Home / ទេសចរណ៍ / វប្បធម៌និងទេសចរណ៍ / ផ្ទាំងស្លាកឈ្មោះប្រាសាទចំនួន១១៨ផ្ទាំង កំពុងដំឡើងក្នុងរមណីយដ្ឋានអង្គរ

ផ្ទាំងស្លាកឈ្មោះប្រាសាទចំនួន១១៨ផ្ទាំង កំពុងដំឡើងក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការដាក់ផ្ទាំងស្លាកឈ្មោះប្រាសាទដែលមានទាំងអក្សរខ្មែរ និងអក្សរអង់គ្លេស ធ្វើពីថ្មភក់ប្រមាណ១១៨ផ្ទាំងដាក់នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឱ្យរួចរាល់ក្នុងរយៈពេល២ខែ។

ផ្ទាំងស្លាកឈ្មោះប្រាសាទនេះ មានព័ត៌មានសំខាន់ៗដូចជា ឈ្មោះប្រាសាទ អាយុកាលសាងសង់ប្រាសាទ ទិសច្រកចូលប្រាសាទ ស្លាកអាជ្ញាធរជាតិអប្សរា ស្លាកអង្គការយូណេស្កូ ស្លាកបេតិកភណ្ឌពិភពលោក និងស្លាកអនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ សម្រាប់​ការការពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ។


នាឱកាសដាក់ផ្ទាំងស្លាកសញ្ញាឈ្មោះប្រាសាទទី១នៅអង្គរវត្ត នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សុខសង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរបានឱ្យដឹងថា ផ្ទាំងស្លាកឈ្មោះប្រាសាទទាំង១១៨នេះមានបីទំហំផ្សេងគ្នា គឺធំ មធ្យម និងតូច ដែលនឹងត្រូវយកទៅដាក់នៅតាមប្រាសាទ តែមិនបានដំឡើងគ្រប់ប្រាសាទទាំងអស់ក្នុងតំបន់រមណីយដ្ឋានអង្គរឡើយ ដោយហេតុថា ប្រាសាទខ្លះនៅជ្រៅក្នុងព្រៃមិនមានទីតាំងដាក់បាន ហើយក្នុងមួយប្រាសាទអាចមានមួយ ពីរ ឬបួនទៅតាមទំហំប្រាសាទ។ ចំពោះទីតាំងដែលដំឡើងស្លាកឈ្មោះប្រាសាទវិញ ក្រុមការងារបានគិតទៅលើចំណុច៣គឺ នៅក្បែរច្រកចូលទស្សនាប្រាសាទ ទីតាំងងាយមើលឃើញរបស់ភ្ញៀវទេសចរ និងទីតាំងដែលមិនប៉ះពាល់ដល់ទិដ្ឋភាពប្រាសាទទាំងមូល ដូចករណីនៅប្រាសាទអង្គរវត្តស្រាប់។

ឯកឧត្តមបានបន្ថែមថា ផ្ទាំងស្លាកឈ្មោះប្រាសាទទាំងអស់នឹងជួយផ្ដល់ភាពងាយស្រួល និងបទពិសោធន៍ល្អសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងការទស្សនាតំបន់អង្គរដែលគ្មានមគ្គុទ្ទេសក៍ អាចស្គាល់ឈ្មោះប្រាសាទបានច្រើនដោយខ្លួនឯង ហើយទទួលបាននូវព័ត៌មានមួយចំនួនដែលធ្វើឱ្យដំណើរកម្សាន្តកាន់តែសប្បាយ និងច្បាស់លាស់ថែមទៀត។


ក្នុងនាមជាអ្នកឆ្លាក់អក្សរ កាត់ផ្ទាំងស្លាក និងរៀបចំដំឡើងស្លាកឈ្មោះប្រាសាទ លោក ហាក់ ហេង ជាបុគ្គលិកសិប្បករអង្គរ មានលំនៅក្នុងភូមិត្រពាំងសេស បានសម្តែងក្តីសប្បាយរីករយដែលបានរួមចំណែកកសាងស្លាកសញ្ញាឈ្មោះតាមប្រាសាទ ដើម្បីឲ្យកូនខ្មែរនិងបរទេសងាយស្រួលចំណាំប្រាសាទនិងស្គាល់ឈ្មោះប្រាសាទច្បាស់៕

ប្រភព វេបសាយអាជ្ញាធរជាតិអប្សរា

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ភាពសម្បូរបែបនៃស្នាដៃបុព្វបុរសដែលប្រទះឃើញនៅប្រាសាទលលៃ

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រាសាទលលៃបច្ចុប្បន្ន មានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក (បារាយណ៍លលៃ) នាសម័យបុរាណ។ ទីនេះបានប្រែប្រួលបន្តិចម្តងៗដោយការរៀបចំថ្មីនិងមានសំណង់សាសនាមួយចំនួនតាមរយៈសម័យកាលជាបន្តបន្ទាប់មក។