Home / ព័ត៌មាន / បណ្ឌិត យ៉ង សាំងកុមារ ៖ កសិករអាចប្រឈមចំណូលចិញ្ចឹមជីវិតយូរអង្វែង បើនិន្នាការលក់ដីស្រែកាន់តែខ្លាំងឡើង

បណ្ឌិត យ៉ង សាំងកុមារ ៖ កសិករអាចប្រឈមចំណូលចិញ្ចឹមជីវិតយូរអង្វែង បើនិន្នាការលក់ដីស្រែកាន់តែខ្លាំងឡើង

ស្របពេលទីផ្សារដីដើរយ៉ាងរលូនស្ទើរគ្រប់ទីកន្លែង កសិករសប្បាយហឹកហ៊ាក់ក្នុងការលក់ដីស្រែដើម្បីយកលុយដោះស្រាយជីវ​ភាព​រយៈពេលខ្លី។ មិនថាតែទីក្រុង ប្រជុំជន ឬទីដាច់ស្រយាលយ៉ាងណាទេ ទីផ្សារដី ឬអចលនទ្រព្យហាក់មានទីផ្សារគួរសមដែរ។

អ្នកជំនាញផ្នែកកសិកម្ម និងជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ បានសម្តែងក្តីព្រួយបារម្ភចំពោះវាសនាអនាគតរបស់កសិករ ព្រោះតែពួកគាត់បានសម្រេចចិត្តលក់ដីស្រែឱ្យទៅក្រុមហ៊ុនរកស៊ីអចលនទ្រព្យយ៉ាងគគ្រឹគគ្រេង។ ការលក់ដីស្រែរបស់កសិករនេះ ក៏ព្រោះតែពួកគាត់ខ្លះហាក់មិនសូវកាក់កបក្នុងមុខរបរធ្វើស្រែរបស់គួកគាត់ដូចជាពេលមុនៗ ។ ចំណែកឯអ្នកខ្លះទៀតត្រូវបង្ខំចិត្តលក់ដីស្រែក៏ព្រោះតែដោយសារតែបំណុលចេះតែអន្ទោលតាមប្រាណ ហើយចំណូលក៏គ្មានទៀតនោះ ស្របពេលជាមួយគ្នាតម្លៃដីស្រែហាក់បានថ្លៃគួរសមផង។

លោកបណ្ឌិត យ៉ង សាំងកុមារ យល់ថា ការសម្រេចចិត្តលក់ដីស្រែនេះ កសិករអាចជារឿងល្អសម្រាប់គាត់ក្នុងរយៈពេលខ្លី ប៉ុន្តែអាចជាហានិភ័យសម្រាប់ពួកគាត់ក្នុងរយៈពេលវែងទៅវិញ ដែលជុំវិញការចិញ្ចឹមជីវិតយូរអង្វែង។ លោកបានចោទជាសំណួរថា បន្ទាប់ពីពួកគាត់លក់ដីស្រែទាំងនោះអស់ហើយនោះ តើគាត់បានចំណូលអ្វីបន្ថែមទៀត នៅក្នុងការចិញ្ចឹមជីវិតទៅថ្ងៃអនាគត​?

ហានិភ័យដ៏សំខាន់មួយទៀតដែលអ្នកជំនាញកសិកម្មរូបនេះបារម្ភ និងបានលើកឡើងនោះ គឺកម្ពុជាអាចប្រឈមមុខទៅនឹងផលិតកម្មស្បៀងអាហារ បើកំណើនដីស្រែក្លាយជាដីពុះឡូ ឬជាកន្លែងអភិវឌ្ឍផ្សេងៗ ចេះតែបន្តមានដោយគ្មានការសិក្សា និងពិនិត្យឱ្យបានច្បាស់លាស់។

ពាក់ព័ន្ធនឹងករណីនេះលោកបណ្ឌិត យ៉ង សាំងកុមារ យល់ឃើញថា ដើម្បីជៀសវាងពីហានិភ័យទាំងនោះ ត្រូវតែសិក្សាពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងអនុញ្ញាតឱ្យមានការយកដីស្រែពុះធ្វើជាដីឡូ។ មួយទៀតលោកថា រដ្ឋត្រូវគាំទ្រដល់កសិករ និងការអភិវឌ្ឍការចិញ្ចឹមជីវិតរបស់ពួកគាត់ ដោយបំប្លែងដីស្រែឱ្យទៅជាកសិកម្មចម្រុះ ជាកសិដ្ឋានស៤ ដែលមាន ស្រែ សួន សត្វ និងស្រះ។ ប្រការនេះ នឹងធ្វើឱ្យពួកគាត់មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃជាប្រចាំដែរ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។