Home / វប្បធម៌និងទេសចរណ៍ / របាំត្រុដិ ជាកេរដំណែល ខ្មែរ-មន

របាំត្រុដិ ជាកេរដំណែល ខ្មែរ-មន

របាំត្រុដិ ជាកេរដំណែលវប្បធម៌ខ្មែរ-មន ដែលជនជាតិខ្មែរព្រៃភ្នំដូចជាពួកសម្រែ សួយ និងព័រជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិសាត់ បាត់ដំបង និងប្រជាពលរដ្ឋមួយចំនួនទៀតនៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធមុនពេល ឬក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេលដែលមានសត្វព្រៃរត់ចូលស្រុកភូមិជាដើម ដើម្បីដេញឧបទ្រពចង្រៃ។ ចំណែកជនជាតិចិន គេមានរបាំម៉ុងសាយ សំដែងដេញឧបទ្រពចង្រៃនេះដែរ។ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា «ត្រុដិ» ត្រុត សំ.(ន.)ដំណើរ​កាត់, ការ​ផ្ដាច់។ ឈ្មោះ​ភ្លេង, ចម្រៀង​មួយ​ប្រភេទសម្រាប់​បណ្ដា​ជន​ក្នុង​ខែត្រ​សៀមរាប គេលេង​តែ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី : ភ្លេង​ត្រុដិ, លេង​ត្រុដិ (ម. ព. ត្រស្ដិ ផង)។

តាមការពិត របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃទៅភាពសម្បូ​រណ៍សប្បាយផង។ ពាក្យ «ត្រុដិ» គឺសំដៅដល់ពេលដែលឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី។ តាមអត្ថន័យនេះ របាំត្រុដិដែលត្រូវបានប្រារព្ធធ្វើនោះ គឺត្រូវកំណត់ដំណើរកាត់ផ្តាច់នៃឆ្នាំនីមួយ​ៗក្នុងទស្សនៈរបស់ជនជាតិខ្មែរដែលបានរស់នៅខ្ពង់រាប និងវាលទំនាប។

ដូច្នេះហើយក្នុងពិធីបុណ្យឆ្លងនេះ គេប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មី ដែលចូលមកដល់ដោយសេចក្តីសប្បាយរីករាយ។ ក្នុងន័យដដែលនេះ ការដែលគេមិនបានប្រារព្ធពីធីបុណ្យឆ្លង ឬការមិនចូលរួមអបអរសាទរនូវរបាំនេះដោយប្រការណាមួយ អាចនាំមកនូវរាល់អំពើទុក្ខសោកពុំខាន។ នេះជាអត្ថន័យទី១នៃរបាំត្រុដិ។ រីឯអត្ថន័យទី២ ក៏មានលក្ខណៈប្រហាក់ប្រហែល​នឹងនេះដែរ គឺគេរាំរបាំត្រុដិនេះនៅពេលដែលសត្វព្រៃ ដូចជាត្រកួត ប្រើស ឈ្លួស ពស់ចូលក្នុងភូមិ តាមពិតគេធ្វើឡើងក៏ដើម្បីផ្តាច់ចេញ (បណ្តេញ) ពីស្រុកភូមិនូវរាល់ឧបទ្រពចង្រៃដែរ ហើយពិធីនេះមានឈ្មោះថា ពិធីឡើងភូមិ ឬពីធីរាំឡើងភូមិ។

និមិត្តរូបដ៏សំខាន់នៃរបាំត្រុដិនេះ សម្រាប់បញ្ជាក់បង្ហាញនូវអត្ថន័យឲ្យកាន់តែស៊ីជម្រៅ ក្រៅពីវត្តមានរបស់ពួកអ្នករាំកាន់សញ្ញាសម្រាប់កំណត់ទំនុកច្រៀង គឺវត្តមានរបស់អ្នករាំកាន់ដំបងកោងមួយធ្វើរបៀបផ្សេងដូចតំណាងផាលនង្គ័ល ដែលនៅខាងចុងមានចងកណ្តឹងឬរោមក្ងោក​។ និមិត្តរូបចម្បងមួយទៀតគឺវត្តមានអ្នករាំរបាំចំនួនពីរនាក់ទៀតរាំត្រាប់តាមសត្វទន្សោង ដែលចែចង់គ្នាដោយមានពាក់ស្នែង​ទន្សោង​លើក្បាលរបស់គេថែមទៀតផង។ សូមជម្រាបថា សត្វប្រើសដែលជាអ្នករាំរបាំទន្សោងទាំងពីរនេះ តំណាងព្រានព្រៃដេញតាមសត្វប្រើសដែលត្រូវគេបរបាញ់។ ករណីមួយទៀតដែលបង្ហាញនូវលក្ខណៈ ពិសិដ្ឋរបស់របាំនេះ គឺវត្តមានរបស់មនុស្សព្រៃម្នាក់មានមុខលាបពណ៌ខ្មៅ ក្បាលរំដោយផ្កា និងស្លឹកឈើជារុក្ខទេវតាថែរក្សាព្រៃភ្នំដែលជួយពួកព្រានព្រៃក្នុងការបរបាញ់។

ដូចនេះ តាមរយៈវត្តមានរបស់តួអង្គ គឺអ្នករាំរបាំដែលខ្លួនជាសត្វ ឬរុក្ខទេវតាដែលតំណាងនូវសភាវៈល្អ ឬអាក្រក់ យើងអាចសម្គាល់នូវលក្ខណៈពិសិដ្ឋរបស់របាំត្រុដិ ដែលជាពិធីបុណ្យឆ្លងផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរយើង ដែលមានលក្ខណៈជីវចលនិយម ហើយលើសពីនេះទៅទៀតនោះ តួនាទីរបស់របាំនេះក្នុងសង្គមខ្មែរ គឺការផ្តល់នូវផលប្រយោជន៍សុភមង្គលរបស់មនុស្សក្នុងសង្គម ដោយរួមរិតសម្ព័ន្ធភាព សាមគ្គីភាពរបស់ពួកគេឡើងវិញ។ ទស្សនៈបែបនេះ ពិតជាពុំមែនកេរមត៌កវប្បធម៌ឥណ្ឌាទេ គឺជាមត៌កវប្បធម៌ខ្មែរ-មន ដែលមានអាយុ​ច្រើនពាន់ឆ្នាំមកហើយ មានតម្លៃស្ថិតស្ថេររហូតមកដល់បច្ចុប្បន្ននេះ។ គឺក្នុងពិធីរបាំឆ្លងនេះ សាមគ្គីរបស់មនុស្សខ្មែរគ្រប់ឋានៈ វណ្ណៈក្នុងសង្គមត្រូវពង្រឹងសាជាថ្មីឡើងវិញដើម្បីឈានទៅរកវឌ្ឍនភាព និងសុភមង្គលដោយក្តីសង្ឃឹម។ លក្ខណៈពិសិដ្ឋមួយទៀតរបស់របាំត្រុដិ គឺជំនឿលើបុព្វការីជនក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវរូបភាពឯកភាពផ្នែកជំនឿសាសនា។ សូមជម្រាបថា ការដែលជនជាតិដើមភាគតិច (ខ្មែរលើ) និងជនជាតិខ្មែរប្រារព្ធរបាំនេះ ពុំមែនជាការចៃដន្យទេ គឺទង្វើនេះបង្ហាញនូវខឿនវប្បធម៌រួមរវាងជនជាតិខ្មែរព្រៃភ្នំ (ខ្មែរ-មន) និងខ្មែរតែប៉ុណ្ណោះ ព្រមទាំងចំណាស់របស់ប្រពៃណីដ៏ល្អនេះផងដែរ៕

រៀបរៀងដោយលោក រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ         

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បដិមាធំមួយត្រូវបានប្រទះឃើញនៅក្នុងកសិន្ធុប្រាសាទព្រះគោ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បដិមាធំមួយដែលលម្អដោយសំពត់រំយោលទម្លាក់មកខាងមុខមានប្រវែងបណ្តោយ១១៤សង់ទីម៉ែត្រ ទំហំស្មា៥៤សង់ទីម៉ែត្រ និងចង្កេះទំហំ៤៤សង់ទីម៉ែត្រ ត្រូវបានប្រទះឃើញនៅជ្រុងឦសាននៃកសិន្ធុប្រាសាទព្រះគោ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។