អ្នកស្រី ញ៉ែម សុវណ្ណរី អាយុជាង៤០ឆ្នាំ រៀនថ្នាក់ទី៩ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។អ្នកស្រីបានគាំទ្រដោយអង្គការសេដាក ទាក់ទងនឹងបច្ចេកទេសកសិកម្មតាមគោលការណ៍ធម្មជាតិ ជំនាញការរៀបចំសហគមន៍ ការគ្រប់គ្រងដឹកនាំ និងការអភិវឌ្ឍខ្លួននៅឆ្នាំ២០០៤។
ដោយការខិតខំប្រឹងប្រែងមិនចេះនឿយហត់ និងមានសមត្ថភាពក្នុងការគ្រប់គ្រង អ្នកស្រីបានសហការជាមួយសមាជិកក្រុមគ្រួសារ ធ្វើការអភិវឌ្ឍគ្រួសាររហូតទទួលបានជោគជ័យ និងមានភាពល្បីល្បាញនៅក្នុងស្រុក និងតាមបណ្តាខេត្តផ្សេងៗគួរឲ្យកោតសសើរ។ ខាងក្រោមនេះ គឺជាការកត់សម្គាល់នូវភាពរីកចម្រើនរបស់ក្រុមគ្រួសារអ្នកស្រី៖
- ផ្ទៃដីធ្វើស្រែសរុបមានចំនួន១៥០អា ដំបូងទទួលបានផល ២តោន បច្ចុប្បន្នទិន្នផលកើនបានជាង ៥តោនក្នុង ១ឆ្នាំ គាត់អាចរកចំណូលពីការលក់ស្រូវបានចំនួន ៦,២លានរៀល។
- ចំណូលពីកាដាំបន្លែចំរុះនៅវាលស្រែដូចជាត្រសក់ ល្ពៅ ឪឡឹក សណ្ដែកខៀវ ដំឡូង ម្រះ ត្រឡាច ផ្ទី… ក្នុង១ឆ្នាំបាន ៦ លានរៀល។
- ចិញ្ចឹមមាន់សាច់ចំនួន ២៥០ក្បាល ក្នុង ១ឆ្នាំលក់បាន ២,៤លានរៀល។
- មានគោសម្រាប់ធ្វើជាកម្លាំងអូសទាញ និងលក់ចំនួន៩ក្បាល។ គោមានសារៈសំខាន់ណាស់ក្រៅពីជួយជាកម្លាំង គឺវាផ្ដល់ជាលាមកសម្រាប់ធ្វើជីធម្មជាតិបានយ៉ាងល្អប្រសើរ។
- មានលុយសន្សំនៅក្នុងក្រុមចំនួន១០លានរៀល ហើយបានដកវិនិយោគលើកសិកម្ម និងកូនរៀនជាបន្តបន្ទាប់ ដែលកូនម្នាក់បានរៀនចប់មហាវិទ្យាល័យ។ បច្ចុប្បន្ននៅសល់លុយសន្សំ ២លានរៀល។
- នៅឆ្នាំ២០១៣ អ្នកស្រីទទួលបានរង្វាន់លេខ ១ ទូទាំងប្រទេស គឺពានរង្វាន់សេដាក ដោយទទួលបានមេគោក្រមុំចំនួន ៣ ក្បាល ដោយគាត់បានអនុវត្តប្រព័ន្ធប្រពលវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិលើផ្ទៃដី៣០អា ទទួលបានផលសរុបចំនួន ២.២០០គីឡូក្រាម (ឬ ៧,៣៣ តោន ក្នុង ១ហិកតា)។
- ដោយសារភាពល្បីល្បាយក្នុងការធ្វើកសិកម្ម នៅឆ្នាំ២០១៤ អ្នកស្រីបានទទួលទស្សនកិច្ចសិក្សារចំនួន ៦១ដង ទាំងក្នុង និងក្រៅប្រទេសដែលមានអ្នកមកទស្សនកិច្ចចំនួន ៦៦៦នាក់ (គិតត្រឹមឆ្នាំ២០១៤)។
- បានទទួលចំណូលពីសេវាកម្មទស្សនកិច្ចសិក្សាចំនួន ៨៦ម៉ឺនរៀល នឹងចំណូលពីការរៀបចំអាហារចំនួន ៥លានរៀល។
ផែនការសំខាន់ៗត្រូវសម្រេចរយៈពេល ៥ឆ្នាំខាងមុខ (២០១៥-២០១៩)
- បង្កើតឲ្យមានកសិដ្ឋានសរីរាង្គចម្រុះដ៏ល្អមួយ សម្រាប់ផ្ដល់ជាអាហារដ៏មានគុណភាព
- សន្សំលុយនៅក្នុងក្រុមសន្សំឲ្យបាន ១០០ លានរៀល
- ចិញ្ចឹមគោឲ្យបាន ១២ក្បាល
- ធ្វើប្រព័ន្ធប្រពលវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិលើដី ៣០អារ ឲ្យបានផលស្រូវយ៉ាងហោចណាស់ ៣តោន
- រៀបចំឲ្យមានស្រះ និងពង្រីកការដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់មកផ្សារកសិផលធម្មជាតិសេដាក ឲ្យបានពី ១០-២០ លានរៀលក្នុង១ឆ្នាំ
- ចិញ្ចឹមមាន់ឲ្យបានចំណូលប្រមាណ ៥លានរៀលក្នុង១ឆ្នាំ។
គាត់ចាប់អារម្មណ៍ថា បច្ចុប្បន្ននេះគាត់មានជីវភាពធូរធាច្រើន មានកេរ្តិ៍ឈ្មោះ មានគេរាប់អានទាំងអ្នកក្នុងភូមិនិងអ្នកខាងក្រៅ មានគំនិតច្នៃប្រឌិត មានភាពក្លាហាន និងមានសមត្ថភាពលើបច្ចេកទេសកសិកម្មតាមគោលការណ៍ធម្មជាតិ។ គាត់បានឲ្យជាយោបល់សម្រាប់កសិករផ្សេងៗថា ដើម្បីឲ្យកសិករក្លាយជាអ្នកមាន កសិករត្រូវខិតខំប្រឹងប្រែងឲ្យត្រូវរបៀប យកចិត្តទុកដាក់ផ្ដោតអារម្មណ៍លើការងារ គិតវិជ្ជមាន គិតធ្វើអ្វីត្រូវធ្វើឲ្យបាន ដាក់ផែនការហើយត្រូវតែធ្វើ (ធ្វើថ្ងៃមិនគ្រប់ធ្វើយប់បន្ថែម)។
ជាងនេះទៀតការធ្វើកសិកម្មដើម្បីឲ្យទទួលបានជោគជ័យ កសិករត្រូវត្រៀមលក្ខណៈឲ្យបានល្អដូចជា៖
- ជ្រើសរើស បន្សុទ្ធ និងទុកដាក់ពូជឲ្យបានល្អ
- ត្រៀមកម្លាំងពលកម្មឲ្យបានគ្រប់គ្រាន់
- ត្រូវមានប្រភពទឹក និងត្រៀមទឹកឲ្យបានគ្រប់គ្រាន់
- ត្រៀមជីកំប៉ុស្តទឹក កំប៉ុស្តគោក លាមកសត្វ ជីស្រស់ឲ្យបានគ្រប់គ្រាន់
- ត្រូវមានឡជីវឧស្ម័ន ដែលផ្ដល់ជីយ៉ាងល្អបំផុតសម្រាប់ដំណាំ
- យកចិត្តទុកដាក់លើផែនការឲ្យបានល្អ
- ដើម្បីឲ្យដំណាំទទួលបានផលច្រើន ត្រូវចិញ្ចឹមសត្វ ដើម្បីបានលាមកទុកធ្វើជី
- មានទំនាក់ទំនងផ្សារភ្ជាប់ជាមួយទីផ្សារឲ្យបានល្អ។
តាមរយៈលទ្ធផលខាងលើបានបញ្ជាក់យ៉ាងច្បាស់ថា ការយកចំណេះដឹងទៅប្រើប្រាស់ គឺពិតជាទទួលបានប្រាក់ចំណូលយ៉ាងច្រើន និងបានពីច្រើនប្រភព ដែលជួយលើកស្ទួយជីវភាពគ្រួសាររបស់អ្នកស្រី ញ៉ែម សុវណ្ណរី មានមុខមានមាត់ ទទួលបាននូវការគោរព ស្រឡាញ់ពីសមាជិកសហគមន៍៕