ការចិញ្ចឹមត្រីក្នុងរណ្ដៅប្លាស្ទិក ជាបទពិសោធន៍មួយដែលពេញនិយមរបស់កសិករ។ ក្រោយពីបានអានទស្សនាវដ្តីកសិករតែងតែចាប់អារម្មណ៍ ហើយយកទៅអនុវត្តតាមបានជោគជ័យគ្រប់ៗគ្នានៅតាមគ្រប់តំបន់។ បច្ចេកទេសនេះមានលក្ខណៈងាយស្រួល និងលក្ខខណ្ឌសមស្របសម្រាប់កសិករដែលមានដីតូច និងចំណាយអស់តិច។ ក្រោយពីចិញ្ចឹមបាន ៦ខែ គាត់ចាប់លក់បាន ២០គីឡូក្រាមម្តង ដោយត្រីមួយមានទំងន់ ៣ខាំ និងចាប់លក់បាន ៣ដង។ ការចិញ្ចឹមត្រីនេះ អាចធ្វើឲ្យជីវភាពគាត់បានល្អប្រសើរមួយកំរិត។
លោកពូ រស់ ម៉ៅ រស់នៅភូមិចោមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រសាសន៍ថា ការដែលគាត់ចិញ្ចឹមត្រីបានល្អនេះដោយសារតែអនុវត្តតាមបច្ចេកទេសដូចខាងក្រោម៖
១. ការជ្រើសរើសទីតាំង
កន្លែងចិញ្ចឹម ត្រូវជ្រើសរើសមើលក្បែរប្រភពទឹកងាយស្រួលផ្លាស់ប្តូរទឹក ដីទួលខ្ពស់មិនលិចទឹក និងជាកន្លែងវាលមិនម្លប់ពេក ហើយនៅជិតផ្ទះងាយស្រួលមើលថែរក្សា។
២. ការរៀបចំកន្លែងចិញ្ចឹម
គាត់រៀបចំរណ្តៅដែលមានទំហំបណ្តោយ ៤ម៉ែត្រ ទទឹង២,៥ម៉ែត្រ និងជម្រៅ ០,៩ម៉ែត្រ (៩តឹក)។ រណ្តៅគាត់ជីកឲ្យមានជើងទេ កុំឲ្យបាក់ដី រួចក្រាលថង់ប្លាស្ទិកឲ្យសល់ប្រហែល២តឹកចេញពីមាត់រណ្តៅ ដើម្បីដាក់ដីទប់ពីលើ។ ក្រោយពេលក្រាលហើយ គាត់បានដាក់ភក់បាតត្រពាំងកំរាស់១តឹកសព្វពេញបាតរណ្តៅ ក្រោយមកគាត់បានបាចកំបោរចំនួន២ខាំ ដើម្បីសម្លាប់មេរោគក្នុងរណ្តៅ បន្ទាប់មកទុកចោលរយៈពេល២ថ្ងៃ ទើបបូមទឹកចូលឲ្យពេញរណ្តៅ។ ដើម្បីបង្កើតប្លង់តុង (សត្វល្អិតជាចំណីត្រី) គាត់បានដាក់ទន្រ្ទានខែត្រចំនួន២ដុំ (មួយដុំប្រហែល ១គីឡូក្រាម) និងបានដាក់អាចម៍គោចំនួន២គីឡូក្រាម ដោយខ្ចប់នឹងស្បៃឈឹប ដើម្បីងាយស្រួលរំលាយសារធាតុ។ រយៈពេល១សប្តាហ៍ ក្រោយពីទឹកមានប្លង់តុងល្អហើយ គាត់ស្រង់ទន្ទ្រានខែត្រ និងលាមកគោ ទើបអាចដាក់កូនត្រីចិញ្ចឹមបាន។
៣. ការដឹកជញ្ជូន និងបរិមាណលែងកូនត្រី
កូនត្រីរបស់គាត់ដែលដាក់ចិញ្ចឹមបានទិញមកពីស្ថានីយ៍ភ្ញាស់កូនត្រី។ ក្រោយពេលមកដល់ផ្ទះ គាត់បានដាក់ថង់កូនត្រីក្នុងរណ្តៅដែលមានដាក់ទឹកពេញ ហើយមានប្លង់តុងរយៈពេល១០នាទី ដើម្បីឲ្យកូនត្រីមានភាពស៊ាំនឹងទឹក។ ក្រោយមកទៀត គាត់បានស្រាយមាត់ថង់ ហើយបាចទឹកបញ្ចូលបន្តិចម្តងៗឲ្យកូនត្រីចេញតាមដំណើរកុំឲ្យកូនត្រីមានភាពភ័យរន្ធត់។ កូនត្រីដែលគាត់ដាក់ចិញ្ចឹមមានចំនួន ៤២០ក្បាល។ ក្នុងនោះត្រីអណ្តែងស្រែគាត់ដាក់ចំនួន២០ក្បាល ប៉ុន្តែត្រូវក្រៀវដោយយកកន្ត្រៃកាត់ក្រចកចុងធ្មុងវាចោល ដើម្បីវាលូតលាស់លឿន (កុំកាត់ជ្រៅពេក)។
៤. ប្រភេទចំណី និងការផ្តល់ចំណី
ចំណីដែលគាត់បានផ្តល់ឲ្យត្រីស៊ីមាន កន្ទក់ កណ្តៀរ ពោះវៀនមាន់ ទា ពស់ងាប់ ជន្លេន។ ចំណីកូនត្រីដំបូងគឺ បាយ បបរលាយជាមួយកន្ទក់ ចំណីនេះឲ្យស៊ីរយៈពេល ១សប្តាហ៍ ក្រោយមកគាត់បន្ថែមចំណីផ្សេងទៀតដូចជា កណ្តៀរ ជន្លេនងាប់ និងបាយលាយជាមួយកន្ទក់ឲ្យស៊ីចំនួនពីរដងក្នុងមួយថ្ងៃ (ចំនួនកន្ទក់ ១គីឡូក្រាម)។
៥. ការគ្រប់គ្រង និងថែទាំ
ចំពោះទឹក គាត់ប្តូរ ១ខែម្តង ដោយដងចេញ ៥ប៉ោត និងដងដាក់វិញ ៥ប៉ោត ហើយគាត់បានធ្វើរបាំងស្បៃការពារជុំវិញមាត់រណ្តៅ ដើម្បីការពារសត្វជ្រូក គោ មាន់ ទា និងពិសេសការពារការលោតចេញ ឬឡើងពីរណ្តៅ។ នៅពេលដាក់ចំណី គាត់តែងតែគោះឈើដើម្បីហៅត្រីឲ្យស៊ីចំណី។ ក្រៅពីគាត់ផ្តល់ចំណី គាត់តែងមើលជុំវិញរណ្តៅក្រែងមានពស់ ឬ កង្កែប ឬ កណ្តុរ កាត់របាំងរបស់គាត់។
៦. ការប្រមូលផល
ក្រោយពីចិញ្ចឹមបានរយៈពេល ៦ខែ ត្រីអណ្តែងរបស់គាត់លូតលាស់លឿនពី ២,៥ខាំ ទៅ ៣ខាំ ក្នុងមួយក្បាល។ គាត់ប្រមូលផលដោយដងលក់ម្តងចំនួន ២០គីឡូក្រាម។ លក់បានចំនួន ៣ដង ទើបអស់។ សរុបនៃការលក់ត្រីទាំងអស់បាន ៣៦០.០០០ រៀល។ ក្នុងការចិញ្ចឹមត្រីនេះ គាត់ចំណាយទិញកូនត្រី ៣៦.០០០រៀល ថង់ប្លាស្ទិក ៥០.០០០រៀល (ថង់ប្លាស្ទិកអាចប្រើបាន ៣ដង) ស្បៃឈឹប ១២.០០០រៀល។ សរុបគាត់ចំណាយអស់ ៩៨.០០០រៀល។ ដូចនេះ គាត់ចំណេញបានចំនួន ២៦២.៦០០រៀល ដោយមិនគិតពីការបិភោគក្នុងគ្រួសារ។
៧. ចំណាប់អរម្មណ៍
តាមរយៈការចិញ្ចឹមត្រីដែលទទួលជោគជ័យនេះ លោកពូបានមានប្រសាសន៍ថា ការចិញ្ចឹមនេះមិនចំណាយពេលច្រើន មិនលំបាកថែទាំ មិនចំណាយទន់ច្រើន មិនត្រូវការកន្លែងធំ ពិសេសចំណីងាយរកមិនចាំបាច់ទិញគេ។ ម្យ៉ាងទៀតអាចផ្គត់ផ្គង់ធ្វើម្ហូបបរិភោគប្រចាំថ្ងៃ ហើយឆ្នាំក្រោយគាត់នឹងពង្រីកថែមមួយរណ្តៅទៀត និងជួយផ្សព្វផ្សាយដល់អ្នកភូមិឲ្យគាត់យល់ ហើយចិញ្ចឹមដូចគាត់ដែរ៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ