Home / ព័ត៌មាន / កូនឈើប្រមាណ៣ម៉ឺនដើមត្រូវបានដាំក្នុងឧទ្យានអង្គរជារៀងរាល់ឆ្នាំ

កូនឈើប្រមាណ៣ម៉ឺនដើមត្រូវបានដាំក្នុងឧទ្យានអង្គរជារៀងរាល់ឆ្នាំ

អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ថែរក្សាព្រៃឈើដែលមានស្រាប់ និងដាំបន្ថែមតាមតំបន់ជុំវិញប្រាសាទដែលជាតំបន់ព្រៃការពារ ដោយមូលហេតុតំបន់ខ្លះត្រូវបានទន្រ្ទានពីប្រជាជន ភ្លើងឆេះព្រៃ និងក្រោយពីកាត់ក្រីដកហូតដើមឈើងាប់ដែលអាចបង្ករហានីភ័យផ្សេងៗដល់មនុស្ស សត្វ ប្រាសាទ និងបរិស្ថាន។
លោក ស៊ិន ពិសី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និង បរិស្ថានបានឱ្យដឹងថា ព្រៃឈើក្នុងឧទ្យានអង្គរ បែងចែងចែកជាបីសំខាន់ៗគឺ តំបន់ឧទ្យានបន្ទាយស្រី តំបន់ឧទ្យានកណ្តាល និងតំបន់ឧទ្យានរលួស លើផ្ទៃដី៤០១គីឡូម៉ែត្រក្រឡា និងចែកជា១៤បុស្តិ៍ ដែលមានបុគ្គលិកចំនួន៨៤នាក់ ចុះយាមល្បាតជាប្រចាំ ថែទាំ ព្រមទាំងព្យាលបាលដើមឈើពេលមានជំងឺ លើកលែងតែតំបន់ប្រាសាទបេងមាលា ស្ថិតនៅក្រៅតំបន់ឧទ្យានអង្គរ។

លោកបន្តទៀតថា ក្រុមភ្នាក់ងារគ្រប់គ្រងព្រៃឈើតែងមានកម្មវិធីដាំកូនឈើជារៀងរាល់ឆ្នាំ ហើយមួយលើកៗជាច្រើនរយដើម ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ស្ថាប័នរដ្ឋ ស្ថាប័នអន្តរជាតិ វិស័យឯកជន សហគមន៍ ព្រះសង្ឃ និងសិស្សសាលាជាដើម បំពេញនូវទីតាំងដែលគ្មានព្រៃឈើ សរុបប្រមាណ៣ម៉ឺនដើមក្នុងមួយឆ្នាំៗនៅឧទ្យានអង្គរ។

លើសពីនេះអាជ្ញាធរជាតិអប្សរាក៏បានចែកកូនឈើដល់ស្ថាប័នផ្សេងៗ ព្រះសង្ឃ និងប្រជាជនក្នុងតំបន់អង្គរទៅដាំក្នុងវត្ត ភូមិ ឃុំ មូលដ្ឋានរបស់ខ្លួនដើម្បីបង្កើនចំនួនព្រៃឈើ បង្កើនគម្របបៃតងដល់បរិស្ថានឱ្យមានបរិយាកាសស្រស់ថ្លា ពិសេសគឺទាក់ទាញទេសចរ។
លោក ពិសី បញ្ជាក់ថា ព្រៃឈើមានសារៈសំខាន់ទាំងបរិស្ថាន និងសោភ័ណភាពសម្រាប់មនុស្សជាតិ។ លោកក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានជួយអប់រំដល់ប្រជាជនកុំឱ្យកាប់ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិ ចូលរួមដាំដើមឈើឱ្យបានច្រើនជាងបំផ្លាញ និងពេលដុតចម្ការត្រូវគ្រប់គ្រងភ្លើងឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ និងមានហានីភ័យដល់ព្រៃឈើក្នុងតំបន់ឧទ្យានអង្គរ៕

ប្រភព គេហំទព័រអាជ្ញាធរជាតិអប្បរា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។