មានកសិករនិងកូនកសិករជាច្រើន បានបោះបង់ចោលមុខរបរធ្វើស្រែ ឬយកការធ្វើស្រែជាមុខរបរបន្ទាប់បន្សំ ដោយសារមានឱកាសការងារទៅរោងចក្រ និងទៅក្រៅប្រទេស ក៏ដូចជាតំរូវការប្រាក់ចំណូលខ្ពស់ ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះក៏នៅមានកសិករមួយចំនួន បច្ចុប្បន្នក៏នៅតែបន្តរមុខរបរធ្វើស្រែដដែល។ តែដើម្បីទទួលបានជោគជ័យ ជាពិសេសទទួលបានចំណូលខ្ពស់មិនចាញ់មុខរបរផ្សេងៗ កសិករអ្នកស្រែត្រូវតែធ្វើការផ្លាស់ប្តូរនូវប្រព័ន្ធដាំដុះ ដោយងាកពីការអាស្រ័យទៅលើស្រូវមួយមុខ មកដូចជា ដាំបន្លែសរីរាង្គ និងការចិញ្ចឹមសត្វជាពិសេសមាន់ស្រែ ដើម្បីបង្កើននូវប្រាក់ចំណូល។ ខាងក្រោមនេះជាគោលគំនិតសំខាន់ៗដែលកសិករគួអនុវត្តឲ្យបានល្អប្រសើរ៖
- បង្កើនការដាំបន្លែ និងដំណាំឈើហូបផ្លែ
- បង្កើនការចិញ្ចឹមសត្វជាពិសេសមាន់ស្រែ
- រៀបចំឲ្យមានប្រព័ន្ធបំពេញនិងជួយគ្នាទៅវិញទៅមក រវាងការដាំដុះដំណាំនិងការចិញ្ចឹមសត្វ។
១. បង្កើនការដាំបន្លែនិងដំណាំឈើហូបផ្លែ
តម្រូវការបន្លែជាពិសេស បន្លែសរីរាង្គចេះតែកើនឡើងហើយតម្លៃខ្ពស់សមរម្យដែរ សំខាន់កសិករត្រូវចេះផលិតបន្លែល្អឲ្យបានទៀងទាត់ មានប្រភេទដំណាំច្រើនមុខដែលអ្នកអាចដាំបានតែត្រូវចាប់ផ្តើមពីប្រភេទដំណាំដែលត្រូវដាំ ហើយសមស្របទៅនឹងអាកាសធាតុ និងលក្ខខណ្ឌរបស់កសិដ្ឋានអ្នក។ ដំណាំទាំងនោះអ្នកអាចប្រើជាអាហារប្រចាំថ្ងៃ ជាចំណីសត្វ និងអាចលក់បានប្រាក់ចំណូលជាប្រចាំ។
មាន់ស្រែក៏ដូចជាបន្លែដែរ គឺមានតម្រូវការទីផ្សារខ្ពស់ ហើយក៏មានតំលៃសមរម្យដែរ។ ដើម្បីចិញ្ចឹមមាន់ជោគជ័យអ្នកត្រូវមានពូជមាន់ល្អ មិនជាន់ឈាមគ្នា មានទ្រុងមាន់ល្អ មានទីធ្លាសម្រាប់មាន់ មានរបងសំណាញ់ការពារ មានម្លប់សម្រាប់មាន់ជ្រក មានចំណីល្អ ជាពិសេសពពួកចំណីបៃតង ( បន្លែ ស្មៅខ្ចី ) និងទឹកស្អាតជាប្រចាំ។
៣. ការចេះផ្គុំចូលគ្នានូវការដាំដំណាំបន្លែ និងឈើហូបផ្លែ ជាមួយការចិញ្ចឹមសត្វមានដូចខាងក្រោមនេះ ៖
- ប្រើប្រាស់អនុផលបន្លែ ស្មៅ និងរុក្ខជាតិដុះឯង និងបន្លែដែលនៅសល់ជាចំណីដល់មាន់។ ពពួកចំណីបៃតងនេះនឹងជួយឲ្យមាន់មានការលូតលាស់បានល្អ មាន់សុខភាពល្អហើយសាច់មាន់ក៏មានរសជាតិឆ្ងាញ់ និងលក់បានថ្លៃ។
- ដាំដំណាំមួយចំនួនលើទីធ្លាដែលព្រលែងមាន់ ដើម្បីផ្តល់ជាម្លប់ និងជាចំណីបន្ថែមដល់មាន់ដូចជា ល្ហុង ដើមឆែយ៉ា ដើមម្រុំ ។ល។ ដែលធ្វើឲ្យដំណាំក៏ល្អមាន់ក៏លូតលាស់ល្អ។
- លាមកមាន់ប្រើជាជីសម្រាប់ដីបន្ថែម ជាពិសេសប្រើជាជីកំប៉ុស្តទឹក។
ការផ្គុំចូលគ្នានេះធ្វើឲ្យយើងទទួលបានផលខ្ពស់ទាំងដំណាំ និងមាន់ កាត់បន្ថយចំណាយលើចំណី ជី និងលក់ផលិតផលបាន។ ជារួមធ្វើឲ្យកសិករទទួលបាននូវប្រាក់ចំណូលខ្ពស់ បន្ថែមពីការធ្វើស្រែ។ ហើយដើម្បីបានផល និងចំណូលខ្ពស់ពីការធ្វើស្រែ យើងត្រូវតែអនុវត្តឲ្យបានល្អនូវគោលការណ៍ប្រព័ន្ធប្រពលវប្បកម្មស្រូវ ( ប.វ.ស. ស្ទួង ឬពព្រោះ) គឺធ្វើស្រែខ្លឹម ប្រសើរជាងស្រែឃ្លោក៕