លោក សំ រឿន ជាកសិកររស់នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានអាយុជាង ៥០ឆ្នាំ រៀនបានថ្នាក់ទី៨ថ្មី។ គាត់មានតួនាទីជាប្រធានសមាគមអភិវឌ្ឍន៍កសិកម្មភូមិត្រពាំងជ្រៃ ដែលសមាគមនេះកើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ដោយមានការគាំទ្រដំបូងពីអង្គការសេដាក។ សមាគមនេះចាប់ផ្តើមដំបូងមានសមាជិកចំនួន១២នាក់ បច្ចុប្បន្នមានសមាជិកចំនួន៤៦នាក់។ ទុនសន្សំដំបូងមានចំនួន១២ម៉ឺនរៀល បច្ចុប្បន្នទុនសន្សំកើនបាន ១២លានរៀល។ ភូមិត្រពាំងជ្រៃ មានគ្រួសារសរុបចំនួន១២០គ្រួសារ ក្នុងនោះមាន៣៣គ្រួសារ បាននឹងកំពុងដើរតាមផ្លូវដូចលោក សំ រឿន យ៉ាងពិតប្រាកដ ដែលធ្វើឲ្យជីវភាពធូរធារតាមរយៈការធ្វើស្រែយកផលស្រូវដ៏សន្ធឹកសន្ធាប់នោះ។ ក្នុងចំណោម ៣៣គ្រួសារនេះ ពួកគាត់បានសហការចងក្រងជាក្រុមផលិតស្រូវសរីរាង្គពូជក្រអូបលក់ជាសហគមន៍ដែលមួយឆ្នាំៗលក់បានចំនួន ១០០តោន ដោយមានការត្រួតពិនិត្យគុណភាព និងទទួលស្គាល់ពីស្ថាប័នចំនួន ៣ គឺ៖
- ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងទទួលស្គាល់ដោយអង្គការសេដាក
- ក្រុមហ៊ុនប៊ីស៊ីអេស (BCS) មកពីប្រទេសអាល្លឺម៉ង់ ដែលជាក្រុមហ៊ុនបញ្ជាក់គុណភាពផលិតផលសរីរាង្គធំជាងគេក្នុងពិភពលោក។ ការទទួលបានការបញ្ជាក់គុណភាពនេះ ធ្វើឲ្យស្រូវសហគមន៍កើនតម្លៃលើសពីធម្មតា ១០ភាគរយ
- ស្ថាប័នពាណិជ្ជកម្មយុត្តិធម៌ (Fair Trade) បានផ្តល់នូវតម្លៃថ្លៃខ្ពស់ជាងពាណិជ្ជកម្មធម្មតា ៤,៥% នៅពេលនាំចេញផលិតផលទៅលក់នៅប្រទេសអាមេរិក និងសហភាពអឺរ៉ុប។
- ភូមិនេះមានអ្នកចាប់អារម្មណ៍យ៉ាងច្រើនក្នុងការចូលរួមជាមួយសហគមន៍ម៉ាស៊ីនកិនស្រូវ (ស.ម.ស.) ដែលមានចំនួន ២០នាក់ មានទុន ១០លានរៀល។
សូមស្លេះត្រឹមនេះទាក់ទងនឹងព័ត៌មានសមាគមភូមិ។ យើងសូមធ្វើការស្វែងយល់ពីស្ថានភាពគ្រួសាររបស់គាត់ តាមរយៈផលិតកម្មស្រែខ្លឹម។ គាត់បានរៀបរាប់ថានៅឆ្នាំ២០០៥ គាត់មានដីស្រែចំនួន១ហិកតា ទិន្នផលស្រូវទទួលបាន ១,៨តោន មានគោ៦ ក្បាលជាកម្លាំងអូសទាញ និងសម្រាប់លក់ដូរ។ ដោយការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ គួបផ្សំនឹងជំនឿថា ធ្វើស្រែឲ្យបានល្អផលនឹងកើនបន្តជារៀងរាល់ឆ្នាំ បច្ចុប្បន្នទិន្នផលកើនដល់៣តោនក្នុង១ហិកតា ដែលធ្វើឲ្យជីវភាពរបស់គាត់កាន់តែប្រសើរឡើងជាលំដាប់។ តើអ្វីដែលសម្គាល់ថា ជីវភាពគ្រួសារគាត់ប្រសើរឡើង? គិតត្រឹមពេលនេះគ្រួសាររបស់គាត់មានធនធានជាច្រើនតាមរយៈការលក់ស្រូវខ្លឹមដូចជា ៖
- មានដីស្រែសរុបចំនួន ៤,៣ហិកតា ក្នុងនោះដីស្រែ ០,៥ហិកតា ផលិតសម្រាប់ហូប និង ៣,៨ហិកតា ផលិតសម្រាប់លក់ ទិន្នផលស្រូវជាមធ្យមទទួលបាន៣តោនក្នុង១ហិកតា
- មានគោចំនួន៦ក្បាល ទិញសម្រាប់ប្រើជាកម្លាំងពលកម្ម និងលក់ដូរធ្វើពាណិជ្ជកម្ម
- មានទុនសន្សំក្នុងសមាគមចំនួន២ ក្នុងភូមិ២ផ្សេងគ្នាចំនួន១០លានរៀល
- គាត់បានដាក់ទុនវិនិយោគក្នុងសហគមន៍ម៉ាស៊ីនកិនស្រូវចំនួន ៣,៤លានរៀល
- គាត់ឈប់ប្រើប្រាស់ជីគីមីតាំងពីឆ្នាំ២០០៦មកម្លេះ ដែលជាហេតុធ្វើឲ្យការចំណាយលើការធ្វើស្រែមានចំនួនតិចបំផុត។
គាត់បានបញ្ជាក់យ៉ាងលម្អិតពីការចំណាយ និងចំណូលក្នុងការធ្វើស្រែខ្លឹមលើផ្ទៃដីស្រែ១ហិកតាដូចតារាងខាងក្រោម៖
ល.រ. | មុខចំណាយ | ចំណាយ | សរុប |
១ | ជួលគេស្ទូង | ៣០ នាក់ X ១ ម៉ឺនរៀល | ៣០ ម៉ឺនរៀល |
២ | ជួលគេដកសំណាប | ៥ ម៉ឺនរៀល | |
៣ | ជួលគេភ្ជួរ ២ ដង | ៤០ ម៉ឺនរៀល | |
៤ | ជួលគេច្រូត | ២០ ម៉ឺនរៀល | |
៥ | ជួលគេរែកដីដំបូក | ៦ ម៉ឺនរៀល | |
៦ | ជួលគេដឹកកណ្តាប់ | (ដឹកខ្លួនឯងខ្លះ) | ៩ ម៉ឺនរៀល |
សរុបចំណាយក្នុង ១ ហិកតា | ១,១៩ លានរៀល |
ទិន្នផលស្រូវក្នុង ១ហិកតា ដែលទទួលបាន ៣.០០០គីឡូក្រាម X ១.៦០០រៀល = ៤,៨ លានរៀល។ តាមលទ្ធផលខាងលើមានន័យថា ចំណូល ៤,៨លានរៀល ដកចំណាយ ១,១៩លានរៀល គឺនៅសល់ ៣,៧លានរៀល ក្នុង១ហិកតា ជាទឹកប្រាក់ដែលគ្រួសារគាត់ចំណេញពីផលិតកម្មស្រូវ។ ដោយសារគ្រួសារគាត់មានដី ៣,៨ហិកតា ដូច្នេះគាត់បានចំណេញសរុបចំនួន ៣,៨ហិកតា X ៣,៧លានរៀល = ១៤,០៦លានរៀល ពីផលិតកម្មស្រូវ។ ដើម្បីកាន់តែច្បាស់យើងសាកល្បងគិតតាមរូបមន្តថ្លៃដើមដូចខាងក្រោម៖
ថ្លៃដើម | = | ចំណាយលើការទិញនិងជួល |
ផលិតផលដែលផលិតបាន | ||
ថ្លៃដើម | = | ១.១០០.០០០ រៀល | = | ៣៦៧ រៀល |
៣.០០០ គ.ក. |
តួលេខខាងលើបញ្ជាក់ថា លោក សំ រឿន ផលិតស្រូវក្នុង ១គីឡូក្រាម អស់ថ្លៃដើមចំនួន ៣៦៧រៀល គាត់លក់ជាសហគមន៍បានតម្លៃចន្លោះពី ១.៥០០រៀលទៅ ១.៧០០រៀលក្នុង ១គីឡូក្រាម។ ដូច្នេះផលចំណេញក្នុងការផលិតស្រូវ ១គីឡូក្រាម ស្មើនឹងថ្លៃលក់ ១ ៦០០រៀល ដកថ្លៃដើម ៣៦៧រៀល = ១.២៣៣រៀល។
តើហេតុអ្វីបានជាគាត់ទទួលបានផលចំណេញយ៉ាងច្រើនពីការធ្វើស្រែ ?
- គាត់ប្រើប្រាស់តែជីធម្មជាតិ (ជញ្ជ្រាំង ជីស្រស់ លាមកសត្វ ដីដំបូក) ដែលមានក្នុង ភូមិរបស់គាត់
- ទុកពូជ ជ្រើសរើសនិងបន្សុទ្ធពូជស្រូវដោយខ្លួនឯងជារៀងរាល់ឆ្នាំ
- ប្រើប្រាស់កម្លាំងពលកម្មក្នុងគ្រួសារខ្លះ និងជួលអ្នកខាងក្រៅខ្លះ ពេលមានតម្រូវការចាំបាច់
- អត់មានចំណាយលើការទិញជីគីមីយកមកប្រើប្រាស់នៅក្នុងផលិតកម្មស្រូវទេ។
លទ្ធផលខាងលើបង្ហាញឲ្យឃើញថា ការធ្វើស្រែដោយធ្វើឲ្យប្រាកដនាំឲ្យបានផលច្រើនតែអ្វីដែលកសិករត្រូវយកចិត្តទុកដាក់បំផុត គឺត្រូវផលិតតាមគោលការណ៍ធម្មជាតិ ផលិតតែពូជដែលមានតម្លៃថ្លៃ និងមានតម្រូវការលើទីផ្សារ ដូចជាពូជផ្កាម្លិះជាដើម បើកសិករផលិតពូជធម្មតាៗ តម្លៃទទួលបានធម្មតា គឺតែ ៨០០ទៅ ១.០០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម បើផលិតពូជស្រូវក្រអូបតាមគោលការណ៍ធម្មជាតិលក់បានតម្លៃពី ១.៥០០រៀលទៅ ១.៧០០រៀល។ បើមិនជឿកសិករអាចធ្វើការសាកល្បងដោយខ្លួនឯង និងធ្វើការប្រៀបធៀបដោយស្រែមួយធ្វើតាមរបៀបធម្មតា ពូជធម្មតា និងស្រែមួយទៀតធ្វើតាមវិធីសាស្ត្រស្រែខ្លឹម និងធ្វើពូជស្រូវក្រអូប ដូច្នេះយើងនឹងទទួលនូវលទ្ធផលខុសគ្នាមិនខាន។ តាមរយៈបទពិសោធន៍នេះ គាត់អំពាវនាវដល់កសិករទូទាំងប្រទេស ឲ្យអនុវត្តបច្ចេកទេសស្រែខ្លឹម ពីព្រោះមានតែបច្ចេកទេសនេះទេ ដែលជួយឲ្យកសិករមានជីវភាពធូរធារ ក្នុងផលិតកម្មស្រូវ ដោយសារការចំណាយលើថ្លៃដើមទាប លក់ស្រូវបានថ្លៃ និងធ្វើឲ្យជីជាតិដីកាន់តែល្អប្រសើរជាលំដាប់។ តាមរយៈចំណាប់អារម្មណ៍បន្ថែមពីអ្នកស្រី អុក ទូច ជាភរិយារបស់គាត់បានបញ្ជាក់បន្ថែមថា ការធ្វើស្រែខ្លឹមពិតជាមានប្រយោជន៍មែន ដោយពួកគាត់ទទួលបានផលស្រូវកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ និងលក់បានតម្លៃថ្លៃ។ គាត់សប្បាយចិត្តរួមគ្នាជាមួយក្រុមគ្រួសារដើម្បីបន្តការងារនេះឲ្យកាន់តែល្អ និងពង្រីកផ្ទៃដីធ្វើស្រែខ្លឹមនេះបន្ថែមទៀត។
អ្វីដែលគ្រួសារគាត់ប្រថ្នាចង់ឃើញឲ្យកើតមាននៅឆ្នាំ២០២២ រួមមាន៖
- មានដីស្រែ ១០ហិកតា ទិន្នផលស្រូវយ៉ាងហោចណាស់ឈានដល់ ៥ តោន ក្នុង១ហិកតា
- មានគោ១២ក្បាល ចិញ្ចឹមសម្រាប់ប្រើជាកម្លាំងអូសទាញនិងលក់
- ចំណូលពីសត្វ និងបន្លែនៅក្នុងកសិដ្ឋានរបស់ខ្លួនយ៉ាងហោចណាស់ ២០លានរៀល ក្នុង១ឆ្នាំ
- មានប្រាក់សន្សំក្នុងសមាគមយ៉ាងតិច ១០០លានរៀល
- មានទុនវិនិយោគក្នុងម៉ាស៊ីនកិនស្រូវសហគមន៍ចំនួន ៤០លានរៀលដោយ១ឆ្នាំដាក់វិនិយោគ ៤លានរៀល។
តាមរយៈបទពិសោធន៍ជាក់ស្តែងខាងលើ ខ្ញុំសង្ឃឹមថា បងប្អូនកសិករដទៃទៀតនឹងធ្វើការសាកល្បងដោយចាប់ផ្តើមអនុវត្តនូវវិធីសាស្ត្រធ្វើស្រែខ្លឹម យ៉ាងហោចណាស់លើដី ១០អារ និងពង្រីកបន្តិចម្តងៗជារៀងរាល់ឆ្នាំ ជាងនេះទៀតការផលិតតែពូជស្រូវក្រអូបមានតម្លៃថ្លៃ មានតម្រូវការលើទីផ្សារ គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់បំផុត។ មិនត្រឹមតែប៉ុណ្ណោះតាមរយៈការលក់ស្រូវ កសិករអាចទិញគោក្របីបន្ថែម ដើម្បីប្រើជាកម្លាំងអូសទាញ និងយកលាមកប្រើប្រាស់ជាជីធម្មជាតិមួយចំណែកទៀត ចំណូលពីការលក់ស្រូវកសិករអាចកាត់ដាក់សន្សំក្នុងក្រុមសន្សំ និងវិនិយោគក្នុងម៉ាស៊ីនកិនស្រូវបន្ថែមជារៀងរាល់ឆ្នាំ ទាំងអស់នេះនឹងជួយលើកមុខមាត់កសិករជានិរន្តរ។
សូមជូនពរលោក សំ រឿន ទទួលបានជោគជ័យ និងសម្រេចនូវសេចក្តីប្រាថ្នាក្នុងរយៈពេល៣ឆ្នាំខាងមុខ។ យើងខ្ញុំសង្ឃឹមថា ឧទាហរណ៍នេះ គឺជាពន្លឺមួយជួយជំរុញទឹកចិត្តកសិករនៅប្រទេសកម្ពុជាឲ្យអនុវត្តដើម្បីបង្កើនគុណភាពជីវិតឲ្យកាន់តែប្រសើរ៕