបន្សុទ្ធពូជ​ស្រូវ​នេះ ហើយស្ទូងលើផ្ទៃដីប្រមាណជា១០អា ទទួលបានផលស្រូវ៣០០គីឡូក្រាម ហើយក្នុងនោះដែរគាត់បាន សំរាំងយកតែកួរធំៗទុំស្រុះគ្នា គ្រាប់វែងល្អប្រមាណជា១០​គីឡូក្រាម​ប៉ុណ្ណោះមកចងព្យួរទុកនៅក្រោមផ្ទះ ដែល​មាន​ពន្លឺគ្រប់គ្រាន់ និងមាន​ខ្យល់ចេញ​ចូល​ល្អសំរាប់​ទុក​ពូជនៅឆ្នាំ២០១៥។

.២. ការជ្រើសរើសពូជ

គាត់បានសំរាំងពូជ១០គីឡូក្រាមមកដាស់ដំណេករយៈពេល៣ម៉ោង ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១១ព្រឹក រួចត្រាំទឹកអំបិលដើម្បីជ្រើសរើសយកគ្រាប់ស្រូវដែលមានគ្រាប់ពេញល្អ មកត្រាំទឹករយៈពេល១យប់ និងផ្អាប់២យប់ ទើបយកទៅសាប។​

. បច្ចេកទេសរៀបចំដី ថ្នាលសំណាប និងស្ទូង

.១. ការរៀបចំដី និងថ្នាលសំណា

មុននឹងសាបលោកអ៊ំបានភ្ជួរដាស់ដី២លើក និងធ្វើការពង្រាបដីជាថ្មី​ រួចលើករងសំណាប​ចំនួន៥​រង (ធ្វើដូចរងស្ពៃ) ដែលក្នុងមួយរងៗមាន​បណ្តោយ១០ម៉ែត្រ និងទទឹង១ម៉ែត្រ និងកំពស់​ប្រមាណជា១តឹក។ គាត់​បានប្រើ​ជីកំប៉ុស្តចំនួន៤រទេះគោ ( ៣០០ គីឡូក្រាម/រទេះគោ) ប្រមាណជា១.២០០គីឡូក្រាមដាក់លើថ្នាលសំណាប​។ បន្ទាប់មកគាត់​បានយកគ្រាប់ពូជដែលបានត្រៀមទុក​ខាង​លើមកសាបស្តើងៗពីលើរងដែលបានរៀបចំរួចជាស្រេចនោះ​ និងថែទាំសំណាបជាប្រចាំដើម្បីធ្វើ​ឲ្យ​សំណាបថ្លោសល្អ។ បន្ទាប់ពីសាបបាន៧ថ្ងៃ គាត់បានបញ្ចូលទឹកដាក់ថ្នាលសំណាបតិចៗ​ដើម្បី​ធានាការលូត​លាស់​របស់​សំណាបឲ្យថ្លោសល្អ រហូតដល់សំណាប​អាយុ២៧ថ្ងៃ ទើបបាន​ដកយក​ទៅស្ទូង។ (អាយុសំណាបរាងចាស់បន្តិចដោយសារតែភាពរាំងស្ងួត​អូស​បន្លាយ)។

.២. ការស្ទូង

អ៊ំប្រុស និងក្រុមគ្រួសារចំនួន​៥នាក់ បាន​ចំណាយ​ពេល២ថ្ងៃ សំរាប់ដក-ស្ទូង ដោយ៖

  • ភ្ជួររាស់-ដាស់ចំនួន២ដង និងបានដាក់ជីកំប៉ុស្ត១០រទេះ
  • ដកភ្លាម រួចយកទៅស្ទូងភ្លាម (ដកដាក់ចាន​ដែក)
  • ជ្រើសរើសយកតែសំណាបថ្លោសៗ
  • ដកថ្នមៗដើម្បីឲ្យមានដីជាប់ខ្លះ មិនដាច់ឫស
  • ស្ទូងតែ១ដើម ក្នុងមួយគុម្ព និងស្ទូងជាជួរ
  • ស្ទូងរាក់ៗ ហើយមានគំលាតគុម្ព ២,៥ តឹក
  • ស្ទូងលើដីសើមៗ មិនឲ្យមានទឹកដក់ខ្លាំង
  • ស្ទូងពេលល្ងាចចាប់ពីម៉ោង៤រសៀលទៅ (កុំឲ្យសន្ទូងសន្លប់)។

. ការថែទាំ និងការតាមដាន

គាត់បានដកស្មៅ បំផុសដី និងបន្ថែម​ជីសរីរាង្គ​ (ជីទឹក) ចាប់តាំងពីស្ទូងរួច​រហូតដល់សន្ទូង​អាយុ​បាន១៥ថ្ងៃ ទឹកក្នុងស្រែត្រូវបានតំកល់ទុកតិចៗ ស្រប​តាម​គោល​ការណ៍បច្ចេក ទេសប.វ.ស. ក្នុងដំណាក់កាល​លូត​លាស់។ ក្រោយពីស្ទូងបានរយៈពេល៣០ ថ្ងៃ គាត់និង​ក្រុម​គ្រួសារ បាន​ធ្វើការបំផុសដី​តាម​ចន្លោះរងនិមួយៗ​ដោយ​ប្រើ​នាគ​ស្រែ រួចរាយជីកំប៉ុស្តនៅតាមចន្លោះរងទាំង​​នោះអស់​ប្រមាណ​ជា ១.០០០គីឡូក្រាមបន្ថែម​ទៀត។ រយៈពេល១០ថ្ងៃក្រោយ​ គាត់បានធ្វើ​ការដក​ស្មៅ​​បំ​​ផុសដី រួចបានបន្ថែម​ជីកំប៉ុស្ត​ចំនួន១.០០០គីឡូបន្ថែម​ទៀត។ ចាប់ពីពេលនោះ រហូត​ដល់ស្រូវ​ធ្វើខ្លួន (ដង្ហើម) គាត់តែងតែយកជីទឹកប្រមាណ​​ជា ៩.០០០លីត្រ មកស្រោចតាមចន្លោះរងជារៀងរាល់ថ្ងៃ ដែលជា​ហេតុ​ធ្វើឲ្យស្រូវមានការ​បែកគុម្ពល្អប្រសើរ និងមានកួរកាន់តែ​វែង។

. ការប្រមូលផល

នៅពេលស្រូវពណ៌លឿង (ទាំងកួរ និងដើម)​ ពណ៌​លឿងទុំនៃដើម​ និង​គ្រាប់​គល់កួរ​ឡើង​ម្សៅរឹង ដែល​មាន​អាត្រា​ទុំប្រមាណជា ៨០ទៅ៩០ភាគរយ គាត់ធ្វើ​ការប្រមូល​ផលដោយ​ហាល​ដៃ ២ថ្ងៃនៅ​លើ​វាលស្រែ។ បន្ទាប់មក​ហាល​គ្រាប់​​ចំនួន ២ថ្ងៃបន្ថែមទៀត មុននឹង​ធ្វើការច្រកទុក​ក្នុងបាវស្តើងៗ ឬបាវ​​ក្រចៅ។

. ការប្រើប្រាស់ដី មុននិងក្រោយប្រមូលផល

ជាការពិតណាស់ មុននិងក្រោយពេល​ប្រមូល​ផលស្រូវ អ៊ំប្រុសតែងតែដាំដំណាំមួយចំនួន​នៅលើដី​ស្រែទាំង៦០អារ ដូចជា ល្ពៅ សណ្តែកបាយ  ត្រសក់  ជីស្រស់​ ដើម្បីបង្កើននិងកែលំអរគុណភាពដី។ ការ​ធ្វើ​របៀបនេះប្រមាណជា១០ឆ្នាំកន្លងមក​ហើយ។ ដំណាំដែលដាំនៅលើផ្ទៃដី៣៥អារ មានដូចជា ត្រសក់ ត្រកួន ឪឡឹក ការចិញ្ចឹមត្រី និង​ធ្វើ​ស្រូវ ប.វ.ស. ដែលទទួលបាន​ផល​សរុប​ប្រមាណ ១៣.៤១២.៤៥០រៀល ក្នុងរយៈពេលមួយឆ្នាំ។

. ចំណាប់អារម្មណ៍

គាត់បានបង្ហាញអំពីភាពរីករាយយ៉ាងខ្លាំងចំពោះការកើនឡើងទិន្នផលស្រូវពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ  លើសពីនេះ គុណភាពដីស្រែរបស់គាត់កាន់តែមានជីជាតិ ដោយ​សារ​ការដាំដំណាំគម្របដី និងដំណាំជី​ស្រស់​ជារៀងរាល់ឆ្នាំ រួមផ្សំនឹងការយកចិត្តទុក​ដាក់ ភាពច្នៃប្រឌិត និង​ការបត់បែនទៅតាម​កាលៈ​ទេសៈរបស់អ៊ំប្រុសទៅលើ​ការអនុវត្តបច្ចេកទេសនិមួយៗ ​ដែល​ជា​កត្តា​ចូលរួមចំណែកធ្វើឲ្យកើនឡើងនូវទិន្នផល​ស្រូវ និងទទួលបាននូវប្រាក់ចំ​ណូល​កាន់​តែច្រើនពីដីស្រែ​ដោយចំណាយអស់តិច និងចំណេញបានកាន់តែច្រើន។

សរុបបច្ចេកទេសសំខាន់ៗក្នុងការធ្វើស្រូ ប.វ.ស. មានដូចខាងក្រោម៖

  • ជ្រើសរើសគ្រាប់ពូជពេញល្អយកទៅសាប
  • រៀបចំដីសាបឲ្យបានរាបស្មើល្អ និងប្រើជីកំប៉ុស្តទ្រាប់បាត
  • សាបស្តើងៗឲ្យសំណាបដុះមកថ្លោសល្អ
  • ដកសំណាបខ្ចីយកទៅស្ទូង
  • ស្ទូងគំលាតគុម្ពសមស្រប ២,៥តឹក ពីគុម្ពមួយទៅមួយ និងចាប់តិចមួយដើម ឬ ២ដើមក្នុងមួយគុម្ព
  • ធ្វើការថែទាំ ដកស្មៅ បំផុសដី​៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបសង់បង្គន់ចាក់ទឹក

សព្វថ្ងៃមានគ្រួសារខ្មែរមួយចំនួនមិនទាន់មានបង្គន់បន្ទោបង់នៅឡើយ ហើយមានគ្រួសារខ្លះទៀតបំរុងនឹងធ្វើ។ ដើម្បីចូលរួមចំណែកជួយបងប្អូនមួយផ្នែកក្នុងការសាងសង់បង្គន់នេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអត្ថបទនិយាយអំពីរបៀបធ្វើបង្គន់ចាក់ទឹក ដូចខាងក្រោម។