Home / ទេសចរណ៍ / វប្បធម៌និងទេសចរណ៍ / ស្វែងយល់ ព្រះរាជពិធីច្រត់ព្រះនង្គ័ល

ស្វែងយល់ ព្រះរាជពិធីច្រត់ព្រះនង្គ័ល

ឆ្នាំ២០១៩នេះ ​ព្រះរាជ​ពិធី​ប្រារព្ធច្រត់ព្រះនង្គ័ល​នៅ​ខេត្ត​តាកែវ

​ពិធី​ច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជពិធី​មួយក្នុងចំណោម​ព្រះរាជ​ពិធី​ទ្វាទសមាស។ តាម​ធម្មតា ព្រះរាជ​ពិធី​នេះ ត្រូវបានធ្វើ​នៅ​ខែ​ពិសាខ (​ឧសភា​) ជា​ពេល​ដើមរដូវ​វស្សាបង្កបង្កើនផល​កសិកម្ម ហើយ​ជាទូទៅ ត្រូវបាន​ប្រារព្ធ​នៅលើ​ទីលាន វាល​ព្រះមេរុ ខាងជើង​ព្រះបរមរាជវាំង ឬ ព្រះ​ស្រែ​នៃខេត្តណាមួយ។ ឆ្នាំនេះ​ធ្វើ​នៅ​ទី​ព្រះ​ស្រែ​ខេត្តតាកែវ ចាប់ពី​ថ្ងៃទី២១-២៣ ខែឧសភា។


​របៀប​ប្រារព្ធ​
​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ច្រើនតែ​ធ្វើ​នៅ​ថ្ងៃ១​រោច ២​រោច និង ៣រោច ខែពិសាខ ដោយ​ចាត់​ឲ្យមាន​ព្រាហ្មណ៍ ៥នាក់ ធ្វើហោមពិធី​បូជា​ទេវតា៥កន្លែងនៅ​ទី​ព្រះ​ស្រែ។ ពេលខ្លះ​ព្រះរាជា យាង​ច្រត់ព្រះនង្គ័លដោយផ្ទាល់ ប៉ុន្តែ​ពេលខ្លះ​តំណាង​ព្រះរាជា ជា​អ្នក​ច្រត់ព្រះ​នង្គ័ល។ ថ្ងៃ៤រោច ខែពិសាខ គេ​ចាប់ផ្តើម​ហែម​ន្ត្រីដែលជាអ្នក​ច្រត់ព្រះនង្គ័ល​តំណាង​ព្រះរាជា ហៅថា ស្តេច មាឃ និង ភរិយា ហៅថា ព្រះ​មេ​ហួរ តំណាង​ព្រះ​អគ្គមហេសី​ចេញពី​ព្រះបរមរាជវាំង ទៅកាន់​ទី​ព្រះ​ស្រែ ដោយនៅ​ទីនោះមានគោ ៣នឹម ទឹម​រួចជាស្រេច​សម្រាប់​ច្រត់ព្រះនង្គ័ល។ អ្នកចូលរួម​ទាំងប្រុស​ទាំងស្រី​ស្លៀកពាក់​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​។​
​គោនឹមទី១ ដែល​ទឹម​សម្រាប់ច្រត់ព្រះនង្គ័លនោះ គេ​ហៅថា «ព្រះ​គោ» ឬ «គោ​ឧសភរាជ» (គោ​ឈ្មោល​របស់​ព្រះរាជា)។ តាម​រាជ​បវេណី «ព្រះ​គោ» ឬ «គោ​ឧសភរាជ»នេះ មានកំណត់​លក្ខណៈច្បាស់លាស់ គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ចំពាស់ ឈ្នក់ ឬប្រក់​នាគ គឺ​រាង​ខុប​ទៅមុខ​បន្ដិច ហើយ​វាត់​ចុង​ទៅលើ​បន្ដិច។

​គោ​នឹម​ទី២ ដែល​ប្រើ​សម្រាប់​ហែ​មុខ​ហែ​ក្រោយ​នោះ ដូចជា​មិនទាន់​ឃើញថា​មានកំណត់លក្ខណៈ​នៅឡើយទេ។ ទោះយ៉ាងណាក្តី តាម​ដែល​ធ្លាប់ប្រើ​មកហើយ​ឃើញ​ច្រើនតែ​សម្បុរក្រហម។ ឯ​ព្រះ​នង្គ័ល​ទាំង៣នោះ គេ​លាបថ្នាំ​ពណ៌​ខ្មៅ កាត់​ខ្សែ​ក្រហម​ដោយ​អន្លើៗ ឯ​ចន្ទោល​ព្រះ​នង្គ័ល​សម្រាប់​អ្នកតំណាង​ព្រះរាជា​នោះ មាន​លក្ខណៈពិសេស​ជាងគេ គឺ​ធ្វើជា​រូប​នាគ លាបថ្នាំ​ពណ៌​មាស នៅត្រង់ ក នាគ និង មាន​ភូ (​សរសៃ​រំយោល​) ធ្វើ​ពី​រោមសត្វ។​

​គោលបំណង​សំខាន់បំផុត នៃព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល គឺធ្វើឡើង​ដើម្បី​ជាការ​ព្យាករណ៍ ឬទស្សន៍ទាយ អំពី​ផលដំណាំ​កសិកម្ម និងហេតុភេទ​ដែល​អាច​នឹង​កើតមានឡើង​នៅក្នុងរយៈពេលពេញ​មួយឆ្នាំ តាមរយៈ​ទង្វើ​របស់​គោ នៅក្នុង​ព្រះរាជ​ពិធី​នេះ។ ព្រះរាជា ឬស្តេច​មាឃ ដែលជា​តំណាង​ឲ្យ​ព្រះមហាក្សត្រ ជា​អ្នក​ភ្ជួរ​ព្រះមេរុ រីឯ​មហាក្សត្រិយានី ឬដែល​តំណាង​ដោយ​ព្រះ​មេ​ហួរ​ជា​អ្នក​ព្រោះ​គ្រាប់ពូជ​ពីក្រោយ​។ វាល​ព្រះមេរុ​ត្រូវបាន​ភ្ជួរចំនួន​៣​ជុំ​​។

នៅក្នុង​បរិវេណ​ទីលាន​ព្រះ​ស្រែ (វាល​ព្រះមេរុ)នោះ មាន​សង់​ព្រះ​ពន្លា គឺរោងដ៏​ស្រស់ស្អាត ហើយ​នៅមុខ​ព្រះ​ពន្លា​នោះ មាន តុ ចំនួន៧ (សព្វថ្ងៃប្រើថាសមានជើង) ហើយ​នៅលើតុនីមួយៗ មាន​តម្កល់​ទៅដោយ​របស់​មួយ​មុខ​គឺ ​គ្រាប់ស្រូវ ១តុ, គ្រាប់សណ្ដែក ១តុ, គ្រាប់ពោត ១តុ, គ្រាប់ល្ង ១តុ, ស្មៅ​ស្រស់ ១តុ​, ទឹក ១តុ, និង ស្រា ១តុ។​

បន្ទាប់ពី​បាន​ភ្ជួរ​ចំនួន៣ជុំមក គឺជា​ពិធី​ផ្សង​គោ​ឧសភរាជ, ព្រាហ្មណ៍​ដែលជា​ព្រះរាជ​គ្រូ សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ ឲ្យបរិភោគ​អាហារ៧យ៉ាងនោះ។ កាល​ព្រះ​គោ បរិភោគ​អ្វីមួយ ព្រាហ្មណ៍ក៏​ព្យាករណ៍​នូវ​ព្រឹត្តិការណ៍ ឬ​ទស្សន៍​ទាយ​តាម​ប្រផ្នូល​នោះ សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ​ ដូចជា ជំងឺ​រាតត្បាត ទឹកជំនន់ ទិន្នផល​ល្អ និងមាន​ភ្លៀង​ធ្លាក់​ច្រើន ឬ តិច ជាដើម​។​

សាវតារ​ពិធីច្រត់ព្រះនង្គ័ល
​បុរាណ​វិទូ បាន​អះអាងថា ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នេះ ត្រូវបាន​ព្រះរាជា​ខ្មែរ ប្រារព្ធជា​បវេណីយ៉ាងហោចណាស់ ក៏​តាំងពី​សម័យ ចេនឡា (​សតវត្ស​ទី​៦ ដល់​ដើម​សតវត្ស​ទី៩) ដែរ ដោយ​បុរាណវិទូ​បាន​រកឃើញ​រូបចម្លាក់​ជាច្រើន​ដែលបញ្ជាក់​ពី​វត្តមាន នៃ​ព្រះ​រាជពិធី​ច្រត់ព្រះ​នង្គ័ល​នេះ។​

​ស្នាដៃ​អក្សរសិល្ប៍​វិញ គឺ​គេ​អាច​ឃើញ​មាន​វត្តមាន​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នេះ នៅក្នុង​រឿងរាមាយណៈ របស់ឥណ្ឌា និងរឿង រាមកេរ្តិ៍ របស់​ខ្មែរ។ នៅក្នុង​រឿងរាមកេរ្តិ៍ របស់​ខ្មែរ មាន​តំណាល​ថា ព្រះ​នាង សីតា បានចាប់កំណើត​ក្នុងពេលដែល​ព្រះបាទ​ជនក កំពុង​ធ្វើ​ពិធី​ច្រត់ព្រះនង្គ័ល ​ហើយក៏​លេចចេញ​ព្រះ​នាង​ពី​ដី​អាចម៍​ដំណាស់​ដែល​ព្រះអង្គ​កំពុងភ្ជួរ​ក្នុង​ព្រះរាជ​ពិធី​នោះ​។ នៅក្នុង​ពុទ្ធប្បវត្តិ ក៏មាន​ឃើញ​រឿងនេះ​ដែរ គឺ​នៅពេលដែល​ព្រះបាទ សិ​ទ្ធោ​ទ​ន (​បិតា​របស់​ព្រះពុទ្ធ​) កំពុង​យាង​ច្រត់ព្រះនង្គ័ល គឺព្រះរាជ​កុមារ សិទ្ធត្ថ បាន​ក្រោក​អង្គុយ​ធ្វើ​សមាធិ​ក្រោម​ដើមឈើ​បានសម្រេច​ធម៌​ដ៏​សំខាន់​មួយ។​

​សន្និដ្ឋាន​
​ការ​ប្រារព្ធ​ពិធី​ច្រត់ព្រះនង្គ័លនេះ គឺ​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ ប៉ុន្តែ​ពិធី​នេះ​បង្កប់ទៅដោយ​អត្ថន័យ​ដ៏​សំខាន់​ គឺ​បញ្ជាក់ថា ព្រះរាជា ប្រមុខរដ្ឋ ថ្នាក់ដឹកនាំ​ក្រសួង និងស្ថាប័នពាក់ព័ន្ធ យក​ព្រះទ័យ ឬយកចិត្តទុកដាក់​លើ​វិស័យ​កសិកម្ម ដោយសារកម្ពុជា ជា​ប្រទេស​ដែល​ពឹងពាក់​លើ​វិស័យ​កសិកម្ម​ជាចម្បង។​ ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នេះ ក៏ជា​ការ​ក្រើនរំលឹក​ដល់​ប្រជានុរាស្ត្រ និងអ្នកពាក់ព័ន្ធ​ទាំងអស់​ឲ្យដឹងថា រដូវ​បង្កបង្កើនផល​បាន​ចូលមក​ដល់​ហើយ គប្បី​ប្រុងប្រៀប​រៀបចំ​កាយ​ចិត្ត ពូជ និងឧបករណ៍​សម្រាប់​ប្រឡូក​ក្នុង​ការដាំដុះ​៕

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប្រាសាទតានៃ ត្រៀមជួសជុលនៅពេលខាងមុខនេះ

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រាសាទ​តា​នៃមានការទ្រុឌទ្រោមខ្លាំង ចូល​តាម​ច្រក​ផ្លូវលំ​មួយ​ខាងកើត​ប្រាសាទតាកែវ ឆ្ពោះ​ទៅខាងជើង​ប្រហែល៨០០​ម៉ែត្រ នៅក្នុងទឹកដីខេត្តសៀមរាប គឺអ្នកជំនាញអាជ្ញាធរជាតិអប្សរា មានគម្រោងជួសជុលផ្នែកខ្លះនៅពេលខាងមុខនេះ​។