Home / កសិកម្ម / បទពិសោធន៍ដាំជីមហោ ឬជីពងទាកូន (កសិករ វង ពៅ)

បទពិសោធន៍ដាំជីមហោ ឬជីពងទាកូន (កសិករ វង ពៅ)

កសិករ វង ពៅ រស់នៅសង្កាត់បឹងទំពុន ខណ្ឌ​ស្ទឹង​មានជ័យ រាជធានីភ្នំពេញ គាត់បានដាំដំ​ណាំ​ជាច្រើន​​​មុខ។ នៅ​ពេលនេះយើងសូមលើកយកតែបទពិសោធន៍ដាំជីមហោឬជីពងទាកូនមកបង្ហាញ។ ជីនេះ​ដាំ​ដំបូងរយៈ​ពេល​១ខែ អាច​ប្រមូលផលបាន ហើយគេអាចប្រមូលផលបាន៥លើក ទើប​ធ្វើ​ការដាំសាជា​ថ្មី​ឡើងវិញ។ គាត់ដាំបានចំនួន៩រង ដែលរង​នីមួយ​ៗមានបណ្តោយ ១០ម៉ែត្រ និងទទឹង ១,៥ម៉ែត្រ។ ក្នុង​ការ​​​បេះ​ប្រមូល​ផលមួយសាៗ​គាត់លក់បានប្រាក់ ៥០ម៉ឺនរៀល​។

១-ការរៀបចំដីដាំ

ក្នុងការរៀបចំដីដាំគាត់បានភ្ជួរចំនួន២សា លើកទី១ ភ្ជួរហាលដីចោលរយៈពេលមួយអាទិត្យ ទើបភ្ជួរ​លើក​ទី២ បន្ទាប់មកលើកជារងដែលមានបណ្តោយ ១០ម៉ែត្រ និងទទឹងរង ១,៥ម៉ែត្រ និងចន្លោះពីរង​មួយ​ទៅ​មួយ៤​ទៅ​៥តឹក។ ក្នុងមួយរងៗ គាត់ដាក់ជីលាមកមាន់ ២បាវទ្រាប់បាតដោយកាប់ច្របល់ក្នុង​ដីឲ្យ​សព្វ​។

២-ការដាំនិងថែទាំ

បន្ទាប់ពីធ្វើរងហើយ គាត់បានយកគ្រាប់ពូជដែលគាត់បានទិញពីផ្សារ មករោយដាំតាមចង្អូររង (ឆូត​ចង្អូរ​កាត់ទទឹងរង)។ ក្រោយពីដាំហើយ គាត់កាត់ចំបើងខ្លីៗរោយពីលើរង រួចស្រោចទឹកឲ្យជោគមួយ​ថ្ងៃ​២​ដង (នៅរដូវ​ប្រាំង)។ នៅពេលជីដុះគាត់ដករំលោះកូនចេញខ្លះ ដើម្បីកុំឲ្យដុះញឹកពេក។ ក្រៅពីដករំលោះ​កូន គាត់ក៏ធ្វើការ​ដក​ស្មៅដែរ។ ចំពោះសត្វល្អិតពំមានការបំផ្លាញទេពីព្រោះជីមានក្លិនឆូលធ្វើឲ្យសត្វល្អិតមិន​មក​បំផ្លាញ។ នៅពេលជី​កំពុងលូតលាស់ គាត់ស្រោចជីទឹកបំប៉ន (ធាតុផ្សំជីមាន ទឹក ស្ករត្នោត ផ្លែឈើទុំ ស្វាយ ចេក ល្ហុង ខ្នុររលួយក្នុង​បរិមាណស្មើគ្នា។ យកធាតុផ្សំទាំងអស់ ញាត់ចូលពាងគ្របឲ្យជិត រក្សាទុក​កន្លែង​ត្រជាក់​ងងឹត​រយៈពេល ១០ថ្ងៃ ទើបយកទៅប្រើ)។

ចំពោះការប្រើជីទឹកនេះ គាត់បានស្រោចរយៈពេល ២ថ្ងៃម្តង ដោយលាយក្នុងបរិមាណជីទឹកកន្លះ​កំប៉ុង​ទឹក​​ដោះគោជាមួយទឹកមួយធុង ១០លីត្រ។

៣-ការប្រមូលផល

ក្រោយពីដាំបានរយៈពេល១ខែ គាត់ប្រមូលផល​ដោយ​​យកកណ្តៀវច្រួត ដោយទុកកន្លះតឹកពីគល់។ ក្រោយ​​ពីគាត់​ប្រមូលផលហើយ គាត់ស្រោចទឹកដើម្បីឲ្យ​ជីលូតលាស់បន្ត។ ការស្រោចទឹកជីធ្វើឡើង ២ថ្ងៃម្តង រហូត​ដល់ការលូតលាស់​បាន​កំពស់២តឹក គាត់ធ្វើការកាត់ប្រមូលផល ១សាទៀតរហូត​ដល់៥សា ទើប​ចោល និង​ធ្វើដីដាំឡើងវិញ។

៤-ចំណាប់អារម្មណ៍

ក្រោយពីដាំជីនេះអស់រយៈពេល៣ឆ្នាំមក គាត់មានចំណាប់អារម្មណ៍ថា ការដាំជីមហោ ឬជីពងទាកូន​នេះ​មានលក្ខណៈងាយស្រួលមិនមានសត្វល្អិតបំផ្លាញ ហើយការស្រោចទឹកជីបំប៉នពិតជាជួយឲ្យ​ដំណាំលូត​លាស់​ល្អ​មែន។ ការដាំជីនេះអាចរកប្រាក់ចំណូលរួមផ្សំជាមួយដំណាំផ្សេងៗទៀតបាន។

សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំជីមហោមាន៖

  • ភ្ជួរដីហាលចោលរយៈពេល ៧ថ្ងៃ ដើម្បីឲ្យដីស្ងួតល្អ
  • ដាក់ជីលាមកមាន់ទ្រាប់បាតរង
  • ដាំដោយព្រោះគ្រាប់ មានប្រើកំទេចចំបើងសំរាប់គ្របពីលើ ដករំលោះកូនចេញខ្លះ ដើម្បីឲ្យដុះ​លូត​លាស់​ល្អ
  • ស្រោចទឹកជីបំប៉ន ដើម្បីជំរុញដល់ការដុះលូតលាស់៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប្រព័ន្ធវប្បកម្មកសិកម្មតាមគោលការណ៍ធម្មជាតិ

គោលបំណងសំខាន់របស់អ្នកប្រកបមុខរបរកសិកម្ម គឺបង្កើននូវផលិតផលសំរាប់បំពេញតម្រូវការគ្រួសារ និងសំរាប់លក់យកប្រាក់ចំណូល។ ដើម្បីបង្កើននូវផលិតផលកសិកម្ម ជាទូទៅគេមានយុទ្ធសាស្រ្តសំខាន់ចំនួន២៖