មហាសង្ក្រាន្តឆ្នាំកុរ (ជ្រូក) ឯកស័ក ព.ស. ២៥៦៣ គ.ស. ២០១៩ នឹងចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចែត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ១២នាទីរសៀល។ ថ្ងៃសង្ក្រាន្តត្រូវនឹងថ្ងៃអាទិត្យ ទេពធីតា ដែលនឹងយាងចុះមកបន្តវេនរក្សាមនុស្សលោកក្នុងឆ្នាំនេះ គឺព្រះនាង ទុស្សាទេវី បុត្រីទី១ នៃកបិលមហាព្រហ្ម ទ្រង់សៀតផ្កាទទឹមនឹងព្រះការណ៍ (ត្រចៀក), គ្រឿងភារណៈ (សំលៀកបំពាក់) ពណ៌ក្រហម, គ្រឿងប្រដាប់បទុមរាជ (ត្បូងទទឹមពណ៌ក្រហម មានឆ្លាក់ជារូបព្រះឥន្ទ្រ ព្រះកែវភ្លើង ព្រះនៃពន្លឺ), ភក្សាហារ (សោយអាហារ) ផ្លែឧទុម្ពរ (ផ្លែល្វា), គ្រឿងសាស្ត្រាវុធក្នុងព្រះហ័ស្តស្ដាំកងចក្រ និងព្រះហ័ស្តឆ្វេងខ្យងស័ង្ខ, យាន្តជំនិះ ពាហនៈឥន្ទ្រីនុ (គ្រុឌ)។