Home / កសិកម្ម / បទពិសោធន៍ដាំត្រសក់ផ្អរ បានផលច្រើន (កសិករ ជួន នៅ)

បទពិសោធន៍ដាំត្រសក់ផ្អរ បានផលច្រើន (កសិករ ជួន នៅ)

អ្នកមីង ជួន នៅ មានសមាជិកគ្រួរសារ៧នាក់ គាត់ជាកសិកររស់នៅភូមិតាលាវ ឃុំតាសោម​ ស្រុកអង្គជុំ ខេត្តសៀមរាប។ គាត់បានអនុវត្តបច្ចេកទេសដាំត្រសក់ជារៀងរាល់ឆ្នាំ ផ្ទៃដីដែលគាត់ដាំ​ត្រសក់មានទំហំ១៦អារ។ ចំពោះបច្ចេកទេសសំខាន់ៗមានបង្ហាញជូនខាងក្រោម៖

១. ការជ្រើសរើសពូជ

ប្រភេទពូជដែលគាត់បានជ្រើសរើសមកដាំគឺ ពូជដែលមានតម្រូវការក្នុងទីផ្សារ ជាពូជដែលមិនទុកយូរថ្ងៃខែ។

២. ការត្រៀមពូជដាំ

គាត់រើសយកតែគ្រាប់ពូជណាដែលល្អមកលាយជាមួយថ្នាំការពារកណ្ដៀរ និងកណ្ដាំ បន្ទាប់មកយកវាទៅដាំផ្ទាល់តែម្ដង ដោយក្នុងមួយរណ្ដៅដាក់ ២គ្រាប់។

៣. ការរៀបចំដីនិងការដាំ

គាត់ភ្ជួរ និងរាស់ដី៣ ទៅ ៤ដង លើកទី១​ ដើម្បីពង្រាបដីឲ្យស្មើហើយរក្សាដីទុកចំនួន ៧ថ្ងៃ ដើម្បីឲ្យរលួយស្មៅ រួចលើកជា​រងចំនួន២០រង ដែលរងនីមួយៗមានទទឹង ០.៨តឹក បណ្ដោយ១២​​មែត្រ កំពស់ ១តឹក(រដូវវស្សា)។ ប្រើជីលាមកគោទ្រាប់បាទក្នុង​១រង ១២គីឡូក្រាម​រក្សាទុក៣ថ្ងៃទើបដាំ។ការដាំគាត់យកគ្រាប់​ពូជដែលបានសំអាតជាស្រេចទៅដាំដោយទុកចន្លោះគុម្ព៣តឹក​ ក្នុងមួយរងដោយដាំពីជួរ។ ស្រោចទឹកមួយថ្ងៃពីរដងមិនឲ្យសើមពេកទេ។

៤. ការប្រើប្រាស់ជី

គាត់បានផលិតជីសម្រាប់ដាក់ដំណាំដោយមាន លាមកគោ ទឹកនោមគោ ទឹកធម្មតា ដាក់ចូលគ្នាក្នុងពាងតែមួយ រួចរក្សាទុក​រយៈពេល៣ថ្ងៃ ទើបយកមកប្រើប្រាស់។ ក្រោយពេលសាបបាន ៧ថ្ងៃគាត់លាយជីដែលផ្សំនេះក្នុងបរិមាណទឹកជី​៤លីត្រ ​លាយទឹកធម្មតា៤ធុងផ្កាឈូក​ស្រោចដំណាំក្នុង១រង​។ នៅពេលត្រសក់អាយុ១៤ថ្ងៃស្រោចម្ដងទៀត។ ពេលត្រសក់ចាប់ផ្ដើមក្ដឹបគាត់បាចជី​លាមក​គោ បន្ថែមតាមរងដំណាំនីមួយៗ។ ៣ថ្ងៃក្រោយពីស្រោចទឹកជី គាត់បាញ់មេជីបំប៉នដែលផ្សំពីផ្លែឈើដែលទិញមកពីទីផ្សារ។

៥. ការថែទាំ

កន្លែងដែលគាត់ដាំត្រសក់នៅឆ្ងាយពីប្រភពទឹក ដូចនេះគាត់បានជីកស្រះដើម្បីស្តុកទឹកទុកប្រើប្រាស់ពេលគ្មានភ្លៀង។ ចាប់ពីដាំរហូតដល់អាយុ១៥ឆ្នាំ គឺស្រោចទឹកមួយថ្ងៃពីរដងពេលព្រឹក និងពេលល្ងាច។ បន្ទាប់មកស្រោចទឹកមួយថ្ងៃម្ដងពេលព្រឹក ហើយគ្របគល់ដោយចំបើង និងបោចស្មៅរហូតដល់​ប្រមូលផល។

៦. បច្ចេកទេសប្រមូលផល

នៅពេលត្រសក់មានអាយុ៤៥-៥០ថ្ងៃ គាត់ប្រមូលផលបានរៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃៗអាចទទួលផលបានចន្លោះពី ១០០ ទៅ ១៥០គីឡូក្រាមសំរាប់ម៉ូយប្រចាំផ្សារនៅផ្សារ។ ចំណូលសរុប(១.៥០០គីឡូក្រាម)១.៥០០.០០០រៀល (១គីឡូក្រាម លក់បានតំលៃ ១.០០០រៀល)។

៧. ចំណាប់អារម្មណ៍របស់កសិករ

លោកពូសប្បាយរីករាយជាមួយនឹងទិន្នផលដែលគាត់ទទួលបាន ពីព្រោះវាជាប្រភពចំណូលមួយសំរាប់គ្រួសារក្រៅពីការធ្វើស្រែនិងការងារផ្សេងទៀត ហើយវាជាមុខរបរមួយដ៏សំខាន់សំរាប់គ្រួសាររបស់គាត់ដោយមិនបាច់ធ្វើចំណាកស្រុករកការងារធ្វើខាងក្រៅ។ គាត់បានផ្សព្វផ្សាយនិងណែនាំដល់កសិករក្នុងភូមិឲ្យអនុវត្តតាម ព្រោះអាចទទួលផលបានយ៉ាងសមស្របសំរាប់គ្រួសារគាត់។

សរុបបទពិសោធន៍ល្អៗក្នុងការដាំត្រសក់ផ្អរមានដូចជា៖

  • ជ្រើសរើសពូជដាំតម្រូវការតាមទីផ្សារ
  • ធ្វើការសំអាតគ្រាប់ពូជមុនពេលយកទៅបណ្ដុះ
  • រៀបចំដី​ និងធ្វើរងដាំឲ្យបានត្រឹមត្រូវ
  • ប្រើប្រាស់ជីធម្មជាតិទ្រាប់បាត និងបំប៉ន
  • ថែទាំស្រោចទឹកឲ្យបានជិតដល់៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ផលិតកម្មដំណាំលើវាលស្រែនៅរដូវប្រាំង

រដូវដាំដុះដំណាំផ្សេងៗនៅលើវាលស្រែនឹងមកដល់ បន្ទាប់ពីការច្រូតកាត់ស្រូវរដូវវស្សារួចហើយ​។ ដើម្បីជាជំនួយដល់កសិករ ដែលមានគំរោងធ្វើការដាំដុះនៅដើមរដូវប្រាំង យើងមានជាគំនិតមួយចំនួនជូន​ដូចខាងក្រោមនេះ៖