Home / កសិកម្ម / វិធីសាស្ត្រការដុតធ្យូងអង្កាម និងផលប្រយោជន៍ (កសិករ រស់ ម៉ៅ)

វិធីសាស្ត្រការដុតធ្យូងអង្កាម និងផលប្រយោជន៍ (កសិករ រស់ ម៉ៅ)

លោកពូ រស់ ម៉ៅ ជាកសិកររស់នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់​មាន​បទ​ពិសោធន៍​ល្អ​ក្នុងការធ្វើធ្យូងអង្កាមសំរាប់លាយដីដាំដំណាំ ដែលទទួល​បាន​លទ្ធផលល្អ។ បទពិសោធន៍​នោះ មានបង្ហាញជូនដូច​ខាង​ក្រោម។

១. សំភារៈ

  • ធុងទឹកផ្កាឈូក
  • អង្កាម ១បាវ បុកណែន។

២. របៀបធ្វើ

  • យកធុងស្រោចដំណាំផ្កាឈូកទៅកាត់បំពង់ចំពួយចេញ
  • កាត់គែមមាត់ធុងរាងត្រីកោណនៅជុំវិញចំនួន ៤កន្លែង
  • ចោះបាតធុងឲ្យមានទំហំប៉ុនបំពង់ផ្កាឈូកនោះ
  • ស៊កបំពង់នោះភ្ជាប់ទៅនឹងប្រហោងដែលបានចោះនៅបាតធុង (បំពង់នេះត្រូវ​តែ​ឲ្យវែងប្រហែល ១,៥ម៉ែត្រ សំរាប់​បង្ហុយផ្សែងចេញក្រៅ)
  • យកអង្កាមទៅចាក់ជាគំនររួចវែកចំពំនូក​ កណ្តាលហើយ​ដាក់កូនឈើតូចៗ​ (អុស) ដុតឲ្យឆេះរួច​យកធុងដែល​បាន​រៀបចំហើយគ្របពីលើភ្នក់ភ្លើងនោះ បន្ទាប់មកកាយ​អង្កាម​កប់ពីលើធុង និង​បញ្ចេញ​បំពង់ផ្សែងមកខាងក្រៅ (ការដុតនេះ ប្រើរយៈពេលប្រមាណ ៣ម៉ោង ទើបអង្កាម​ឆេះ​សព្វ​អស់)
  • បន្ទាប់មកកាយធ្យូងអង្កាមពង្រាយវាឲ្យត្រជាក់
  • ច្រកធ្យូងអង្កាមដែលបានដុតហើយទុកក្នុងបាវសំរាប់លាយជាមួយដីដាំដំណាំ។

៣. ចំណាប់អារម្មណ៍

តាមរយៈបទពិសោធន៍នៃការដុតអង្កាមនេះ  លោកពូបានឲ្យដឹងថាការចោះធុងដាក់បំពង់បង្ហុយនេះ គឺដើម្បីឲ្យអង្កាមនៅទ្រង់ទ្រាយដដែលកុំឲ្យឆេះសុសអស់ កាលណាអង្កាម​ឆេះសុសអស់ក្លាយជាផេះ​ហើរ​តាម​ខ្យល់អស់ប្រើលើដំណាំមិនបានល្អបើនៅជាធ្យូង​អង្កាម​វាមានសារៈប្រយោជន៍ច្រើនធ្វើឲ្យដីផុសល្អ ជាពិសេស​​គាត់យកទៅលាយជាមួយដី ជីកំប៉ុស្តប្រើ​សំរាប់ដាំដំណាំនៅក្នុងការុង កេសស្នោរ ធ្វើឲ្យដំណាំដុះលូតលាស់​ល្អ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍បន្សុទ្ធពូជស្រូវ (កសិករ ហ៊ួយ ប៊ន)

លោកអ៊ំ ហ៊ួយ ប៊ន ជាកសិកររស់នៅភូមិចំបក់​ ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់ជាកសិករសហការជាមួយអង្គការសេដាក ​ចាប់ពីខែមិថុនា ​ឆ្នាំ២០០៨ ដែលកន្លងមកគាត់បានទទួលការបណ្តុះបណ្តាល​បច្ចេកទេសជាច្រើនពីអង្គការសេដាក។