Home / កសិកម្ម / បណ្ឌិត យ៉ង សាំងកុមារ៖ ការកសាងគុណភាពជីវិតរបស់កសិករតាមទ្រឹស្តី សមពល (២)

បណ្ឌិត យ៉ង សាំងកុមារ៖ ការកសាងគុណភាពជីវិតរបស់កសិករតាមទ្រឹស្តី សមពល (២)

តាមការប៉ាន់ស្មានរបស់ខ្ញុំ កសិករយើងភាគច្រើនបំផុតនៅពេលកាន់តែចាស់ កាន់តែលំបាកទាំងផ្នែកជីវ​ភាព និងសុខភាព។ តាមបទពិសោធន៍កន្លងមកខ្ញុំយល់ថា យើងអាចធ្វើការផ្លាស់ប្តូរស្ថានភាពនេះបាន មានន័យថា យើងអាចធ្វើឲ្យខ្លួនយើងកាន់តែចាស់កាន់តែស្រួល ឬកាន់តែសប្បាយ។ ដើម្បីឲ្យយើងម្នាក់ៗ អាចបង្កើនគុណភាពជីវភាពជីវិតបានប្រសើរជាប់ជានិច្ច កសិករត្រូវការកសាង «សមពល» របស់យើងគឺ សុខភាព (ស), មមោករបស់ដី (ម), គុណភាពពូជស្រូវ (ព) និងបរិមាណលុយកាក់សំរាប់ពេលចាស់ (ល)។ នៅពេលនេះខ្ញុំធ្វើការពន្យល់បន្ថែមលើការកសាងមមោក ឬការកសាងគុណភាពជីជាតិដី។

តើមមោក​ជាអ្វី? ហើយវាមានសារៈសំខាន់យ៉ាងម្តេចសំរាប់កសិករ?

មមោកគឺជាកាកសំណល់រុក្ខជាតិ និងសត្វដែលពុករលួយហើយមានពណ៌ខ្មៅ ឬក្រមៅ។ គេសង្កេតឃើញមមោកនៅផ្នែកខាង លើបំផុតរបស់ដី។ ប្រសិនបើយើងចូលទៅក្នុងព្រៃ ហើយយើងកាយស្លឹកឈើងាប់គ្របលើដីចេញ យើងនឹងឃើញសារធាតុមមោក។ នៅពេលដែលយើងកាប់ឆ្ការព្រៃធម្មជាតិហើយ ដីមានជាតិមមោកច្រើន ហើយដំណាំដុះលើដីមានការលូតលាស់ល្អណាស់។ តែពីមួយឆ្នាំទៅមួយឆ្នាំសារធាតុមមោកត្រូវបានបាត់បង់បន្តិចម្តងៗ ជាពិសេសតាមរយៈការហូរសឹក ឬហូរច្រោះ ហើរតាមខ្យល់ និងការភ្ជួរដីត្រឡប់ចុះត្រឡប់ឡើង។ ក្រៅពីមិនបានការពារ និងកសាងមមោកឲ្យបានល្អ មានកសិករជាច្រើន ថែមទាំងបំពុលដីតាមរយៈប្រើសារធាតុគីមី។

ដូចនេះ ដើម្បីឲ្យពេលយើងកាន់តែចាស់តែអាចនៅទទួលផលស្រូវបានកាន់តែច្រើន ការកសាងមមោកជាការមួយចាំបាច់ដោយសារមមោកនាំមកផលប្រយោជន៍ជាច្រើនដូចជា៖

  • មមោកជួយឲ្យសកម្មភាពសត្វល្អិតនៅក្នុងដីមានការកើនឡើង ដែលនាំឲ្យដីផុស និងជួយរំដោះសារធាតុចិញ្ចឹមពីដីសំរាប់ចិញ្ចឹមដំណាំ។ ម៉្យាងទៀតមមោកដើរតួនាទីសំខាន់ក្នុងការរក្សា ឬចាប់សារធាតុសំរាប់ចិញ្ចឹម​ដំណាំ និងជួយរក្សាមិនឲ្យដីជូរពេក ឬប្រៃពេក។
  • ជួយរក្សាឲ្យដីមានសំណើមបានយូរ ដោយមមោកមានសមត្ថភាពរក្សាទឹកដូចជា «អេប៉ុង» ដែលអាចធ្វើឲ្យដំណាំធននឹងភាពរាំងស្ងួតបានល្អ។

គេអាចនិយាយយ៉ាងខ្លីបានថា កាលណាដីមានមមោកឲ្យដីមានជីវិត ហើយនាំឲ្យដំណាំដុះលូតលាស់បានផលល្អ។​

តើធ្វើយ៉ាងម្តេចដើម្បីបង្កើននូវសារធាតុមមោកឲ្យបានច្រើននៅក្នុងដីស្រទាប់លើ?

មានវិធានការសាមញ្ញៗមួយចំនួន ដែលកសិករអាចអនុវត្តបានដូចជា៖

១. ធ្វើ និងប្រើជីកំប៉ុស្តឲ្យបានច្រើន (តាមពិតមមោក និងកំប៉ុស្តគឺដូចតែគ្នា មានន័យថា  ជីកំប៉ុស្តដែលពុករលួយល្អយើងអាចហៅវាថា មមោកកែច្នៃដោយមនុស្ស ចំណែកមមោកដែលមាននៅក្នុងព្រៃធម្មជាតិយើងអាចហៅថា ជីកំប៉ុស្តធម្មជាតិ)។​

២. ធ្វើការគ្របដីរបស់យើងដោយប្រើកាកសំណល់រុក្ខជាតិដូចជា ស្លឹកឈោះ ចំបើង…។ល។ ទៅតាមអ្វីដែលយើងអាចធ្វើបាន។

៣. ដាំដំណាំគ្របដី និងដំណាំស្រស់បៃតង ជាពិសេសពពួកសណ្ដែកផ្សេងៗសំរាប់ភ្ជួរលុបចូលក្នុងដី និងដាំដើមឈើដើម្បីយកស្លឹកធ្វើជាជី (ដូចជា ដើមអង្កាញ់ ស្តៅ ដើមហៃសាន ដើមស្នោគោក។ល។)

៤. ការធ្វើស្រែដោយមិនបានភ្ជួរត្រឡប់គឺគ្រាន់តែបំផុសដីដើម្បីជៀសវាងឲ្យស្រទាប់មមោកធ្លាក់មកនៅខាងក្រោម​។​

វិធានការទី១ ជាវិធានការសំខាន់បំផុត។ សំរាប់ចំណុចទី៤ វាមានការលំបាកសំរាប់កសិករ តែវាជាចំណុចសំខាន់បំផុត។ នៅឆ្នាំដំបូងយើងអាចជួបបញ្ហាស្មៅច្រើនបន្តិច ហើយផលដំណាំអាចថយ តែចាប់ពីឆ្នាំទី២ ឬទី៣ទៅ យើងនឹងឃើញដីផុសងាយស្រួលក្នុងការរាស់និងធ្វើស្មៅ ហើយផលស្រូវមានការកើនឡើងជាប់ជានិច្ច។ ដើម្បីកាត់បន្ថយនូវភាពប្រថុយប្រថាន និង យោងទៅតាមស្ថានភាពជីធម្មជាតិដែលកសិករមាន ខ្ញុំសូមណែនាំឲ្យយើងធ្វើការកសាងមមោកបន្តិចម្តងៗ។ ឧទាហរណ៍ ប្រសិនបើកសិករមានដីចំនួន ១ហិកតា សំរាប់ការកសាងមមោកទុកនៅពេលចាស់ឧទាហរណ៍១០ឆ្នាំខាងមុខ យើងអាចចែកដីនេះជា១០ចំណែក ដោយមួយចំណែកៗមានទំហំជាមធ្យម១០អារ។ នៅឆ្នាំទី១ចំនួន១០អារ ហើយបន្ថយរបៀបនេះរហូតដល់គ្រប់ ១ហិកតាក្នុងរយៈពេល១០ឆ្នាំ។ ប្រសិនបើយើងចង់ធ្វើផែនការ២០ឆ្នាំ យើងអាចចែកជា ៥អារសំរាប់១ឆ្នាំ។

ការកំណត់ពេលវេលា ៥ ឬ ១០ ឬ ២០ឆ្នាំ វាអាស្រ័យលើលោកអ្នក សំខាន់ប្រសិនបើលោកអ្នក ចង់កាន់​តែចាស់កាន់តែស្រួល ត្រូវចាប់ផ្តើមកសាងមមោកពីពេលនេះទៅ គឺចាប់ផ្តើមពីអ្វីដែលមាននិងធ្វើបាន។ ដូចពាក្យចាស់ពោលថា «ការធ្វើដំណើររាប់ម៉ឺនយោជន៍ ចាប់ផ្តើមពីមួយជំហាន»។ ដូចគ្នាដែរ ការកសាងមមោក ឬគុណភាព​ជីជាតិដី១ហិកតា ឬ២ហិកតា វាចាប់ផ្តើមពី ១អារ ឬ ១០អារ។

ខ្ញុំយល់ថា «មនុស្សត្រូវចិញ្ចឹមដីតាមរយៈកសាងមមោកនៅក្នុងដី ដើម្បីឲ្យដីចិញ្ចឹមស្រូវបានលូតលាស់ល្អ ហើយស្រូវចិញ្ចឹមមនុស្ស»៕

អត្ថបទដោយ បណ្ឌិត យ៉ង សាំងកុមារ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

អ្នកស្រី ញ៉ែម សុវណ្ណរី ម្ចាស់ពានរង្វាន់លេខ១ មេគោក្រមុំ ៣ក្បាល

អ្នកស្រី ញ៉ែម សុវណ្ណរី អាយុជាង៤០ឆ្នាំ រៀនថ្នាក់ទី៩ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​។អ្នកស្រី​បានគាំទ្រដោយ​អង្គការសេដាក ទាក់ទងនឹងបច្ចេកទេសកសិកម្មតាមគោលការណ៍ធម្មជាតិ ជំនាញការរៀបចំសហគមន៍ ការគ្រប់គ្រងដឹកនាំ និងការអភិវឌ្ឍខ្លួននៅឆ្នាំ២០០៤។