Home / កសិកម្ម / បទពិសោធន៍ដាំស្ពៃជើងទា (កសិករ នូ ភ័ណ)

បទពិសោធន៍ដាំស្ពៃជើងទា (កសិករ នូ ភ័ណ)

           កសិករ នូ ភ័ណ ភេទស្រី រស់នៅក្នុងភូមិត្រពាំងវែងខាងលិច ឃុំដងទង់ ស្រុកឈូក ខេត្តកំពត។ គាត់ដាំស្ពៃជើងទា (ស្ពៃតឿ) ក្នុងទំហំដី ១អា (លើកបាន៣រង)។ ចំពោះដំណាំស្ពៃជើងទានេះក្រោយ​ពីដាំបានរយៈ​ពេល១ខែ គាត់អាចប្រមូលផល​លក់បានប្រមាណ ១០០គីឡូក្រាម ដោយលក់បានក្នុង​១គីឡូក្រាម​ជាមធ្យម ៣.០០០រៀល។ ដូចនេះគាត់អាចរកប្រាក់ចំណូលពីការដាំស្ពៃបានប្រមាណ ៣០០.០០០​រៀល​។ ចំពោះវិធីសាស្ត្រនៃការដាំដុះមានបង្ហាញជូនដូចខាងក្រោម៖

១-ការសាបកូន

ដំបូងធ្វើថ្នាលសាបកូនដែលមានទំហំ ១ម៉ែត្របួនជ្រុង ហើយជ្រោយដីឲ្យម៉ដ្ឋដោយ​លាយជា​មួយ​លាមកគោឲ្យសព្វ ហើយព្រោះគ្រាប់ បន្ទាប់មកបាចចុងអង្ករមួយដៃ ដើម្បីកុំឲ្យស្រមោចជញ្ជូនគ្រាប់ ស្ពៃព្រមទាំងស្រោចទឹក២ថ្ងៃម្តង។

២-ការរៀបចំដី និងការដាំ

គាត់ភ្ជួរដី២ដង ហើយរើសស្មៅងាប់ចេញ កាប់ដីឲ្យម៉ដ្ឋ លាយជាមួយលាមកគោ។ គាត់លើករង​ដែលមានទទឹង ០,៥ម៉ែត្រ បណ្តោយ១០ម៉ែត្រ ដាំជា៣ជួរក្នុង១រង។ ក្រោយពីសាបកូនបាន​កន្លះខែ​គាត់​អាចដកកូនទៅដាំបាន ដោយដកយកកូនណាដែលធំៗ នឹងមានពណ៌ខៀវ។ គាត់ដាំពីចន្លោះ​គុម្ព​មួយទៅគុម្ពមួយ  ២,៥តឹក ដោយដាក់១ដើមក្នុង១គុម្ព។

៣-ការថែទាំ

នៅពេលដាំបានរយៈពេល ១៥ថ្ងៃ ស្ពៃលាស់ចេញស្លឹកខ្ចី២ទៅ៣ ទើបថែមជី១០អំរែក និងជ្រំ​ជ្រោយដីដើម្បីឲ្យដីធូរ ស្ពៃដុះលូតលាស់បានលឿន ព្រមទាំងបន្ថយការដុះស្មៅ។ ធ្វើការស្រោចទឹក១​ថ្ងៃ​២ដង នៅពេលព្រឹក និងល្ងាច។

៤-ការប្រមូលផល

ក្រោយពីដាំបានរយៈពេល១ខែ គាត់អាចកាត់បាន និងយកទៅលក់នៅផ្សារដងទង់។ ប៉ុន្តែ​មុន​នឹង​កាត់ស្ពៃ គាត់មិនស្រោចទឹកឡើយ ទុកស្លឹកស្ពៃឲ្យស្ងួតការពារភាពជាំ។ គាត់លក់១គីឡូក្រាមតម្លៃ ៣.០០០រៀល ចំណូលសរុបដែលគាត់ទទួលបាន ៣០០.០០០រៀល។

សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំស្ពៃជើងទាមាន៖

  • ធ្វើថ្នាលបណ្ដុះកូនដោយជ្រោយដីឲ្យម៉ដ្ឋ និងលាយជីលាមកគោឲ្យសព្វ
  • ព្រោះគ្រាប់នៅលើថ្នាល បន្ទាប់មកបាចចុងអង្ករមួយដៃការពារស្រមោចជញ្ជូនគ្រាប់ស្ពៃ
  • ដកកូនស្ពៃថ្លោសៗយកទៅដាំ
  • ភ្ជួរដី២ដង និងរើសស្មៅចេញ ហើយលាយជាមួយលាមកគោឲ្យសព្វ
  • ដាំចន្លោះពីគុម្ពមួយទៅគុម្ពមួយ ២,៥តឹក
  • ក្រោយពីដាំបាន ១៥ថ្ងៃ នៅពេលដែលចេញស្លឹក ២ទៅ៣ ថែមជី និងជ្រំជ្រោយដី
  • ស្រោចទឹក១ថ្ងៃ២ដង នៅពេលព្រឹក និងល្ងាច៕

ព្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

អ្នកស្រី ញ៉ែម សុវណ្ណរី ម្ចាស់ពានរង្វាន់លេខ១ មេគោក្រមុំ ៣ក្បាល

អ្នកស្រី ញ៉ែម សុវណ្ណរី អាយុជាង៤០ឆ្នាំ រៀនថ្នាក់ទី៩ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​។អ្នកស្រី​បានគាំទ្រដោយ​អង្គការសេដាក ទាក់ទងនឹងបច្ចេកទេសកសិកម្មតាមគោលការណ៍ធម្មជាតិ ជំនាញការរៀបចំសហគមន៍ ការគ្រប់គ្រងដឹកនាំ និងការអភិវឌ្ឍខ្លួននៅឆ្នាំ២០០៤។