អ្នកមីង មាស អូន ជាកសិកររស់នៅភូមិគោកត្របែង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ កាត់បានសហការជាមួយអង្គការសេដាក តាមរយៈគម្រោងលើកកំពស់កំរិតជីវភាពគ្រួសារកសិករក្រីក្រដែលធននឹងបម្រែបម្រួលអាកាសធាតុនៅតំបន់ដីស្ងួតដែលងាយរងគ្រោះបំផុតនៅខេត្តសៀមរាប និងំពង់ចាម តាំងពីខែកក្កដា ឆ្នាំ២០១២។ បន្ទាប់ពីបានចូលរួមសហការជាមួយគម្រោង គាត់បានអនុវត្តនូវបច្ចេកទេសដាំបន្លែជាច្រើនមុខដូចជា ត្រប់ ស្ពៃ សណ្តែកកួរ ម្រេះ ។ល។ ដូចនេះ យើងសូមលើកយកនូវបទពិសោធន៍ដាំត្រប់ទទួលបានទិន្នផលខ្ពស់មកបង្ហាញជូនដូចខាងក្រោម។
១-ការរៀបចំដីសំរាប់ដាំ និងការដាំ
អ្នកមីងបានជ្រើសរើសដីទួលមិនលិចទឹកនៅរដូវវស្សា ដីនោះមានទំហំ ១៥០ម៉ែត្រការ៉េ។ គាត់បានរៀបចំដីដោយកាប់ដីហាលចំនួន ៣លើក។ លើកទី១ ហាលរយៈពេល ៧ថ្ងៃ ដើម្បីឲ្យងាប់ស្មៅ។ លើកទី២ កាប់ដីត្រឡប់ឡើងវិញ បន្តហាលរយៈពេល៥ថ្ងៃទៀត និងលើកទី៣ គាត់បានកាប់លើកជារងដោយដាក់ជីកំប៉ុស្តទ្រាប់បាត។ បន្ទាប់ពីលើករងរួចគាត់បានជីករណ្តៅដែលមានទំហំ ១តឹកបួនជ្រុង និងជំរៅមួយតឹក គម្លាតពីរណ្តៅមួយទៅមួយប្រមាណ ៦តឹក។ នៅតាមរណ្តៅនីមួយៗ គាត់បានដាក់ជីកំប៉ុស្ត ១កំប៉ុងអង្ករ រួចលុបដីតិចៗពីលើទើបយកកូនត្រប់ទៅដាក់ដាំក្នុងរណ្តៅ។
២-ការថែទាំ
បន្ទាប់ពីដាំហើយ គាត់ស្រោចទឹកជារៀងរាល់ថ្ងៃ (ស្រោច ១ថ្ងៃ២ដង ព្រឹក ល្ងាច)។ នៅពេលត្រប់អាយុបាន១០ថ្ងៃ គាត់ចាប់ផ្តើមជ្រោយដី ពូនគល់ត្រប់ និងដកស្មៅឲ្យស្អាតជាប្រចាំ។ លុះដល់ត្រប់មានអាយុ១៥ថ្ងៃ គាត់ចាប់ផ្តើមកាត់បន្ថយការស្រោចទឹកឲ្យនៅមួយថ្ងៃម្តង គឺស្រោចតែពេលល្ងាច និងកាត់ស្លឹកត្រប់ចាស់ខាងក្រោមចោលពី ៣ ទៅ ៤ស្លឹកក្នុងមួយដើម ដើម្បីឲ្យដើមទទួលបានពន្លឺគ្រប់គ្រាន់ត្រប់ដុះលូតលាស់បានល្អ។
ក្រោយពីដាំបានរយៈពេល៤៥ថ្ងៃ គាត់ចាប់ផ្តើមប្រមូលផលបណ្តើរៗ។ មុនដំបូងគាត់ទទួលបានផលតិចតួចតែនៅពេលត្រប់អាយុបាន៦០ថ្ងៃ វាផ្តល់ផលបានច្រើន។ គាត់អាចប្រមូលផលបាន ពី ១៥ ទៅ ២០គីឡូក្រាមក្នុងមួយថ្ងៃ ដោយមិនគិតពីការបរិភោគនៅក្នុងគ្រួសារ។ នៅសល់ពីការបរិភោគ អ្នកមីងលក់បាន ១គីឡូក្រាមតម្លៃ ២.០០០រៀល ដូចនេះឃើញថា គាត់អាចរកប្រាក់ចំណូលបានពី ៣០.០០០រៀល ទៅ ៤០.០០០រៀល (នៅពេលប្រមូលផលម្តងៗ) ទឹកប្រាក់ដែលគាត់ទទួលបានសរុបក្នុងកំឡុងពេលដាំត្រប់បានប្រមាណ ៣០០.០០០រៀល ដោយមិនគិតពីការបរិភោគក្នុងគ្រួសារឡើយ។
៤-ការជ្រើសរើសពូជ និងទុកពូជ
ដើម្បីកាត់បន្ថយការចំណាយទិញពូជ គាត់បានធ្វើការជ្រើសរើស និងទុកដាក់ពូជដោយខ្លួនឯង។ គាត់ជ្រើសរើសដើមត្រប់ណាដែលធំ បែកមែកសាខាមានសុខភាពល្អផ្លែមានរាងធំមូលរលោងមិនកំពិត ជាផ្លែលើកទី២ ទុកឲ្យផ្លែទុំនៅនឹងដើម។ នៅពេលផ្លែទុំល្មមហើយ គាត់បេះផ្លែយកទៅដាក់ហាលថ្ងៃទាំងទងទុកទាល់តែវាស្ងួតល្អ ទើបប្រលះយកគ្រាប់ច្រកដបទុក ហើយរក្សាទុកនៅទីកន្លែងដែលត្រជាក់មានម្លប់។
៥-ចំណាប់អារម្មណ៍
ក្រោយពីបានអនុវត្តនូវការដាំដុះដំណាំត្រប់ដោយទទួលបានលទ្ធផលល្អរួចមក អ្នកមីងមានចំណាប់អារម្មណ៍ថា ដំណាំត្រប់ងាយស្រួលដាំ មិនលំបាកក្នុងការថែទាំ ហើយទទួលបានផលច្រើន លក់បានតម្លៃសមរម្យ និងចំណាយទុនតិច ព្រោះគាត់ប្រើជីធម្មជាតិ។ គាត់សប្បាយចិត្តណាស់ចំពោះការដាំត្រប់នេះ គាត់នឹងបន្តដាំជារៀងរហូត ព្រោះវាអាចធ្វើឲ្យគាត់បានទទួលប្រាក់ចំណូលបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
សរុបបច្ចេកទេសដាំត្រប់សំខាន់ៗមានដូចខាងក្រោម៖
|