Home / កសិកម្ម / បទពិសោធន៍ដាំជីឃិនឆាយ (កសិករ ឱ ចាន់)

បទពិសោធន៍ដាំជីឃិនឆាយ (កសិករ ឱ ចាន់)

អ្នកមីង ឱ ចាន់  ជាកសិកររស់នៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គាត់​មានបទពិសោធន៍ល្អក្នុងការដាំដើមជីឃិនឆាយលើរានទទួលបានផលល្អ ហើយបេះលក់ម្តងៗបាន ១០.០០០រៀល។ ការបេះនេះបានចំនួន ១០ ដងដោយទទួលបាន ១០ម៉ឺនរៀល ដែលជាចំណូល​រួមផ្សំ​ក្រៅពីបន្លែផ្សេងៗ។ បទពិសោធន៍នេះជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់ រួមផ្សំ អានទស្សនាវដ្តីកសិករ។

១. ការរៀបចំថ្នាលនិងការសាបគ្រាប់

អ្នកមីងបានរៀបចំថ្នាលសាបគ្រាប់នៅលើរងដែលមានបណ្តោយ ១,៥ម៉ែត្រ ទទឹង១ម៉ែត្រ ដោយ​មាន​លាយ​នូវសារធាតុដូចជា ផេះ និងអង្កាមពុកផុយច្របល់លាយជាមួយដីឲ្យសព្វ រួចស្រោចទឹកឲ្យ​សើម​ៗ​។ បន្ទាប់មកយកគ្រាប់ដែលបានទិញពីផ្សារមកសាបនៅលើថ្នាលរួចស្រោចទឹកឲ្យជោគមួយថ្ងៃ២ដង គឺពេល​ព្រឹក និងពេលល្ងាច។ គាត់បានស្រោចទឹកជីបន្ថែមពីលើរយៈពេល៣ថ្ងៃម្តង ដើម្បីជំរុញការលូតលាស់ ព្រោះ​កូនឃិនឆាយនេះពិបាកបណ្តុះជាងដំណាំផ្សេងៗ។

២. ការរៀបចំរានសំរាប់ដាំនិងការដាំ

ក្រោយពេលបណ្តុះបាន១៥ថ្ងៃ ឃិនឆាយចាប់ផ្តើមដុះពន្លក បន្ទាប់មកគាត់បានរៀបចំរានដាំ។ រាន​ឃិន​ឆាយលើកផុតពីដីប្រហែលជាកន្លះម៉ែត្រដោយមានទំហំបណ្តោយប្រវែង ៤,៥ម៉ែត្រ និងទទឹង១,២​ម៉ែត្រ​។ នៅលើរានគាត់បានដាក់លាយល្បាយដីមានដូចជា ដីស្រទាប់លើ ផេះអង្កាម និងអង្កាមពុកផុយរួច​ច្របល់ឲ្យសព្វ បន្ទាប់មកយកទៅដាក់ពង្រាយឲ្យពេញរាន។ មុនដាំគាត់បានស្រោចទឹកនៅលើរានឲ្យសើមៗ ហើយដកកូនឃិនឆាយដែលមានអាយុ២០ថ្ងៃទៅដាំនៅលើរានដោយទុកចន្លោះគុម្ព ០,៧តឹកដើម្បីងាយ​ស្រួលក្នុងការដាក់ជី ជ្រំគល់ និងឲ្យពន្លឺថ្ងៃចូលបានគ្រប់គ្រាន់។

៣. ការថែទាំ

បន្ទាប់ពីដាំរួចគាត់បានស្រោចទឹកជាប់ជាប្រចាំ (ព្រឹក ល្ងាច) លើកលែងតែនៅពេលមានភ្លៀង។ រាល់​៣ថ្ងៃម្តងគាត់បានស្រោចទឹកជីបំប៉នកូនដំណាំទាំងនៅថ្នាលសាប និងដាំនៅលើរាន។ ទឹកជីរបស់គាត់ផ្សំ​ឡើងពីវត្ថុធាតុជាច្រើន ដែលរបៀបធ្វើជីនេះមានបង្ហាញជូនដូចខាងក្រោម៖

ធាតុផ្សំ

  • ទន្ទ្រានខែត្រចំនួន ១ បាច់ស្មើនឹង ៧ គីឡូក្រាម (ចិញ្ច្រាំឲ្យល្អិត)
  • លាមកគោ ២ បង្គី
  • លាមកមាន់ ១០ គីឡូក្រាម
  • ផេះ ១០ គីឡូក្រាម
  • ក្បាលត្រី ៥ គីឡូក្រាម
  • ទឹកនោមគោ ១០០ លីត្រ
  • សារធាតុផ្សំសំរាប់បន្ថែមពីខាងក្រៅមានដូចជា ពោះវៀនមាន់ ផ្លែឈើទុំ ក្តាម ខ្យង ពស់ កង្កែប​ជាដើម។

របៀបផ្សំ

យកសារធាតុទាំងអស់ទៅច្របល់ឲ្យសព្វរួចច្រកចូលទៅក្នុងការុង ចងមាត់ឲ្យជិត។ យកសារធាតុ​នោះ​ទៅដាក់ចូលក្នុងពាង រួចចាក់ទឹកនោមគោចូលទៅក្នុងពាង (ដាក់ទឹកនោមគោសុទ្ធ) ត្រាំរហូតដល់រយៈ​ពេល១០ថ្ងៃទើបយកទៅប្រើ។

របៀបប្រើ

ក្រោយពីត្រាំបានរយៈពេល១០ថ្ងៃ គាត់បានយកទឹកជី១កំប៉ុង លាយជាមួយទឹក១០លីត្រ ស្រោច​ទៅលើដំណាំរាល់៣ថ្ងៃម្តង។ នៅពេលដាំបានរយៈពេល១ខែ ត្រូវជ្រំជ្រោយគល់ដំណាំម្តងទៀត ដើម្បីកុំឲ្យ​ដីហាប់ណែននាំឲ្យកូនឃិនឆាយលូតលាស់មិនល្អ។

៤. ការប្រមូលផល

ក្រោយពីដាំបានរយៈពេល២ខែ គាត់បានប្រមូលផល។ គាត់ប្រមូលផលបណ្តាក់គ្នាដោយបេះធាង និងកូនដែលបែកខ្នែងយកទៅលក់ ឬបរិភោគ។ ក្នុងការដាំនេះគាត់ប្រមូលផលបានចំនួន១០ដងមកហើយ សរុបជាទឹកប្រាក់បានចំនួន ១០.០០០រៀល។ ប៉ុន្តែដំណាំឃិនឆាយប្រមូលផលពុំទាន់អស់ទេ ហើយគាត់​គិតថានឹងអាចប្រមូលផលបាន១០ដងទៀត ព្រោះវាចេះតែលូតលាស់បន្តប្រសិនបើការ​ថែទាំបានដិតដល់​។

សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំឃិនឆាយ៖

  • រៀបចំថ្នាលសាបគ្រាប់ដោយដាក់ផេះអង្កាមច្របល់លាយជាមួយដី
  • ថែទាំ និងស្រោចបំប៉នជីទឹកនៅថ្នាលឲ្យកូនដំណាំឆាប់លូតលាស់
  • ដកកូនអាយុ២០ថ្ងៃ ទៅដាំនៅលើរានដោយទុកចន្លោះគុម្ព ដើម្បីងាយស្រួលធ្វើស្មៅ និងឲ្យដំណាំ​ទទួលពន្លឺគ្រប់គ្រាន់
  • ថែទាំ និងស្រោចជីទឹករយៈពេល៣ថ្ងៃម្តងចាប់ពីការដាំលើរាន ១អាទិត្យរហូតដល់ការបេះលក់​ជា​បន្តបន្ទាប់៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

អ្នកស្រី ញ៉ែម សុវណ្ណរី ម្ចាស់ពានរង្វាន់លេខ១ មេគោក្រមុំ ៣ក្បាល

អ្នកស្រី ញ៉ែម សុវណ្ណរី អាយុជាង៤០ឆ្នាំ រៀនថ្នាក់ទី៩ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​។អ្នកស្រី​បានគាំទ្រដោយ​អង្គការសេដាក ទាក់ទងនឹងបច្ចេកទេសកសិកម្មតាមគោលការណ៍ធម្មជាតិ ជំនាញការរៀបចំសហគមន៍ ការគ្រប់គ្រងដឹកនាំ និងការអភិវឌ្ឍខ្លួននៅឆ្នាំ២០០៤។