Home / ព័ត៌មាន / លោក លឹម គង់៖ មួយជីវិតខ្ញុំគឺដើម្បីការងារអភិរក្សជួសជុល និងសង្គ្រោះប្រាសាទខ្មែរឲ្យល្អដូចពីបុរាណ!

លោក លឹម គង់៖ មួយជីវិតខ្ញុំគឺដើម្បីការងារអភិរក្សជួសជុល និងសង្គ្រោះប្រាសាទខ្មែរឲ្យល្អដូចពីបុរាណ!

មានស្រុកកំណើតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប លោក លឹម គង់ មានអាយុ៥៧ឆ្នាំ (២០១៩) បានចំណាយពេលអស់១៥ឆ្នាំ ជាអ្នកជួសជុលប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ បាត់ដំបង និងបន្ទាយមានជ័យ រហូតក្លាយជាអ្នកជំនាញរៀបថ្ម តថ្ម ដែលទទួលបានការងារជាហូរហែ ហើយបានបង្រៀនដល់អ្នកជំនាន់ក្រោយអំពីវិជ្ជាជីវៈជំនាញរបស់ខ្លួនទៀត​ផង។
សព្វថ្ងៃលោក លឹម គង់ កំពុងបំពេញភារកិច្ចជាមេក្រុមមួយផ្នែកលើការជួសជុលប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា។


បើទោះបីមិនមែនជាអ្នកជំនាញដែលទទួលបានការអប់រំថ្នាក់បរិញ្ញាបត្រ ឬបណ្ឌិតជំនាញជួសជុលប្រាសាទក៏ពិតមែន ក៏មេ ក្រុមជួសជុលប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិចរូបនេះ មានបទពិសោធន៍គ្រប់គ្រាន់ ច្បាស់លាស់ ក្នុងការតថ្ម រៀបថ្ម ដាប់ថ្ម លាយកាវ និងបង្រៀនកូនក្រុមអំពីការងារបានយ៉ាងល្អ។
ក្នុងនាមជាអ្នកជួសជុលប្រាសាទដូនតាមួយរូប លោក គង់ បានបង្ហាញនូវឆន្ទៈនិងក្តីស្រឡាញ់ចំពោះការងារថា «ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំចង់ធ្វើតែប្រាសាទ មួយជីវិតខ្ញុំនៅតែចង់បន្តធ្វើការងារនេះរហូតឲ្យតែនៅមានកម្លាំង ព្រោះខ្ញុំចង់ឲ្យបេតិកភណ្ឌពិភព​លោកកាន់តែរីកចម្រើនតទៅមុខ កុំឲ្យរលំបាក់បែក។ ខ្ញុំសោកស្តាយណាស់ ដែលប្រាសាទខ្មែរជាច្រើនខូចខាត ខ្ទេចខ្ទាំ ខ្ញុំចង់ជួសជុលថ្មីឲ្យបានល្អដូចបុរាណវិញ តាមសមត្ថភាពនិងការចេះដឹងរបស់ខ្ញុំ»។ 


លោកមេក្រុម គង់ បានបញ្ជាក់ដែរថា បទពិសោធន៍ការងារជាអ្នកជួសជុលប្រាសាទ គឺដំបូងឡើយលោកបានធ្វើការជាមួយអ្នកជំនាញចិន ដែលជួសជុលនៅប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ។ ក្រោយចប់គម្រោង លោកក៏បានបន្តការងារជាមួយអ្នកជំនាញឥណ្ឌានៅប្រាសាទតាព្រហ្ម និងជាមួយអ្នកជំនាញខ្មែរ ដែលធ្វើការជួសជុលនៅប្រាសាទបាសែត ប្រាសាទនៅអូរជីក និងនៅបន្ទាយឆ្មារ។ ការអនុវត្តជាប្រចាំនេះហើយ ដែលធ្វើឲ្យលោកអាចស្គាល់ពីគុណភាពថ្ម រៀបថ្មឲ្យជាប់មាំទាំ ជិតល្អ ដូច បុរាណ ហើយមានសមត្ថភាពអាចសង្គ្រោះប្រាសាទបុរាណបាន។


លោកក៏សង្ឃឹមថា មិនយូរទេប្រាសាទក្នុងប្រទេសខ្មែរនឹងទទួលបានការអភិរក្សជួសជុលឲ្យរួចផុតពីហានិភ័យ ហើយសូមឲ្យកូនខ្មែរទាំងអស់ចេះស្រឡាញ់ ការពារ ថែរក្សាប្រាសាទដូនតា ជាបេតិកភណ្ឌពិភពលោកទាំងអស់គ្នា។ ចំពោះលោកវិញ លោកមានមោទនភាពណាស់ ហើយប្តេជ្ញានឹងបន្តការងារនេះរហូត ព្រោះបានបន្សល់នូវស្នាដៃថ្មីលើវត្ថុបុរាណទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់៕

ប្រភព គេហទំព័រអាជ្ញាធរជាតិអប្សរា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។