Home / កសិកម្ម / បទពិសោធន៍ចញ្ចឹមមាន់ទទួលផលច្រើន (កសិករ)

បទពិសោធន៍ចញ្ចឹមមាន់ទទួលផលច្រើន (កសិករ)

លោកពូ ចាន់ ប៉ុណ្ណា មានសមាជិកគ្រួសារ​៥នាក់រស់នៅភូមិត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលៀ​ប្អៀរ​ ខេត្តកំពង់ឆ្នាំង។​ ក្រោយពីបានសហការជាមួយអង្គការសេដាក​ នៅឆ្នាំ​២០១៤​​ គាត់បានចាប់យកបច្ចេកទេសចិញ្ចឹមមាន់។ ដំបូងគាត់ចិញ្ចឹមមាន់៥​ក្បាល បន្ទាប់មកមាន់កើតបានច្រើនអាចដោះស្រាយក្នុងជីវភាពគ្រួសារ និងលក់។ ក្នុងមួយឆ្នាំគាត់អាចលក់មាន់ចេញបាន​បីដង។ ក្នុងម្តងលក់បានប្រាក់ ១លាន ២សែនរៀល។ ចំពោះបច្ចេកទេសចិញ្ចឹមសំខាន់ៗមានបង្ហាញជូនដូចខាងក្រោម៖

១.​​​ ការអនុវត្តបច្ចេកទេស

.. ការសាងសង់ទ្រុង

លោកពូរៀបចំទីធា្លសំរាប់ចិញ្ចឹមមាន់ដែលមានបណ្តោយ​២៥ម៉ែត្រ​ ទទឹង២៥ម៉ែត្រ មានទីតាំងនៅលើដីទួលមិនលិចទឹក មានម្លប់ឈើសំរាប់ធ្វើជំរក​ប្រើស្បៃមុងព័ទ្ធជុំវិញជារបងការពារមាន់ចេញក្រៅ។ គាត់បានសង់ទ្រុងមាន់ដាច់ដោយឡែកពីគ្នាគឺ៖

  • ទ្រុងមាន់ដេកចំនួន១ បណ្តោយ​៥​ម៉ែត្រ ​ទទឹង៣ម៉ែត្រ​ ប្រក់ស្លឹកត្នោត
  • ទ្រុងមាន់ពងចំនួន១ បណ្តោយ៣ម៉ែត្រ ទទឹង២,៥ម៉ែត្រ ​ប្រក់ស្លឹកត្នោត
  • ទ្រុងកូនមាន់ចំនួន​៤ បណ្តោយ២ ទៅ ៣ម៉ែត្រ ទទឹង១ម៉ែត្រ​ ដាក់មុងការពារនៅពេលយប់។

.២. ការជ្រើសរើសពូជ និងបង្កាត់ពូជ

  • គាត់រកពូជក្នុងស្រុកស្គាល់ប្រវត្តិច្បាស់ពុំធ្លាប់មានជំងឺពីមុន មិនជាន់ឈាម ជើងពណ៌រមៀត និងចំពុះលឿង សាច់រមៀត។
  • មេមាន់មានមាឌធំទំងន់ចាប់ពី១,៥គីឡូក្រាមឡើងទៅ កន្ទុយបាស​​ ពងនិងកូនច្រើន ពូកែចិញ្ចឹមកូន។
  • បាមានមាឌធំទំងន់ចាប់់ពី២,៥គីឡូក្រាមឡើង ក្លៀវក្លា ពូកែជាន់មេ និងមានភាពទាក់ទាញ​។
  • ការបង្កាត់ពូជ តាមធម្មជាតិ​​ មេ​​២០ក្បាល​ បា៣ក្បាល ព្រលែងនៅក្នុងទីធ្លាការពារកុំឲ្យមានបាផ្សេងមកជាន់។

.៣. របៀបផ្សំចំណី

  • ចំណីកូនមាន់. ចាប់ពីកើតរហូតដល់អាយុ៣០ថ្ងៃ គាត់ប្រើចំណីផ្សារឲ្យស៊ីជាប្រចាំមួយថ្ងៃ៣ដងដោយប្រើស្នូកចំណីធ្វើពីដើមឫស្សី។
  • ចំណីមាន់យកសាច់. ឲ្យស៊ីស្រូវ កន្ទក់ ចុងអង្ករ អំបិល ខ្លាញ់ បន្លែបៃតង ចំនួន៣មុខ ម្សៅជាតិរ៉ែ (សំបកខ្យងខ្ចៅ) លាយជាមួយមេចំណី (ផ្សំពីផ្លែឈើទុំ២ទៅ៣វែក) ៥០ភាគរយ ក្នុងមួយថ្ងៃ៣ដង ដាក់ក្នុងស្នូកចំណីធ្វើពីដើមឫស្សី។
  • ចំណីមាន់ពង និងបា. ឲ្យស៊ីស្រូវត្រាំ កន្ទក់ ចុងអង្ករ អំបិល បន្លែបៃតងចំនួន២ទៅ៣មុខ ម្សៅជាតិរ៉ែ (សំបកខ្យង ខ្ចៅ) លាយជាមួយចំណីផ្សារ៥០ភាគរយ ក្នុងមួយថ្ងៃ២ដង (ពេលព្រឹក និងពេលល្ងាច) ប្រើស្នូកចំណីធ្វើពីដើមឫស្សី។
  • ក្នុងមួយថ្ងៃគាត់បានដាក់ចំណី​ឲ្យស៊ី២ដង ព្រឹក និងពេលរសៀល។

..​ ការផ្តល់ទឹកឲ្យមាន់ផឹក

គាត់បានដាក់ទឹកស្អាតឲ្យមាន់ផឹកជាប្រចាំដោយប្រើស្នូកទឹកចំណុះ៣លីត្រចំនួន១០ឲ្យមាន់ផឹកឲ្យបានគ្រប់គ្រាន់ជាពិសេសរដូវក្ដៅ។

..​ ការថែទាំ

  • គាត់យកកូនមាន់ដាក់ហាលថ្ងៃរយ:ពេល២ម៉ោង ពេលព្រឹកចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៩ព្រឹក។​ នៅពេលអាកាសធាតុត្រជាក់គាត់យកកូនមាន់នៅក្នុងកេសក្រាលអង្កាម ផ្ដល់ចំណី និងទឹកស្អាតឲ្យបានគ្រប់គ្រាន់ជាប្រចាំ។
  • មាន់យកសាច់ គឺផ្ដល់ចំណីនិងទឹកស្អាតឲ្យបានគ្រប់គ្រាន់ ​នៅក្នុងទឹកដាក់សំបកស្ដៅសំបកគរ ឲ្យមាន់ផឹកជាប្រចាំដើម្បីការពារជំងឺធ្លង។
  • ត្រូវរៀបសំបុកសំរាប់មាន់ពងឲ្យគ្រប់ចំនួន។ មេពងត្រូវឲ្យស៊ីចំណី និងផ្តល់ទឹកស្អាតគ្រប់គ្រាន់ដូចមាន់យកសាច់ដែរតែត្រូវប្រើស្រូវ និងបន្លែបន្ថែម។

គាត់បានបោសសំអាតទ្រុង និងលាងសំអាតស្នូកទឹក ស្នូកចំណីជាប្រចាំ។ កូនមាន់ចាប់ពីកើតបាន ១-៣ថ្ងៃបន្តក់វ៉ាក់សាំងអាយធូ បន្ទាប់មកអាយុពី៧-១០ថ្ងៃប្រើវ៉ាក់សាំងការពារអុត ពេលមាន់មានទមងន់០,៥គីឡូ ក្រាម ចាក់វ៉ាក់សាំងការពារជំងឺអាសន្នរោគជាចុងក្រោយ។

២. លទ្ធផល

ក្រោយពីការចិញ្ចឹមផ្ដល់ចំណីចំរុះទៀងទាត់ ការពារនិងព្យាបាលបានល្អ គាត់សង្គេតឃើញថា មាន់មានការលូតលាស់ដូចខាងក្រោម៖

  • កូនមាន់ ១៥០ក្បាល ទំងន់ ០,២ គីឡូក្រាម រយ:ពេលលូតលាស់៣០ថ្ងៃ
  • មាន់យកសាច់ ១៩៩ក្បាល​ ទំងន់ ១ គីឡូក្រាម រយ: ពេលលូតលាស់៦០ថ្ងៃ
  • មេមាន់ ២០ក្បាល ទងន់ ១,៥ គីឡូក្រាម រយ:​ពេលលូតលាស់ ១៥០ថ្ងៃ
  • បាមាន់ ៣ក្បាល ទំងន់ ​៣ គីឡូក្រាម រយ:​ពេលលូតលាស់ ១៥០ថ្ងៃ។

៣. តារាងវិភាគចំណូលចំណាយ

មុខចំណាយ
ចំណី ២.៦៧៩.២០០រៀល
សាងសង់ទ្រុង (កាត់រំលោះ៣ឆ្នាំ) ៥៣៣.០០០រៀល
ពូជ ២០.០០០រៀល
ថ្នាំការពារ និងព្យាបាល ៧២០.០០០រៀល
សរុប ៣.៩៥២.២០០រៀល
ចំណូល
លក់មាន់ ១២.៥៤៤.៦០០រៀល
បរិភោគ ៩៦០.០០០រៀល
សរុបចំណូល ១៣.៥០៤.៦០០រៀល
ចំណេញ .៥៥២.៤០០រៀល

៤. ចំណាប់អារម្មណ៍របស់កសិករ

លោកពូមានចំណាប់អារម្មណ៍ថា ការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ​ ធ្វើឲ្យមាន់លូតលាស់លឿនឆាប់បានលក់។​ ក្រោយពីឃើញលទ្ធផលល្អបែបនេះ គាត់បានគិតថាគាត់នឹងធ្វើការពង្រីកកន្លែងចិញ្ចឹមបន្ថែម មានមុខរបរប្រចាំថ្ងៃ​ មានប្រាក់ចំណូលចូលគ្រួសារមិនចាំបាច់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅឆ្ងាយពីផ្ទះ ​មានពេលវេលាគ្រប់គ្រាន់សំរាប់គ្រួសារ និងអាចប្រកបការងារផ្សេងៗបាន។ ហើយគាត់ក៏បានផ្សព្វផ្សាយបច្ចេក​ទេសនេះ បន្តដល់អ្នកភូមិជិតខាងចំនួន ៥០គ្រួសារ។

សរុបគំនិតដែលគាត់បានអនុវត្តសំខាន់ៗមានដូចជា

  • ការសាងសង់ទ្រុងដាច់ដោយឡែកពីគ្នា និងការរៀបចំទ្រុងបំបែកកូន
  • ការផ្សំចំណីធម្មជាតិបន្លែបៃតង និងចំណីផ្សារ
  • ការប្រើថ្នាំការពារ​ និងព្យាបាល
  • ការធ្វើអនាម័យទ្រុង ស្នូកទឹក និងស្នូកចំណី
  • ការដាំដំណាំទ្រើងធ្វើជាម្លប់ ​និងផ្ដល់បន្លែបៃតង៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ផលិតកម្មដំណាំលើវាលស្រែនៅរដូវប្រាំង

រដូវដាំដុះដំណាំផ្សេងៗនៅលើវាលស្រែនឹងមកដល់ បន្ទាប់ពីការច្រូតកាត់ស្រូវរដូវវស្សារួចហើយ​។ ដើម្បីជាជំនួយដល់កសិករ ដែលមានគំរោងធ្វើការដាំដុះនៅដើមរដូវប្រាំង យើងមានជាគំនិតមួយចំនួនជូន​ដូចខាងក្រោមនេះ៖