សេចក្តីផ្តើម
រាំវង់ និងរាំក្បាច់ មិនខុសពីល្បែងប្រជាប្រិយប៉ុន្មានឡើយ ដូចជាចោលឈូង លាក់កូនខ្លែក លាក់កន្សែង បោះអង្គញ់ ទាញព្រ័ត្រ ស្ដេចចង់ជាដើម) គឺប្រជាជនខ្មែរនិយមនាំគ្នាលេងកម្សាន្តក្នុងពិធីបុណ្យប្រពៃណីនានា ពិសេសគឺបុណ្យចូលឆ្នាំខ្មែរ។ របាំប្រជាប្រិយរាំវង់ និងរាំក្បាច់ គឺប្រភេទរបាំដែលមានការនិយមជាទូទៅនៅក្នុងប្រទេសខ្មែរ ទោះនៅទីក្រុងក៏ដូចជានៅជនបទ នៅតំបន់ភ្នំក៏ដូចជានៅវាលទំនាប ឬក៏តំបន់មាត់សមុទ្រ គឺទទួលការពេញនិយមទាំងអស់និងនៅដែនដីអតីតរបស់ខ្មែរ (ខ្មែរក្រោម និងខ្មែរលើ)។ របាំប្រជាប្រិយខ្មែរនេះ ជាប្រភេទរបាំដែលងាយចាំ ងាយចេះ ហើយងាយក្នុងការរៀបចំសម្ដែង។ អាស្រ័យហេតុនេះហើយ ទើបគេសង្កេតឃើញជនជាតិខ្មែរ តាំងពីព្រះរាជា នាហ្មឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្ត្រ ទាំងក្មេងទាំងចាស់ ប្រុសស្រីចេះរាំរបាំនេះស្ទើរតែគ្រប់ៗគ្នា។
គឺជាលក្ខណៈពិសេសមួយសម្រាប់សម្គាល់រូបភាពនៃរបាំនេះ ពោលគឺគេរាំបន្តគ្នាជារង្វង់មូល។ ហើយជារបាំសំរាប់រាំលេងកម្សាន្ត ឬក៏រាំដើម្បីបំបាត់ការនឿយហត់ក្រោយពីការបំពេញពលកម្ម ឬប្រកបរបរចិញ្ចឹមជីវិត។ សិល្បៈរបាំរាំវង់នេះ មានអាយុច្រើនសតវត្សណាស់មកហើយនៅលើទឹកដីនៃមាតុភូមិខ្មែរ។ ព្រោះតាំងពីបុរាណដ៏យូរលង់ ទាំងជនជាតិខ្មែរ ទាំងជនជាតិឯទៀតៗដែលស្ថិតក្នុងអម្បូរជាមួយគ្នាដូចជា ព្នង គ្រឹង ទំពួន ព្រៅ…ក៏មានទំនាក់ទំនងជាមួយសិល្បៈរាំវង់ ឬជារង្វង់មូលនេះដែរ។
បងប្អូនជាជនជាតិខ្មែរលើ នៅភូមិភាគឦសាននៃប្រទេស និងតំបន់នៃភ្នំដទៃទៀត និយមរាំលេងកម្សាន្តនៅជុំវិញភ្នក់ភ្លើងនាពេលរាត្រី។ ទម្លាប់រាំវង់ជុំវិញភ្នក់ភ្លើងនេះ គឺមានជាច្រើនពាន់ឆ្នាំមកហើយ ហើយដែលមានសេសសល់រហូតដល់បច្ចុប្បន្ននេះ។
ភូមិកាចូនក្រោម មានទីតាំងស្ថិតនៅក្បែរដងទន្លេសេសានក្នុងទឹកដីឃុំវ៉ឺនសៃ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី។ ភូមិនេះ គឺប្រមូលផ្តុំទៅដោយជនជាតិដើមភាគតិច «ទំពួន» ជាច្រើនគ្រួសាររស់នៅប្រកបរបរធ្វើស្រែចំការ បរបាញ់ និងនេសាទជាដើម។ ទោះបីសព្វថ្ងៃ សង្គមរស់នៅរបស់ជនជាតិដើមភាគតិចនៅក្នុងទីភូមិនេះ មានការប្រែប្រួលទៅតាមសម័យកាលរីកចម្រើនក្ដី ក៏ជាទូទៅពួកគេនៅតែរក្សាបាននូវលក្ខណៈប្រពៃណីនិងទំនៀមទម្លាប់របស់ខ្លួនបានល្អ ពិសេសទាក់ទងនឹងការស្លៀកពាក់ និងរាំកម្សាន្តក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។
ក-ក្នុងពិធីលេងអារក្ខ និងពិធីឡើងអ្នកតា
ពិធីលេងអារក្ខ និងពិធីឡើងអ្នកតា ជាជំនឿខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ មុនសម័យដែលព្រាហ្មណ៍សាសនា និងពុទ្ធសាសនាហូរចូលមកទឹកដីខ្មែរទៀត គឺតាំងពីមុន ៣០៩ឆ្នាំមុនគ.ស.ទៅទៀត (ព្រះតេជគុណ ប៉ាង ខាត់)។ ជនជាតិខ្មែរ តែងនាំគ្នាសង់រោងតូចមួយដោយមានធ្វើ រាជវត្ត ព័ទ្ធជុំវិញ ហើយរូបមេមត់ (អ្នកចូលរូប) តែងតែរាំជារង្វង់មូលនៅជុំវិញរោងនោះក្នុងពេលប្រារព្ធពិធីលាងអារក្ខនេះ។
ខ-ពិធីកាប់ក្របីថ្វាយអ្នកតា
ពិធីកាប់ក្របីថ្វាយអ្នកតានេះ គឺជារបស់បងប្អូនជនជាតិដើមភាគតិច ព្នង គ្រឹង ទំពួន ដែលមានអាយុតាំងពីច្រើនពាន់ឆ្នាំមកហើយ ព្រមទាំងមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន ហើយដែលបងប្អូនជនជាតិទាំងនោះ បានថែរក្សាឲ្យនៅគង់វង្សរហូតដល់សព្វថ្ងែនេះ ក៏គេមានទម្លាប់រាំជារង្វង់មូលដែរ។
គ-រាំវង់ភូមិថ្មី
បងប្អូនជនជាតិដើមភាគតិច ព្រៅ ព្នង គ្រឹង ទំពួន នៅប្រកាន់ខ្ជាប់ទំនៀមទំលាប់ «រាំវង់ភូមិថ្មី» ដែលជាភាសាជនជាតិនិយាយថា «រាំវង់ស្រុកហាន់ទើម»។ របាំរាំវង់ភូមិថ្មី គេមានទម្លាប់ធ្វើនៅពេលប្ដូរភូមិ ពីភូមិចាស់ទៅរស់នៅក្នុងភូមិថ្មី។ តាមធម្មតាក្នុងរយៈពេលពី ៣ទៅ៧ឆ្នាំ មុននឹងប្ដូរភូមិ ឬចាកចេញពីភូមិចាស់ មេកន្រ្ទាញនិងចាស់ទុំក្នុងភូមិ តែងនាំគ្នាធ្វើពិធីផ្សងទៅតាមជំនឿរបស់ខ្លួនដើម្បីរកកន្លែងថ្មី ដែលមានលក្ខណៈភូមិសាស្ត្រល្អ មានទឹកគ្រប់គ្រាន់ និងជាកន្លែងដែលអាចការពារសន្តិសុខជូនញាតិមិត្តក្នុងស្រុកភូមិបាន។ ពេលផ្សងរើសកន្លែងថ្មីបានហើយ ទើបគេនាំគ្នាធ្វើពិធីកំណត់ឆ្នាំសម្រាប់ចូលទៅរស់នៅ គឺធ្វើឲ្យដឹងថា តើពួកគេអាចរស់នៅបានប៉ុន្មានឆ្នាំនៅនឹងភូមិថ្មីនោះ? ពិធីកំណត់ឆ្នាំសម្រាប់រស់នៅនោះ ប្រព្រឹត្តទៅដោយមេកន្រ្ទាញ និងចាស់ទុំក្នុងភូមិ ដោយយកប្រទាលមកចិតទម្លាក់មកលើដីចំនួនប្រាំពីរចំណិត។ បើប្រទាលនេះ ក្រឡាប់ប៉ុន្មានចំណិតនោះ គេជឿថា គេអាចរស់នៅក្នុងភូមិថ្មីនោះបានប៉ុណ្ណឹងឆ្នាំដែរ ពោលគឺតាមចំនួនចំណិតប្រទាលដែលក្រឡាប់នោះ។ ឧទាហរណ៍ បើប្រទាលដែលចិតនោះក្រឡាប់បី ឬប្រាំចំណិត នោះគេអាចរស់នៅទីនោះបានបី ឬប្រាំឆ្នាំដែរ។ ជំនឿនេះមានតាំងពីបុព្វេយូរលង់ណាស់មកហើយរហូតមកដល់សព្វថ្ងៃនេះ។ ពេលធ្វើពិធីផ្សងរកដីថ្មីបានហើយមេកន្រ្ទាញក៏ប្រកាសឲ្យអ្នកស្រុកអ្នកភូមិរុះរើពីភូមិចាស់ទៅរៀបចំផ្ទះសម្បែងនៅភូមិថ្មី។ នៅពេលនាំគ្នាចូលទៅភូមិថ្មីជាដំបូង គេនាំគ្នាប្រារព្ធពិធីសម្ដែងរបាំរាំវង់ភូមិថ្មីនេះមុនគេបង្អស់។ អ្នកស្រុកអ្នកភូមិ មានស្រីមានប្រុសនាំគ្នារាំជាគូ (តាមប្រពៃណីដូនតា តៗគ្នារហូតដល់បច្ចុប្បន្ន ដែលមានជំនឿថា នឹងនាំឲ្យគេគ្រប់ៗគ្នាបានសេចក្ដីសុខចម្រើន)។
សរុបមក ការរៀបរាប់ខាងលើនេះ របាំរាំវង់នៅប្រទេសខ្មែរនេះ គឺមានតាំងពីយូរលង់ណាស់មកហើយ និងជារបាំដែលជាប់នឹងពិធីប្រពៃណី។ ចំណេរកាលក្រោយមក ទើបក្លាយទៅជារបាំប្រជាប្រិយដែលមានការនិយមចូលចិត្តពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិកម្ពុជាទាំងមូល។ ហើយក្រោយមកទៀត ក្នុងពេលដែលប្រទេសជិតខាងមានសៀម (ថៃ) និងលាវ (ឡាវ) បានចាប់កំណើតឡើង របាំរាំវង់នេះ ក៏ដូចជាទម្រង់សិល្បៈឯទៀតៗដែរ បានហូរចុះហូរឡើង ឬក៏ជះឥទ្ធិពលឆ្លងគ្នាទៅវិញទៅមករវាងខ្មែរនិងលាវ, ខ្មែរនិងសៀម ពិសេសនៅគ្រប់តំបន់ជាប់ព្រំដែន និងតំបន់ដែលមានប្រជាជនខ្មែរ-លាវ និងខ្មែរ-សៀមរស់នៅលាយឡំគ្នាច្រើននោះ។
បើតាមឯកសារខ្លះៗដែលនៅសល់ និងតាមព័ត៌មានពីចាស់ទុំជាច្រើន បានបញ្ជាក់ថា នៅប្រទេសខ្មែរ របាំប្រជាប្រិយរាំវង់ និងរាំក្បាច់បានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងសតវត្សទី២០ និងទី២១នេះ ពិសេសគឺតាំងពីពេលដែលចលនាខ្មែរឥស្សរៈកើតមាននៅគ្រប់តំបន់ក្នុងប្រទេស និងកងជីវពលនារីក្លាហាន ដែលបានក្រោកឡើងបណ្ដេញអាណានិគមនិយមបារាំងដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិរបស់ខ្លួនមក ហើយដែលគេអាចឃើញមានសល់នូវបទចំរៀងរាំវង់មួយចំនួនដែលអាចជាតឹកតាង ឬជាអនុស្សាវរីយ៍នៃសម័យកាលនោះផង។ ហើយក៏ប្រហែលនៅក្នុងពេលនោះដែរ ដែលឥទ្ធិពលនៃពាក្យបរទេស ដូចជាពាក្យថា រាំ «ឡាំថូន”» ឬ ឡក «ឡាំថូន» (ថូន=ស្គរ) ត្រូវខ្មែរយកមកប្រើ ព្រោះពេលនោះកងទ័ពខ្មែរឥស្សរៈ ដែលបោះទីតាំងក្នុងព្រៃជ្រៅៗតំបន់ភ្នំដងរែក តំបន់ឱរ៉ាល់ ភ្នំក្រវាញ តំបន់ភាគឦសាននៃប្រទេស (អាចចងសម្ព័ន្ធជាមួយឥស្សរៈលាវ) ឬតំបន់សមុទ្រក្ដីច្រើននាំគ្នាលេងរាំវង់ដោយប្រើតែស្គរដៃមួយប៉ុណ្ណោះ និងចម្រៀងដែលមានលក្ខណៈងាយស្រួលក្នុងការកម្សាន្តទៅតាមកាលៈទេសៈនៃការតស៊ូ និងការរស់នៅដោយយកព្រៃជ្រៅធ្វើជាមូលដ្ឋានបង្អែក។
សូមបញ្ជាក់ថា ស្គរដៃនេះ ជាស្គរនៃវង់ភ្លេងអារក្ខ វង់ភ្លេងប្រជាប្រិយ ឬភ្លេងការរបស់ជនជាតិខ្មែរដែលមានកំណើតជាយូរណាស់មកហើយ។ តាំងពីពេលស្រុកខ្មែរបានឯករាជ្យមក (នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣) ក្រោមព្រះរាជកិច្ចដឹកនាំនៃ ព្រះករុណាព្រះបាទ នរោត្ដម សីហនុ ប្រទេសជាតិ និងប្រជារាស្ត្រខ្មែរ មានសិទ្ធិសេរីភាពគ្រប់គ្រាន់ ធ្វើឲ្យរបាំប្រជាប្រិយ រាំវង់ និងរាំក្បាច់នេះ រីកចម្រើនយ៉ាងខ្លាំងក្លា ពោលគឺនៅកន្លែងខ្លះ គេរាំជាមួយស្គរដៃ ពេលខ្លះគេរាំជាមួយវង់ភ្លេងខ្មែរដែលមានឧបករណ៍ ស្គរ ទ្រ រនាត និងឧបករណ៍ជាច្រើនផ្សេងៗទៀត រហូតដល់ក្លាយជាវង់តន្ត្រីសម័យយ៉ាងទំនើប ដែលយើងឃើញសព្វថ្ងៃនេះស្រាប់។
២-របៀបសម្ដែងរបាំរាំវង់
ដូចបានជម្រាបខាងលើមកហើយថា របាំរាំវង់ គឺជារបាំប្រជាប្រិយខ្មែរ មានលក្ខណៈងាយស្រួល ងាយចេះងាយចាំ ទាំងក្បាច់ក្បូរ ទាំងការប្រើដៃ ជើង ក និងចង្កេះ។ ឯចង្វាក់វិញ មិនយឺតពេក ហើយក៏មិនញាប់ពេកដែរ បើស្ដាប់សំឡេងស្គរដៃគឺឮ «ប៉ាក់ ពើង ប៉ាក់ (ៗ)» ឬក៏ «តាក់ ទីង តាក់ (ៗ)» យ៉ាងនេះ។ ក្នុងពេលរាំ ទាំងស្រីទាំងប្រុសត្រូវបោះជំហានឆ្វេងស្ដាំទៅមុខ ដោយស្រីរាំនៅពីមុខ ប្រុសរាំនៅពីក្រោយបន្តគ្នាឬពេលខ្លះរាំកៀងគ្នា ឬខ្លះជំរុញឲ្យប្ដូរគូក៏មាន។ ឯដៃត្រូវ «ជីប» ពីក្រោមហើយលើកចំពីមុខទៅ «លា» ខាងលើ…បញ្ច្រាសគ្នា ឆ្វេងម្ដងស្ដាំម្ដង ហើយលៃដៃ និងជើងនោះ ក៏ឲ្យបញ្រ្ចាសគ្នាផងដែរ គឺបើឈានជើងស្ដាំទៅមុខ ត្រូវលើកដៃឆ្វេង ហើយបើឈានជើងឆ្វេងទៅមុខវិញ ត្រូវលើកដៃស្ដាំវិញ។ល។ ជួនកាលគេរាំធ្វើដំណើរទៅមុខបីជំហាន រួចគោះជើងមកខាងក្រោយ «មួយ» ក៏មាន ហើយចេះតែបន្តយ៉ាងនេះជារង្វង់មូលរហូតទៅ។ ចង្វាក់ភ្លេងរាំវង់ ជាទូទៅពេលចាប់ផ្ដើមច្រើនតែស្ថិតនៅក្នុងចង្វាក់នឹង ឬស្មើធម្មតា លុះជិតចប់បទនីមួយៗក្រុមតន្ត្រីច្រើនតែប្រគំរន្ថើនឡើងៗ «ញាប់ឡើងៗ» រហូតដល់ចប់។
៣-របៀបសម្ដែងរបាំរាំក្បាច់
ចំណែកខាងរបាំរាំក្បាច់វិញ ក៏មានលំនាំប្រហាក់ប្រហែលគ្នានឹងក្បាច់រាំវង់ដែរ គឺដៃត្រូវ «ជីប» ពីក្រោមហើយវាសលើកឡើងខ្ពស់រួច «លា» នៅខាងលើ ខាងឆ្វេងម្ដង ខាងស្ដាំម្ដងប្ដូរវេណគ្នា ដោយលៃឲ្យបញ្រ្ចាសគ្នានឹងជើង និងជើងដែលបោះខ្វែងគ្នាឈានទៅមុខនោះផង ពោលគឺ បើបោះជើងស្ដាំឈានទៅមុខខ្វែងជើងឆ្វេងដែលទ្រទម្ងន់ដងខ្លួន ដៃឆ្វេងដែល «ជីប» ពីក្រោមត្រូវវាសលើកខ្ពស់ឡើងលើត្រឹមចុងចិញ្ចើម ហើយ «លា» ទៅខាងឆ្វេងវិញ។ លុះដល់ឈានជើងឆ្វេងទៅមុខខ្វែងនឹងជើងស្ដាំដែលទ្រទម្ងន់ដងខ្លួនវិញនោះ ដៃស្ដាំដែល «ជីប» នៅខាងក្រោមត្រូវលើកឡើងខ្ពស់រួច «លា» នៅខាងស្ដាំវិញម្ដង ធ្វើចលនានេះក្នុងដំណើររាំឈានទៅមុខជារង្វង់មូល ដូចរាំវង់ដែរ ខុសតែចង្វាក់នោះយឺតជាង គឺបើស្ដាប់ស្គរឃើញ «តាក់-តាក់ ទីង-ទីង (ៗ)» ឬ «ប៉ាក់ ប៉ាក់ ពើង ពើង (ៗ)» យ៉ាងនេះ។ ឯការតុបតែងលំអទីសម្រាប់រាំវិញមានលក្ខណៈសាមញ្ញបំផុត គឺមានតែទីលានស្អាត និងតុដាក់ផ្កាមួយដែលគេចាត់ទុកជាចំណុចកណ្ដាលប៉ុណ្ណោះ។ ប៉ុន្តែសម័យថ្មីនេះ ឃើញគេមានតុបតែងលំអភ្លើងអគ្គិសនី ឬអ្វីផ្សេងៗទៀតទៅតាមភាពសម្បូរបែបរបស់កន្លែងនីមួយៗផងដែរ។ សូមបញ្ជាក់ថា របាំរាំក្បាច់ ទោះបីចង្វាក់យឺតជាងរាំវង់ក៏ដោយ ប៉ុន្តែចលនាទៅមុខ ជារង្វង់មូលមិនខុសពីរបាំរាំវង់ឡើយ។
សូមជម្រាបថា នៅក្នុងប្រភេទសិល្បៈរបាំប្រជាប្រិយនៅប្រទេសខ្មែរ គឺក្រៅពីរាំវង់ និងរាំក្បាច់ ដែលជារបាំមូលដ្ឋានរបស់ជនជាតិខ្មែរនោះនៅមានរបាំ «ឡាំលាវ» និង «សារ៉ាវ៉ាន់» ថែមទៀត ដែលមានប្រជាប្រិយភាពធំធេង ហើយមានការនិយមរាំជាមួយរាំវង់ និងរាំក្បាច់ជានិច្ចនោះផង។ ចំពោះរបាំឡាំលាវ ដែលមានចង្វាក់ញាប់រន្ថើន និងរបាំសារ៉ាវ៉ាន់នេះ ជាឥទ្ធិពលរបស់សិល្បៈលាវ ដែលបានហូរចូលមកប្រទេសកម្ពុជាក្នុងឋានៈជាមិត្តភ័ក្តិ និងជាបងប្អូន និងជាអ្នកភូមិផងរបងជាមួយ ហើយត្រូវបានជនជាតិខ្មែរនិយមរាប់អានយ៉ាងក្រៃលែង។ ឯសារ៉ាវ៉ាន់វិញ គឺជាឈ្មោះខេត្តមួយរបស់ប្រទេសលាវជាប់គ្នានិងខេត្តអាត់តៈពើ ហើយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីខេត្តស្ទឹងត្រែងនៃប្រទេសខ្មែរ។
ចំណែកពេលវេលា ឬពិធីដែលរបាំប្រជាប្រិយសម្ដែងវិញ គឺមានលក្ខណៈទូលំទូលាយណាស់ ជាទូទៅគេច្រើនរាំក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅទូទាំងប្រទេស ហើយមានកន្លែងខ្លះ ឬភូមិស្រុកខ្លះគេរាំលេងសប្បាយជាច្រើនអាទិត្យមុនចូលឆ្នាំនិងក្រោយចូលឆ្នាំទៀតផង ដូចជានៅភូមិអន្លង់រមៀតក្នុងខេត្តកណ្ដាល ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញនេះជាដើម។ ហើយគេរាំលេងកម្សាន្តក្នុងពិធីអាពាហ៍ពិពាហ៍មង្គលការកូនប្រុសស្រី ពិធីជប់លៀង ពិធីបុណ្យតាមគ្រួសារ ឬរាំកែកម្សាន្តពេលជួបជុំញាតិមិត្តជិតឆ្ងាយ ឬក៏រាំដើម្បីបំបាត់ការនឿយហត់ក្រោយពេលបំពេញពលកម្មនានាថែមទៀតផង។ រហូតមកដល់សព្វថ្ងៃនេះ គេសង្កេតឃើញរបាំប្រជាប្រិយ រាំវង់ រាំក្បាច់ ឡាំលាវ សារ៉ាវ៉ាន់ ត្រូវបានគេនិយមរាំលេងនៅតាមរង្គសាលនានា លាយចម្រុះជាមួយនឹងក្បាច់របាំបរទេសរៀងរាល់រាត្រីផងដែរ។
៤-អត្ថន័យរបាំរាំវង់
ទស្សនៈយល់ដឹងអំពីសិល្បៈប្រជាប្រិយខ្មែរ ដែលរាំជារង្វង់មូល ហើយប្រើកាយវិការ និងក្បាច់ដៃ «ជីប» ពីក្រោមហើយលើកឡើង «លា» នោះវិញ មានមតិភាគច្រើនយល់ថា នោះគឺជាការបង្កើតសាមគ្គីភាពរវាងគ្នានិងគ្នាផង ការបង្ហាញសុភមង្គលក្នុងជីវិតខ្មែរផង និងជានិមិត្តរូបរង្វង់នៃជីវិត ដែលត្រូវតែមានពលកម្មដាំដុះផលដំណាំសាចុះសាឡើងបន្តជានិច្ចនិរន្តរ៍មិនចេះចប់ដើម្បីទ្រទ្រង់ជីវិត និងការចាំបាច់នៃការបន្តពូជពង្សវង្សត្រកូល (បន្តវេន) នៃធម្មជាតិនិងមនុស្ស ពិសេស គឺពូជពង្សត្រកូលខ្មែរតែម្ដង។
តាមឯកសារស្រាវជ្រាវរបស់លោក ពេជ្រ ទុំក្រវិល យើងអាចនិយាយជារួមឡើងវិញថា យើងពុំអាចមានមន្ទិលសង្ស័យទៅលើប្រការនេះបានឡើយ នោះគឺអត្ថន័យស៊ីជម្រៅនៃចំណុចស្នូលកណ្តាល វង់ ឬរង្វង់មូល ដែលមនុស្សខ្មែរបុរាណជឿជាក់ថា ជាការចាប់ផ្តើមឡើងនូវអ្វីៗទាំងអស់ ពីព្រោះរាល់សកម្មភាព ឬថាមពលទាំងអស់ជុំវិញនៃពិភពលោក គឺសុទ្ធតែផ្តើមឡើងពីចំណុចកណ្តាលនេះឯង ហើយបន្ទាប់មកក៏បានរីករាលដាលធំទៅៗ ដោយមានសណ្ឋានជាក្បាច់គូថខ្យង ហើយនៅទីបញ្ចប់ក៏គ្របដណ្តប់ទូទាំងចក្រវាឡយ៉ាងឆាប់រហ័ស។ គឺក្នុងករណីនេះ ការរាំជាវង់ៗ ឬរង្វង់មូល ត្រូវបានគេចាត់ទុកថា ជាដើមហេតុនៃឥទ្ធិពលប្រកបដោយលក្ខណៈពិសិដ្ឋអស្ចារ្យ មិនមានលក្ខណៈខុសប្លែកពីអ្វី ដែលគេធ្លាប់មានក្នុងផ្នត់គំនិត គឺដំណើរនៃវិញ្ញាណដែរ។ តាមពិតទៅ តាមកាយវិការនេះ គេចង់បង្ហាញពីគោលបំណងរបស់គេ ហើយនេះក៏ជាជំហានទីមួយនាំទៅកាន់ សេចក្តីសុខសប្បាយ ឬសិរីមង្គល។ មូលហេតុដែលខ្មែររាំវង់ គឺពិតជាផ្តើមចេញពីទស្សនៈខាងលើនេះ ហើយវាក៏មិនមែនជារឿងចៃដន្យឡើយ គឺដោយសារតែជំនឿសាសនាយ៉ាងប្រាកដ។តែសំខាន់បំផុតដែលយើងត្រូវកត់ត្រា របាំរាំវង់ ដែលជាទម្លាប់បានក្លាយទៅជា ទស្សនៈទម្លាប់ប្រពៃណីប្រជាជាតិខ្មែរ ហើយត្រូវបានប្រារព្ធរហូតដល់សព្វថ្ងៃ៕