ការថែរក្សាជីជាតិឲ្យល្អ និងការធ្វើឲ្យដីមានជីធម្មជាតិគ្រប់គ្រាន់ជាកត្តាចាំបាច់សម្រាប់ជួយឲ្យកសិករទទួលបានផលស្រូវច្រើន និងបានប្រាក់ចំណេញខ្ពស់ពីមុខរបរធ្វើស្រែ។ ដើម្បីឲ្យកសិករត្រៀមខ្លួនបានល្អ ក្នុងការធានាឲ្យដីមានជីជាតិគ្រប់គ្រាន់សម្រាប់ការធ្វើស្រូវរដូវវស្សានេះ យើងខ្ញុំសូមផ្ដល់ជូននូវគំនិតសំខាន់ៗចំនួនបី៣ ដូចខាងក្រោម៖
- ការសន្សំជីធម្មជាតិឲ្យបានច្រើន
- ការការពារ និងប្រើជញ្រ្ជាំងស្រូវ
- ការគ្របដី។
១. ការសន្សំជីធម្មជាតិឲ្យបានច្រើន
នៅជុំវិញខ្លួនកសិករ សម្បូរទៅដោយសារធាតុសរីរាង្គ ដែលអាចយកមកប្រើធ្វើជីធម្មជាតិបាន ដូចជា លាមកសត្វ ស្លឹកឈើ ចំបើង អង្កាម កំប្លោក កាកអំពៅ កាកសំណល់ផ្ទះបាយ កាកសំណល់រុក្ខជាតិ និងសត្វផ្សេងៗ។ កសិករគួរតែឧស្សាហ៍ប្រមូលសារធាតុសរីរាង្គទាំងនេះ មកដាក់ក្នុងរណ្ដៅ ឬទ្រុងជី។ ក្រៅពីនេះគេគួរប្រមូលជីមមោកព្រៃ ដីបាត់ស្រែ ត្រពាំង ប្រឡាយ ដីដំបូង យកមកដាក់លាយជាមួយគ្នា ចំពោះអ្នកដែលមានឡជីឧស្ម័ន គេគួរយកកាកសំណល់ឡ មកដាក់លាយជាមួយសារធាតុសរីរាង្គ ហើយទុកឲ្យរលួយល្អ មុននឹងយកមកប្រើដើម្បីផលិតជាជីធម្មជាតិ។
២. ការការពារជញ្រ្ជាំង
ជញ្រ្ជាំង ជាប្រភពជីធម្មជាតិដ៏សំខាន់ នៅពេលដែលវាពុករលួយ វាធ្វើឲ្យដីផុសល្អ និងផ្ដល់សារធាតុចិញ្ចឹមជាច្រើនដល់ដី ហើយធ្វើឲ្យដីសម្បូរសត្វជន្លេន។ ដូចនេះគេត្រូវរក្សាជញ្រ្ជាំងកុំឲ្យឆេះ ហើយធ្វើការភ្ជួរលុបវាឲ្យក្លាយជី។
៣. ការគ្របដី
គេគួរប្រើប្រាស់មែកឈើ ធាងដូង និងសារធាតុសរីរាង្គផ្សេងៗ យកទៅគ្របលើដីស្រែតាមលទ្ធភាពដែលអាចធ្វើបានទៅតាមបរិមាណតិចឬច្រើន។ ការគ្រប់គ្រងដីរបៀបនេះ ជួយឲ្យដីត្រជាក់ផ្ដល់នូវលក្ខខណ្ឌល្អ ដល់ការលូតលាស់របស់សត្វមានប្រយោជន៍ក្នុងដី ជាពិសេសសត្វជន្លេន។ នៅពេលភ្លៀងធ្លាក់មកសារធាតុគំរបខាងលើចាប់ផ្ដើមរលួយ វានឹងក្លាយជាជី ហើយដីក៍ម្បូរជន្លេនដែរ។
ជាសុបមក ការអនុវត្តឲ្យបានល្អនូវគំនិតទាំង៣នេះ វានឹងជួយឲ្យដីស្រែមានជីជាតិយូរអង្វែង ហើយផលស្រូវ និងដំណាំផលស្រូវ និងដំណាំផ្សេងៗ ក៏នឹងកើនឡើងជាប់ជានិច្ចផងដែរ៕