Home / កសិកម្ម / បទពិសោធន៍ដាំស្ពៃនៅរដូវវស្សា (កសិករ ស៊ឹម រុំ)

បទពិសោធន៍ដាំស្ពៃនៅរដូវវស្សា (កសិករ ស៊ឹម រុំ)

លោក ស៊ឹម រុំ ជាកសិកររស់នៅភូមិទួល ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ គាត់មានបទ​ពិសោធន៍ល្អក្នុងការដាំដំណាំស្ពៃក្រញ៉ាញ់នៅលើរានចំនួន៧០០​បាវ​។ ចំពោះបទពិសោធន៍ក្នុងការដាំស្ពៃ​ក្នុង​បាវ​បង្ហាញដូចខាងក្រោម។

១-បច្ចេកទេសលាយដី

លោកពូបានយកដីដំបូកចំនួន ១០០គីឡូក្រាម លាមកគោពុកផុយ២​គីឡូក្រាម លាមកមាន់ពុកផុយ៣គីឡូក្រាម ធ្យូងអង្កាម៣គីឡូក្រាម ដាក់លាយបញ្ចូលគ្នា និងច្របល់ឲ្យសព្វ។ យកបាវស៊ីម៉ង់ត៍មកកាត់​ជា​ពីរ និងមូរមាត់បាវ​២ឬ៣ជាន់ រួចច្រកដីដែលលាយរួចនោះចូលទៅក្នុងបាវឲ្យបានទំងន់ប្រមាណ ១០គីឡូក្រាម រួចយកទៅតំរៀបដាក់លើធ្នើរ។

២-ការដាំដុះ

គាត់បានយកគ្រាប់ស្ពៃទៅដាក់ដាំនៅក្នុងបាវ ដោយក្នុងមួយបាវអាចដាក់ចំនួន៣ទៅ៤គ្រាប់។ បន្ទាប់​ពីស្ពៃដុះបានស្លឹក២ គឺអាចដកបំបែកទៅដាក់ដាំក្នុងបាវផ្សេងទៀត។ ក្នុងមួយបាវរក្សាទុកកូនស្ពៃត្រឹមចំនួន២​ដើម​ប៉ុណ្ណោះ។ តែចំពោះករណីព្រោះកូនហើយដកយកទៅដាំ គឺយើងត្រូវជ្រើសរើសកូនដែលមានសុខភាព​ល្អ​ទៅដាំ។

៣-ការថែទាំ

លោកពូបានថែទាំដំណាំនៅក្នុងបាវដូចខាងក្រោម៖

  • ដើម្បីស្រោចដំណាំឲ្យបានសព្វល្អ គាត់បានប្រើកំសៀវទឹក ដែលអាចដាក់ទឹកបានចំណុះ ៣លីត្រ សំរាប់ស្រោចទៅលើដំណាំ គឺស្រោចចំ​គល់​ដំណាំតែម្តង
  • ការស្រោចស្រព គឺប្រែប្រួលទៅតាមអាកាសធាតុ។នៅរដូវវស្សាគាត់ស្រោច ៣ថ្ងៃម្តង។ ចំណែកនៅ​រដូវប្រាំងវិញ ស្រោចមួយថ្ងៃម្តង ឬក្តៅខ្លាំងត្រូវស្រោច ២ដងក្នុងមួយថ្ងៃ
  • ដីនៅក្នុងបាវស៊ីម៉ង់ត៍នេះ អាចដាំដំណាំបាន៣លើក។ លើកទី១ ដាំដោយមិនបាច់ថែមជីក៏បាន។ តែលើកទី២ អាចស្រោចទឹកជីបន្ថែមខ្លះ និងលើកទី៣អាចដូរមុខដំណាំក៏បាន និងដកដីចេញខ្លះ​ដាក់​ដីថ្មី ដើម្បីរក្សាជីជាតិដី។
  • ទឹកជីដែលគាត់ប្រើស្រោចទៅលើដំណាំផ្សំឡើងពី ស្លឹករុក្ខជាតិខ្ចី និងស្រស់លាយជាមួយ​លាមកគោ​ស្រស់​យកទៅត្រាំរយៈពេល ១០ ទៅ ១៥ថ្ងៃ អាចស្រោចទៅលើដំណាំបាន។

ធាតុផ្សំមានដូចជា៖ ទឹកនោមគោ១ធុងស្ពេត្រូ ទឹកធម្មតា១ធុងស្ពេត្រូ ត្រួយស្លឹកឆាយ៉ា៣គីឡូក្រាម (អាចមាន​ត្រួយ​រុក្ខជាតិផ្សេងក៏បានឲ្យតែមាន) លាមកគោ ឬមាន់ចំនួន៥គីឡូក្រាម។

របៀបធ្វើ៖ ចិញ្ច្រាំស្លឹកឆាយ៉ាឲ្យល្អិត ច្របល់ជាមួយលាមកគោ និងមាន់ រួចចាក់ចូលទៅក្នុងពាង ចាក់ទឹក​ធម្មតាចូលឲ្យលិចវត្ថុធាតុដើម គ្របវារយៈពេល១៥​ថ្ងៃ ទើបអាចយកទៅប្រើប្រាស់បាន។ ពាងជីគាត់បាន​រក្សា​ទុកនៅក្រោមម្លប់ឈើ (ជៀសវាងដាក់នៅកណ្តាលវាល)។

របៀបប្រើ៖ យកទឹកជីចំនួន១លីត្រ លាយជាមួយទឹកធម្មតាចំនួន១០លីត្រ ស្រោចទៅលើដំាណាំមួយ​សប្តាហ៍ម្តងទៅពីរដង។

៤-ការប្រមូលផល

គាត់អាចប្រមូលផលបាននៅពេលស្ពៃមានអាយុ ១ខែក្រោយពេលដាំ។ ស្ពៃ១គុម្ព អាចមានទំងន់​ចាប់​ពី ០,៨ ទៅ ១ គីឡូក្រាម។ ស្ពៃចំនួន ៧០០បាវ គាត់ប្រមូលផលបណ្ដាក់គ្នា​។ ស្ពៃ ១គីឡូក្រាម​លក់​បាន​តម្លៃ ៤.៥០០រៀល មួយអាទិត្យប្រមូលផលម្តង។ ក្នុងមួយខែអាចលក់បានប្រមាណជា ៧០០.០០០​រៀល។

សរុបបច្ចេកទេសសំខាន់ៗ

  • រៀបចំលាយដីឲ្យបានល្អ ដោយយកដីមានជីជាតិ​ ឬដីដំបូក
  • យកគ្រាប់ស្ពៃទៅព្រោះ រួចដកកូនដាំ ឬអាចដាក់គ្រាប់ដាំក្នុងបាវតែម្តង
  • ថែទាំដោយចុះចាប់ដង្កូវដោយដៃនៅពេលយប់ និងពេលព្រឹក
  • ស្រោចទឹករាល់ថ្ងៃនៅរដូវក្តៅ
  • ស្រោចជីកំប៉ុស្តទឹកដោយប្រើកំសៀវ ដើម្បីឲ្យស្ពៃជោគល្អ
  • ក្រោយពីដាំបាន ៣០ថ្ងៃ អាចប្រមូលផលបាន៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

អ្នកស្រី ញ៉ែម សុវណ្ណរី ម្ចាស់ពានរង្វាន់លេខ១ មេគោក្រមុំ ៣ក្បាល

អ្នកស្រី ញ៉ែម សុវណ្ណរី អាយុជាង៤០ឆ្នាំ រៀនថ្នាក់ទី៩ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​។អ្នកស្រី​បានគាំទ្រដោយ​អង្គការសេដាក ទាក់ទងនឹងបច្ចេកទេសកសិកម្មតាមគោលការណ៍ធម្មជាតិ ជំនាញការរៀបចំសហគមន៍ ការគ្រប់គ្រងដឹកនាំ និងការអភិវឌ្ឍខ្លួននៅឆ្នាំ២០០៤។