លោកពូ សូ មាំង រស់នៅភូមិព្រៃមូល ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គាត់មានបទពិសោធន៍ផលិតជីកំប៉ុស្តសម្រាប់ប្រើប្រាស់លើដំណាំ ដើម្បីឲ្យទទួលបានទិន្នផលល្អ និងដីមានជីជាតិ។ ការផលិតជីនេះគឺ រក្សាទុកតែមួយខែប៉ុណ្ណោះអាចប្រើប្រាស់បាន។ ចំពោះបទពិសោធន៍នៃការផលិតមានបង្ហាញជូនដូចខាងក្រោម៖
- ទន្ទ្រានខែត្រ ២ ធុងស្ពេត្រូ
- ធ្យូងអង្កាម ២ ធុងស្ពេត្រូ
- លាមកគោ ២ ធុងស្ពេត្រូ
- កាកសំណល់ផ្ទះបាយ (ដាក់ទៅតាមបរិមាណដែលមាន)
- ស្លឹកឈើជ្រុះ ១ ធុងស្ពេត្រូ។
២-របៀបធ្វើ
លោកពូ យកទន្ទ្រានខែត្រមកចិញ្ច្រាំ រួចហើយគាត់យកសារធាតុទាំងអស់ច្របល់ចូលគ្នា បន្ទាប់មកគាត់ស្រោចទឹកពីលើឲ្យមានសំណើម ៦០ភាគរយ ហើយយកតង់កៅស៊ូ ឬថង់ប្លាស្ទិកមកគ្របឲ្យជិត។ ជារៀងរាល់ថ្ងៃគត់បើកចំហ១០ទៅ១៥នាទី ដើម្បីឲ្យមានខ្យល់ចេញចូលបានល្អធ្វើឲ្យជីឆាប់កាច់រួចគ្របទៅវិញ។ គាត់គ្របទុកបានរយៈពេល១០ថ្ងៃ ទើបកាយច្របល់វាម្តង រួចគ្របទុកជាធម្មតារហូតដល់៣០ថ្ងៃ ទើបជីកាច់បានល្អអាចប្រើប្រាស់បាន។
៣-ការប្រើប្រាស់
ក្រោយពីរក្សាទុកបាន៣០ថ្ងៃ ជីកាច់ហើយ គាត់អាចយកទៅប្រើប្រាស់លើដំណាំជាច្រើនប្រភេទបាន ដោយប្រើជាជីទ្រាប់បាត ជីបំប៉នដំណាំបន្លែមាន ននោង ត្រកួន ខ្ទឹមស្លឹក ។ល។ ចំពោះការប្រើប្រាស់លើស្រូវ គាត់យកជីទៅបាចហើយភ្ជួរលុបរួចចាប់ផ្តើមស្ទួងតែម្តង។
៤-ចំណាប់អារម្មណ៍
ចាប់ពីគាត់បានប្រើប្រាស់ជីកំប៉ុស្តលើដំណាំមក គាត់មានអារម្មណ៍សប្បាយរីករាយនៅពេលឃើញដំណាំរបស់គាត់លូតលាស់បានល្អ ហើយចំណេញប្រាក់បានច្រើន ពីព្រោះគាត់មិនបានចំណាយទៅលើការទិញជីគីមី។ គាត់ចង់ឲ្យអ្នកដែលនៅក្នុងភូមិ និងអ្នកដទៃទៀតផលិត និងប្រើជីកំប៉ុស្ត ដើម្បីកាត់បន្ថយការប្រើជីគីមី ហើយដំាណាំដែលយើងយកទៅបរិភោគមិនប៉ះពាល់ដល់សុខភាពផង៕