Home / ចំណេះដឹងទូទៅ / ជីវិតជោគជ័យរបស់បេក្ខជនសេដ្ឋីស្រុកស្រែ លោក អ៊ួន សុផល

ជីវិតជោគជ័យរបស់បេក្ខជនសេដ្ឋីស្រុកស្រែ លោក អ៊ួន សុផល

ជីវប្រវត្តិសង្ខេប

លោក អ៊ួន សុផល អាយុជិត ៦០ឆ្នាំ (២០១៩) រៀនថ្នាក់ទី៩ថ្មី ជាកសិកររស់នៅភូមិឃ្ជាយខាងលិច ឃុំតំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ គាត់ទទួលបានការគាំទ្រពីអង្គការ​ GTZ នៅឆ្នាំ១៩៩៩ និងគាំទ្រពីអង្គការសេដាក ឆ្នាំ២០០៥​ ជាពិសេសការគាំ​ទ្រ​​​ផ្នែកគំនិតស្មារតីបច្ចេកទេស និងចំណេះ​ដឹង​​ផ្សេងៗទៀត។​ មុន​សហការ​ជាមួយ​អង្គការ​សេដាក សម្រាប់ខ្លួនគាត់​ផ្ទាល់មិនមាន​ចំណេះដឹងគ្រប់គ្រាន់​​​លើការធ្វើកសិកម្ម ការដាំដុះដំណាំ ការធ្វើស្រូវ ចិញ្ចឹមសត្វ ដូច្នេះគាត់មិនមាន​ថវិកា​សម្រាប់​ផ្តល់​ឲ្យកូនទៅសាលារៀនបានគ្រប់គ្រាន់ទេ។ គាត់មានកូនចំនួន៧នាក់។ ដើម្បីផ្គត់ផ្គង់ជីវភាព​គ្រួសារ គាត់ត្រូវ​ទៅរកស៊ី​នៅខាងក្រៅ ដើម្បីបានប្រាក់ចំណូល និងកាប់ឈើធ្វើអុសលក់ ដែល​ធ្វើឲ្យសុខភាពរបស់គាត់ធ្លាក់ចុះ និងមានជំងឺគ្រុនចាញ់ជាបន្តបន្ទាប់។ បច្ចុប្បន្នគាត់បានធ្វើឲ្យខ្លួនគាត់ គ្រួសារ​របស់គាត់ មានការ​ប្រែប្រួលច្រើន ដូចជា​ការធ្វើស្រូវគឺទទួលបានទិន្នផលខ្ពស់ មានមុខមាត់​នៅក្នុងសង្គម គឺក្នុងភូមិគាត់ជា​ប្រធាន​សហគមន៍ភូមិ និងខាងក្រៅជាសមាជិកក្រុម​ប្រឹក្សាភិបាល​របស់អង្គការសេដាក និងជា​ទីប្រឹក្សា​បណ្តាញកសិករនិងធម្មជាតិ។

តើលោក អ៊ួន សុផល ទទួល​បានជោគជ័យអ្វីខ្លះ​ក្នុង​ជីវិត?

លទ្ធផលសំខាន់ៗ តាមរយៈការសាកសួរពីប្រវត្តិការកសាងខ្លួន កសាងគ្រួសារ និងចូលរួមចំណែកក្នុងកិច្ច​កសាងសហគមន៍ គាត់បាននិយាយដោយទឹកមុខ​ញញឹមថា៖ កូនរបស់គាត់៣នាក់ បានរៀនចប់មហាវិទ្យាល័យ និង២នាក់ទៀតកំពុងរៀន​បន្តយកអនុបណ្ឌិត និងកូន១នាក់កំពុងរៀនបរិញ្ញាប័ត្រ។ ប្រាក់ចំណូលធំ​សម្រាប់​​ផ្គត់ផ្គង់​​​កូនរៀន​​​បានមក​ពីកសិកម្ម។

បច្ចុប្បន្ននេះគាត់មានដី៧ហិកតា (មានព្រៃ ០,៥ហិកតា ដែលជួយដល់ការផ្គត់ផ្គង់ជី​​ធម្មជាតិ ជម្រកសត្វ រុក្ខជាតិឱសថ ការប្រើប្រាស់ប្រចាំថ្ងៃជាដើម) មានគោ១២ក្បាល មាន​ជូ្រក៣ក្បាល មានមាន់២០០ក្បាល មានទា៣០ក្បាល មានស្រះចំនួន៥ ក្នុងនោះ​ស្រះ​ចំនួន​៤ជាស្រះទាក់ទាញត្រីធម្មជាតិ និងស្តុកទឹកសម្រាប់កសិកម្ម និងស្រះ១ទៀតសម្រាប់​ចិញ្ចឹមត្រី​ដែលមានត្រីចំនួន ៥.០០០ក្បាល មានឡជីវឧស្ម័នទំហំ៦ម៉ែត្រត្រីគុណ ចិញ្ចឹមជន្លេនក្រហម ​មាន​​អណ្តូង​​​ស្នប់ មានពាងទឹកចំនួន៥ និងមានអាងស្តុកទឹកធំមួយ។

ជាងនេះទៀត គ្រួសាររបស់គាត់មានលុយសន្សំក្នុងសហគមន៍ភូមិចំនួន៤០លានរៀល បាន​​បង់ថវិកាទ្រទ្រង់ «ស២២» ចំនួន ៥០.០០០រៀល នៅឆ្នាំ២០១៥។ គាត់បានចូលទុន​វិនិយោគ​លើសហគមន៍ម៉ាស៊ីនកិន​ស្រូវ​ចំនួន២លានរៀល ជួយចលនាកសិករក្នុងភូមិ ជាពិសេស​ស​​មាជិកសហគមន៍​ចូលទុនកសាងសហគមន៍ម៉ាស៊ីន​កិន​ស្រូវ​បានចំនួន១១លានរៀល និងចូលទុន​សម្រាប់​​សហគមន៍សន្សំ​ថ្នាក់ជាតិ​ចំនួន១លានរៀល។ គាត់បានរៀបរាប់បន្តទៀតថា ​កន្លង​មក​គាត់ធ្លាប់ធ្វើ​ជា​ប្រធាន​បណ្តាញកសិករនិងធម្មជាតិ (FNN) ចំនួន២អាណត្តិរយៈពេល៦ឆ្នាំ ដែលជាកិច្ចការមួយ​សំខាន់ក្នុងការជួយឲ្យកសិករមានជីវភាពធូរធារ តាម​រយៈ​ការអនុវត្តនូវ​បច្ចេកទេស​កសិកម្ម​តាម​គោលការណ៍​ធម្មជាតិ​ និងមានបណ្តាញទំនាក់ទំនង​ពី​ខេត្តមួយទៅ​ខេត្តមួយ។​ គាត់ធ្លាប់​ធ្វើជាប្រធានសមាគមកសិករអាស៊ី (AFA) រយៈពេល២ឆ្នាំ ដែល​មានសមាជិកចំនួន១០ប្រទេស។ ធ្លាប់ទៅប្រទេសក្រៅចំនួន ១៥ ដើម្បីចូលរួមប្រជុំ ទស្សនកិច្ច​សិក្សា មានដូចជា អ៊ីតាលី ហ្វីលីពីន វៀតណាម ថៃ ឡាវ ឥណ្ឌូនេស៊ី បារាំង ជប៉ុន អាមេរិក កូរ៉េខាងត្បូង តៃវ៉ាន់ ម៉ាឡេស៊ី ហូឡង់ ប្រេស៊ីល និងប្រទេសស្វីស។ ការមានឱកាសចេញទៅក្រៅប្រទេសបាន​ធ្វើឲ្យគាត់​មើល​ឃើញវែងឆ្ងាយ មានគំនិតទូលំទូលាយ មានទំនាក់ទំនងច្រើនទាំងក្នុងនិងក្រៅ​ប្រទេស ជាពិសេសមានគំនិតចង់ជួយសហគមន៍ខ្លួន​ឯង និងកសិករខ្មែរឲ្យក្លាយជាអ្នកមាន។

ភូមិរបស់គាត់មានចំនួន១៧៩គ្រួសារ ហើយគ្រួសារទាំងអស់បានចូលរួមក្នុង​សហគមន៍សន្សំប្រាក់​ និងមានទុនសន្សំសរុបចំនួន ៤៧០លានរៀល មានទុនទ្រទ្រង់ចំនួន១៦លានរៀល និងស្រូវរួមចំនួន២៧តោន។ មានឃ្លាំងស្រូវទំហំ ៤ x ៦ម៉ែត្រ ដីសហគមន៍ទំហំ៧០អារ អគារសហគមន៍ទំហំ ៦ X ១២ម៉ែត្រ ដែល​បំពាក់​ដោយសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ មានបន្ទប់ទឹកសហគមន៍ មានសាលារៀនសហគមន៍ដែលមាន​កូនសិស្សនៅតាមភូមិចំនួន៣៦នាក់ បានចូលរៀន​ពីចំណេះដឹងទាក់ទង​នឹង​ការអភិវឌ្ឍ​សហគមន៍ ចំណេះដឹងជីវិត និងចំណេះដឹងកសិកម្ម។

គន្លឹះសំខាន់ៗដើម្បីឲ្យកសិករក្លាយជាអ្នកមាន

ទាញចេញពីមេរៀនជីវិតរបស់លោក អ៊ួន សុផល ដើម្បីឲ្យកសិករក្លាយជាអ្នកមានបាន ​កសិករគួរអនុវត្តនូវគំនិតសំខាន់ៗដូចខាងក្រោម៖

  • រៀនសូត្រជាប់ជានិច្ចពីបច្ចេកទេសកសិកម្ម ដែលផលិតនូវផលិតផលប្រកប​ដោយគុណភាព ចេះ​​ផលិតអ្វីមួយ​ដែលសមស្របទៅនឹងសក្តានុពលដែលខ្លួនមាន
  • ត្រូវចិញ្ចឹមសត្វដូចជា ជ្រូក មាន់ ទា គោ ដើម្បីបានចំណូលបន្ថែមជាពិសេស​យក​លាមក​ទុកធ្វើជីធម្មជាតិ
  • សន្សំទុនជាប្រចាំខែទៀងទាត់ និងចេះពន្យល់សមាជិកគ្រួសារឲ្យយល់ ដើម្បីឲ្យពួកគាត់ចូលរួមចំណែកក្នុងការសន្សំផងដែរ
  • ត្រូវចេះកត់ត្រាចំណូល ចំណាយគ្រួសារឲ្យបានច្បាស់លាស់
  • ត្រូវចេះទំនាក់ទំនងរកទីផ្សារ
  • អនុវត្តនូវគំនិតដែលបានរៀនឲ្យបានល្អ និងជោគជ័យ ដោយការធ្វើដោយសន្សឹមៗ និងគិតធំតែចាប់ផ្តើមពីតូច
  • ឈានមុខគេក្នុងការអនុវត្តគំនិតថ្មីៗដើម្បីធ្វើជាគំរូគេ
  • មានផែនការគ្រួសារ និងការអនុវត្តដោយច្បាស់លាស់ ជាពិសេសនិយាយ​នូវអ្វីដែល​ខ្លួនឯង​បានធ្វើ
  • ចេះផ្ទេរការងារឲ្យសមាជិកគ្រួសារធ្វើបន្តពេលខ្លួនមិននៅផ្ទះ
  • ចូលរួមប្រជុំជាមួយសហគមន៍ឲ្យបានទៀងទាត់ដើម្បីក្តាប់ពីភាពរីកចម្រើន និងជួយ​ដោះ​​ស្រាយបញ្ហាផ្សេងៗ
  • ចេះផ្ទេរការងារ និងពិភាក្សាជាប់ជានិច្ចជាមួយសមាជិកក្រុមការងារ។

ការរំពឹងទុករយៈពេល ៥ឆ្នាំ ខាងមុខ

ដោយសេចក្តីស្រឡាញ់មាតុភូមិរបស់គាត់យ៉ាងខ្លាំងនោះ លោក អ៊ួន សុផល រំពឹងថា ​រយៈពេល៥ឆ្នាំទៀត គាត់នឹងដឹកនាំមូលដ្ឋានរបស់គាត់ឲ្យមានផ្លែផ្កាដូចខាងក្រោម៖

  • មានប្រព័ន្ធស្រោចស្រពសម្រាប់ដំណាំកសិកម្ម និងប្រព័ន្ធទឹកស្អាតប្រើប្រាស់សម្រាប់អ្នកភូមិ
  • មានធនាគារកសិករដែលមានការិយាល័យស្តង់ដារ មានបុគ្គលិកធ្វើការ
  • មានអាហារដ្ឋានក្នុងភូមិ
  • មានមជ្ឈមណ្ឌលសម្រាប់មនុស្សចាស់
  • មានឃ្លាំង និងសហគមន៍ម៉ាស៊ីនកិនស្រូវថ្នាក់ស្រុក មានបុគ្គលិកជំនាញធ្វើ​ការសម្រាប់​កសិករ
  • មានសាលារៀនសម្រាប់បណ្តុះយុវជនលើជំនាញកសិកម្ម។

ខាងលើនេះ គឺជាឧទាហរណ៍មួយដែលបង្ហាញថា កសិករពិតជាអាចក្លាយជាអ្នកមាន​បាន ​ឬសេដ្ឋីស្រុកស្រែ ឬជាអ្នកដឹកនាំប្រកបដោយសក្តានុពល ការសំខាន់គឺការបណ្តុះនូវគំនិត​ល្អៗ ផ្តល់ឱកាសរៀន​សូត្រ និងអនុវត្តឲ្យបានច្រើន។ សូមជូនពរក្រុមគ្រួសារ និងសហគមន៍គាត់ទទួលបានជោគជ័យថ្មីៗថែមទៀត និង​ពង្រីក​ឱកាសជួយ​បណ្តុះ​​​បណ្តាលដល់សមាជិកសហគមន៍ ជាពិសេសយុវជននៅជនបទ ទទួល​បានជោគជ័យ​ដូច​គាត់ ​ឬលើស​គាត់ទៀត៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

កសិករគួរយល់ដឹង «រស្មីសំយោគ»

រស្មីសំយោគ គឺជាដំណើរការដែលកោសិការុក្ខជាតិចាប់យកថាមពលពន្លឺព្រះអាទិត្យ រួចប្រើប្រាស់ថាមពលនេះផលិតជាអាហាររបស់វាដើម្បីរស់។ រុក្ខជាតិដែលនៅក្រោមម្លប់តែងតែទេរទៅរកពន្លឺព្រះអាទិត្យ។ ប្រសិនបើរុក្ខជាតិទាំងនោះមិនអាចទទួលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ទេនោះ