Home / កសិកម្ម / ផ្តើមចេញពីការដាំស្រកានាគ៤គុម្ពទុកហូប រហូតពង្រីកដល់៣០០គុម្ព និងអាចរកចំណូលបាន

ផ្តើមចេញពីការដាំស្រកានាគ៤គុម្ពទុកហូប រហូតពង្រីកដល់៣០០គុម្ព និងអាចរកចំណូលបាន

លោក រ៉ុី ភាព បច្ចុប្បន្នមានអាយុ ៥២ឆ្នាំ ជាកសិកររស់នៅក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានចាប់ផ្តើមដាំដើមស្រកានាគដំបូងតែបួនគុម្ពប៉ុណ្ណោះ ក្នុងបំណងទុកគ្រាន់ហូបខ្លួនឯង ប៉ុន្តែពេលនេះលោកបានពង្រីករហូតដល់ទៅ៣០០គុម្ព ព្រមទាំងអាចរកចំណូលបានច្រើនគួរសមទៀតផង។

លោក រុី ភាព បានថ្លែងប្រាប់ក្រុមការងារសម្បូរសប្បាយឱ្យដឹងថា ដំបូងលោកមិនធ្លាប់បានដឹងអ្វីទេអំពីអត្ថប្រយោជន៍នៃផ្លែស្រកានាគ និងគ្មានបំណងថាដាំនោះដែរ។ ប៉ុន្តែថ្ងៃមួយលោកត្រូវឈើកល់កង់ត្រាក់ទ័រវាត់ចំក្បាល ដែលបណ្តាលឱ្យលោករងបួស និងឈឺក្បាល វិលមុខជាប្រចាំ បើទោះជាលោកបានលេបថ្នាំហើយក៏នៅតែមិនបាត់។

លោក បានរៀបរាប់បន្តថា ពេលមួយនោះមានអ្នកជិតខាងម្នាក់បានប្រាប់ថា ផ្លែស្រកានាគអាចព្យាបាលជំងឺច្រើនមុខ ហើយលោកក៏បានទាក់ទងទៅពូរបស់លោកនៅឯខេត្តកំពតដែលមានដាំស្រកានាគ។ ពេលបានឮដំណឹងថាចម្ការស្រកានាគពូរបស់លោកកំពុងមានផ្លែច្រើន លោកក៏បានឱ្យប្រពន្ធរបស់លោកឌុបតាមម៉ូតូទៅ ព្រោះពេលនោះលោកមិនអាចជិះម៉ូតូដោយខ្លួន​ឯងបានឡើយ។ ក្រោយពេលទៅដល់ពូរបស់លោកក៏បានបះផ្លែស្រកានាគចិតដាក់ក្នុងផ្តិល និងដាក់លាយជាមួយស្ករស រួចក៏ឱ្យលោកហូប។ លុះព្រឹកឡើងរោគឈឺក្បាលវិលមុខរបស់លោកហាក់មានភាពធូរស្រាល ហើយក៏លាពូរបស់លោកត្រឡប់មកផ្ទះវិញ ព្រមទាំងបានសុំស្រកានាគ ៤មែកមកជាមួយផង។

លោក រុី ភាព ប្រាប់ឱ្យដឹងថា លោកចាប់ផ្តើមដាំស្រកានាគដំបូងនៅអំឡុងឆ្នាំ២០១០ ឬ ២០១១ ផ្តើមចេញពីស្រកានាគបួនគុម្ពប៉ុណ្ណោះ ដែលលោកបានសុំពីពូរបស់លោកនៅឯខេត្តកំពត ដោយនៅពេលនោះលោកគ្មានបំណងថាពង្រីកឱ្យបានច្រើនគុម្ព ដើម្បីយកផ្លែលក់អ្វីនោះឡើយ។ លោកបន្តថា ក្រោយពេលស្រកានាគរបស់លោកបានផល ស្រាប់តែមានអ្នកជិតខាងចេះតែរកច្រើន ពេលនោះហើយទើបនាំឱ្យលោកមានគំនិតដាំបន្ថែមរហូតបានដល់ជាង១០០គុម្ព និងពង្រីករហូតដល់៣០០គុម្ពនាពេលបច្ចុប្បន្ន។

បើទោះជាបែបនេះក្តី ផ្លែស្រកានាគរបស់លោកនៅតែផ្គត់ផ្គង់មិនបានគ្រប់ទៅដល់តម្រូវការអតិថិជនដែលចេះតែសួររក។ លោកឱ្យដឹងបន្ថែមថា ផ្លែស្រកានាគរបស់លោក មិនពិបាកលក់នោះទេ ក៏ព្រោះតែលោកដាំតាមបែបសរីរាង្គ គឺមិនមានប្រើប្រាស់សារធាតុគីមី ឬថ្នាំពុលគីមីអ្វីឡើយ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បាឋកថាអំពី សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet (មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត)

លោកសាស្ត្រាចារ្យ Pierre BAPTISTE អ្នកជំនាញអភិរក្សវត្ថុសិល្បៈនៃសារមន្ទីរសិល្បៈអាស៊ី Guimet ប្រទេសបារាំង បានធ្វើបាឋ​កថាចែករំលែកចំណេះដឹងដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាស្តីអំពី «សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet ៖ មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត» នៅមជ្ឃមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ថ្ងៃពេញ នាថ្ងៃទី១៤ ខែមិថុនា …