អ្នកមី កង រ៉ាវី ជាកសិកររស់នៅភូមិគ្រោះ ឃុំរលៀរប្អៀរ ស្រុករលៀរប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្រោយពីសហការជាមួយអង្គការសេដាក អ្នកមីងបានសំរេចចិត្តរៀបចំឡជីវឧស្ម័ន តាំងពីឆ្នាំ២០១១ ក្នុងគោលបំណងដើម្បីជួយសម្រាលការងារ បង្កើនសេដ្ឋកិច្ចគ្រួសារ ជីធម្មជាតិប្រើសំរាប់ការដាំដំណាំ មានភ្លើងសំរាប់ប្រើក្នុងផ្ទះ និងចម្អិនអាហារ។ ឡជីវឧស្ម័នរបស់គាត់មានទំហំ ៦ម៉ែត្រគូប ដែលចំណាយទឹកប្រាក់សាងសង់អស់ប្រមាណជា ៥០០ដុល្លារ ក្នុងនោះទឹកប្រាក់របស់គម្រោងបានផ្តល់ការលើកទឹកចិត្តចំនួន ១៥០ដុល្លារផងដែរ។ ចំពោះមូលហេតុដែលគ្រួសាររបស់គាត់បានសំរេចចិត្តសាងសង់ឡជីវឧស្ម័ននេះឡើងដោយសារ៖
- អាចជួយឲ្យក្រុមគ្រួសាររបស់គាត់សន្សំអុសបាន អាចកាត់បន្ថយពីការចំណាយទៅលើការទិញអុសជាប្រចាំក្នុងមួយឆ្នាំៗដែលអស់ទឹកប្រាក់ប្រមាណ ២០ម៉ឺនរៀល
- មានជីធម្មជាតិប្រើគ្រប់គ្រាន់នៅក្នុងមួយឆ្នាំសំរាប់ដំណាំស្រូវ បន្លែ ដោយប្រើជាជីទ្រាប់បាត និងប្រើស្រោចពីលើដំណាំសំរាប់បំប៉នជាដើម
- គាត់ប្រើភ្លើងដែលបានពីហ្គាសឡជីវឧស្ម័នយកមកអម្អិតអាហារជាប្រចាំ។
វត្ថុធាតុចំបងៗដែលចាំបាច់ក្នុងការប្រើប្រាស់ពេលមានឡជីវឧស្ម័នគឺ៖
- ទំហំឡ ៦ម៉ែត្រគូប គាត់មានគោចំនួន ៤ក្បាល
- ពេលធ្វើឡជីវឧស្ម័នហើយ គឺតម្រូវឲ្យកសិករត្រូវមានលាមកសត្វគោ ក្របី ឬជ្រូកចំនួន ១តោនសំរាប់ឡដែលមានទំហំ ៦ម៉ែត្រគូបដើម្បីចាក់បំពេញមុនដំបូង
- ក្រោយចាក់បំពេញឡស្តុកសំរាប់បង្កើតហ្គាសហើយ គាត់អាចបន្ថយលាមកសត្វមកត្រឹមមួយធុង ប្រមាណ៤០គីឡូក្រាមក្នុងមួយថ្ងៃតែប៉ុណ្ណោះ
- ក្នុងមួយឆ្នាំគាត់អាចសន្សំជីបានចាប់ពី ៣តោនឡើង ដែលកាលពីមិនទាន់មានឡជីវឧស្ម័ន គាត់អាចប្រមូលជីបានត្រឹមតែ ១តោន ឬតិចជាងនេះ។
អត្ថប្រយោជន៍ជីដែលបានពីឡជីវឧស្ម័ន
អ្នកមីងមានប្រសាសន៍ថា ក្រោយពីបានរៀបចំធ្វើឡជីវឧស្ម័នរួចមក ធ្វើឲ្យក្រុមគ្រួសាររបស់គាត់ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
១. ជីដែលបានពីឡជីវឧស្ម័ន
- ធ្វើឲ្យស្លឹកដំណាំមានពណ៌បៃតងខ្ចី
- ធ្វើឲ្យស្រូវមានចំនួនដើមបែកគុម្ព
- ធ្វើឲ្យដំណាំបន្លែមានរសជាតិឆ្ងាញ់
- មិនប៉ះពាល់ដល់សុខភាពនៅពេលបរិភោគ
- ធ្វើឲ្យដីផុស ដែលធ្វើឲ្យដំណាំលូតលាស់បានលឿន
- មិនសូវមានសត្វល្អិត និងជំងឺមកបំផ្លាញដំណាំ។
២. ផ្តល់ភ្លើងសំរាប់ប្រើប្រាស់ចំអិនអាហាររាល់ថ្ងៃ
- ចំអិនអាហាររហ័សចំណេញពេលវេលា ចំណេញថវិកាមិនទិញអុសដុត
- ផ្ទះបាយស្អាតនាំឲ្យសុខភាពស្រីមេផ្ទះល្អ ដោយគ្មានផ្សែងអាក្រក់ចូលសួត។
ចំណាប់អារម្មណ៍
ជាចុងក្រោយអ្នកមីងមានចំណាប់អារម្មណ៍ថា ការរៀបចំឡជីវឧស្ម័នបានជួយដល់អ្នកមីងបានច្រើនទាំងសុខភាព បរិស្ថានជុំវិញផ្ទះ ពេលវេលា ការដាំដុះដំណាំជាដើម។ ដូចនេះបើបងប្អូនកសិករមានចំណាប់អារម្មណ៍គួរសាកល្បងអនុវត្តនូវការងារនេះ ដើម្បីជួយសំរួលដល់ការងាររស់នៅជាប្រចាំថ្ងៃឲ្យកាន់តែប្រសើរឡើង៕