អ្នកស្រី ទីវ ឆាត មានអាយុ ៦៩ឆ្នាំ រៀនបានថ្នាក់ទី៨ ពីសង្គមចាស់ សព្វថ្ងៃរស់នៅភូមិថ្មរាប ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អ្នកស្រីបានសហការជាមួយអង្គការសេដាក តាំងពីឆ្នាំ២០០៤ ជាពិសេសផ្តោតទៅលើការដាំបន្លែសរីរាង្គ (ដាំតាមគោលការណ៍ធម្មជាតិ) ផ្សាភ្ជាប់ជាមួយទីផ្សារនៅទីក្រុងភ្នំពេញ។ អ្នកស្រីមានការប្តេជ្ញាចិត្តខ្ពស់លើការដាំដុះបន្លែឲ្យបានជោគជ័យ។ លើផ្ទៃដី៧អារ ដែលពីមុនបានចំណូលតែ ២០ម៉ឺនរៀលក្នុង១ខែ បច្ចុប្បន្នទទួលបានរហូតដល់ ៧០ ទៅ ៨០ម៉ឺនរៀលក្នុង ១ខែ ដោយអនុវត្តតាមគោលការណ៍តូចតែខ្លឹម (ថ្នាំទិព្វគ្រាប់ទី២)។ គាត់បានរៀបរាប់ថា ដើម្បីក្លាយជាអ្នកអាជីពដាំបន្លែ យើងត្រូវរៀបចំចាត់ចែងយកចិត្តទុកដាក់នូវចំណុចសំខាន់ៗដូចខាងក្រោម៖
ក. រៀនពីបច្ចេកទេសដាំបន្លែទៅតាមប្រភេទឲ្យបានចេះស្ទាត់ ជាក់ស្តែងគាត់ដាំដំណាំច្រើនមុខដូចជា សាលាដ ត្រកួន ស្ពៃខ្មៅ សណ្តែកកួរ ត្រសក់ ម្រះ ត្រឡាច ជីគ្រប់មុខ ត្រប់វែង ស្លឹកងប់ ជាដើម។ ត្រូវដឹងពីប្រភេទដំណាំនីមួយៗមានរយៈពេលប៉ុន្មានថ្ងៃ ដាំពេលណា? ទុកពូជដូចម្តេច? ការថែទាំ ការប្រមូលផលដូចម្តេច?
ខ. រៀបចំដី រៀបចំប្រព័ន្ធទឹក និងរៀបចំប្រព័ន្ធរំដោះទឹកចេញពេលមានភ្លៀងច្រើន ជាពិសេសនៅរដូវវស្សារៀបចំឲ្យមានភ្លឺរបងការពារកុំឲ្យមានការបំផ្លាញពីសត្វផ្សេងៗ។ បើអាចធ្វើបានគួរធ្វើជារាន (ធ្វើពីឈើ បើអាចធ្វើពីស៊ីម៉ង់ត៍រិតតែល្អ ដែលធានានូវគុណភាពជាប់បានយូរ) សម្រាប់ដាំដំណាំដែលមានឫសខ្លីៗ។
គ. រៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពដំណាំ ធានាឲ្យបានពេញមួយឆ្នាំ ជាពិសេសគួររៀបចំប្រព័ន្ធទឹក ដែលជួយកុំឲ្យប្រើកម្លាំងច្រើនពេកក្នុងការរែកទឹក។
ឃ. ត្រៀមផលិតជីធម្មជាតិ ជាពិសេសជីកំប៉ុស្តគោក កំប៉ុស្តទឹក ជីទឹកនោមគោ
ង. ត្រៀមផលិតថ្នាំពុលធម្មជាតិដែលមានសារៈសំខាន់ក្នុងការបណ្តេញសត្វល្អិតបានមួយចំណែក។ វត្ថុធាតុដើមដែលគួរមានដូចជា៖ សំបកស្តៅ មើមក្តួច មើមប្រង់ សំបកស្លែង សំបកកន្ទួត គល់ស្លឹកគ្រៃ មើមរំដេង ខ្ទឹមស ម្ទេស។ល។ វត្ថុធាតុដើមទាំងនេះបើដាំទុកក្នុងសួនបន្លែរិតតែល្អងាយស្រួលយកមកប្រើប្រាស់។ ថ្នាំពុលធម្មជាតិដើរតួនាទីក្នុងការបណ្តេញសត្វល្អិតកុំឲ្យមកស៊ីដំណាំនិងមានតួនាទីជាជីធម្មជាតិ ធ្វើឲ្យដំណាំល្អផងដែរ។
ច. ត្រូវមានគម្របរងសម្រាប់រដូវវស្សា ការពារកុំឲ្យត្រូវទឹកភ្លៀងខ្លាំង និងរដូវប្រាំងកុំឲ្យត្រូវថ្ងៃខ្លាំងពេក។
ឆ. ចំណាយពេលថែទាំ ដកស្មៅ ដាក់ជីបំប៉ន ស្រោចទឹក និងចាប់ដង្កូវចេញ។ ជាទូទៅការបំផ្លាញពីដង្កូវធំៗនៅចន្លោះម៉ោង ៩ ទៅ ១០យប់ ដូចនេះអ្នកដាំដំណាំត្រូវដឹងនិងចាត់វិធានការឲ្យបានទាន់ពេលវេលា។
ជ. ពេលដំណាំផ្តល់ផលហើយ ត្រូវកាត់ឲ្យបានទាន់ពេលវេលាជៀសវាងដំណាំចាស់ពេក ខូចគុណភាពដែលធ្វើឲ្យតម្លៃទិន្នផលធ្លាក់ចុះ។
ឈ. ដើម្បីឲ្យផលិតផលបន្លែសរីរាង្គមានតម្លៃខ្ពស់អ្នកផលិតត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការផលិត ធ្វើឲ្យគេជឿជាក់។ ជាក់ស្តែងបន្លែរបស់គាត់លក់បានតម្លៃថ្លៃទាំងក្នុងភូមិ និងលក់នៅទីក្រុងភ្នំពេញដោយសារមានការទុកចិត្តពីអ្នកបរិភោគ។ អ្នកទិញសុខចិត្តចំណាយខ្ពស់ជាង បើធៀបនឹងបន្លែដែលគ្មានប្រភពច្បាស់លាស់។
ញ. ដើម្បីឲ្យការផលិតបន្លែមានបរិមាណច្រើន អាចផ្គត់ផ្គង់ទាន់ពេលវេលាអ្នកផលិតត្រូវចងក្រងជាក្រុមអ្នកផលិតបន្លែ ដែលអាចធានានូវតម្រូវការជាក់ស្តែងនិងចែងពីគោលការណ៍ផលិតឲ្យបានច្បាស់លាស់ តាមរយៈការជួបប្រជុំរៀបចំផែនការផលិតប្រភេទដំណាំត្រូវផលិត បរិមាណផលិត ពេលវេលាត្រូវផ្គត់ផ្គង់ដល់ទីផ្សារ តម្លៃ គុណភាព ជាដើម។ ក្រុមដាំបន្លែរបស់គាត់មានសមាជិកចំនួន៨នាក់ ដែលមានគាត់ជាជំហរក្នុងការសម្របសម្រួលរួម (ប្រធានក្រុម)។ គាត់បានបញ្ជាក់ថា សមាជិកទាំងអស់ត្រូវគោរពនូវគោលការណ៍រួម ជាពិសេសត្រូវគោរពការដាំដុះតាមបែបសរីរាង្គ បើសមាជិកណាម្នាក់មិនស្មោះត្រង់ ឬលួចប្រើប្រាស់ជីគីមី ថ្នាំពុលគីមី គឺត្រូវពិន័យជាទឹកប្រាក់ចំនួន៥០ម៉ឺនរៀល ហើយត្រូវបណ្តេញចេញពីក្រុមដោយគ្មានការតវ៉ាអ្វីទាំងអស់។
ភាពជោគជ័យរបស់អ្នកស្រី ទីវ ឆាត និងក្រុមការងារផលិតបន្លែរបស់គាត់បានធ្វើឲ្យមានការកោតសរសើរ និងពេញចិត្តពីអតិថិជន ភ្ញៀវជាតិ និងអន្តរជាតិដែលនាំឲ្យមានទស្សនកិច្ចសិក្សាប្រមាណ៤០ដង ដែលមានភ្ញៀវពីបរទេសចំនួន១៣ប្រទេស ដូចជាប្រទេសវៀតណាម ឡាវ នេប៉ាល់ អាល្លឺម៉ង់ ថៃ ភូមា ជាដើម។ ជាងនេះទៀតគាត់មានឱកាសទៅចែករំលែកបទពិសោធន៍នៃការដាំដុះបន្លែសរីរាង្គ នៅក្រៅប្រទេសផងដែរ ដូចជាប្រទេសថៃ និងវៀតណាម។
ជាបញ្ចប់អ្នកស្រីសំណូមពរដល់អ្នកភូមិបន្តនូវជំហររឹងមាំ ស្មោះត្រង់ ទទួលខុសត្រូវ ច្បាស់លាស់ពិតប្រាកដ និងសូមឲ្យមានអ្នកបន្តវេន ពីព្រោះអ្នកស្រីអាយុច្រើន ហើយស្វាមីរបស់គាត់ក៏កាន់តែចាស់ដែរ (អាយុ ៧៨ឆ្នាំ) ដែលតែងតែសហការជួយគាត់យ៉ាងពេញទំហឹងក្នុងការដាំដុះបន្លែធម្មជាតិនេះ។
ខ្លឹមសារខាងលើនេះ ជាឧទាហរណ៍ជោគជ័យមួយក្នុងចំណោមឧទាហរណ៍ជាច្រើនសម្រាប់កសិករខ្មែរនៅតំបន់ផ្សេងៗទៀតយកទៅអនុវត្តទៅតាមស្ថានភាពរបស់ខ្លួន ជាពិសេសគំនិតក្នុងការបំប្លែងខ្លួនជាអ្នកដាំបន្លែអាជីព ដែលត្រូវតែមានការខិតខំប្រឹងប្រែងព្យាយាម អំណត់ មានគំនិតច្នៃប្រឌិតគ្រប់បែបយ៉ាងដើម្បីទទួលបានផលិតផលមួយដែលអតិថិជនទុកចិត្ត ជឿជាក់ និងសម្រេចចិត្តប្រើប្រាស់ផលិតផលរបស់គាត់។
សូមជូនពរអ្នកស្រី និងសមាជិកក្រុមការងារផលិតបន្លែសរីរាង្គទទួលបាននូវសេចក្តីសុខ និងរីកចម្រើនជារៀងរហូត៕
ប្រភព ទស្សនាវដ្តីគសិករ
សហគមន៍សម្បូរសប្បាយ