ជាទូទៅក្នុងការចិញ្ចឹមជ្រូកតែងតែជួបប្រទះនូវជំងឺក្តៀនលាមកលើសត្វជ្រូក ដែលជំងឺនេះអាចបណ្តាលមកពីចំណីដែលផ្តល់ឲ្យជ្រូកមានជាតិសរសៃច្រើនពេក ជ្រួកមិនសូវធ្វើចលនាល។ល។ ចំពោះរោគសញ្ញា និងការព្យាបាលសូមបង្ហាញជូនដូចខាងក្រោម។
រោគសញ្ញា
- ជ្រូកតប់ប្រមល់ពិបាកជុះ ពេលជុះមកម្តងៗលាមកតិច
- លាមកជាដុំរឹងតូចៗ ដូចជាលាមកពពែ ជួនមានសំបោរពណ៌សព័ន្ធជុំវិញ ឬមានឈាម
- ជ្រូកមិនស៊ីចំណី។
វិធានការការពារ
- ផ្តល់ទឹកស្អាតឲ្យជ្រូកផឹកជាប្រចាំ
- ឧស្សាហ៍ផ្តល់បន្លែស្រស់ឲ្យជ្រូកស៊ី (ដូចជាត្រកួន ផ្ទី ស្លឹកដំឡូងជ្វា…)
- ធ្វើទ្រុងឲ្យទូលាយដើម្បីឲ្យសត្វអាចចលនា។
ការព្យាបាល
- យកផ្លែអំអិលទុំកន្លះកួរ (យកគ្រាប់ និងសំបកចេញ) រួចដាក់ចូលទៅក្នុងរន្ធលាមក (រន្ធគូទ)។ ធ្វើដូច្នេះរាល់ ៦ម៉ោងម្តង ២ទៅ៣ថ្ងៃរហូតដល់ជ្រូកឈប់ក្តៀន
- ឲ្យជ្រូកស៊ីត្រកួន ឬស្លឹកដំឡូងជ្វាពី ២ទៅ៣បាច់ដោយឲ្យស៊ីពី ១ទៅ២ដងក្នុងមួយថ្ងៃ រហូតដល់ជ្រូកបាត់ក្តៀន
- ឲ្យជ្រូកផឹកប្រេងល្ហុងខ្ញែពី ៣០ទៅ៦០ក្រាម។ បើជ្រូកមិនសូវស៊ីចំណី គេអាចប្រើទឹកខ្មេះពី ១ទៅ២ស្លាបព្រាបាយជាមួយទឹកស្ករបន្តិចរួចឲ្យជ្រូកផឹក
- ប្រើថ្នាំបញ្ចុះ សូដ្យូមស៊ុលហ្វាត ឬម៉ាញ៉េស្យូមស៊ុលហ្វាត ជាថ្នាំម្សៅត្រូវដាក់ទឹកបន្តិច ដើម្បីឲ្យថ្នាំរលាយរួចទើបបញ្ច្រកជ្រូក៕