Home / កសិកម្ម / បទពិសោធន៍ដាំម្រះបានផលច្រើន (កសិករ រស់ ម៉ៅ)

បទពិសោធន៍ដាំម្រះបានផលច្រើន (កសិករ រស់ ម៉ៅ)

លោកពូ រស់ ម៉ៅ ជាកសិកររស់នៅភូមិ​ចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់​មាន​បទពិសោធន៍ល្អក្នុងការដាំម្រះដែលទទួល​បាន​ផលច្រើន។ បទពិសោធន៍នេះគាត់​ចេះ​​មកពីកា​រអាន​ ​ទស្សនាវដ្តី​កសិករ និងដោយរួមផ្សំ​គំនិតច្នៃប្រឌិត​របស់គាត់​ថែមទៀតទើបធ្វើឲ្យគាត់​ទទួលបានជោគ​ជ័យទៅលើការដាំដំណាំម្រះនេះ។ ដូចនេះខ្ញុំសូមលើកយកបទពិសោធន៍​របស់​គាត់ មកបង្ហាញជូនទុកជាគំនិតសាក​ល្បង​តាមដូច​ខាងក្រោម។

១. ការត្រៀមពូជដាំ

គ្រាប់ពូជដែលគាត់ដាំ ជាពូជដែលគាត់បានរក្សាទុកដោយខ្លួនឯង។ មុនដាំគាត់បានយក​គ្រាប់ពូជ​ទៅ​ត្រាំទឹករយៈពេល ១២ ម៉ោង បន្ទាប់មកស្រង់ខ្ចប់​ក្រណាត់ហើយផ្អាប់ទុករយៈពេល២យប់ (ក្នុងពេល​ផ្អាប់គាត់ធ្វើកន្ទោងស្លឹកត្នោតទុក)។ ក្រោយ​ពីផ្អាប់បានរយៈពេល២យប់ គាត់​សង្កេត​ឃើញគ្រាប់​ម្រះ​ដុះចេញពន្លកទើបយកមកបណ្តុះក្នុង​កន្ទោង​ដោយក្នុងមួយកន្ទោងមួយ​គ្រាប់​។ ការបណ្តុះក្នុង​កន្ទោង​បានរយៈពេល១អាទិត្យបន្ទាប់មក​ ទើបយកកូនម្រះទៅដាំ​នៅលើរង​ដែលបានរៀបចំហើយ។

២. ការរៀបចំដីនិងការដាំ

គាត់ដាំម្រះនៅលើដីល្បាយខ្សាច់តាមមាត់ប្រឡាយ។ គាត់បានកាប់ដីត្រឡប់ចុះឡើង​ដើម្បីឲ្យ​ដីផុស បន្ទាប់មកជ្រុំដីឲ្យស្អាត ហើយហាលចោលរយៈពេលពី២ទៅ៣ថ្ងៃ ទើបចាប់ផ្តើមកាប់​ជា​រណ្តៅដែលមានជំរៅ៣តឹក និងទំហំរណ្តៅ ២,៥តឹក។ ក្នុងមួយរណ្តៅគាត់បានដាក់​ជីកំប៉ុស្ត​មួយ​កំប៉ុងទឹកដោះគោ បន្ទាប់មកយកកូនម្រះទៅដាក់ដាំទៅក្នុងរណ្តៅនៅពេលល្ងាចត្រជាក់។

៣. ការថែទាំ

គាត់តែងតែមើលថែទាំដំណាំម្រះរបស់គាត់ជាប្រចាំ នៅមុននិងក្រោយពេលស្រោចទឹក​ដោយ​​មាន​ការដកស្មៅ និងត្រួតពិនិត្យមើលការបំផ្លាញ​ពីសត្វល្អិត។ ក្នុងមួយអាទិត្យគាត់​ធ្វើ​ការជ្រុំជើង​បន្ថែមជីគ្រាប់ម្តង (ការជ្រុំជើងមិនត្រូវធ្វើឲ្យនៅជិត​គល់ដំណាំពេកទេ)។ ដោយសារ​ទីតាំង​នៃការដាំ​ដំណាំ​ម្រះនេះនៅតាមមាត់ប្រឡាយ ដូចនេះគាត់​បានរៀបចំធ្វើទ្រើង​ទេរទៅក្នុង​ប្រឡាយ។ ការធ្វើបែប​នេះ​ធ្វើឲ្យមានការចំណេញដីសម្រាប់ដាំដុះដំណាំ​និង​ងាយស្រួលក្នុងការ​ថែ​ទាំ។ ក្រោយពេល​ម្រះចេញ​ផ្លែបាន ១ ទៅ ២ សប្តាហ៍ គាត់យកក្រដាស​មកចង​រុំផ្លែ​កុំ​ឲ្យ​​សត្វមក​ទិច។ ការស្រោចទឹកធ្វើឡើងរាល់ថ្ងៃ (ព្រឹកនិងល្ងាច) និងមានការស្រោចជី​កំប៉ុស្តទឹកដើម្បី​បំប៉ន​កូន​ម្រះ។ រយៈពេលមួយអាទិត្យគាត់ធ្វើការ​ជ្រោយជើងដំណាំ និងដាក់ជីកំប៉ុស្ត​បន្ថែម​នៅ​តាម​គល់​ដំណាំ​ម្តងហើយស្រោចថ្នាំប៉ូវដើម្បី​ជំរុញនូវ​ការ​ដុះលូតលាស់របស់ដំណាំ។

៤. របៀបធ្វើជីកំប៉ុស្តគ្រាប់ និងថ្នាំប៉ូវផ្សំពីរុក្ខជាតិ

. របៀបផ្សំ និងធាតុផ្សំធ្វើជីកំប៉ុស្តគ្រាប់

ធាតុផ្សំជីកំប៉ុស្តគ្រាប់

  • ដីដំបូក ១០០គីឡូក្រាម និងដីស្រទាប់លើមានជីជាតិ ១០០គីឡូក្រាម
  • ធ្យូងអង្កាម ៥០គីឡូក្រាម និងលាមកមាន់ ៥០គីឡូក្រាម
  • លាមកប្រចៀវ ២គីឡូក្រាម និងគ្រាប់សណ្តែកខៀវ ២គីឡូក្រាម
  • ស្ករត្នោត ២គីឡូក្រាម និងម្សៅមី ១គីឡូក្រាម
  • ឆ្អឹងគោដុតឲ្យសុះ ០,៥គីឡូក្រាម ។

ខ. របៀបធ្វើ ច្របល់សារធាតុទាំងអស់បញ្ចូលគ្នាឲ្យសព្ វរួចយកទៅដាក់នៅលើចង្អេរ ប្រោះទឹកឲ្យសើមៗ​និង​ចាប់ផ្តើម​លុញវាជាគ្រាប់។ ក្រោយ​ពីផលិតជាគ្រាប់ហើយ គាត់បានយកគ្រាប់ជីនោះទៅ​សំដិល​នៅក្រោមម្លប់រហូតដល់ស្ងួត ទើបច្រកដាក់នៅក្នុង​បាវជាការស្រេច។

ថ្នាំប៉ូវផ្សំពីរុក្ខជាតិ  ធាតុផ្សំថ្នាំប៉ូវធម្មជាតិមាន ផ្លែឈើទុំ ៣គីឡូក្រាម (ជាប្រភេទផ្លែឈើដែល​ឆាប់រលួយ) និងស្ករត្នោត ១គីឡូក្រាម។

គ. របៀបធ្វើ ច្របល់សារធាតុទាំងអស់ចូលគ្នាឲ្យសព្វរួចយកទៅដាក់នៅក្នុងក្រឡ ឬកែវនិងបិទគម្របឲ្យ​ជិត​រក្សាទុករយៈពេល ២៥ទៅ៣០ថ្ងៃ ទើបអាចយកទៅប្រើប្រាស់បាន។ ចំពោះការ​ប្រើ​​យើង​អាច ប្រើថ្នាំប៉ូវចំនួន១លីត្រលាយជាមួយទឹកធម្មតាចំនួន ១០លីត្រ ស្រោច​ទៅលើដំណាំ ១ថ្ងៃម្តង រយៈ​ពេល ១អាទិត្យ។

៥. ការប្រមូលផល

នៅពេលម្រះអាយុបាន៦៥ថ្ងៃ គាត់អាច​ប្រមូលផល​លើកទី១​បាន។ ការប្រមូលផល​ប្រព្រឹត្ត​ទៅជាបន្តបន្ទាប់ប្រមាណជា ២០ដង​ទើប​អស់ផ្លែ។ នៅលើផ្ទៃដីទំហំ ១៣៥ម៉ែត្រការ៉េ ដែល​មានចំនួន១០រង គាត់ប្រមូលផលជាមធ្យមបាន​១៥០គីឡូក្រាម។ ក្នុង ១ គីឡូក្រាម​គាត់លក់​បាន​ជាមធ្យម ២.០០០រៀល សរុបជាទឹកប្រាក់ ៣០០.០០០រៀល ដោយមិនគិតពីការបរិភោគក្នុង​គ្រួសារទេ។ ចំពោះបច្ចេក​ទេស​នៃការប្រមូល​ផល គឺគាត់បេះតែផ្លែណាដែលចាស់ល្មម ឬផ្លែ​ពេញវ័យគឺនៅពេលដែលក្រឡា​វារីក ​ហើយ​រលោង​មានពណ៌បៃតងភ្លាវ។ ក្នុងការបេះផ្លែ​គាត់​ប្រើកាំបិត ឬកន្រ្តៃកាត់ទងផ្លែប្រវែងមួយ​ចង្អុល​ដៃស្មើ ៤ទៅ៥ផឹង ដើម្បីកុំឲ្យផ្លែឆាប់​ខូច។ គាត់​ចាប់បេះផ្លែនៅពេលព្រឹក ឬនៅពេលល្ងាច​ត្រជាក់​ដើម្បី​កុំឲ្យផ្លែស្វិតស្រពោននៅពេលត្រូវកម្តៅថ្ងៃ។ ក្រោយពីបេះផ្លែហើយគាត់យកក្រមា ឬ​ក្រណាត់​សើម​គ្របពីលើដើម្បីទុកឲ្យនៅស្រស់ល្អក្នុង​ករណី​នេះអាចរក្សាទុកបានពី ២-៣ថ្ងៃ។

៦. ការទុកដាក់ពូជ

ចំពោះការទុកដាក់ពូជ គាត់ជ្រើសរើសយកផ្លែធំ ថ្លោស ហើយស្រឡូនល្អពេលទុំ​និងពិសេស​ត្រូវជ្រើសរើស ផ្លែទុំនៅសាទី២ បេះយក​មកដោយពុះយកគ្រាប់លាងទឹកឲ្យស្អាត ហើយដាក់ហាល​ថ្ងៃចំនួន២-៣ថ្ងៃ​ ដើម្បីឲ្យស្ងួត រួចយកមកច្រកទុកក្នុងដបបិទឲ្យជិតទុកកន្លែងម្លប់ល្អ កុំឲ្យត្រូវថ្ងៃ និងកុំឲ្យ​ត្រូវទឹក។

៧. ចំណាប់អារម្មណ៍

តាមរយៈលទ្ធផលនេះ លោកពូមានចំណាប់អារម្មណ៍ថា ការដាំម្រះគឺ មានលក្ខណៈងាយ​ស្រួលមិនចំណាយពេលច្រើនក្នុងការស្រោច​ទឹកទេ ចំពោះសត្វល្អិតមិនសូវមានការបំផ្លាញឡើយ។ ម្យ៉ាង​វិញទៀតម្រះមានតម្លៃខ្ពស់នៅលើទីផ្សារ​គាត់​អាច​រកប្រាក់ចំណូលបានច្រើនពីការដាំម្រះ។ គាត់សូម​អរគុណដល់អង្គការសេដាក ដែលបានផ្តល់​ជាគំនិតឲ្យប្រមូលធនធាននៅក្នុងស្រុក​យកមកប្រើ​ប្រាស់ ដើម្បីកុំឲ្យ​ការដាំដំណាំពឹងតែទៅលើធន​ធាន​ពីខាងក្រៅ។

សរុបមកបច្ចេកទេសសំខាន់ៗក្នងការដាំម្រះមាន

  • ការត្រៀមពូជដាំដោយយកគ្រាប់ត្រាំទឹក និងស្រង់ផ្អាប់ឲ្យដុះពន្លកជាមុន
  • កាប់ដីបំផុសនិងហាលឲ្យស្ងួតទឹករយៈពេល ២-៣ថ្ងៃ
  • បណ្តុះគ្រាប់ដាក់ក្នុងកន្ទោងទើបយកកូនម្រះដាក់ដាំក្នុងរណ្តៅ
  • ថែទាំ ស្រោចទឹក ជ្រុំគល់ ដកស្មៅ និងធ្វើទ្រើងដាក់ឲ្យម្រះវារឡើង
  • ការពារសត្វល្អិតស៊ីផ្លែដោយរុំចងក្រដាស
  • ផ្សំជីគ្រាប់ និងថ្នាំប៉ូវស្រោចបន្ថែមដើម្បីជំរុញដល់ការលូតលាស់៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំស្អំ (កសិករ ប្រាជ្ញ ហៀង)

លោកពូ ប្រាជ្ញ ហៀង អាយុ ៦៣ឆ្នាំ ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលបច្ចុប្បន្នរស់នៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ គាត់ប្រកបមុខរបរដាំស្អំរយៈពេលជាយូរមកហើយ​។