Home / ទេសចរណ៍ / វប្បធម៌និងទេសចរណ៍ / បុណ្យពិសាខបូជា

បុណ្យពិសាខបូជា

ព្រះពុទ្ធសាសនា បានមកប្រតិស្ថាននៅប្រទេសខ្មែរ តាំងពីយូរយាណាស់មកហើយ និងបានរស់នៅជា​មួយប្រជាពលរដ្ឋខ្មែរគ្រប់សម័យកាលទាំងអស់ ទោះបីជាសម័យកាលនោះរុងរឿង ឬសម័យកលយុគក្តី។ ពិធីបុណ្យព្រះពុទ្ធសាសនាមួយចំនួនត្រូវបានប្រជា​ជនខ្មែរគោរពនិងប្រព្រឹត្តិជារឿងរាល់ឆ្នាំ តាំងពីបុរាណកាលរហូតដល់សព្វថ្ងៃនេះ។ក្នុងនោះពិធីបុណ្យពិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យព្រះពុទ្ធសាស​នា​ដទៃទៀត។

តើអ្វីជាពិធីបុណ្យពិសាខបូជា?
ពិធីបុណ្យពិសាខបូជា បើតាមសេចក្តីពន្យល់នៅក្នុង វចនានុក្រមខ្មែរ អំពីអត្ថន័យនៃពាក្យនេះ បានឲ្យដឹងថា ពិសាខបូជា ឬវិសាខបូជា មកពីពាក្យ (វិសាខ+បូជា) មានន័យថា ឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការ បូជាក្នុងថ្ងៃពេញបូរមីខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធ ទ្រង់ប្រសូត ទ្រង់បានបរមាភិសម្ពោធិ ទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ធ្វើរំព្ញកដល់ព្រះគុណរបស់ព្រះអង្គ ជាការបូជាពិសេសមួយយ៉ាងសម្រាប់ ពុទ្ធសាសនិក ទាំងបព្វជិត ទាំងគ្រហស្ថ នាំគ្នាធ្វើរាល់ឆ្នាំរាប់ជាបុណ្យ កុសលសម្រាប់ពុទ្ធសាសនា។
ហេតុអ្វីចាំបាច់ប្រារព្ធពិធីបុណ្យពិសាខបូជា?
បុណ្យពិសាខបូជា ត្រូវបានពុទ្ធសាសនិក ទាំងគ្រហស្ថ ទាំងបព្វជិត ប្រារព្ធធ្វើនៅថ្ងៃ១៥កើត ខែពិសាខ ជារៀងរាល់ឆ្នាំ ព្រោះជាថ្ងៃ ខែមហាមង្គល ដែលមានប្រវត្តិទាក់ទងនឹងរឿងខាងក្រោម។
១. កាលដែលព្រះពុទ្ធទ្រង់ប្រសូតនៅក្នុងសួនឧទ្យានលុម្ពិនី ក្រោមដើមសាលព្រឹក្ស នៅថ្ងៃសុក្រ ១៥កើត ពេញបូរមី ខែពិសាខ ក្នុងឆ្នាំច មុនពុទ្ធសករាជ៨០ឆ្នាំ។ ពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់អាចយាងឈានជើងដើរបាន៧ជំហាន ឆ្ពោះទៅកាន់ឧត្តរ​ទិស(ទិសខាងជើង) ហើយស្រែកនូវ អាសភិវាចារ គឺវាចារដ៏ឧត្តមថា «អគោហមស្មិ លោកស្ស ជេដ្ឋោហមស្មិ លោកស្ស សេដ្ឋោហមស្មិ លោកស្ស អយមន្តិមា ជាតិ នត្ថិទានំ បុនព្ភវោ។ ប្រែថា អាត្មាអញជាបុគ្គលខ្ពង់ខ្ពស់លើលោក អាត្មាអញជាបុគ្គលធំបំផុតលើលោក អាត្មាអញជាបុគ្គលប្រសើរបំផុតលើលោក នេះជាកំណើតចុងក្រោយបំផុតរបស់ អាត្មាអញ ឥឡូវនេះ ភពថ្មីពីនេះទៀតមិនមានឡើយ»។


២. ក្រោយពីព្រះពុទ្ធជាម្ចាស់ ទ្រង់សាងព្រះផ្នួស ហើយធ្វើទុក្ករកិរិយា អស់៦ឆ្នាំ ទ្រង់បានត្រាស់ដឹងនូវសម្មាសម្ពោ​ធិញ្ញាណ ក្រោមដើមពោធិព្រឹក្ស ក្បែរស្ទឹងនេរញ្ជរា នៅថ្ងៃពុធ ១៥កើត ខែពិសាខ ក្នុងឆ្នាំរកា មុនពុទ្ធសករាជ៤៥ឆ្នាំ។ លុះត្រាស់ដឹងហើយទ្រង់បានឧទាននូវគាថាថា «អនេកជាតិសំ សារំ សន្ធាវិស្សំ អនិព្វិសំគហការំ គរេសន្តោ ទុក្ខា ជាតិ បុនប្បុនំ គហការក ទិដ្ឋោសិបុន គេហំ ន កាហសិ សព្វា តេ ផាសុកា ភគ្តា គហកូដំវិសំខតំ វិសំខារគតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា  ប្រែថា អាត្មាអញ កាលមិនទាន់បានជួបប្រទះ ពោធិញ្ញាណនៅឡើយ រវល់តែស្វែងរកនូវជាងផ្ទះគឺតណ្ហា អ្នកធ្វើផ្ទះ គឺអត្តភាពហើយអន្ទោលទៅកាន់ សង្សារ មានជាតិមិនតែមួយ, ជាតិគឺការកើតរឿយៗរមែងនាំមកនូវសេចក្តីទុក្ខ, នែជាងផ្ទះគឺតណ្ហា ឥឡូវនេះយើងបានឃើញអ្នកច្បាស់ហើយ, អ្នកឯងនឹងធ្វើនូវផ្ទះ គឺអត្តភាពនេះឲ្យយើងទៀតពុំបានឡើយ, ឆ្អឹងជំនីរ គឺកិលេស ទាំងអស់របស់អ្នកឯង យើងបានបំបាក់ចោលហើយ ទាំងកំពូលនៃផ្ទះ គឺអវិជ្ជារបស់អ្នកឯងទៀតសោត យើងក៏បានបំបាត់ចោលហើយដែរ, ចិត្តរបស់យើងបានដល់នូវព្រះនិព្វានដែល មានសង្ខារទៅប្រាសហើយ, យើងបានដល់នូវព្រះអរហត្តគឺការអស់ទៅនៃតណ្ហាទាំងឡាយហើយ»។


៣. ក្រោយពីបានបំពេញពុទ្ធកិច្ចទាំង៥ អស់រយៈពេល៤៥វស្សមក (ពុទ្ធកិច្ចទាំង៥ មាន កិច្ចពេលព្រឹកទ្រង់និមន្តបិណ្ឌបាត្រ, កិច្ចពេលរសៀលទ្រង់សម្តែងនូវព្រះដល់ពុទ្ធបរិស័ទ, កិច្ចក្នុងបឋមយាម ទ្រង់ប្រទានឳវាទចំពោះភិក្ខុ​សង្ឃ, កិច្ចក្នុងមជ្ឈឹមយាម ទ្រង់​ដោះប្រសនាដល់ទេវតា, កិច្ចក្នុងបច្ចិមយាម ទ្រង់ប្រមើលមើលឧបនិស្ស័យសត្វ) ព្រះពុទ្ធទ្រង់ចូលបរិព្វានក្រោមសាលព្រឹក្សទាំង​គូ ដោយអនុបាទិ សេសនិព្វានក្នុងនគរកុសិនារា។ កាលនោះមុននឹងព្រះពុទ្ធទ្រង់ បរិនិព្វាន ពួក មល្លក្សត្រទាំងឡាយបានកន្សែង​សោយសោកា តានតឹងឱរា លើកដៃទាំងពីរឡើង ពោលបូបាច់ដួលទៅលើប្រថពី បម្រះននៀល ហាក់បីដូចជាបាក់ដៃ​ជើង សោយសេចក្តី សោយស្តាយព្រះជិនស្រី លោកាចារ្យថា «ព្រះមានព្រះភាគជាម្ចាស់ឆាប់បរិនិព្វានពេកណាស់ ព្រះសុគតបរិនិព្វានឆាប់ពេកណាស់ ដួងចក្ខុក្នុងលោកអន្តរាយដោយឆាប់រហ័សពេកហើយ។ លំដាប់នោះឯង ព្រះមានព្រះភាគទ្រង់ត្រាស់​ហៅ ព្រះអន្ទមកត្រាស់ផ្តែរផ្តាំបណ្តាំចុងក្រោយថា «យោ វោ អានន្ទ មយា ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្តោ សោ វោ មមច្ចយេន សត្ថា ប្រែថា ធម៌ និងវិន័យណា ដែលតថាគតបានសម្តែងហើយ បានបញ្ញត្តទុកហើយដល់អ្នកទាំងឡាយ ធម៌និងវិន័យនោះ នឹងជាសាស្តានៃអ្នកទាំងឡាយក្នុងកាលអំណើះពី តថាគតទៅ»។


ដោយហេតុដ៏អស្ចារ្យទាំង៣ សុទ្ធតែចំថ្ងៃ១៥កើត ពេញបូរមី ខែពិសាខ នេះហើយ (ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃចូលបរិនិព្វាន) ទើបពុទ្ធបរិស័ទនាំគ្នាប្រារព្ធ ពិធីបុណ្យពិសាខបូជានេះឡើង។
តាមទំនៀមទំលាប់ ពិធីបុណ្យពិសាខបូជាប្រព្រឹត្តិទៅនៅវេលាយប់ក្នុងវត្ត។ ដូចនេះហើយបានជាគេឃើញនៅគ្រប់វត្តអារាម មានអុចគ្រឿងប្រទីបជ្វាលាបូជា ភ្លឺព្រោងព្រាត ហើយមហាជនប្រុស ស្រី ក្មេងចាស់ ប្រកបដោយគ្រឿងសក្ការៈ បូជាមាន ផ្កាភ្ញី ទៀន ធូបជាដើម ទៅប្រជុំគ្នាយ៉ាងអ៊ឹកធឹក។ នៅយប់នោះរហូត ដល់ភ្លឺ គេនាំគ្នាស្តាប់ទេសនាអំពី ពុទ្ធប្រវត្តិតាំងពីដើមរហូតដល់ចប់ ដើម្បីឲ្យមានបសាទសទ្ធា ចំពោះព្រះរតនត្រ័យ កាន់តែខ្លាំងក្លាឡើង។ (តែបច្ចុប្បន្នការសំដែង ធម្មទេសនា ពុំបានបន្តរដល់ភ្លឺទៀតឡើយ ឯការរៀបចំកម្មវិធីទៀតសោត ក៏សង្ខេបខ្លីត្រឹមតែមួយថ្ងៃគឺនៅថ្ងៃ ១៥កើត ខែពិសាខតែប៉ុណ្ណោះ)។
តាមការស្រាវជ្រាវ គេបានដឹងថា បុណ្យពិសាខបូជាទំនងជាធ្វើក្រោយ ព្រះពុទ្ធបរិនិព្វាន ច្រើនរយឆ្នាំ។ គេថាប្រទេស​ឥណ្ឌា និងប្រទេស​សិរីលង្កា​ បានប្រារព្ធពិធីបុណ្យនេះយូរយារណាស់មកហើយ។ ចំណែក​ប្រទេស​​សៀម និងប្រទេសខ្មែរយើង ទើបតែចាត់ចែង​ធ្វើនៅគ្រឹស្ត​សតវត្សទី១៩កន្លងមកនេះ។
នៅប្រទេសសៀម ស្តេចរាមា បានផ្តើមធ្វើនៅឆ្នាំ១៨១៧ ចំណែកនៅប្រទេសកម្ពុជា បុណ្យនេះ ត្រូវបានចាប់ផ្តើមធ្វើឡើងនៅឆ្នាំ១៨៥៥ ដោយព្រះមហាប៉ាន ដែលស្តេចសៀមបានបញ្ជូនមកកាន់ ឧត្តុង្គ តាមសេចក្តីស្នើសុំរបស់ព្រះបាទអង្គឌួង។ ដំបូងពិធីបុណ្យនេះ ប្រារព្ធ​ឡើង​ដោយគណៈធម្មយុត្តិ ហើយក្រោយមក ទើបបានជ្រួតជ្រាប​ដល់​គណៈ​មហានិកាយ(យល់ព្រម ដោយព្រះបាទស៊ីសុវត្តិ)។

ប្រការ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ បាន​ប្រកាស​ទទួល​ស្គាល់​បុណ្យ​វិសាខ​បូជា​​ជា​ទិវា​បុណ្យ​អន្តរជាតិ ដោយ​មាន​ការ​ស្នើ​សុំ​ពី​ប្រទេស​នានា​នៅ​លើ​សកលលោក ដែល​គោរព​ព្រះ​ពុទ្ធ​សាសនា ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង​ដែរ។ ចាប់​តាំង​ពី​ពេលនោះមក ​វិសាខ​បូជា គឺជា​ទិវា​បុណ្យ​អន្តរជាតិ​ ប្រទេស​ដែល​គោរព​ព្រះ​ពុទ្ធ​សាសនា​ជា​ច្រើន​នៅ​លើ​សកលលោក បាន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​វិសាខ​បូជា​ជា​សកល ដោយ​ដាក់​ឈ្មោះ​ថា UN​-​វិសាខ ឬ​វិសាខ​បូជា​នៃ​អង្គការ​សហ​ប្រជាជាតិ៕

ប្រភព គេហទំព័រពិធីបុណ្យក្នុងព្រះពុទ្ធសាសនា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប្រាសាទតានៃ ត្រៀមជួសជុលនៅពេលខាងមុខនេះ

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រាសាទ​តា​នៃមានការទ្រុឌទ្រោមខ្លាំង ចូល​តាម​ច្រក​ផ្លូវលំ​មួយ​ខាងកើត​ប្រាសាទតាកែវ ឆ្ពោះ​ទៅខាងជើង​ប្រហែល៨០០​ម៉ែត្រ នៅក្នុងទឹកដីខេត្តសៀមរាប គឺអ្នកជំនាញអាជ្ញាធរជាតិអប្សរា មានគម្រោងជួសជុលផ្នែកខ្លះនៅពេលខាងមុខនេះ​។