Home / កសិកម្ម / លោក កាន់ ណោក ប្រាប់ពីបច្ចេកទេសដាំខ្ទឹមស្លឹកបានផលច្រើនទាំងរដូវប្រាំងនិងវស្សា

លោក កាន់ ណោក ប្រាប់ពីបច្ចេកទេសដាំខ្ទឹមស្លឹកបានផលច្រើនទាំងរដូវប្រាំងនិងវស្សា

លោក កាន់ ណោក ត្រូវបានគេចាត់ទុកថាជាកសិករគំរូមួយរូប បច្ចុប្បន្នលោកមានអាយុ ៥៥ឆ្នាំ រស់នៅក្នុងភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។ លោក បានបា្រប់ក្រុមការងារសម្បូរសប្បាយឱ្យដឹងថា ដើមឡើយលោកដាំខ្ទឹមតែបន្តិចបន្ទួចប៉ុណ្ណោះ ដើម្បីផ្សំជាមួយបន្លែផ្សេងៗទៀតសម្រាប់យកទៅលក់នៅផ្សារជុំគិរី ប៉ុន្តែនៅជិត១ឆ្នាំចុងក្រោយនេះ លោកក៏បានចាប់ផ្តើមពង្រីកបន្ថែមនូវដំណាំខ្ទឹមស្លឹក។

បើទោះជាការដាំខ្ទឹមក្នុងលក្ខណៈទ្រង់ទ្រាយធំ របស់កសិករគំរូខាងលើនេះ ទើបតែចាប់ផ្តើមដាំមិនទាន់បានមួយឆ្នាំស្រួលបួល​ផងទេ ប៉ុន្តែអ្វីដែលលោកទទួលបានគឺទិន្នផលខ្ទឹមរបស់លោក គួរជាទីពេញចិត្តក្នុងការនាំចូលទៅកាន់ទីផ្សារ។ ជាមួយគ្នានេះលោក កាន់ ណោក ក៏បានប្រាប់ពីរបៀបដាំប្រភេទខ្ទឹមយកស្លឹកនេះ ធ្វើយ៉ាងណាឱ្យបានទិន្នផលល្អប្រសើរ៖

  1. ជាទម្លាប់លោកភ្ជួរដី៣ដងមុននឹងដាំ គឺភ្ជួរលើកទី១ ហាលដីទុករយៈពេល២សប្តាហ៍ ទើបបានភ្ជួរលើកទី២ ទុក១សប្តាហ៍ និងលើកទី៣ ភ្ជួរពូនរងសម្រេចតែម្តង។
  2. ដោយឡែកការពួនរងនេះទៀតសោធ គឺពូនទៅតាមដូវប្រាំង ឬវស្សា។ បើជារដូវប្រាំងលោកថា ត្រូវពូនរងឱ្យមានដក់ទឹកណ្តាល ដែលមានន័យថាសងខាងនៃរងត្រូវធ្វើដូចជាភ្លឺស្រែដែលហុមព័ទ្ធថ្នាលអ៊ីចឹង។ ប៉ុន្តែបើជារដូវវស្សាវិញ គឺត្រូវ​ពូនរងឱ្យខ្ពស់ ហើយឱ្យដូចជាខ្នងអណ្តើក ដើម្បីកុំឱ្យមានទឹកដកជោគជាំក្នុងរង ដែលអាចធ្វើឱ្យខ្ទឹមរលួយខូច។
  3. នៅពេលពូនរងគាត់ត្រូវដាក់ជីកំប៉ុសទ្រាប់បាតជាមុនសិន ហើយបន្ទាប់មកត្រូវយក ចំបើង ឬស្លឹករុក្ខជាតិផ្សេងៗគ្របទៅលើរងនោះ។
  4. ស្រោចទឹកទៅលើចំបើង ឬស្លឹកឈើដែលគ្របពីលើរងទាំងនោះ ដើម្បីឱ្យមានជាតិសំណើមជាមុន។
  5. គេអាចដាំភ្លាមក៏បាន បន្ទាប់ពីគ្របនិងស្រោចទឹកទៅលើរងរួច ឬក៏អាចរក្សាទុក១យប់សិនមុនដាំ ដើម្បីឱ្យខ្ទឹមចាប់ឫសបានល្អ។

ចំពោះការថែទាំលោក កាន់ ណោក ប្រាប់ឱ្យដឹងថា ក្រោយពីដាំបានរយៈពេល១០ ទៅ ១៥ថ្ងៃ គាត់ត្រូវធ្វើជើងខ្ទឹម និងបន្ថែម​ជីកំប៉ុស្ត។ ក្នុងនោះលោកបាញ់ជីទឹកបន្ថែម ដើម្បីឱ្យខ្ទឹមរបស់លោក កាន់តែលួតលាស់បានល្អ និងបានទិន្នផលខ្ពស់ ដែលការ​បាញជីទឹកនេះគឺតាមលទ្ធភាពរបស់លោកដែលអាចធ្វើទៅបាន ពេលខ្លះក៏បាញ់១សប្តាហ៍ម្តង ឬក៏១០ថ្ងៃម្តង រហូតដល់ពេលប្រមូលផល៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ស្វែងយល់៖ ពិនិត្យមុននឹងបញ្ឆេះម៉ាស៊ីន របៀបបញ្ឆេះម៉ាស៊ីន និងរបៀបបញ្ឈប់ម៉ាស៊ីន (ឧបករណ៍កសិកម្ម)

មានបងប្អូនកសិករមួយចំនួនបានដឹងអំពីការពិនិត្យ របៀបបញ្ឆេះ និងរបៀបបញ្ឈប់ម៉ាស៊ីន ដែលជាឧបករណ៍កសិកម្មរួចហើយ ប៉ុន្តែក៏នៅមានកសិករខ្លះមិនទាន់បានដឹងនូវចំណុចទាំងនេះនៅឡើយទេ។ ដើម្បីជាចំណេះដឹងដល់ប្រជាកសិករ សហគមន៍សម្បូរសប្បាយ  បង្ហាញអត្ថបទនេះ ដែលដកស្រង់ចេញពីសៀវភៅ ណែនាំអំពីបច្ចេកទេសនៃការប្រើប្រាស់ និងការដំឡើងឧបករណ៍កិនគ្រាប់ធញ្ញជាតីខ្នាតតូច។