បើទោះជាដឹងថាការប្រើប្រាស់ជីគីមី និងថ្នាំពុលគីមី ដែលដាក់លក់នៅលើទីផ្សារធ្វើឱ្យខូចដី ខាតបង់ថវិកា និងខូចសុខភាពក៏ដោយ ក៏កសិករខ្មែរភាគច្រើននៅតែបន្តប្រើប្រាស់វា ដើម្បីតែដំណាំរបស់ខ្លួនបានផលល្អ។ ម្យ៉ាងវាងាយស្រួលមិនត្រូវការពេលវេលា និងកម្លាំងដើម្បីផលិតជី និងថ្នាំដោយខ្លួនឯង។ ប៉ុន្តែសម្រាប់អ្នកស្រី សាន ស្រីពៅ បានលះបង់ទាំងស្រុងនូវជីគីមី និងថ្នាំពុលគីមី ដែលដាក់លក់នៅលើទីផ្សារ ដោយងាកមកចាប់យកការផលិតជីធម្មជាតិ និងថ្នាំពុលធម្មជាតិដោយខ្លួនឯងវិញ។
អ្នកស្រី សាន ស្រីពៅ ជាកសិកររស់នៅក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានថ្លែងប្រាប់ក្រុមការងារសម្បូរសប្បាយឱ្យដឹងថា ដើមឡើយអ្នកស្រីធ្លាប់តែទិញជីគីមី និងថ្នាំពុលគីមី ដែលគេដាក់លក់នៅលើទីផ្សារ យកមកប្រើប្រាស់ទៅលើដំណាំបន្លែរបស់អ្នកស្រី ព្រោះអ្នកស្រីមិនចេះផលិតជីកំប៉ុសដោយខ្លួនឯង។ អ្នកស្រីបន្តឱ្យដឹងថា បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលពីអង្គការនានា ក្នុងនោះមានអង្គការសេដាកផងដែរ ទៅលើបច្ចេកទេសផលិតជីកំប៉ុស និងប្រភេទជីទឹក ព្រមទាំងថ្នាំពុលធម្មជាតិ ធ្វើឲ្យអ្នកស្រីលះបង់ទាំងស្រុងនូវប្រភេទជី និងថ្នាំដែលលក់នៅលើទីផ្សារ។
កសិកររូបនេះបន្ថែមទៀតថា ការប្រើប្រាស់ជីគីមី មិនត្រឹមតែវាធ្វើឱ្យគាត់ចំណាយខ្ពស់ប៉ុណ្ណោះទេ ព្រមទាំងធ្វើឱ្យដីខូចទៅជាក្តាំងទៀតផង។ ហើយនៅក្រោយពេលដែលគាត់ចាប់ផ្តើមប្រើជីកំប៉ុសជាប្រចាំទៅលើបន្លែ ពេលនេះគាត់សង្កេតឃើញថាដីរបស់គាត់មានលក្ខណៈផុសល្អ និងផ្តល់ទិន្នផលខ្ពស់ជាងមុន។
ប្រភេទបន្លែដែលអ្នកស្រី សាន ស្រីពៅ ដាំរួមមាន ខ្ទឹម ត្រសក់ សណ្តែកកួរ ននោង ត្រឡាច ជាដើម។ ប៉ុន្តែប្រភេទបន្លែដែលស្ត្រីរូបនេះចូលចិត្តដាំជាងគេ គឺត្រសក់ និងសណ្តែកកួរ ព្រោះវាឱ្យផលបានច្រើនជាងបន្លែផ្សេងៗទៀត៕