ក្នុងការចៀនស៊ុតក្រឡុកគ្រឿងឲ្យក្រាស់ទន់ឆ្ងាញ់ ជាដំបូងត្រូវជ្រើសរើសស៊ុតដែលថ្មីស្រស់ចំនួន ៤ ទៅ ៥ គ្រាប់ឡើងទៅ។ បន្ទាប់មកគោះស៊ុតដាក់ក្នុងចានផ្សំគ្រឿង ដោយដាក់ទឹកត្រីតាមចំណូលចិត្ត រួចវាយក្រឡុកឲ្យវាចូលគ្នាសព្វ។ បន្ទាប់មកចាក់ប្រេងឆាច្រើនបន្តិចចូលទៅក្នុងខ្ទះដោយរង់ចាំប្រេងក្ដៅខ្លាំង ទើបចាក់ស៊ុតទាំងអស់ចូល។ ដោយសារបរិមាណស៊ុតច្រើន អ្នកនឹងសង្កេតឃើញថាស៊ុត បរិវេណគែម និងផ្នែកខាងក្រាមឆ្អិនមុន រីឯស៊ុតផ្នែកខាងលើនៅលក្ខណៈជាទឹកខាប់ៗឆៅ។ រង់ចាំបន្តិចរហូតដល់បាតខាងក្រោមឆ្អិនសមល្មម ទើបយកវែកឆាចោះស៊ុតត្រង់ចណុចកណ្ដាលឲ្យមានប្រហោង បន្ទាប់មកប្រើវែកឆាចូកទ្រស៊ុតបង្ហើបឡើងដើម្បីឲ្យទឹករបស់ស៊ុតដែលឆៅហូរចេញពីប្រឡោះកណ្តាល ធាក់មកប៉ះនឹងបាតខ្ទះរហូតដល់ស៊ុតនេះចាប់ផ្តើមឆ្អិនទើបត្រឡប់ស៊ុតដោយប្រយ័ត្នកុំឲ្យបែកខូចរូបរាង។ ប្រសិនបើចាប់ផ្ដើមមានផ្សែង នេះប្រហែលជាភ្លើងក្ដៅពេកចូរបន្ថយភ្លើងខ្លះ។ នៅពេលសង្កេតឃើញថា ស៊ុតប៉ោងធំឡើងហើយមានពណ៌ស្អាតល្មម នោះអាចដួសដាក់ចានទុកបរិភោគបានហើយ៕
