កសិករ កាន់ ម៉េងជាង រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ គាត់បានសហការជាមួយអង្គការសេដាក តាំងពីឆ្នាំ២៩១២ មកម្លេះ។ បច្ចុប្បន្នគាត់មានតួនាទីជាកសិករបង្គោលក្នុងគម្រោង បង្កើនកម្រិតជិវភាពគ្រួសារកសិករក្រីក្រនៅក្នុងតំបន់ដីស្ងួតដែលងាយរងគ្រោះ ក្នុងខេត្តសៀម រាប និងត្បូងឃ្មុំ។ តាមរយៈការសហការ និងរួមផ្សំបទពិសោធន៍ផ្ទាល់ខ្លួនខ្លះៗ ធ្វើឲ្យគាត់មានបច្ចេកទេសល្អ ៗ ក្នុងការដាំដំណាំបន្លែចម្រុះដោយប្រើប្រាស់ជីធម្មជាតិ មិនប៉ះពាល់បរិស្ថាន និងសុខភាព។
១. បច្ចេកទេសរៀបចំសួនចម្រុះ
ផ្ទៃដីដែលបងប្រុសដាំបន្លែមានចំនួន ១៧អារ មានដូចជា ត្រសក់ ត្រឡាច សណ្តែកកួរ ត្រកួន ល្ហុង និងជីគ្រប់មុខជាដើម។ ក្នុងការដាំដំណាំនេះ គាត់បានបែងចែកផ្ទៃដីជាប្លង់ៗ និងធ្វើការលើកជារងទៅតាមប្រភេទដំណាំនីមួយៗ បើនិយាយពីប្រព័ន្ធដាំដុះមានលក្ខណៈដាំបណ្តាក់ ហើយដាំដុះគ្រប់រដូវ លើកលែងតែដំណាំត្រសក់គឺ គាត់ផ្អាកដាំដុះនៅ ខែវិច្ឆិកា ដល់ ខែមករា ដោយគាត់យល់ឃើញថា នៅចន្លោះខែនេះមានខ្យល់ខ្លាំងពិបាកដាំដុះ។
២. ការរៀបចំដី និងការដាំ
គាត់បានដាំបន្លែនៅលើផ្ទៃដី ១៧អារ ដោយបែងចែងប្លង់ ត្រសក់ ១០អារ, ត្រឡាច ៣អារ, សណ្តែកកួរ ៣អារ, ហើយបន្លែបន្ទាប់បន្សំមានល្ហុង ត្រកួន និងជីគ្រប់មុខ ១អារ។ គាត់បានភ្ជួរដីហាលរយៈពេល ៧ទៅ១០ថ្ងៃ បន្ទាប់មករាស់ម្តងទៀតដើម្បីឲ្យដីផុសល្អ ងាយស្រួលយកស្មៅចេញ និងលើកជារងទៅតាមប្រភេទដំណាំនីមួយៗ។
- ត្រសក់. រងនីមួយៗមានទទឹង ០,៩ម៉ែត្រ បណ្តោយ៥០ម៉ែត្រ គំលាតពីរងមួយទៅមួយមានប្រវែង ០,៥ម៉ែត្រ និងចន្លោះរណ្តៅដាំនៅលើរងមានប្រវែង ០,៧ម៉ែត្រ។
- សណ្ដែកកួរ. រងនីមួយៗមានទទឹង ០,៩ម៉ែត្រ បណ្តោយ៥០ម៉ែត្រ គំលាតពីរងមួយទៅមួយមានប្រវែង ០,៥ម៉ែត្រ និងចន្លោះរណ្តៅដាំលើរងមានប្រវែង ០,៣ម៉ែត្រ។
- ត្រឡាច. រងនីមួយៗមានទទឹង ១ម៉ែត្រ បណ្តោយ១២ម៉ែត្រ គំលាតពីរងមួយទៅមួយមានប្រវែង ១ម៉ែត្រ និងចន្លោះរណ្តៅដាំលើរងមានប្រវែង ១ម៉ែត្រ។
របៀបដាំ. ក្នុងការដាំប្រភេទដំណាំទាំង៣ខាងលើនេះ គឺប្រហាក់ប្រហែលគ្នា។ គាត់បានយកគ្រាប់ពូជហាលថ្ងៃ រួចយកគ្រាប់ពូជនោះទៅត្រាំទឹករយៈពេល១ម៉ោង បន្ទាប់មកស្រង់លាងសំអាតនឹងទឹកស្អាត ២ទៅ៣ដង ហើយផ្អាប់ទុក៣ទៅ៤ម៉ោងទើបគាត់យកទៅដាំ។ គាត់បានជីករណ្តៅជំរៅ ២តឹក ដោយដាក់ជីកំប៉ុស្តគោក ០,៥គីឡូក្រាម និងធ្យូងអង្កាម ០,៥គីឡូក្រាម រួចច្របល់ឲ្យសព្វ។ បន្ទាប់មកយកគ្រាប់ដាក់ដាំជំរៅ ១ថ្នាំងដៃ ដោយមួយរណ្តៅដាក់ ២ទៅ៣គ្រាប់ រួចលុបដីសើរៗពីលើគ្រាប់។ បន្ទាប់មកទៀតគាត់បានយកកំទេចចំបើងគ្របរងដើម្បីរក្សាសំណើមដី និងការពារកុំឲ្យខ្ទាតត្រូវពន្លកស្លឹកនៅពេលស្រោចទឹក និងធ្វើឲ្យដីមិនសូវហាប់ពេលមានភ្លៀងធ្លាក់។
៣. ការថែទាំ
- ចំពោះត្រឡាចឡើងទ្រើងបានប្រវែង ១ម៉ែត្រ ទៅ ១,៥ម៉ែត្រ គាត់បានកាត់ពន្លកត្រួយដើម្បីឲ្យត្រឡាចបែកខ្នែងបានច្រើន។ រីឯសណ្តែកកួរវិញពេលដុះបានប្រវែង ២,៥ម៉ែត្រ គាត់បានធ្វើការកាត់ស្លឹកក្រោមចេញ ដើម្បីឲ្យការលូតលាស់បានលឿន។
- ការដាំបន្លែនេះ គាត់បានធ្វើការស្រោចស្រពដោយប្រើទឹកស្រះ និងទឹកអណ្តូង មួយថ្ងៃស្រោច២ដង នៅរដូវប្រាំង។
- គាត់បានប្រើធ្យូងអង្កាមសំរាប់ដាំដំណាំ ដើម្បីរក្សាសំណើមដីឲ្យផុសល្អ និងផ្តល់ជីវជាតិដល់ដំណាំ។
- ស្រោចមេជីធម្មជាតិសំរាប់បំប៉នដំណាំឲ្យលូតលាស់ និងមានសុខភាពល្អ នៅពេលដំណាំមានអាយុ១០ទៅ១៥ថ្ងៃ ស្រោចក្នុងមួយសប្តាហ៍ម្តង។ មេជីទឹកគាត់បានផ្សំឡើងពីទន្ទ្រានខែត្រ៣គីឡូក្រាម ដោយកាត់ជាកំណាត់ខ្លីៗផ្អាប់ទុកក្នុងធុង៧ថ្ងៃ រួចយកទៅលាយជាមួយស្កររងូ ឬស្ករត្នោតចំនួន១គីឡូក្រាម ទឹក១០លីត្រ រួចកូរវាឲ្យសព្វ។ បន្ទាប់មកផ្អាប់ទុករយៈពេល៣ថ្ងៃអាចប្រើបាន។
របៀបប្រើ. យកមេជីទឹក ៣ទៅ៥ស្លាបព្រាបាយ លាយទឹក១០លីត្រ រួចស្រោចលើដំណាំ (តែស្រោចនៅពេលល្ងាច)។
- ចំពោះសត្វល្អិត និងជំងឺ គាត់បានប្រើថ្នាំពុលផ្សំពីរុក្ខជាតិ (ស្លឹកស្ដៅ គ្រាប់ស្លែង វល្លិ៍បណ្តូលពេជ្រ ដែលមួយមុខ៣គីឡូក្រាម ផ្អាប់ទុក២ទៅ៣សប្តាហ៍ អាចប្រើបាន)។ ប្រើទឹកថ្នាំ១ផ្តិល (ផ្តិលតូច) លាយជាមួយទឹក២០លីត្រ បាញ់លើដំណាំនៅពេលមានសត្វល្អិតមកបំផ្លាញ។
- ត្រួតពិនិត្យជាប្រចាំក្នុងការជ្រោយដី ធ្វើស្មៅនិងប្រមូលកំទេចចំបើង ស្លឹកចេក ចំបើងគ្របគល់ដំណាំ។
៤. ការប្រមូលផល
ក្រោយពេលបន្លែមានអាយុ ៣៥ទៅ៦០ថ្ងៃ គាត់ចាប់ផ្តើមប្រមូលផលជាបណ្ដើរៗ។ ដំណាំសំខាន់ៗមានចំនួន ៣មុខ៖
- ត្រសក់ប្រមូលផលដំបូងមានអាយុកាល ៣៥ថ្ងៃ ដោយ១ថ្ងៃប្រមូលផលបានជាមធ្យម ៧០គីឡូក្រាម (តម្លៃលក់ដុំ ១គីឡូក្រាម ស្មើ ១.១០០រៀល តម្លៃលក់រាយ១គីឡូក្រាមស្មើ ១.៥០០រៀល) ហើយគាត់ប្រមូលផលបានរយៈពេល២០ថ្ងៃ។
- សណ្តែកកួរ ប្រមូលផលនៅអាយុ៦០ថ្ងៃ ដោយ១ថ្ងៃប្រមូលផលបានជាមធ្យម ៣-៥គីឡូក្រាម (តម្លៃលក់ដុំ ១គីឡូក្រាមស្មើ ១.០០០រៀល តម្លៃលក់រាយ ១គីឡូក្រាមស្មើ ២.០០០រៀល) ហើយគាត់ប្រមូលផលបានរយៈពេល ៣០ថ្ងៃ។
- ត្រឡាចប្រមូលផល នៅពេលវាមានអាយុ ៦០ថ្ងៃ ដោយ១ថ្ងៃប្រមូលផលបានជាមធ្យម ៣-៥ផ្លែ តម្លៃលក់រាយ ១ផ្លែស្មើ ១.៥០០រៀល ហើយគាត់ប្រមូលផលបានរយៈពេល ៣០ថ្ងៃ។
៥. ការវិភាគចំណូល-ចំណាយ
ដើម្បីឲ្យមានភាពងាយស្រួលក្នុងការតាមដាន រាល់ការចំណាយចំណូលនៃផលិតកម្មបន្លែខាងលើនេះ គាត់បានធ្វើតារាងកត់ត្រាចំណាយផ្សេងៗ និងចំណូលជាប្រចាំ ដើម្បីឲ្យដឹងថា ការអនុវត្តរបស់គាត់ធ្វើទៅ ខាត ឬ ចំណេញ?
ការចំណាយជាមធ្យម | ចំណូលដុលជាមធ្យម |
|
|
ចំណាយសរុប ៣៣៥.០០០រៀល | ចំណូលសរុប ២.០៤០.០០០រៀល |
ប្រាក់ចំណេញសុទ្ធ ១.៧០៥.០០០រៀល |
៦. ចំណាប់អារម្មណ៍
ក្រោយពីធ្វើការដាំដុះដំណាំចម្រុះរួចមក បងប្រុសមានសេចក្តីសប្បាយរីករាយ ដោយទិន្នផលដំណាំដែលគាត់បានដាំដុះទទួលបានផលខ្ពស់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងលក់បានប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារផងដែរ ហើយការផលិតមិនប៉ះពាល់សុខភាពដល់អ្នកដាំ និងអ្នកបរិភោគ។
គាត់មានផែនការសំរាប់ដាំ និងចិញ្ចឹមសត្វ បន្តដូចជា
- ពង្រីកផ្ទៃដីដាំដុះដំណាំចម្រុះពី ១៧អារ ទៅ ២៥អារ
- ពង្រីកការចិញ្ចឹមត្រីចម្រុះ
- បង្កើនការផលិតជីធម្មជាតិ (ជីកំប៉ុស្ត មេជីទឹក និងថ្នាំពុលធម្មជាតិ)
- ពង្រីកដីដាំអំពៅ និងឪឡឹក តាមគោលការណ៍ធម្មជាតិ៕