Home / កសិកម្ម / ការពិសោធន៍ដាំដំណាំបន្លែស្ពៃខ្មៅ ដោយប្រៀបធៀបលើការប្រើជីធ្យូងអង្កាម កាកឡជីវឧស្ម័ន និងអាចន៍មាន់

ការពិសោធន៍ដាំដំណាំបន្លែស្ពៃខ្មៅ ដោយប្រៀបធៀបលើការប្រើជីធ្យូងអង្កាម កាកឡជីវឧស្ម័ន និងអាចន៍មាន់

អ្នកមីង រស់ សុភាព គាត់ជាកសិករក្នុងគម្រោង ស៊ីស៊ីអាយជី សព្វថ្ងៃគាត់រស់នៅភូមិធ្នង់កំបុត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គាត់បានពិសោធន៍ប្រៀបធៀបទៅលើការដាំបន្លែស្ពៃខ្មៅដោយមានការប្រើប្រាស់ប្រភេទជីគោកខុសគ្នាៗចំនួន ៣ ប្លង់គឺ៖

  1. ប្លង់ទី១ ប្រើជីធ្យូងអង្កាម កាកឡជីវឧស្ម័ន និងអាចន៌មាន់
  2. ប្លង់ទី២ ប្រើជីធ្យូងអង្កាម និងកាកឡជីវឧស្ម័ន
  3. ប្លង់ទី៣​ ប្រើជីធ្យូងអង្កាម បូកជាមួយកាកឡជីវឧស្ម័ន។

បច្ចេកទេសនៃការដាំ និងលទ្ធផលនៃការពិសោធន៍របស់គាត់មានបង្ហាញជូនដូចខាងក្រោម៖

១-របៀបនៃការសាប និងការរៀបចំដី

គាត់សាបនៅលើរានលើទំហំ ១,២​ម៉ែត្រ x ០,៣មែត្រ = ០,៣៦ម2 ដោយប្រើពូជអស់៣ខាំ មុនពេលសាបគាត់កាប់ដីហាលចំនួន ២ថ្ងៃ រួចជ្រួយដី ដាក់ជីធ្យូងអង្កាម និងកាកឡច្របល់ជាមួយដីឲ្យសព្វ បន្ទាប់មករាស់ពង្រាបដីឲ្យស្មើ រួចសាបគ្រាប់​ (ដើម្បីការ​ពារសត្វស៊ីគ្រាប់ត្រូវយកគ្រាប់លាយច្របល់ជាមួយដីសសំលាប់កន្លាតឲ្យសព្វ) គឺធ្វើនៅពេលល្ងាច និងស្រោចទឹកឲ្យជោគ និង​យកស្លឹកដូងមកគ្របរយៈពេល៣ថ្ងៃ ដោយគ្របពេលថ្ងៃ និងបើកពេលយប់ ហើយស្រោចទឹក១ថ្ងៃ២ដងព្រឹក និងល្ងាច​ រហូតកូនស្ពៃបានអាយុ១៥ថ្ងៃ ទើបដកយកទៅដាំ។

២-របៀបនៃការដាំដុះ

ការដាំធ្វើនៅលើរានទំហំ (បណ្តោយ ២ម៉ែត្រ x ទទឹង ១,២ម៉ែត្រ ) ៣ ប្លង់ ស្មើ ៧,២ ម ។ មុនពេលគាត់ដាំត្រូវកាប់ដីហាលចំនួន ៣ថ្ងៃ រួចយកជីកាប់ត្រឡប់ និងរាស់ឲ្យស្មើ និងដកកូនស្ពៃមកដាំនៅពេលល្ងាច (ព្រោះត្រជាក់ មានពេលវេលាយូរក្នុងការចាប់​ឫស) ដាំរាក់ៗបិទឲ្យជិតឫស ចន្លោះគុម្ព ២តឹក។ ក្រោយពីដាំរួចត្រូវស្រោចទឹកឲ្យជោគ និងគ្របស្លឹកដូងរយៈពេល៣ថ្ងៃ ក្រោយពីចាប់ឫស​​ហើយត្រូវបើកស្លឹកដូងវិញ។ ការប្រើប្រាស់ជីពិសោធន៌មានដូចខាងក្រោម

ការពិសោធន៌តាមប្លង់ រងទី ១ រងទី ៣ រងទី ៣
ប្លង់ទី ១ ប្រើធ្យូងអង្កាម កាកឡជីវឧស្ម័ន និងអាចន៌មាន់ ៨Kg
ប្លង់ទី ២ ប្រើធ្យូងអង្កាម និងកាកឡជីវឧស្ម័ន ៨Kg
ប្លង់ទី ៣ ប្រើធ្យូងអង្កាម បូកជាមួយ កាកឡជីវឧស្ម័ន ៨Kg
សរុប ២៤Kg

រយៈពេលដាក់ជីបំប៉នមានចំនួន ២ដង ដោយលើកទី១ គឺនៅពេលស្ពៃអាយុបាន១៥​ថ្ងៃ និងលើកទី២ អាយុ២៥ថ្ងៃ រហូតស្ពៃដល់អាយុ ៤៥​ថ្ងៃ ទើបប្រមូលផល។

៣-ការថែទាំ

  • ពេលសាបត្រូវយកគ្រាប់ស្ពៃច្របល់ជាមួយថ្នាំកន្លាតការពារសត្វស៊ី រួចសាប
  • ការសាប និងដាំធ្វើនៅពេលល្ងាច ព្រោះត្រជាក់បានយូរងាយកូនស្ពៃឆាប់ឫស
  • ការគ្របស្លឹកដូងការពារពន្លឺថ្ងៃក្តៅខ្លាំង និងពេលទើបនឹងដាំ និងពេលភ្លៀងធ្លាក់
  • ពេលដាំរួចបាន៧ថ្ងៃ ចាប់ផ្តើមជ្រុំគល់ ដោយទុកចន្លោះពេល៣ថ្ងៃម្តងជ្រុំទៀត ទុក៧ថ្ងៃជិតប្រមូលផលគឺឈប់ប្រើជី
  • ពេលមានសត្វបំផ្លាញត្រូវចាប់ដោយដៃនៅពេលថ្ងៃ និងពេលយប់ម៉ោង៨ ដល់ ៩យប់ ព្រោះជាពេលសត្វចង្រៃចេញរកស៊ី
  • ការស្រោចទឹកគឺធ្វើនៅពេលដាំរួច ដោយ១ថ្ងៃ ស្រោច២ដង (ពេលព្រឹក និងល្ងាច)
  • ដកស្មៅតាមពេលដែលមានស្មៅដុះ។

៤-ការប្រមូលផល

ការប្រមូលផលគឺប្រមូលផលក្រោយពេលដាំបាន ៤៥ថ្ងៃ (គិតពីសា​បគ្រាប់)​​​​ សរុបទិន្នផលដែលទទួលបានមានចំនួន ១០,៣ គីឡូក្រាម។ គាត់ដកតាមរាននីមួយៗគឺដកយកមកប្រមូលផ្តុំ ដើម្បីប្រឡេះធាងចាស់ និងធាងដង្កូវស៊ីចេញ រួចលាងទឹកសំអាតដី នឹងតម្រៀបក្នុងកញ្ឆេទុកឲ្យស្រក់ទឹកអស់ និង​វេចខ្ចប់យកទៅលក់នៅផ្សារអង្គការសេដាក។

៥-ការប្រៀបធៀបលទ្ធផលនៃការពិសោធន៏តាមប្លង់

ប្លង់ទី១. ប្រើធ្យូងអង្កាម កាកឡជីវឧស្ម័ន និងអាចន៌មាន់

  • ​ផ្ទៃដី ២ម៉ែត្រ x ១,២ម៉ែត្រ = ២,៤ម2
    • លូតលាស់យឺត
    • ដើមខ្លីៗ និងទង្ងន់ធ្ងន់
    • កំពស់ទាប
    • ដីផុស
    • សរុបទិន្នផលក្នុងប្លង់ទី១ មាន ២,៨ គីឡូក្រាម

ប្លង់ទី២. ប្រើធ្យូងអង្កាម និងកាកឡជីវឧស្ម័ន

  • ផ្ទៃដី ២ម៉ែត្រ x ១,២ម៉ែត្រ = ២,៤ម2
    • លូតលាស់មធ្យម
    • កំពស់មធ្យម និងដើមធំមិនស្មើគ្នា
    • ស្លឹកខ្លីៗ
    • ដីផុសល្អ
    • សរុបទិន្នផលក្នុងប្លង់ទី២ បាន ៣,២ គីឡូក្រាម

ប្លង់ទី៣. ប្រើធ្យូងអង្កាម បូកជាមួយ កាកឡជីវឧស្ម័ន 

  • ផ្ទៃដី ២ម៉ែត្រ x ១,២ម៉ែត្រ = ២,៤ម2
  • លូតលាស់លឿន
  • ដើមធំៗស្មើគ្នា និងស្លឹកធំៗ
  • ដីធូរ និងមានសំណើម
  • កំពស់ខ្ពស់
  • សរុបទិន្នផលក្នុងប្លង់ទី៣ បាន ៤,៣ គីឡូក្រាម

ដូចនេះការពិសោធន៍ចំនួន ៣ ប្លង់នេះ គឺមានទិន្នផលសរុប ១០,៣គីឡូក្រាម ក្នុងផ្ទៃដី​សរុប​ ៧,២ម2​​ ដោយ ១គីឡូ=៥.០០០ រៀល សរុបរយៈពេល៤៥ថ្ងៃ រកប្រាក់ចំណូលបាន ៥១,៥០០រៀល។ ប្លង់ដែលល្អជាងគេគឺប្លង់ទី៣ ដោយប្រើធ្យូងអង្កាម បូកជាមួយ កាកឡជីវឧស្ម័ន ស្មើ ៤,៣គីឡូក្រាម លើសពីប្លង់ផ្សេងចំនួន ១,៥ គីឡូក្រាម។

៦-ចំណាប់អារម្មណ៏

គាត់មានប្រសាសន៌ថា ការពិសោធន៍លើដំណាំបន្លែស្ពៃខ្មៅនេះ គឺទទួលបានផលល្អជាងគេ គឺការប្រើធ្យូងអង្កាម បូកកាកឡជីវឧស្ម័នដែលទង្ងន់បាន ៤,៣គីឡូក្រាមលើសប្លង់ពិសោធន៌ផ្សេង ១,៥គីឡូក្រាមធៀបនឹងប្លង់ផ្សេង។ កសិករយើងគួរប្រើប្រភេទធ្យូងអង្កាម បូកកាកឡជីវឧស្ម័នដោយកំរិត ៤គីឡូក្រាមលាយស្មើគ្នា និងការប្រើជីនេះធ្វើឲ្យដីមានសំណើម និងផុសល្អ ហើយទទួលបានផលខ្ដស់៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ស្វែងយល់៖ ពិនិត្យមុននឹងបញ្ឆេះម៉ាស៊ីន របៀបបញ្ឆេះម៉ាស៊ីន និងរបៀបបញ្ឈប់ម៉ាស៊ីន (ឧបករណ៍កសិកម្ម)

មានបងប្អូនកសិករមួយចំនួនបានដឹងអំពីការពិនិត្យ របៀបបញ្ឆេះ និងរបៀបបញ្ឈប់ម៉ាស៊ីន ដែលជាឧបករណ៍កសិកម្មរួចហើយ ប៉ុន្តែក៏នៅមានកសិករខ្លះមិនទាន់បានដឹងនូវចំណុចទាំងនេះនៅឡើយទេ។ ដើម្បីជាចំណេះដឹងដល់ប្រជាកសិករ សហគមន៍សម្បូរសប្បាយ  បង្ហាញអត្ថបទនេះ ដែលដកស្រង់ចេញពីសៀវភៅ ណែនាំអំពីបច្ចេកទេសនៃការប្រើប្រាស់ និងការដំឡើងឧបករណ៍កិនគ្រាប់ធញ្ញជាតីខ្នាតតូច។