Home / ព័ត៌មាន / ប្រវត្តិប្រាសាទកោះកែរ ឬ កោះកេរ្តិ៍

ប្រវត្តិប្រាសាទកោះកែរ ឬ កោះកេរ្តិ៍

ប្រាសាទកោះកេរ្តិ៍ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ យោងតាមឯកសារមួយចំនួនបានឱ្យដឹងថា ប្រាសាទនេះ ដើមឡើយមានឈ្មោះ “ឆោកគគ៌្យរ” ប្រែថា “ស្រះគគីរ” ដែលប្រែក្លាយជា “កោះកេរ្តិ៍” ដែលបច្ចុប្បន្នគេហៅតំបន់នេះជាផ្លូវការថា “កោះកែរ”។ ព្រះបាទជ័យវរ្ម័នទី៤ ព្រះអង្គបានចាកចេញចោលអង្គរ​(យសោធបុរី) នៅឆ្នាំ៩២១ ហើយទៅតាំងរាជធានីថ្មីនៅភាគឦសានក្រុងអង្គរ ដែលមានចម្ងាយប្រមាណជាង ១០០គីឡូ​ម៉ែត្រ។

ក្នុងឆ្នាំ៩២៨ ពេលដែលមហាក្សត្រគ្រងរាជ្យនៅយសោធរបុរ បានសោយទីវង្គត ព្រះបាទជ័យវរ្ម័នទី៤ បានប្រកាសព្រះអង្គឯងជាស្តេចចក្រវាឡ ព្រមជាមួយនឹងជំនឿ នៃការគោរពបូជាចំពោះពិធីទេវរាជពោលគឺ “កម្រតេង ជគត ត រាជ”។ នៅទីនេះព្រះអង្គបានចាប់ផ្តើមធ្វើសកម្មភាពធំៗ ដូចជាការសាងសង់ប្រាសាទជាច្រើន និងបារាយណ៍ដែលជាលំនាំដូចនៅអង្គរដែរ។ នេះជាការស្តែងចេញនូវអំណាចសេដ្ឋកិច្ច និងធនធានមនុស្សសម្រាប់ធ្វើការនៃរជ្ជកាលរបស់ព្រះអង្គ និងព្រមទាំងជាសញ្ញាណនៃកម្មវិធីថ្មី។ តាមសិលាចារឹកមួយបានហៅរាជធានីកោះកែរ ឬ កោះកេរ្តិ៍ ថា “លិង្គបុរី” ពោលគឺសំដៅលើព្រះលិង្គមួយយ៉ាងធំដែលបានដាក់​តម្កល់លើកំពូលប្រាង្គពីរ៉ាមីតកាលពីជំនាន់នោះ។ សិលាចារឹកបានចារលើកសរសើរពីវីរៈភាពរបស់ព្រះអង្គថា គឺជាការស្វែង​រករាជ និងអំណាចគ្រប់គ្រងសេដ្ឋកិច្ចពិតប្រាកដ និងរាជធានីថ្កុំថ្កើនលើអាណាចក្រទាំងមូល។ ភាពរុងរឿងក្រៃលែងរបស់ព្រះ​អង្គនៅទីនេះបានត្រឹមតែរយៈពេល ២០ឆ្នាំ ពោលគឺនៅឆ្នាំ៩៤១ទើបព្រះអង្គសោយទីវង្គតហើយទទួលមរណៈនាមថា “បរម​ស្វរបទ”។

ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម ហរសវរ្ម័នទី២ បានគ្រងរាជ្យបន្តរយៈពេលខ្លីដល់ឆ្នាំ៩៤៤ ទើបព្រះភាគីនេយ្យ (ក្មួយ) របស់ព្រះអង្គគឺព្រះបាទ រាជេន្ទ្រវរ្ម័នទី២ បានយាងត្រឡប់ និងប្តូររាជធានីពី ឆោកគគ៌្យរ មកសោយរាជនៅយសោធបុរៈវិញ។

ប្រាសាទកោះកែរស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទនេះមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ចំណែកឯចម្ងាយពីរាជធានីភ្នំពេញមានរយៈចម្ងាយ ៤៦០គីឡូម៉ែត្រ។

រាជធានីកោះកេរ្តិ៍ ឬ ប្រាសាទកោះកែរ ត្រូវបានសង់ឡើងនៅលើផ្ទៃដីដែលមានទំហំ ១៦ x ១៦ គីឡូម៉ែត្រ ដែលមានប្រជុំប្រាសាទចំនួន ៩៨ ប្រាសាទ។  ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។

បច្ចុប្បន្ននេះរមណីយដ្ឋានកោះកែរ ត្រូវបានកំណត់ជារមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រដែលត្រូវការពារ តាមព្រះរាជក្រឹត្យ​លេខ នស/រកត/០៥០៤/០៧០ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៤ ព្រមជាមួយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៤១៦ ចុះថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០១៦ ស្តីពីការប្រគល់រមណីយដ្ឋានកោះកែរ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធម៌ជាតិព្រះវិហារ៕

ប្រភព វីគីភីឌៀរ, ចំណារប៉ាណូនៅមុខប្រាសាទកោះកែរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។