Home / ចំណេះដឹងទូទៅ / អៀង យ៉ន៖ អំពើជាវិជ្ជមាន ធ្វើឲ្យមានថ្ងៃនេះ

អៀង យ៉ន៖ អំពើជាវិជ្ជមាន ធ្វើឲ្យមានថ្ងៃនេះ

រំឭកពីអតីតកាល

ដោយផ្តើមជីវិតចេញពីត្រកូលកសិករក្រីក្រជាងគេ កំព្រាឪពុកម្តាយ សូម្បីតែផ្ទះ​ដែល​​ជ្រកនៅ គឺធ្លុះធ្លាយមើលពីលិចធ្លុះ​ទៅ​កើត​ ដំបូលប្រក់មេឃ ពេលទៅរៀន​អត់មាន​មិត្រភ័ក្ត្រ គេមិនរើសអើងប្អូនទេ តែប្អូនទេ​ដែលរើសអើងគេ ដោយ​សារ​ប្អូនក្រពេក អត់​ហ៊ានទំនាក់ទំនងជាមួយគេ។ ពេលទៅរៀន​ត្រូវដើរដោយថ្មើរជើងចំងាយ ៧គីឡូម៉ែត្រ ព្រឹក-ល្ងាច។ ខោអាវមានតែ ២ កំប្លេក្នុង១ឆ្នាំ ដោយ​ត្រូវបោកគក់រាល់ថ្ងៃសម្រាប់ផ្លាស់ប្តូរទៅ​រៀន។ ពេលខ្លះត្រូវដាច់បាយដោយ​សារ​គ្មាន​អង្ករ​ច្រកឆ្នាំង។ គ្មានសៀវភៅសរសេរទេ ត្រូវ​សុំ​សៀវភៅដែលគេសរសេរ​សល់ យកមកកាត់ហើយផ្គុំគ្នាដើម្បីយកមកសរសេរ។ ប្អូនប្រុស អៀង យ៉ន ដែលមានស្រុកកំណើតនៅភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានខិតខំប្រឹងប្រែង​ តស៊ូព្យាយាម រហូតទទួលជោគជ័យក្នុងជីវិតដោយមានផ្ទះនៅសមរម្យ មាន​ការងារ​ធ្វើ មានប្រពន្ធកូនរស់នៅប្រកបដោយសុភមង្គល​ មានការទទួលស្គាល់ ​និងគោរព​ស្រឡាញ់ពីកសិករនៅតាមតំបន់គោលដៅធ្វើការ ជាងនេះទៀត ប្អូនបានជួយបណ្តុះទឹកចិត្ត​កសិករនៅតាមជនបទ និងអ្នកដែលរស់នៅជាមួយមេរោគអេដស៍ឲ្យមានសេចក្តីសង្ឃឹម​ក្នុង​ជីវិត ព្រមទាំងមានមុខរបរសមរម្យផង​ដែរ។

ប្អូនប្រុស អៀង យ៉ន បានរៀបរាប់ពីប្រវត្តិរបស់ខ្លួនថា នៅពាក់កណ្តាលឆ្នាំ១៩៩៩ អង្គការសេដាក បានចុះអភិវឌ្ឍន៍ភូមិរបស់ប្អូន។ ថ្ងៃមួយអង្គការសេដាក បានបំផុសប្រជា​កសិករ​នៅភូមិឲ្យដាំដើមឈើនៅតាមផ្លូវក្នុងភូមិ តែពេលដាំដល់ព្រំប្រទល់មុខ​ផ្ទះ​របស់​ខ្លួនក៏ឈប់ដាំ ឃើញដូច្នេះ ប្អូនក៏រត់ទៅដកកូនស្តៅ និងកូនអង្កាញ់មកដាំបន្តនៅតាម​ផ្លូវមុខផ្ទះរបស់ខ្លួន។ ចាប់ពីពេលនេះមក បានធ្វើឲ្យប្អូនមានទំនាក់ទំនងជាមួយអង្គការសេដាក​​ រហូតក្លាយជាបុគ្គលិកអង្គការសេដាក ដល់បច្ចុប្បន្ននេះ។

អំពើជាវិជ្ចមានមួយធ្វើឲ្យប្អូនមានថ្ងៃនេះ…តើទំនាក់ទំនងរបស់ប្អូនជាមួយអង្គការសេដាកមានន័យដូចម្តេច?

•មានន័យថា ចាប់ពីពេលនោះមក អង្គការសេដាក បានអញ្ជើញប្អូនឲ្យចូលរៀនកសិកម្មតាមគោលការណ៍ធម្មជាតិ ជាពិសេសផ្តល់សៀវភៅឲ្យអាន «មេរៀនពីធម្មជាតិ» ដែលធ្វើឲ្យ​ប្អូន​យល់ពីប្រព័ន្ធទំនាក់ទំនងនៅក្នុងធម្មជាតិ ដែលជួយទ្រទ្រង់គ្នាទៅវិញទៅមក ធ្វើឲ្យប្អូន​រៀបចំជាកសិដ្ឋានចំរុះនៅកសិដ្ឋានរបស់ប្អូនផ្ទាល់ បច្ចុប្បន្ននេះដីភូមិរបស់ប្អូន មានដើមឈើហូបផ្លែ និង​ដើមឈើពហុប្រយោជន៍ប្រមាណ ១.០០០ដើម ដូចជាស្វាយ ក្រូច អង្កាញ់ ស្តៅ កន្ធំថេតជាដើម ដែលមិនត្រឹមតែផ្តល់ផលជាផ្លែផ្កាប៉ុណ្ណោះទេ គឺមានប្រយោជន៍ជារបង ជាជី​ធម្មជាតិ ជាអុសសម្រាប់ដុតចំអិនអាហារទៀតផង។

ជាបន្តបន្ទាប់ប្អូនបានធ្វើការស្ម័គ្រ​ចិត្ត និងរៀនសូត្របន្ថែម ដោយធ្វើការ​អនុវត្តជាក់ស្តែងជាមួយអង្គការសេដាក​តាមរយៈការហាត់សម្របសម្រួល ការ​ប្រជុំ ការរៀបចំសិក្ខាសាលា រៀនពីបច្ចេកទេសកសិកម្ម រៀនរៀបចំផែនការក្រុម សមាគម រៀនពី​របៀប​រៀបចំការគ្រប់គ្រង និងដឹកនាំសហគមន៍។ល។

  • •ខែមិថុនា ឆ្នាំ២០០២៖ ដោយ​សារ​ប្អូនធ្វើការបានល្អក្នុងការរៀប​ចំក្រុមនៅតាមភូមិ អង្គការសេដាកបានជ្រើសរើសប្អូនទៅទស្សនកិច្ច​នៅសាធារណ​​រដ្ឋបារាំងរយៈពេល ២១ថ្ងៃ។ តាមរយៈទស្សនកិច្ចនេះ ប្អូនបានរៀនសូត្រយ៉ាងច្រើន ដូចជាវិធីសាស្ត្រ​រៀបចំ​គ្រប់គ្រង​ និងដឹកនាំ​សហករណ៍​តាំងពីជាង ១០០ឆ្នាំមុន ដូច​ជា​សហករណ៍​សន្សំប្រាក់ សហករណ៍ចិញ្ចឹមជ្រូក សហករណ៍ផលិតទឹកដោះគោ សហករណ៍​ចិញ្ចឹមមាន់ សហករណ៍ធ្វើជីកំប៉ុស្ត និងសហករណ៍ផលិតដើម្បីទីផ្សារជាដើម។ ប្អូនមានចំណាប់​អារម្មណ៍​ថា ប្រទេស​បារាំងមានភាពរីកចម្រើនណាស់តាំងពីផ្លូវ ភ្លើង ទឹកមានតាំងពីទី​ក្រុង​​ដល់​ជនបទ។ ពេលបានឃើញប្រទេសគេធ្វើឲ្យប្អូនកាន់តែភ្លឺស្វាង និងមានទឹក​ចិត្ត​​ខិតខំ​​ប្រឹង​ប្រែងបន្ថែមទៀត ដើម្បីសាងជីវិតឲ្យប្រសើរឡើង និងត្រូវតែធ្វើ​អ្វីមួយ​នៅ​ក្នុងស្រុករបស់ខ្លួនឲ្យចេញជាផ្លែផ្កា។
  • •ខែតុលា ឆ្នាំ២០០២៖ មានឱកាសទៅទស្សនកិច្ចនៅប្រទេសថៃ បានរៀនសូត្រច្រើនពី​ការបន្សុទ្ធពូជស្រូវ របៀបធ្វើនិងប្រើប្រាស់ជីកំប៉ុស្តជាដើម។ ការបានចេញទៅក្រៅ​ប្រទេស ធ្វើឲ្យប្អូនយល់កាន់តែច្បាស់ពីការងារអភិវឌ្ឍជនបទ បើកជើងមេឃឲ្យប្អូនមើលឃើញវែងឆ្ងាយ និងទូលំទូលាយបន្ថែមទៀត​ ជាពិសេសការងារ​ដែលជួយឲ្យអ្នក​ក្រីក្រ​អាចអាស្រ័យខ្លួន​ឯងបាន។
  • •មានឱកាសទស្សនកិច្ចសិក្សា តាមបណ្តាខេត្តផ្សេងៗស្ទើរតែទូទាំងប្រទេសកម្ពុជា​ ថែម​ទាំងស្គាល់អង្គការជាច្រើន ទាំងអង្គការជាតិ និងអន្តរជាតិ ជាងនេះទៀតនៅដីភូមិរបស់ប្អូន​បាន​រៀបចំជាកសិដ្ឋានពហុប្រយោជន៍ ដោយបានជីកស្រះចំនួន ៣ស្រះ១សម្រាប់​ទាក់ទាញត្រីធម្មជាតិ។ ស្រះ២ទៀតចិញ្ចឹមត្រី ដែលមានចំនួន៧០០ក្បាល មានត្រី៣ប្រភេទ ដូចជាត្រីទីឡាព៉្យា ត្រីប្រា និងត្រីកាប។ ចិញ្ចឹមគោចំនួន១២ក្បាល ទុក​ជួយជាកម្លាំងពលកម្ម និងយកលាមកធ្វើជី។•   
  • នៅឆ្នាំ២០០៦ ប្អូនត្រូវបានអង្គការសេដាក ជ្រើសរើសជាបុគ្គ​លិកគម្រោង។ ក្នុង​ឱកាស​នោះ ប្អូនបានឆ្លៀតពេលរៀនថ្ងៃសៅ-អាទិត្យ ដោយទទួលបានបរិញ្ញាបត្រ​ជំនាញ​អភិវឌ្ឍជនបទនៅឆ្នាំ២០១០។ ​បន្តមកទៀតប្អូនបានធ្វើការក្នុងគម្រោងកែលម្អ​ជីវិតគ្រួសារក្រីក្ររស់នៅជាមួយមេរោគអេដស៍ ក្នុងស្រុកចំនួន​៣ ក្នុងខេត្តព្រៃវែង។ បច្ចុប្បន្ន​​នេះ​ប្អូនបានធ្វើជាអ្នកសម្របសម្រួលថ្នាក់ខេត្ត ក្នុងគម្រោងកសាងសហគមន៍ធន់ទ្រាំ​នឹង​បម្រែបម្រួលអាកាសធាតុនៅកម្ពុជា ដោយ​ធ្វើការ​ផ្ទាល់នៅស្រុកចំនួន៤ ក្នុងខេត្ត​ព្រៃវែង ដែលប្អូនគ្រប់គ្រងបុគ្គលិកចំនួន៩​នាក់ដោយផ្ទាល់។
  • ប្អូនបានសង្កត់ធ្ងន់ថា អង្គការសេដាក​ បានជួយតម្រង់ទិស ​និងលើកទឹកចិត្តប្អូន​យ៉ាង​ច្រើន ដូចជាការអភិវឌ្ឍខ្លួនឯង បណ្តុះទឹកចិត្តឲ្យមានក្តីសង្ឃឹមក្នុងជីវិត បច្ចេកទេស​កសិកម្ម ការបង្កើនគុណភាពជីវិត ភាពជាអ្នកដឹកនាំជាដើម។ សេដាកបង្ហាញផ្លូវ​ទៅ​រកបឹង តែខ្លួនប្អូនផ្ទាល់ បានដើរតាមផ្លូវនោះទៅរកបឹងដោយខ្លួនឯង។ បច្ចុប្បន្នប្អូនបាន​រក​បឹងនេះ​ឃើញហើយ។

ប្អូនបានរំឭកឡើងវិញថា ប្អូនចាប់ផ្តើមធ្វើអ្វីមួយដោយខ្លួនឯងឲ្យលេចធ្លោ បន្ទាប់មក ធ្វើការផ្សព្វផ្សាយដល់អ្នកភូមិ ជាពិសេសយុវជនជនបទឲ្យធ្វើតាម។

  • កាលពីប្អូនស្ម័គ្រចិត្តជាមួយសេដាក នៅដើមឆ្នាំ២០០៤ (ពេលនោះអាយុ១៨ឆ្នាំ) ប្អូន​បានរៀបចំឲ្យមានក្រុមយុវកសិករវ័យក្មេងបានចំនួន២៩ក្រុម បច្ចុប្បន្នក្រុមខ្លះបាន​ក្លាយ​​ជាសមាគមភូមិ ដែលមានការងារសន្សំប្រាក់ជាសំខាន់។ ដោយឡែក​បច្ចុប្បន្ន​នេះ ទោះបីប្អូនដូរផ្ទះមករស់នៅខាងប្រពន្ធ​ឯភូមិឈើកាច់​ក៏ដោយ ក៏ប្អូន​នៅតែជា​សមាជិកសមាគមសន្សំនៅភូមិ​កំណើតរបស់ប្អូនដែរ។ ​ឯភូមិ​ជា​ស្រុក​កំណើតប្រពន្ធ ប្អូនបាន​ង្កើត​​ឲ្យ​មានសមាគមសន្សំប្រាក់​មួយ​ដែលមានសមាជិកចំនួន៤៧នាក់ ដែលសន្សំទុនបានចំនួន ២១៤ លាន​​​រៀល ដែលលុយសន្សំរបស់​គ្រួសារប្អូនមានចំនួន ៤០ លានរៀល

យោបល់ផ្តាំផ្ញើដើម្បីជួយឲ្យយុវជនជនបទមានជីវិតប្រសើរឡើង. ដើម្បីឲ្យយុវជនជនបទមានជីវិតប្រសើរឡើង យុវជនគួរតែ៖

  • •ធ្វើអ្វីមួយឲ្យច្បាស់លាស់ ធ្វើឲ្យរួចរាល់ ធ្វើការផងរៀនសូត្រផង ដោយប្រឹងប្រែងដោយ​ខ្លួនឯង គ្មាននរណាអាចជួយខ្លួនយើងជាងខ្លួនយើងនោះទេ។ អ្នកខាងក្រៅគ្រាន់តែ​ជាអ្នកជួយ​តម្រង់​ទិស។
  • •ត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ ឧទាហរណ៍. បើខ្លួនយើងជាសិស្សយើងត្រូវធ្វើអ្វី? បើខ្លួន​យើងជាយុវជន យើងត្រូវធ្វើអ្វី? បើខ្លួន​យើងជាអ្នកស្រែ ឬកសិករ​យើង​ត្រូវធ្វើ​អ្វី? បើយើងដឹងថា យើង​ត្រូវធ្វើអ្វី យើង​ត្រូវធ្វើឲ្យបានល្អ ​ធ្វើ​ដោយការប្តេជ្ញាចិត្តខ្ពស់ ធ្វើ​រហូត​ទាល់តែសម្រេច​បានជោគជ័យ។
  • ត្រូវមានក្តីសង្ឃឹមក្នុងជីវិត និង​ត្រូវ​ធ្វើ​អ្វី​មួយឲ្យជោគជ័យនៅ​ក្នុង​​ភូមិរបស់​ខ្លួន ទើបអាចមាន​ឥទ្ធិពល​​​ក្នុងការផ្សព្វ​ផ្សាយ​​ដល់ភូមិ​ដទៃ​ទៀតបាន។
  • •ត្រូវសន្សំប្រាក់សម្រាប់ត្រៀមប្រើ​ប្រាស់នៅក្នុងគ្រួសារ និងសម្រាប់​វិនិយោគនៅ​ពេល​ខាងមុខ។

អ្វីដែលចង់ម្រេចរយៈពេល ៥ ឆ្នាំខាងមុខ?

ក. ផែនការសម្រាប់គ្រួសារ

  • សន្សំប្រាក់ឲ្យបានចំនួន ១០.០០០ដុល្លារ សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និង​វិនិយោគ
  • ទិញដីស្រែចំនួន ០,៥ ហិកតា
  • ពង្រីកការចិញ្ចឹមគោឲ្យបាន ២០ក្បាល បន្ថែមទៀត។

ខ. ផែនការសម្រាប់សង្គម

  • ពង្រឹងសមាគមសន្សំប្រាក់ចំនួន៥០ ឲ្យរឹងមាំនៅស្រុកចំនួន៨ ដែលជួយជំរុញឲ្យ​ស្រុកនីមួយៗមានទុនសន្សំចាប់ពី ៥០០ លានរៀល​ឡើង និងសមាគមនីមួយៗ​ឲ្យ​មាន​ទុនទ្រទ្រង់យ៉ាងតិច ១០លានរៀល
  • រៀបចំឲ្យមាននិរន្តរភាពនូវមជ្ឈមណ្ឌលធនធានកសិករនៅស្រុកបាភ្នំ
  • ជំរុញការងារសហគមន៍ម៉ាស៊ីនកិនស្រូវនៅស្រុកចំនួន២ ឲ្យលេចធ្លោនិងជោគជ័យ

សរុបមកឃើញថា រយៈពេល១៥ឆ្នាំ ដែលប្អូន អៀង យ៉ន ចាប់ផ្តើម​ចេញ​ពី​ជីវិត​ទុរគតភាពគ្មានទីពឹងបាន​ប្រឹង​​ប្រែង​ធ្វើការនៅភូមិរបស់ខ្លួនផ្ទាល់ បន្ទាប់មកស្ម័គ្រចិត្ត ដើម្បីរៀនយក​ចំណេះ​​​​កសាងសមត្ថភាពតាមរយៈ​ធ្វើ​ការ​បណ្តើរ រៀនបណ្តើរ រហូត​កសាង​ខ្លួន មានការងារ​ធ្វើសមរម្យ ដែលអាចអាស្រ័យខ្លួនឯងបាន និងអាច​ជួយបណ្តុះនូវសេចក្តីសង្ឃឹម​​ដល់​អ្នកខ្សត់ខ្សោយ គឺជាចំណុចគួរឲ្យកោតសរសើរ។ យើងខ្ញុំរំពឹងយ៉ាងមុតមាំថា ឧទាហរណ៍នេះនឹងចូលរួមចំណែកជួយដល់យុវជនជនបទដទៃទៀត យក​ទៅ​ប្រើប្រាស់ ដើម្បីជួយឲ្យជីវិតកាន់តែរឹងមាំ និងជោគជ័យថែមទៀត៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ផ្លូវចេញ-ចូលតូចចង្អៀត ក្នុងស្ថានភាពដូចរូបភាពនេះ តើរថយន្តមួយណាមានសិទ្ធិអាទិភាពទៅមុន? សូមចុចមើលចម្លើយ

ប្រភពរូបភាព គេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន សហគមន៍សម្បូរសប្បាយ