Home / កសិកម្ម / បទពិសោធន៍ផ្សំថ្នាំពីរុក្ខជាតិសំលាប់សត្វល្អិត (កសិករ បូ វ៉ាត)

បទពិសោធន៍ផ្សំថ្នាំពីរុក្ខជាតិសំលាប់សត្វល្អិត (កសិករ បូ វ៉ាត)

អ្នកមីង បូ​ វ៉ាត ជាកសិកររស់នៅភូមិគោដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ​មានមុខរបរជាអ្នកដាំបន្លែលក់។ ពីពេលមុនគឺនៅពេលមានសត្វល្អិតបំផ្លាញដំណាំ​គាត់បានប្រើថ្នាំពុលគីមី ដែលគាត់បានទិញពីផ្សារដោយថ្នាំខ្លះគាត់ស្គាល់ និងថ្នាំខ្លះទៀតគាត់មិនស្គាល់ឈ្មោះ​ អាស្រ័យតែលើអ្នកលក់ផ្តល់ឲ្យយកមកលាយបញ្ចូលគ្នា ៣ ទៅ ៤មុខ។  ​​តែក្រោយពីគាត់ទទួលបានការបណ្តុះបណ្តាល​ពីអង្គការសេដាក គាត់បានងាកមកប្រើថ្នាំផ្សំពីរុក្ខជាតិវិញ។ វិធីនៃការផ្សំមានបង្ហាញជូនដូចខាងក្រោម៖

១.  វត្ថុធាតុផ្សំ

  • រំដេង ១ គីឡូក្រាម
  • រមៀត ១ គីឡូក្រាម
  • ស្លឹកគ្រៃ ១គីឡូក្រាម
  • ម្ទេស  ១ គីឡូក្រាម
  • ខ្ញី​​ ១ គីឡូក្រាម
  • ក្រសាំង​ ​​១ គីឡូក្រាម
  • ល្ហុងខ្វង ​​​១ គីឡូក្រាម
  • ប៉េងប៉ោះ​ ១ គីឡូក្រាម។

២.​ របៀបផ្សំ

យកវត្ថុធាតុដើមមកកាប់ឲ្យតូចៗ ហើយយកស្លឹកគ្រៃរៀបដាក់ក្រោមគេ រួចដាក់វត្ថុធាតុដើមផ្សេងជាបន្តបន្ទាប់គ្នាទៅក្នុង​ពាង បន្ទាប់មកចាក់ទឹកចូលឲ្យពេញ ហើយបិតគម្របឲ្យជិតដើម្បីឲ្យថ្នាំកាច់បានល្អ។​ ពាងជីត្រូវដាក់នៅក្រោមម្លប់ឈើ។ ក្រោយពីរក្សាទុកបានរយៈពេល ១​ខែមក គាត់សង្កេតឃើញវាឡើងពណ៌ក្រម៉ៅ ​និងធុំក្លិន​ឈួលខ្លាំងដែលអាចបញ្ជាក់បានថាថ្នាំកាច់បានល្អ ហើយយើងអាចយកទៅប្រើប្រាស់លើដំណាំបាន។

៣. របៀបប្រើ

ថ្នាំនេះប្រើសំរាប់សំលាប់សត្វល្អិតលើដំណាំខាត់ណា។​ របៀបប្រើលើដំណាំគឺគាត់បានយកទឹកថ្នាំ១លីត្រ​​លាយជាមួយទឹកធម្មតា ១០លីត្រ។​ គាត់បាញ់ថ្នាំនេះនៅវេលាម៉ោង ៤ទៅ៥រសៀល ទុករហូតដល់ពេលព្រឹកទើប ស្រោចទឹកធម្មតាវិញ។

៤. ចំណាប់អារម្មណ៍

ក្រោយពីការប្រើទឹកថ្នាំនេះរួច គាត់សង្កេតឃើញថា ថ្នាំនេះមានប្រសិទ្ធភាពខ្ពស់សំរាប់ការពារដំណាំពីការ បំផ្លាញរបស់សត្វល្អិត។​ ដូចនេះកសិករគួរសាកល្បងប្រើថ្នាំពុលដែលផ្សំពីរុក្ខជាតិនេះសាកមើល​ នោះនឹងដឹងពី ប្រសិទ្ធភាពរបស់វាជាមិនខាន៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប្រព័ន្ធវប្បកម្មកសិកម្មតាមគោលការណ៍ធម្មជាតិ

គោលបំណងសំខាន់របស់អ្នកប្រកបមុខរបរកសិកម្ម គឺបង្កើននូវផលិតផលសំរាប់បំពេញតម្រូវការគ្រួសារ និងសំរាប់លក់យកប្រាក់ចំណូល។ ដើម្បីបង្កើននូវផលិតផលកសិកម្ម ជាទូទៅគេមានយុទ្ធសាស្រ្តសំខាន់ចំនួន២៖