១. សេចក្តីផ្តើម
អូក្រាត្រូវបានគេដាំតាំងពីយូរយារណាស់មកហើយ ផ្លែរបស់វាមានលក្ខណៈប៉ោងស្រោបគ្រាប់ដែលត្រូវបានគេប្រើសំរាប់ធ្វើម្ហូបដូចជា សម្ល ឆា អន្លក់ និងស៊ុប។ ផ្ការបស់អូក្រាមានលក្ខណៈស្រដៀងប្រហាក់ប្រហែលទៅនឹងផ្ការំយោល។ អូក្រាអាចមានកំពស់ ១២០សម ឬអាចទាបជាងនេះ។ ប្រសិនបើដាំដុះនៅកន្លែងទូលាយមែករបស់វាអាចមានទំហំធំជាង ៩៥សម។
២. ការពិពណ៌នា
អូក្រាជាដំណាំស្ថិតនៅក្នុងតំបន់ត្រូពិច ដែលអាចដាំដុះសំរាប់ធ្វើជាបន្លែប្រចាំឆ្នាំបាន។ លក្ខណៈគ្រាប់របស់វាពេលនៅខ្ចីអាចធ្វើឲ្យម្ហូបខាប់បានដោយសារនៅក្នុងគ្រាប់ផ្ទុកទៅដោយភាពស្អិតច្រើន។ អូក្រាជាដំណាំដែលធន់និងភាពរាំងស្ងួតខ្លាំងឬកំដៅខ្លាំង។ ជាងនេះទៅទៀតវាជាប្រភេទដំណាំដែលមានការពេញនិយមបំផុតនៅក្នុងបណ្តាប្រទេសមួយចំនួន ដែលមានបញ្ហាពិបាកក្នុងការដាំដុះ។
- លក្ខណៈស្លឹក. ស្លឹករបស់អូក្រាមានរាងដូចជាម្រាមដៃដែលមានឆែកចាប់ពី៥ទៅ៧។
- លក្ខណៈផ្កា. ផ្ការបស់វាមានពណ៌លឿង ស ក្រហម ឬស៊ីជម្ពូ ហើយផ្កាមាន ៥ ត្របក។
ផ្ការបស់វាគឺមានលក្ខណៈពណ៌ខុសគ្នាទៅតាមប្រភេទពូជ។ អូក្រាដែលពេញនិយមដាំដុះជាងគេនៅ
ក្នុងប្រទេសកម្ពុជាគឺអូក្រាដែលមានផ្កាពណ៌ស៊ីជម្ពូ។
៣. សត្វល្អិត និងបញ្ហា
អូក្រាជាដំណាំមិនសូវមានការជួបប្រទះបញ្ហាបំផ្លាញពីសត្វល្អិតទេ ហើយភាគច្រើនបញ្ហារបស់វាច្រើនកើតនៅលើស្លឹក កម្រមាននៅលើផ្លែណាស់។ ជំងឺភាគច្រើនបណ្តាលមកពីសត្វល្អិតដែលនៅស៊ីបំផ្លាញលើស្លឹកនិងដើម។ដូចនេះត្រូវធ្វើការពិនិត្យមើលមុនពេលបញ្ហាកើតឡើង។
៤. ការដាំដុះ
អូក្រាអាចដុះលូតលាស់នៅកន្លែងដែលមានការហូរច្រោះ វាដុះមិនល្អនៅលើដីដែលមានលក្ខណៈសើមស្អិត អូក្រាអាចដុះលូតលាស់ក្នុងកំរិតប៉េហាស (PH) ៦,៥ ទៅ ៧,៥។
▪ ការបណ្តុះគ្រាប់អូក្រា. គ្រាប់អូក្រាធំ និងងាយស្រួលកាន់។ មុននឹងដាំ ត្រូវយកគ្រាប់វាទៅត្រាំនៅក្នុងទឹកមួយយប់។ ប៉ុន្តែប្រសិនបើដាំដោយមិនត្រាំទឹក ត្រូវធ្វើយ៉ាងណាឲ្យដីមានសំណើមរហូតដល់គ្រាប់ពើតអាចដុះពន្លក។ អូក្រាអាចដាំដោយព្រោះផ្ទាល់ ឬក៏បណ្តុះឲ្យដុះពន្លកមុនយកទៅដាំ។ ការដាំដោយកូនដែលយកពីថ្នាលបណ្តុះដែលបានរៀបចំត្រឹមត្រូវនោះវាបង្កលក្ខណៈល្អដល់ការលូតលាស់របស់កូនអូក្រា។ ក្រោយពីបណ្តុះបានរយៈពេល ៦ទៅ៨ថ្ងៃ គេអាចគាស់កូនទៅដាំនៅលើរងបាន។
▪ ការថែទាំ. ប្រសិនបើដីមានជីជាតិល្អ ការយកអូក្រាទៅដាំគឺមិនបាច់ប្រើជីបន្ថែមទៀតទេ។ ប៉ុន្តែបើដាំយូរទៅគេគួរបន្ថែមជីជាតិដល់ដីដោយប្រើជីដូចជា លាមកសត្វ ស្លឹកឈើលាយជាមួយសារាយសមុទ្រ ឬជីចេញពីត្រី។ ជីទាំងនេះ និងជួយបន្ថែមជីជាតិដល់ដីយ៉ាងប្រសើរ។
▪ ការគ្រប់គ្រងទឹក. នៅពេលអូក្រាដុះលូតលាស់ គេអាចស្រោចទឹកបន្ថែមគឺ ៧ទៅ១០ថ្ងៃស្រោចម្តង។ អូក្រាមួយចំនួនគឺវារោយលំអងផ្កា ហើយពេលគ្រាប់របស់វាទុំចាស់ហើយស្ងួត គេអាចប្រមូលផលទុកជាគ្រាប់ពូជសំរាប់ដាំបន្តនៅរដូវក្រោយទៀត។
▪ ការប្រមូលផល. អូក្រាចាប់ពីពេលដាំរហូតដល់ប្រមូលផលមានរយៈពេល ៥០ ទៅ ៦០ថ្ងៃ។ នៅក្នុងកំរិតអាកាសធាតុក្តៅហើយសើម គេអាចប្រមូលផលបានពីរលើក។ អូក្រាគេតែងប្រមូលផលពេលនៅខ្ចី ហើយអាចប្រមូលផលបាន ២ទៅ៣ផ្លែក្នុងមួយដើម។
៥. សារធាតុផ្សំនៅក្នុងផ្លែអូក្រា
អូក្រា មានផ្ទុកទៅដោយសារធាតុវីតាមីនអា និងសេ ហើយសំបកវាសំបូរទៅដោយសារធាតុដែក និងសារធាតុកាល់ស្យូម។ វាផ្ទុកទៅដោយសារធាតុខ្លាញ់ និងមានសារធាតុផ្សេងៗជាច្រើនទៀត។
សំរាប់អូក្រា ១ផ្លែដែលចម្អិនរួច | សំរាប់អូក្រា ១ផ្លែដែលនៅឆៅ |
|
|
៦. អត្ថប្រយោជន៍សំខាន់ៗដែលមាននៅក្នុងអូក្រា
ដំណាំអូក្រា គឺជាដំណាំដែលមានសារៈប្រយោជន៍ច្រើនសំរាប់សុខភាពដែលមានដូចជា
- ជាតិសរសៃដ៏ល្អ ដែលអាចជួយទប់ទល់ជាតិស្ករនៅក្នុងឈាមបានមិនឲ្យឡើងខ្លាំង
- ភាពស្អិតរបស់អូក្រាអាចភ្ជាប់នូវសារធាតុខ្លាញ់ និងអាស៊ីតក្នុងថង់ទឹកប្រមាត់ ដែលនាំយកសារធាតុពុលចេញ មកដោយថ្លើមជាអ្នកច្រោះ
- អូក្រាអាចជួយឲ្យពោះវៀនធំងាយស្រួលបញ្ចេញចោល។ ជាតិសរសៃរបស់វាអាចធ្វើការបឺតស្រូបជាតិទឹក និងធ្វើការបញ្ចេញដុំលាមកបានល្អ។ សារៈប្រយោជន៍ទាំងនេះអាចជួយការពារនូវរោគទល់លាមកបានល្អ។
- សារធាតុសរសៃដែលបានពីដំណាំអូក្រា វាជាអាហារសំខាន់សំរាប់បាក់តេរីមានប្រយោជន៍ ដែលអាចជួយសំរួលដល់សុខភាពពោះវៀនផងដែរ
- ដំណាំអូក្រាប្រើប្រាស់ជាថ្នាំសំរាប់ព្យាបាលដំបៅរលាកឲ្យជាសះស្បើយ ហើយក៏អាចការពារការឈឺសន្លាក់បានផងដែរ។ ក្រៅពីនេះវាជួយបន្សាបជាតិអាស៊ីតឲ្យទៅធម្មតា និងជួយការពារស្រទាប់ការរំលាយអាហារបានផងដែរ
- អូក្រាជួយសំរួលដំណើរការរបស់សួត និងបំបាត់ការឈឺចាប់បំពង់ក
- អូក្រាជួយបញ្ចុះជាតិស្ករនៅក្នុងឈាម និងអាចទប់ជាតិខ្លាញ់នៅក្នុងប្រមាត់
- អូក្រាគេជឿជាក់ថា អាចការពារបានពីការរីករាលដាលនៃជំងឺមហារីក ពិសេសការកកើតនៃរោគមហារីក
- អូក្រាអាចការពារជំងឺទឹកនោមផ្អែម៕
ប្រភព. http://gardening.about.com/od/vegetables/p/Okra.htm
http://www.pyroenergen.com/articles07/okra-health-benefits.htm